ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានឆ្លើយតបទៅនឹងការថ្កោលទោសរបស់ក្រសួងការបរទេសកម្ពុជា ទៅលើជនជាតិវៀតណាមដែលបានបញ្ចេញមតិលើទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដោយប្រើពាក្យប្រមាថប្រមុខរដ្ឋាភិបាលខ្មែរថា ក្បត់វៀតណាម ករណីកម្ពុជាប្រកាន់ជំហរកណ្ដាលលើជំលោះដែលសមុទ្រចិនខាងត្បូង។
សេចក្ដីថ្លែងការណ៍ដែលចេញកាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៦ ដោយអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមហើយត្រូវបានចុះផ្សាយដោយគេហទំព័រក្នុងស្រុកមួយបានបញ្ជាក់ថា ការដែលមនុស្សមួយក្រុមត្រូវបានចាត់ទុកថាជាជនជាតិវៀតណាម បានសម្ដែងមតិយោបល់ផ្ទាល់ ខ្លួនរបស់ពួកគេក្នុងបណ្ដាញសង្គមនោះ គឺមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់ប្រទេសវៀតណាមឡើយ ។
ក្រសួងការបរទេសដែលមានលោក Le Hai Binh ជាអ្នកនាំពាក្យបញ្ជាក់បន្ថែមថា វៀតណាមមិនឯកភាពចំពោះការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីប្រមាថមាក់ងាយបុគ្គល ឬសម្ដែងនូវអាកប្បកិរិយាញុះញុង ជ្រុលនិយម បំបែកបំបាក់មនោសញ្ចេតនាដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរ។
សេចក្ដីថ្លែងការណ៍បន្ដថា វៀតណាមតែងតែផ្ដល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងនៃភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្ដិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា ក្នុងការថែរក្សា និងជំរុញទំនាក់ទំនងនេះប្រកបដោយសន្ដិភាព មិត្ដភាពល្អប្រសើរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។
តាមគេហទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន ជនជាតិវៀតណាមយ៉ាងតិច ៣នាក់ បានចូលបញ្ចេញមតិដោយ រិះគន់នាយករដ្ឋមន្ត្រីកម្ពុជាថា បានភ្លេចគុណបំណាច់ប្រទេសវៀតណាម ហើយងាកទៅគាំទ្រប្រទេសចិនដែលមានជំលោះជាមួយវៀតណាម ករណីសមុទ្រចិនងខាងត្បូង។
គួររម្លឹកថា កាលពីថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៦ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសម្តីអសីលធម៌របស់កម្មាភិបាល និងក្រុមបុគ្គលវៀតណាម ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ ធ្ងរមកលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខដឹកនាំកំពូល របស់ប្រទេសកម្ពុជា ដែលជាប្រទេសជាតិមួយដែលមានឯករាជ្យ និងអធិបតេយ្យ ភាពពេញលេញ ។
អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវដល់អាជ្ញាធរវៀតណាមឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណរបស់កម្មាភិបាល និងក្រុមបុគ្គលដែលបានប្រព្រឹត្តអំពើប្រមាថមកលើប្រមុខដឹកនាំកំពូលកម្ពុជា ព្រមទាំងធ្វើការផ្តន្ទាទោសក្រុមជនទាំងនោះទៅតាមផ្លូវច្បាប់ជាធរមាន ផងដែរ៕