loader

វិរភាពកែមឡី ត្រូវបានរំលឹកម្ដងទៀតនៃខួប៤ឆ្នាំមរណភាពរបស់អ្នកវិភាគនិយាយការពិតរូបនេះ​

នៅថ្ងៃទី១០កក្កដា ឆ្នាំ២០២០នេះ គឺជាខួប៤ឆ្នាំនៃមរណភាពអ្នកវិភាគល្បីល្បាញម្នាក់ គឺលោកបណ្ដិតកែមឡី ។

បុរសវិភាគរឿងសង្គមនិងនយោបាយដ៏លិចធ្លោរួបនេះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សំលាប់ នៅក្នុងស្តាតម៉ាតក្នុងស្ថានីយចាក់សាំងក្រុមហ៊ុន កាលតិច នៅម្ដុំស្តុបបូគោ ។ ឃាតករដែលរត់តាមផ្លូវ គឺលោកអឿតអាង ដែលមានឈ្មោះក្រៅថា ជួបសម្លាប់។ បុរសម្នាក់នេះត្រូវបានតុលាការផ្ដន្ទាទោសអស់មួយជីវិត។  តែក្រុមប្រឆាំង និងអ្នកកែមឡីនិយម មិនបានគិតថា លោកអឿតអាងជាឃាតករពិតនោះទេ។ សំនុំរឿងល្បីពេញពិភពលោកនេះ បាននាំអោយ អ្នកសិទ្ធិមនុស្ស តាមដាន ជាខ្លាំង។ តែសម្រាប់អ្នកកែមឡីនិយម ឬអ្នកគាំទ្រស្មារតីលោកបណ្ឌិតកែមឡី បានសម្ដែងការសោកស្ដាយ និងអាឡោះអាល័យ ចំពោះវិរៈភាពរបស់អ្នកវិភាគដែលហ៊ាននិយាយការពិតរូបនេះ។ ថ្ងៃនេះ ពលរដ្ឋដែលគាំ​ទ្រ វិរៈភាពលោកកែមឡី បានទៅជួបជុំគ្នានៅទីបញ្ចុះសព លោកនៅស្រុកកំណើតលោកនៅខេត្តតាកែវ ប៉ុន្តែមានសេចក្ដីរាយការណ៍ មកថា អ្នកដំណើរ ត្រូវបានអាជ្ញាធរកាក់តាមផ្លូវ សួរនាំអំពីការទៅជួបជុំក្នុងពិធីបុណ្យកែមឡីនៃខួប៤ឆ្នាំ។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្តីអត្ថាធិប្បាយ៖

———សំលេង កែម ឡី—————

(ភ្នំពេញ)៖ លោក កែម ឡី បានចំណាយពេលស្ទើរតែទាំងអស់របស់លោកដើម្បីសិក្សាស្រាវជ្រាវ និងវិភាគអំពីរបបគំហើញថ្មីៗចែកជូនសាធារណជនស្តាប់ និងស្វែងយល់តាមរយៈអ្នកសារព័ត៌មាននានា កាសែត វិទ្យុ ទូរទស្សន៍ ព្រឹត្តិប័ត្រព័ត៌មាន និងជាពិសេសបណ្តាញសង្គមហ្វេសប៊ុក។ ប្រធានបទដែលលោកកែម ឡឺ លើកយកមកដាក់លើតុដើម្បីជជែក វែកញែក ពិភាក្សា និងវិភាគ ភាកច្រើនជាបញ្ហាប្រឈមដ៏រសើបៗដែលបានកើតឡើងនៅក្នុងសង្គមដែលកន្លងមកភាគច្រើនត្រូវបានគេមើលរំលង។ បន្ថែមពីលើការពិនិត្យទៅលើបញ្ហាទាំងឡាយ លោក កែម ឡី ក៏បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការផ្តល់ដំណោះស្រាយតាមរយៈការសិក្សាបែបវិទ្យាសាស្រ្តក៏ដូចជាទស្សនៈដ៏មានខ្លឹមសារជាច្រើន ដើម្បីកាត់បន្ថយ ឬដោះស្រាយ ឬបង្ការបញ្ហាទាំងនោះផងដែរ។

លោក កែម ឡី មានលក្ខណៈពិសេសផ្ទាល់ខ្លួននៅក្នុងការវិភាគរាល់បញ្ហា។ លោកប្រើភាសាសាមញ្ញ និងចេះប្រៀបធៀបដោយលើកជាឧទាហរណ៍ ធ្វើឲ្យបញ្ហាសាំញ៉ាំទាំងឡាយមានភាពងាយស្រួលយល់។ សមិទ្ធិផលទាំងនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់លំដាប់ថ្នាក់ចូលចិត្តស្តាប់ទេវិភាគរបស់លោក និងគោរពស្រឡាញ់លោកយ៉ាងជ្រាលជ្រៅ។

លោកបណ្ឌិត កែម-ឡី កើតនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ១៩៧០ នាភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ត្រូវ​បាន​គេ​ផ្ដល់​រហស្សនាម​ថា ជា​អ្នក​វិភាគ​នយោបាយឯករាជ្យ​នៅព្រះរាជាណាចក្រ​កម្ពុជា​។ លោកត្រូវបានឃាតករ បាញ់សំលាប់ចំនួនបីគ្រាប់នៅក្នុងស្តារម៉ាត របស់ស្ថានីយចាក់សាំងកាល់តិច ស្តុបបូកគោកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦។

ដំបូង​ឡើយ លោក កែម ឡី បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ភាគ​ច្រើន​ខាង​ផ្នែក​សង្គមកិច្ច បន្ទាប់​មក​ខាង​ផ្នែក​ដីធ្លី សិទ្ធិ​លំនៅឋាន សិទ្ធិ​មនុស្ស ធនធាន​រ៉ែ ហើយ​នៅ​ពេល​ថ្មីៗ​នេះ លោក​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ភាគ​ច្រើន​ទៅ​លើ​រឿង​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌។ល។ –ខណៈ​ដែល​កេរ្តិ៍​ឈ្មោះ​របស់​លោក កំពុង​តែ​ល្បី​សុស​សាយ នៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​មួយ​ចំនួន លោក កែម ឡី ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ហៅ​លោក​ថា «ជា​អ្នក​វិភាគ​ឯករាជ្យ» ដោយ​សារ​តែ​លោក មាន​សេចក្តី​ក្លាហាន លាត​ត្រដាង​ពី​បញ្ហា​ដែល​កំពុង​តែ​ញាំ​ញី​សង្គម​ខ្មែរ និង​បាន​ផ្តល់​នូវ​ដំណោះស្រាយ​សម​ហេតុ​ផល ដែល​ជា​ផ្លូវ​អាច​ជួយ​រុញ​ច្រាន​ឲ្យ​សង្គម​ខ្មែរ មាន​ការ​រីក​ចម្រើន​ជឿន​លឿន​ឆាប់​រហ័ស​គេច​ផុត​ពី​ហានិភ័យ​។

ចំពោះចំណុចពិសេសរបស់លោកគឺ ត្រូវបានមហាទូទៅដឹងថា លោក កែម ឡី ត្រូវបាន​គេ​ឲ្យ​តម្លៃ​ខ្ពស់ ចំពោះ​ភាពក្លាហាន​។ ពលរដ្ឋ​ខ្មែរ និង​អ្នកសារព័ត៌មាន តែងតែ​ចាត់ទុក លោក កែម ឡី ជា​អ្នក​និយាយ​រិះគន់​មិន​សំចៃមាត់ ចំពោះ​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល និង​គណបក្សប្រឆាំង​។ ក្រៅពី​ការរិះគន់ លោក កែម ឡី តែងតែ​ផ្តល់​ដំណោះស្រាយ​តាមបែប​វិទ្យាសាស្ត្រ និង​បែប​តក្ក​វិទ្យា។ លើសពីនេះ បើទោះបីជា លោក កែម ឡី ធ្លា​ប់រង​ការគំរាមកំហែង​ដល់​អាយុជីវិត​ក៏ដោយ តែ​បុរស​មាឌ​ដំបង និង​សម្បុរ​ស្រអែម​រូបនេះ មិនដែល​ផ្លាស់ប្តូរ​មនសិការ និង​ការងារ​របស់ខ្លួន​ឡើយ​។ លោក កែម ឡី បាន​លះបង់​យ៉ាងច្រើន ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស និង​សេរីភាព​នៃ​ការបញ្ចេញមតិ​។ លោក កែម ឡី សុខចិត្ត​លះបង់​ជីវិត ចោល​ប្រពន្ធ និង​កូន​ជាទី​ស្រឡាញ់​របស់លោក ដើម្បី​ធ្វើ​ការងារ​ស្រាវជ្រាវ​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​។ មុន​ទទួលមរណភាព លោក កែម ឡី បាន​បង្កើត​យុទ្ធនាការ​«១០០​រាត្រី​»​។ ១០០​រាត្រី គឺជា​សកម្មភាព​របស់​លោក ក្នុងការ​រស់នៅ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១០០​ខ្នង​ផ្ទះ ដើម្បី​ស្រាវជ្រាវ​ពី​បញ្ហា​របស់​ពលរដ្ឋ និង​ចងក្រង​ជា​ឯកសារ ទុក​ឲ្យ​ក្មេងជំនាន់ក្រោយ​។ ក្រៅពីនេះ លោក​មានបំណង ចងក្រង​កោះ​ខ្មែរ​ដើម្បី​ទុកជា​ភស្តុតាង ករណី​មាន​ជម្លោះ​ដែន​កោះ​រវាង​កម្ពុជា និង​ប្រទេសជិតខាង​។

លោក កែម ឡី ត្រូវបាន​ពលរដ្ឋ​ឲ្យ​តម្លៃ​យ៉ាងខ្លាំង​ចំពោះ​សិល្បៈ​និយាយ​របស់លោក​។ លោក​ត្រូវបាន​អញ្ជើញ​ជា​វាគ្មិន​នៅតាម​សិក្ខាសាលា វេទិកា​យុវជន និង​វាគ្មិន​នៅតាម​បណ្តាញសារព័ត៌មាន​យ៉ាងច្រើន​។ ក្រៅពី​សំឡេង​ដ៏​មុត​ស្រួច លោក​មាន​លក្ខណៈពិសេស​ម្យ៉ាងទៀត គឺ​លោក​ពូកែ​ពន្យល់​ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​ពលរដ្ឋ​គ្រប់​ម​ជ្ឈ​ដា្ឋ​ន​។ ចំណុច​នេះ ទើប​ពលរដ្ឋ ដែល​ធ្លាប់​ស្តាប់​លោក​បណ្ឌិត កែម ឡី ទោះបីជា​ពលរដ្ឋ​មួយចំនួន មានចំណេះដឹង​តិចតួច​យ៉ាងណាក្តី ក៏​អាច​ទទួលបាន​គំនិត​ជាច្រើន​តាមរយៈ​បំ​ណិ​ន​ប្រសប់​នៃ​ការពន្យល់​របស់លោក​កែម ឡី​។

លោក កែម ឡី គឺជា​មនុស្ស​សាមញ្ញ​បំផុត​។ ទោះបីជា លោក​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក៏ដោយ ប៉ុន្តែ បុរស​វ័យ​៤៦​ឆ្នាំ​រូបនេះ មិន​ដែលមាន​ឫកពារ​ឆ្មើងឆ្មៃ​នោះទេ​។ ទឹកមុខ​ញញឹម និង​ភាព​រួសរាយ​រាក់ទាក់ បាន​ចាក់​ជ្រៅ​ដល់​បេះដូង​របស់​យុវជន​ខ្មែរ​។ នៅពេល​ចូលរួម​ធ្វើជា​វាគ្មិន​នៅតាម​សិក្ខាសាលា ឬ​វេទិការ​យុវជន​ផ្សេងៗ លោក កែម ឡី តែងតែ​បង្ហាញ​អាកប្បកិរិយា​គោរព ចំពោះ​មនុស្ស​ទូទៅ​។ ហេតុនេះហើយ ទើប​មាន​យុវជន​ជាច្រើន តែងតែ​សុំ​លោក​ថតរូប​ជាមួយ នៅពេល​សម្រាក​ពិសារ​អាហារសម្រន់ និង​នៅពេល​បញ្ចប់​កិច្ចពិភាក្សា​។ ចំណែក សំលៀកបំពាក់​វិញ លោក កែម ឡី ត្រូវបាន​គេ​សង្កេតឃើញថា លោក​តែងតែ ពាក់អាវ​ស​ជាមួយ​ខោ​ខៅ​ប៊​យ និង​ពាក់​ស្បែកជើង​កីឡា​ដ៏​សាមញ្ញ​។ យូរៗ​ម្តង ទើប​គេ​ឃើញ​លោក​ពាក់​អាវធំ ដោយមាន​ក្រវ៉ា​ត់ក​។

បណ្ឌិត កែម ឡី គឺជា​មនុស្ស​នឹងនរ​។ ទោះបីជា​លោក​ត្រូវគេ​ប្រមាថ ឬ​ប្រើ​សម្តី​មិន​សមរម្យ​មកលើ​រូបលោក នៅក្នុង​វេទិកា​តុមូល​ក្តី វេទិកា​យុវជន​ក្តី តែ​គេ​ហាក់​មិនដែល​ឃើញ​លោក​កែម ឡី ខឹងសម្បារ​ឬ​ច្រលោតខឹង ចំពោះ​ដៃគូ​ពិភាក្សា​នោះទេ​។ លោក​តែងតែ​ប្រកាន់​ឥរិយាបថ​ញញឹម​ជានិច្ច​គ្រប់​ស្ថានភាព​។

តាមរយៈ​ការជជែក ឬ​ពិភាក្សា​ពី​គោលនយោបាយ ច្បាប់ សិទ្ធិមនុស្ស​… លោក កែម ឡី តែងតែមាន​យុទ្ធសាស្ត្រ ឬ​ដំណោះស្រាយ​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។ លោក​ត្រូវបាន​គេ​ចាត់ទុកថា ជា​មនុស្ស​ដែលមាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​មាន​ផែនការ​ច្បាស់លាស់ ដើម្បី​ជួយ​ប្រទេសជាតិ​របស់ខ្លួន​។

លោក កែម ឡី គឺជា​មនុស្ស​មិន​លោភលន់​បុណ្យ​សក្តិ តួនាទី ឬ​តំណែង​នោះទេ​។ កន្លងមក ជំនួយការ របស់ លោក កែម ឡី ធ្លាប់បាន​អះអាងថា លោក កែម ឡី ត្រូវបាន​គេ​ផ្តល់​អ្វីៗ​គ្រប់បែបយ៉ាង ដែល​អាច​ឲ្យ​លោក និង​គ្រួសារ​រស់នៅ​យ៉ាង​សុខ​ស្រួល គ្រាន់តែ​លោក ត្រូវ​បញ្ឈប់​ការងារ​ស្រាវជ្រាវ​របស់លោក​ប៉ុណ្ណោះ​។ ប៉ុន្តែ លោក កែម ឡី មិនបាន​ខ្វល់ខ្វាយ​នឹង​លាភសក្ការៈ​ទាំង​នោះទេ​។

លោក កែម ឡី គឺជា​មនុស្ស​ស្មោះត្រង់​។ ប្រសាសន៍​របស់លោក​ស្ទើរ​គ្រប់​ម៉ាត់ គឺ​តែងតែ​ចង់​ជួយ​ប្រជាជន និង​ប្រទេសជាតិ ឲ្យ​មានការ​រីកចម្រើន មាន​សុភមង្គល និង​សុខសន្តិភាព​។​

លោក កែម ឡី គឺ​លោក​ជា​មនុស្ស​និយាយ​ផង និង​ធ្វើ​ផង​។ កន្លងមក គេ​សង្កេតឃើញ លោក កែម ឡី មាន​សកម្មភាព​ជាច្រើន ដូចជា ការចុះ​ស្រាវជ្រាវ​បញ្ហា​ជម្លោះដីធ្លី ការចុះ​ដេក​ព្រៃ​ដើម្បី​ការពារ​ព្រៃឈើ និង​ការអប់រំ​ពលរដ្ឋ​ពី​សិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម​។ អ្នក​ដែល​ស្គាល់ លោក បណ្ឌិត កែម ឡី តែងតែ​លើកឡើងថា លោក​ជាម​នុស្ស​ដែល​ធ្វើ​ការងារ​សកម្ម​បំផុត​ជាមួយ​យុវជន​។

លោក កែម ឡី គឺជា​មនុស្ស​ចូលចិត្ត​និយាយ​ត្រង់​។ ថ្វី​ដ្បិត ពាក្យ​សច្ចៈ ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​មិន​សប្បាយចិត្ត ប៉ុន្តែ មានតែ​ពាក្យពិត​ទេ ដែលជា​វត្ថុ​ដ៏​ពិសិដ្ឋ​សម្រាប់​ព្យាបាល​ជំងឺ​សង្គម​ខ្មែរ​។ ការនិយាយ​ការពិត បានធ្វើ​ឲ្យ​លោក កែម ឡី ក្លាយជា​វីរជន​របស់​យុវជន និង​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​។ លើសពីនេះ ពលរដ្ឋ​ខ្មែរ​បាន​សម្រក់​ទឹកភ្នែក​ស្ទើរ​មួយ​នគរ នៅពេល​លោក កែម ឡី ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ព្រឹក​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។

នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦ គ្រាប់កាំភ្លើង៣គ្រាប់បានផ្តាច់ជីវិតបណ្ឌិតកែម ឡី។  ឃាតកម្មលើរូបលោក គឺជាសោកដនាកម្មមួយរបស់ជាតិខ្មែរ។ ដំណឹងនេះបានធ្វើឲ្យប្រជាជាតិទាំងមូលតក់ស្លុតជាខ្លាំង ហើយនៅភ្លាមៗនោះមនុស្សម្នាជាច្រើនបានជួបជុំគ្នាយ៉ាងកាកកុញនៅកន្លែងឃាតកម្ម ដោយទឹកមុខក្រៀមក្រំ ចិត្តសោកសង្រេង និងខឹមសម្បាជាខ្លាំង។ ពលរដ្ឋបានដឹកសពទៅតម្កល់នៅវត្តចាស់នៅត្រើយខាងកើតនៃដងទន្លេសាបក្នុងក្រុងភ្នំពេញ ដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណី។

ជាតិខ្មែរសោកស្តាយជាអនេកចំពោះការស្លាប់បាត់បង់ជីវិតរបស់លោក កែម ឡី។ អស់ពេលជាច្រើនថ្ងៃ មនុស្សរាប់សែននាក់បានចូលរួមសម្តែងមរណទុក្ខ គោរពវិញ្ញាណក្ខន្ធ និងកាន់ទុក្ខចំពោះមរណភាពអ្នកវិភាគសង្គមរូបនេះយ៉ាងច្រើនកុះករ។ មនុស្សម្នាជាច្រើននាក់ទៀតដែលមិនអាចទៅវត្ត ក៏បានប្រារព្ធពិធីបុណ្យកាន់ទុក្ខនៅតាមភូមិឋានរៀងខ្លួន។ មរណភាពរបស់លោក កែម ឡី បានធ្វើឲ្យសហគមន៍អន្តរជាតិក្រៀមក្រំដែរ ហើយមានអ្នកមុខអ្នកការបរទេសជាច្រើនបានចូលរួមសម្តែងទុក្ខ និងគោរពវិញ្ញាក្ខន្ធគាត់។ ទាំងអស់គ្នាទទូចសុំឲ្យមានការស៊ើបអង្កេតជាលក្ខណៈឯករាជ្យមួយលើឃាតកម្មនេះ ដោយមានការចូលរួមពីអន្តរជាតិផង ពីព្រោះពួកគេមិនទុកចិត្តការស៊ើបអង្កេតរបស់ខ្មែរដោយសារបណ្ឌិត កែម ឡី ជាអ្នកវិញគន់រដ្ឋាភិបាកដ៏ល្បីល្បាញម្នាក់ ហើយឃាតកម្មនេះត្រូវបានមតិទូទៅសង្ស័យថាជាឃាតកម្មដោយមូលហេតុនយោបាយ។

ជាច្រើនឆ្នាំមុនឃាតកម្មនេះ លោក កែម ឡី បានប្តេជ្ងាចិត្តបូជាជីវិតគាត់ដើម្បីស្រាវជ្រាវដល់ទីកន្លែងផ្ទាល់ដើម្បីស្វែងរកការពិតលើរឿងរ៉ាវមួយចំនួនធំដែលពាក់ព័ន្ធនឹងនយោបាយជាពិសេសក្នុងវិស័យអភិបាលកិច្ច និងយុត្តិធម៌សង្គម។ ក្នុងចំណោមរឿងទាំងនោះ មានរឿងពុករលួយ និងរឿងខ្វះប្រសិទ្ធិភាពរបស់រដ្ឋាភិបាល និងរដ្ឋបាលសាធារណៈ ចំណុចខ្វះខាត និងបរាជ័យនៃការដឹកនាំ។

មុនមរណៈភាពរបស់លោក លោកបានផ្តើមគម្រោងមួយឈ្មោះថា យុទ្ធនាការ១០០ រាត្រី។ នៅក្នុងគម្រោងនោះ លោកបានទៅស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិតាមបណ្តោយទល់ដែនជាមួយប្រទេសវៀតណាម នៅតាមកោះខ្លះក្នុងឈូងសមុទ្រថៃ និងនៅតាមភូមិខ្មែរក្រោមនៅវៀតណាមភាគខាងត្បូង និងនៅភូមិខ្មែរសុរិន្ទក្នុងខេត្តសុរិន្ទនៃភូមិភាគឥសានប្រទេសថៃ។ លោកកែម ឡីមានគោលបំណងស្វែងយល់អំពីជីវភាពរស់នៅ និងក្តីបារម្ភរបស់អ្នកភូមិទាំងនោះ។ មុនត្រូវឃាតករបាញ់ប្រហារ លោកបានបណ្តុះបណ្តាល និងរៀបចំយុវជន បញ្ញវន្តជាច្រើនរូបឲ្យចេះស្រាវជ្រាវ និងចេះតាក់តែងគោលនយោបាយនៅក្នុងវិស័យផ្សេងៗជាច្រើន។

សូមជម្រាបថា ឃាតករដែលបានបាញ់សម្លាប់លោកបណ្ឌិតកែម ឡី ត្រូវបានគេចាប់ឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីបានបាញ់សម្លាប់ភ្លាមៗនៅការ៉ាស់សាំងកាលតិច ស្តុបបូកគោ។ ឃាតករដែលត្រូវបានចាប់ខ្លួនគឺមានឈ្មោះថា អឿត អាង ហៅថាជួបសម្លាប់ ដោយឃាតកររូបនោះបានសារភាពថា ឈានទៅដល់ការបាញ់សម្លាប់នេះ គឺដោយសារតែលោកបណ្ឌិតកែម ឡី ជំពាក់លុយខ្លួន ៣០០០ដុល្លារ។

នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០នេះ គឺជាខួបគម្រប់៤ឆ្នាំនៃថ្ងៃមរណៈភាពរបស់អ្នកវិភាគលោកបណ្ឌិតកែម ឡី ដោយសារអំពើឃាតកម្ម។ លោកបណ្ឌិតកែម ឡីបានទទួលមរណៈភាពនៅក្នុងអាយុ ៤៦ឆ្នាំ ដោយសារតែខ្មាន់កំាភ្លើងម្នាក់បានបាញ់ប្រហារសម្លាប់ទាំងកណ្តាលថ្ងៃនៅស្តារម្មាតមួយកន្លែងនៅឯការ៉ាស់សាំងកាល់តិច ស្តុបបូកគោ។

ជាការកត់សម្គាល់តាំងពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០នេះ មានក្រុមយុវជន អង្គការក្រៅរដ្ឋាភិបាល ព្រះសង្ឃ បូករួមជាមួយប្រជាពលរដ្ឋជាច្រើនរូបផ្សេងទៀតបាននាំគ្នារៀបចំពិធីគម្រប់ខួបនៃមរណៈភាពរបស់លោកកែម ឡី ដោយមានទាំងកម្រងផ្កា មានអ្នកខ្លះទៀតចែកសៀវភៅអំពីទស្សនៈរបស់លោកបណ្ឌិតកែម ឡីជាដើម។ តែយ៉ាងណាការជួបជុំដើម្បីគោរពវិញ្ញាក្ខន័នេះត្រូវបានសមត្ថកិច្ចរារាំងបង្អាក់ជាប់ជានិច្ចដោយមិនឲ្យមានការធ្វើសកម្មភាពអ្វីនោះឡើយ។

ទាក់ទិនទៅនឹងការរារាំងនេះ បើផ្អែកទៅតាមសេចក្តីប្រកាសរបស់រដ្ឋបាលខណ្ឌចំការមនថា មិនឲ្យមានការជួបជុំធ្វើសកម្មភាពនៅការ៉ាស់សាំងកាល់តិចឡើយដោយហេតុថា៖

ទី១៖ មានការស្នើសុំពីម្ចាស់ស្ថានីយប្រេងឥន្ធនៈកាល់តិច
ទី២៖ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ
ទី៣៖ យោងតាមស្មារតីនៃច្បាប់ស្ដីពីការធ្វើបាតុកម្ម ដោយសន្តិវិធី អ្នកចង់សម្ដែងមតិត្រូវជួបជុំនៅ ទីលានប្រជាធិបតេយ្យ។
ទី៤៖ ស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលជាសាកល ក្រសួងសុខាភិបាល បានបិទនូវការជួបជុំ គ្រប់ប្រភេទនៅទូទាំងប្រទេស។ តែចំពោះការកក់ដំណើរតាមផ្លូវទៅចូលរួមពិធីនៅឯចេតិយលោកបណ្ឌិតកែម ឡី នៅឯខេត្តតាកែវវិញ ត្រូវបានអ្នកដែលធ្វើដំណើរទាំងនោះអះអាងថា សមត្ថកិច្ចបានកាក់ដំណើរពួកគេដោយគ្មានមូលហេតុ។

———————-សំលេង—————-

លោកបណ្ឌិត កែម ឡី ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងត្រូវបានគេផ្ដល់ រហស្សនាមថាជាអ្នកវិភាគនយោបាយឯករាជ្យ នៅព្រះរាជាណាចក្រកម្ពុជា ។ លោកត្រូវបានឃាតករ បាញ់សំលាប់ចំនួនបីគ្រាប់នៅក្នុងស្តារម៉ាតរបស់ស្ថានីយចាក់សាំងកាល់តិច ស្តុបបូកគោ ។ ជាមួយគ្នានេះផងដែរ នៅថ្ងៃទី ១០ ខែ កក្កដា ខាងមុខនេះគឺជាខួបគម្រប់ ៤ ឆ្នាំនៃអំពើឃាតកម្មបាញ់សម្លាប់លោក បណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និង សង្គមដ៏ល្បីល្បាញ ។ នៅក្នុងសំណុំរឿងនេះ តុលាការ បានផ្ដន្ទាទោស ខ្មាន់ កាំភ្លើង ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ៕

ប្រយោគឃ្លោងឃ្លាមួយចំនួនត្រូវបានដកស្រង់ចេញពីកម្រងទស្សនៈសង្គម និងនយោបាយ

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នាទីប្រវត្តិសាស្ដ្រ ព្រះបាទលំពង្សរាជា ភាគបញ្ចប់

នាទីប្រវត្តិសាស្ដ្រ ព្រះបាទលំពង្សរាជា ភាគបញ្ចប់

ថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០

ក្នុងរជ្ជកាលព្រះអង្គគ្រប់គ្រងព្រះនគរ សៀមបានលើ[...]

នាទីប្រវត្តិសាស្ត្រ អំពីជ័យជម្នះបែរជាធ្វើឱ្យនគរធ្លាក់ក្រោមសៀមត្រួតត្រាវិញគឺដោយសាររំសាយទ័ពភ្លេចគិតការវាយបកពីសៀមនៃរជ្ជកាលស្ដេចលំពង្សរាជា។

ព្រះបាទលំពង្សរាជាជាព្រះមហាក្សត្រខ្មែរមួយអង្គដ[...]

នាទីប្រវត្តិសាស្រ្ត អំពី គុម្ពឬស្សីបន្ទាយលង្វែកត្រូវបំផ្លាញដោយការខ្វះមនសិការតែពេលនេះគួរអភិរក្សជាសម្បត្តិវប្បធម៌របស់ជាតិ

នៅក្នុងសម័យកាលព្រះបាទ ចន្ទរាជា ទ្រង់ជាស្ដេចមូ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x