ក្រុងហាណូយ ៖ កាលពីថ្ងៃទី ២០ កញ្ញា តុលាការក្នុងប្រទេសវៀតណាមបានកាត់ទោសសកម្មជនសិទ្ធិដីធ្លីម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ ពីបទបង្កឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ។ មេធាវីការពារក្តីឱ្យសកម្មជនដីធ្លីរូបនេះលើកឡើងថា ការសម្រេចទោសឱ្យសកម្មជនដីធ្លីរូបនេះជាប់ពន្ធនាគារ គឺធ្វើឡើងជាលើកទីពីរហើយ លើករណីបទល្មើសស្រដៀងគ្នានេះ។ ក្រុមមន្ត្រីសិទ្ធិមនុស្សកំពូលៗក្នុងប្រទេសវៀតណាមបានហៅការសម្រេចនេះថា ជាការធ្វើឱ្យបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសនេះធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។
សកម្មជនដីធ្លីអ្នកស្រី កឹង ធី ថេវ (Cấn Thị Thêu)អាយុ ៥៤ឆ្នាំ ត្រូវបានតុលាការក្នុងទីក្រុងហាណូយបើកសវនាការជំនុំជំរះអស់រយៈពេលជាងពាក់កណ្ដាលថ្ងៃ។ អ្នកស្រី ថេវ ត្រូវបានចាប់ឃុំខ្លួនបណ្តុះអាសន្នជាង ៣ ខែមកហើយ បន្ទាប់ពីអ្នកស្រីបានដឹកនាំការតវ៉ានៅក្រៅអាគាររដ្ឋាភិបាលប្រឆាំងនឹងអ្វីដែលអ្នកស្រីហៅថា ជាការរឹបអូសដីធ្លីខុសច្បាប់។
មេធាវីការពារក្ដីឱ្យអ្នកស្រី ថេវ គឺលោក វ៉ុក អាន ដូន(Võ An Đôn) និយាយថា៖ «នេះជាសាលក្រមយ៉ាងអយុត្តិធម៌បំផុត និងជាការសម្រេចមួយដែលផ្តល់ក្តីអន្ដរាយផងដែរ»។ លោកបន្ថែមថា កូនក្តីលោកនឹងប្តឹងឧទ្ធរណ៍។
ខណៈដែលតុលាការកំពុងដំណើរការកាត់សេចក្តីលើករណីនេះ អ្នកគាំទ្រអ្នកស្រីរាប់សិបនាក់បានមកឃ្លាំមើលនៅក្រៅបរិវេណតុលាការ ហើយបានលើកបដា និងបានស្រែកថា៖«កឹង ធី ថេវ គឺគ្មានកំហុសទេ» មុនពេលដែលប៉ូលីសបានឃ្វាលបង្វែរពួកគេឱ្យរង់ចាំនៅចំណតរថយន្តក្រុងមួយ។
នៅប្រទេសវៀតណាមនាប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចំរើនទីផ្សារអចលនទ្រព្យយ៉ាងសម្បើម។ប្រការនេះ បង្កឱ្យមានការតវ៉ាពីសំណាក់ម្ចាស់ដីតូចៗមួយចំនួន ដែលរដ្ឋាភិបាលបានបណ្តេញពួកគេចេញពីលំនៅស្ថាន ក្រោមហេតុផលថាតំបន់នោះស្ថិតក្នុងគម្រោងស្ថាបនាដើម្បីអភិវឌ្ឍន៍ប្រទេស។
ទន្ទឹមនឹងនេះ មនុស្សជាច្រើនបានត្អូញត្អែរ និងរិះគន់ចំពោះការបណ្តេញចេញនេះ ដោយប្រជាពលរដ្ឋរងគ្រោះទាំងនោះ បានថ្កោលទោសចំពោះការបណ្ដេញចេញ ថាបានធ្វើឡើងដោយខុសច្បាប់ ហើយថាអាជ្ញាធរហាក់បរាជ័យលើគោលនយោបាយសំណងសម្រាប់ពលរដ្ឋ។
ការកាត់ទោសនេះ គឺចំពេលដែលកំណត់ត្រាបញ្ហាសិទ្ធិមនុស្សនៅប្រទេសវៀតណាមបានក្លាយជាចំណុចផ្តោតមួយសម្រេចប្រទេសលោកខាង លិច។ ជាមួយគ្នានេះ បញ្ហាការចាប់ដាក់ពន្ធនាគារ និងការបំភិតបំភ័យសកម្មជនអ្នកសរសេរប្លុក និងអ្នកប្រឆាំងហាក់មិនបានបង្ហាញសញ្ញាណា មួយមានភាពបន្ធូរបន្ថយនោះទេ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងក្នុងការដាក់គំនាបផ្នែកសេដ្ឋកិច្ច និងការទូតពីប្រទេសលោកខាងលិច ពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបយ៉ាងណាក្តី។
អ្នកស្រី ថេវ ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី ១០ មិថុនា ករណីបង្កឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ។ កាសែតដែលគ្រប់គ្រងដោយប៉ូលីសក្រុង ហា ណូយ បានសរសេរថា អ្នកស្រីបានដឹកនាំមនុស្សទៅប្រមូលផ្តុំនៅការិយាល័យរបស់រដ្ឋនៅក្នុងរដ្ឋធានីជាច្រើនដង ហើយបានលើកបដាច្រូងច្រាង និងបង្កឱ្យមានការកកស្ទះចរាចរណ៍ថែមទៀតផង។
កាលពីខែកក្កដាឆ្នាំ ២០១៥ អ្នកស្រី ថេវ ត្រូវបានគេដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីអ្នកស្រីបានជាប់ក្នុងពន្ធនាគាររយៈពេលជាង ១៥ ខែពីបទប្រឆាំងមន្ត្រីរាជការសាធារណដែលកំពុងអនុវត្តតាមកាតព្វកិច្ច។ អ្នកស្រីធ្លាប់ផ្សព្វផ្សាយដោយបានបង្ហោះវីដេអូមួយនៅលើ YouTube ក្នុងនោះអ្នកស្រីបាននិយាយថា អ្នកត្រូវបានគេចាប់ដាក់គុកសម្រាប់ការតវ៉ាប្រឆាំងនឹងការរឹបអូសដីខុសច្បាប់។
ក្រុមអ្នកសិទ្ធិមនុស្សដែលមានទីតាំងនៅក្រុងញូវយ៉ក បានអំពាវនាវឱ្យអាជ្ញាធរវៀតណាមទម្លាក់ចោលការចោទប្រកាន់ទាំងអស់ដែលប្រឆាំងនឹងអ្នកស្រី ថេវ ហើយបន្តធ្វើកំណែទម្រង់ច្បាប់ឱ្យត្រឹមត្រូវ ជំនួសការផ្តន្ទាទោសមនុស្សដែលតវ៉ាប្រឆាំងនឹងការខាតបង់ពីដីរបស់ពួកគេនោះ៕
ប្រភព៖CNA