ភ្នំពេញ៖ ថ្មីៗនេះ មានសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា តម្លៃស្រូវសែនក្រអូបរបស់កម្ពុជា បានធ្លាក់ចុះពីតម្លៃ ៩៩ម៉ឺនរៀលក្នុងមួយតោន មកនៅត្រឹម ៧៧ម៉ឺនរៀល ចាប់តាំងពីពាក់កណ្ដាលខែសីហាមក។
អ្នកនយោបាយ ប្រជាពលរដ្ឋ មន្ដ្រីសង្គមស៊ីវិល បានសម្ដែងក្ដីព្រួយបារម្ភចំពោះបញ្ហានេះ។ ទាក់ទងនិងការព្រួយបារម្ភនេះដែរ មន្ដ្រីជំនាញកសិកម្ម និងអ្នកវិភាគបានលើកឡើង ពីមូលហេតុ និងវិធានការ ជូនដល់រដ្ឋាភិបាលដើម្បីជួយអោយមានភាពល្អប្រសើរឡើងវិញ ចំពោះផលិតផលកសិកម្មនៅកម្ពុជា។ តើមានកត្តាអ្វីខ្លះបណ្ដាលឱ្យ តម្លៃផលិតផល កសិកម្ម នៅកម្ពុជាធ្លាក់ចុះជាពិសេស គឺស្រូវ? ព័ត៌មានលម្អិត រាយការណ៍ដោយ កញ្ញា ជុំ ជោគជាតា៖
បន្ទាប់ពីមានសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា តម្លៃស្រូវសែនក្រអូបរបស់កម្ពុជា បានធ្លាក់ចុះពីតម្លៃ៩៩ម៉ឺនរៀលក្នុងមួយតោន មកនៅត្រឹម ៧៧ម៉ឺនរៀល ចាប់តាំងពីពាក់កណ្ដាលខែសីហាមក ។
ទាក់ទងនឹងបញ្ហាប្រឈមទាំងអស់នេះ ធ្វើអោយមានសំនួរ ពីអ្នកនយោបាយ ប្រជាពលរដ្ឋ ជាច្រើនចោទសួរថា ហេតុអ្វីបានជាផលិតផលកសិកម្ម នៅប្រទេសកម្ពុជាមានការធ្លាក់ចុះថោកបែបនេះ?
ត្រង់សំនួរនេះ លោក សម វិទូ នាយកមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថាCEDAC បានលើកឡើងថា មានកត្តាសំខាន់ពីរ ដែលនាំអោយកម្ពុជា ជួបវិបត្តិបែបនេះ។
លោក សម វិទូ ៖«បាទ៎ មានកត្តាពីរដែលធ្វើអោយស្រូវនៅក្នុងប្រទេសកម្ពុជាយើងធ្លាក់ថ្លៃ ។ កត្ដាទីមួយ. គេថា ស្រូវ និងជាធម្មតាមានប្រទេសជិតខាងយើង ជាអ្នកប្រមូលទិញ។ ហើយកត្ដាទីពីរ. ការនាំចូលអង្ករមកពីប្រទេសវៀតណាមច្រើនពេក ដល់ពេលចឹងឈ្មួញក្នុងស្រុក របស់យើងក៏គាត់អត់អាចទិញក្នុងតម្លៃខ្ពស់បាន»។
ទាក់ទងនឹងរឿងនេះដែរ អុ្នកស្រាវជ្រាវ ពីបញ្ហាសង្គម លោកបណ្ឌិត មាស នី យល់ឃើញថា ផលិតផលកសិកម្ម នៅប្រទេសកម្ពុជា មានការធ្លាក់ចុះថោកបែបនេះ គឺទីមួយ.ដោយសារទិដ្ឋភាពនៃការភ្ជាប់រវាងផលិតផលរបស់កម្ពុជាទៅនឹងទីផ្សារអន្ដរជាតិ នៅមានគុណវិបត្តិ។ ទីពីរគឺសមត្ថភាពក្នុងការប្រណាំងប្រជែងជាមួយប្រទេសជិតខាង ដែលគេជាប្រទេសផលិតស្រូវដូចគ្នា នៅលើទីផ្សារអន្ដរជាតិសព្វថ្ងៃនៅគឺកម្ពុជាមានកម្រិត។ ទីបីទាក់ទងនឹងឈ្មួញកណ្ដាលដែលប្រើអំណាចផ្ដាច់មុខ ធ្វើការមិនអោយឈ្មួញដទៃមានលទ្ធភាពប្រកួតប្រជែងបាន។
លោក មាស នី៖ «បាទ៎ នៅក្នុងហ្នឹងយើងមើលពីទិដ្ឋភាពពីរ ទីមួយ.គឺ ទិដ្ឋភាពនៃការភ្ជាប់រវាងផលិតផលយើងទៅជាមួយនឹងទីផ្សារអន្ដរជាតិ ហើយសមត្ថភាពក្នុងការប្រណាំងប្រជែង ជាមួយប្រទេសជិតខាងដែលគេជាប្រទេសផលិតស្រូវដូចយើងដែរ។ ហើយចំពោះទីផ្សារអន្ដរជាតិវិញ ថាតើ សព្វថ្ងៃហ្នឹងអន្ដរជាតិនៅតែផ្ដល់ការយោគយល់ ជាសម្បទាន សម្រាប់ជួយទិញផលិតផលពីស្រុកយើង ដោយសារស្រុកយើងជាប្រទេសក្រីក។ ប៉ុន្ដែឥលូវនេះខ្ញុំឃើញថា ក្រោយពីប្រទេសភូមា មានអំណោយនយោបាយល្អជាងគេក៏ចាប់ផ្ដើមដកឃ្លា ពីស្រុកយើង គេទៅទិញប្រទេសភូមា។ ទីពីរ.ខ្ញុំគិតថានៅខាងក្នុងប្រទេសយើងក៏មានបញ្ហាដែរទាក់ទងនឹងឈ្មួញមានអំណាច…»។
គួរកត់សម្គាល់ដែរ មិនមែនមានតែបញ្ហាស្រូវដែលពលរដ្ឋខ្មែរ រិះគន់នោះទេ គឺ ផលិតផល កសិកម្មខ្មែរមួយចំនួន ដូចជា ផ្លែល្ពៅ ដំឡូងមី ផងនោះ ក៏មានការធ្លាក់ថ្លៃផងដែរ។
ថ្មីៗនេះលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានរិះគន់ពីមូលហេតុដែលនាំអោយកម្ពុជា គ្មានទីផ្សារសម្រាប់ផលិតផលរបស់កសិករ។ លោកថា សូម្បីតែគល់ស្លឹកគ្រៃ ក៏នាំចូលពីប្រទេសវៀតណាម ដែរ តើនៅដឹកនាំប្រទេសដល់ពេលណាទៀត។
ក្រៅពីការលើកឡើងដូចនេះ លោក សម រង្ស៊ី ក៏បានទាញហេតុផលថា ផលិតផលកសិកម្ម កម្ពុជាពុំមានទីផ្សារត្រឹមត្រូវ បានកើតឡើងជារៀងរាល់ឆ្នាំ ថាតើវាជាកំហុសរបស់អ្នកណា។
មិនប៉ុន្មានថ្ងៃពីការរិះគន់នេះ សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា រដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់លើបញ្ហានេះ និងបានបញ្ជាទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ឋឱ្យរៀបចំការប្រជុំដើម្បីរកដំណោះស្រាយលើបញ្ហានេះជាបន្ទាន់ ។
តាមហ្វេសប៊ុក សម្ដេច ហ៊ុន សែន គឺរាជរដ្ឋាភិបាលបានបង្ហាញនូវវិធានការចាំបាច់មួយចំនួន ដើម្បីដាក់ចេញជួយអន្តរាគមន៍ លើតម្លៃស្រូវរបស់កសិករជា ជំហានដំបូង ដោយក្នុងនោះរដ្ឋាភិបាល បានបញ្ចេញថវិកាចំនួន២៧លានដុល្លារអាមេរិក ដើម្បីជួយដល់ការជំរុញស្ថេរភាព តម្លៃស្រូវ និងការប្រមូលទិញស្រូវក្នុងស្រុក។
ស្របពេលរដ្ឋាភិបាលដាក់ចេញនូវថវិកាដូចនេះ ដើម្បីជួយជំរុញទៅដល់ស្ថេរភាព តម្លៃស្រូវ របស់កសិករខ្មែរដែលកំពុងជួបប្រទះនឹងបញ្ហានេះ កសិករ បាន រអ៊ូរទាំ និងសម្ដែងក្ដីព្រួយបារម្ភ ព្រោះតម្លៃផលិតផលកសិកម្មបានធ្លាក់ចុះ ពិសេសគឺផលិតផលស្រូវ។ ការធ្លាក់តម្លៃនេះបណ្ដាលឱ្យពួកគេ មានវិបត្តិដោយសារជំពាក់បំណុលធនាគារ។
ជាក់ស្ដែងថ្មីៗនេះ ព័ត៌មានក្នុងស្រុកបានចុះផ្សាយថា ប្រជាកសិករនៅស្រុកសង្កែ ខេត្តបាត់ដំបង ជិត២ពាន់នាក់ បានផ្ទុះការតវ៉ាដោយនាំគ្នាដឹកស្រូវ មកចាក់ចោល នៅលើផ្លូវជាតិលេខ៥ បន្ទាប់ពីតម្លៃស្រូវធ្លាក់ចុះ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពពួកគេ។
តើមានវិធានការទប់ស្កាត់បែបណា ទើបផលិតផលស្រូវ និងផលិតផល កសិកម្ម ផ្សេងទៀតវិលមករកភាពល្អប្រសើរឡើងវិញ?
ជាថ្មីលោក សម វិទូ នាយកមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃអង្គការ CEDAC លើកឡើងថា វិធានការគឺមាន ទីមួយ.រដ្ឋាភិបាលត្រូវដាក់ កញ្ចប់ថវិកាអោយបានមុនរដូវកសិករច្រូតកាត់។
លោក សម វិទូ បញ្ជាក់លើចំនុចនេះបន្ថែមថា ៖«ព្រោះបើមិនដូច្នេះទេ គឺ រដូវ ច្រូតកាត់មកដល់ គឺ កសិករគាត់ត្រូវតែលក់ហើយ។ ទីមួយ.ស្រូវដើមរដូវ ទីពីរ ស្រូវចុងរដូវ. ទីបី គឺស្រូវប្រាំង។ ដូចនេះ កញ្ចាប់ថវិការ ត្រូវតែធ្វើអោយបានមុន ដើម្បីជជែកជាមួយដៃគូរពាក់ព័ន្ធ…»។
លោក សម វិទូ ក៏បានលើកឡើងទៀតថា រដ្ឋាភិបាល និង ស្ថាប័នពាក់ព័ន្ធ ជាពិសេស សមាគម កសិកម្ម គួរតែប្រមូលផលិតផលកសិកម្ម ពី កសិករ និងបង្កើតសហគមន៍ ផលិតស្រូវដើម្បីជួយដល់កសិករលើផ្នែកបច្ចេកទេសផលិតស្រូវ។
លោក សម វិទូ ថា៖ «ហើយបើសិនសហគមន៍កសិកម្ម នឹងអត់មានតួនាទីអ្វី ក្នុងការប្រមូលនៃផលិតផលពីកសិករទេ ធ្វើអោយពួកគាត់ពិបាកណាស់ …»។
ជុំវិញរឿងនេះដែរ លោកបណ្ឌិត មាស នី យល់ឃើញ ថាវិធានការទប់ស្កាត់ដ៏មានប្រសិទ្ធភាពចំពោះវិបត្តិការធ្លាក់តម្លៃកសិផល នៅកម្ពុជានេះ ការបញ្ចេញថវិការបស់រដ្ឋាភិបាល យកលុយទៅទិញស្រូវតែម្យ៉ាង គឺ មិនគ្រប់គ្រាន់នោះទេ។ រឿងនេះរដ្ឋាភិបាលត្រូវតែមានវិធានការ អ្វីផ្សេងទៀត ដើម្បីជួយបង្កើនកម្លាំងសេដ្ឋកិច្ចជាពិសេសរឿងស្រូវចុះថោកនេះ អោយមានការប្រណាំងប្រជែងជាមួយនិងប្រទេសជិតខាង។ ទីពីរ រដ្ឋាភិបាលកុំប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ដែលស្មើនឹងសូន្យ។
លោក មាស នី៖« ចឹងការដោះស្រាយ គ្រាន់តែរឿងការយកលុយទៅទិញស្រូវមិនគ្រប់គ្រាន់ទេ ត្រូវតែមានវិធានការអ្វីផ្សេងទៀត ដើម្បីជួយបង្កើនសេដ្ឋកិច្ចរឿងស្រូវចុះថោកនេះ អោយមានការប្រណាំងប្រជែងជាមួយនិងប្រទេសជិតខាង ហើយសូមកុំអោយប្រៀបធៀបទៅនឹងឆ្នាំសារ៉ូ…»។
តែយ៉ាងណាក៏ដោយ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតមកពីសាកលវិទ្យាល័យ បញ្ញាជាតិ នៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃចន្ទទី ១៩កញ្ញា បានបញ្ជាក់ថា មិនមែនតែប្រទេសកម្ពុជា ដែលជួបវិបត្តិបែបនេះ ប្រទេសផ្សេងទៀតនៅទូទាំងអាស៊ីអាគ្នេយ៌ក៏ជួបវិបត្តិបែបនេះដូចគ្នា៕