ភ្នំពេញ៖ ឥទ្ធិពលនៃការប្រមូលផ្តុំអំណាចរបស់នាយករដ្ឋមន្ត្រី មិនមែនមានរូបភាពអវិជ្ជមានទាំងអស់នោះទេ តែវាក៏អាចមានភាពវិជ្ជមានផងដែរ ប្រសិនបើការប្រមូលផ្តុំអំណាចនោះ ដើម្បីរក្សាស្ថេរភាពសង្គម ដើម្បីពង្រឹងនីតិរដ្ឋ និងដើម្បីអភិវឌ្ឍសង្គម ផុសចេញពីឆន្ទៈជាមេដឹកដែលចង់ឱ្យប្រទេសជាតិរីកចម្រើនមែននោះ។ សម្រាប់បរិបទប្រទេសកម្ពុជាវិញ អ្នកវិភាគមើល ឃើញថា ការប្រមូលផ្តុំអំណាចក្រោមឥទ្ធិពលរបស់គណបក្សនយោបាយ បានជះឥទ្ធិពលមកលើប្រព័ន្ធដឹកនាំរបស់រដ្ឋ។
យ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណកាលពីថ្ងៃទី ១៣ មិថុនា ដោយទទួលស្គាល់ថា លោកពិតជាបានប្រមូលផ្តុំអំណាចពិតប្រាកដមែន ព្រោះលោកសំអាងថា ក្នុងនាមជានាយករដ្ឋមន្ត្រីមួយរូប បើមិនមានអំណាចត្រួតត្រាកងទ័ព ត្រួតត្រានរគបាល នោះប្រទេសជាតិនឹងអាណាធិបតេយ្យ។
ក្នុងន័យនេះលោកនាយករដ្ឋមន្ត្រីចង់សំដៅថា ការប្រមូលផ្តុំអំណាចក្នុងប្រព័ន្ធរដ្ឋបាលរបស់លោក គឺដើម្បីធានានូវស្ថេរភាពសង្គម និងដើម្បីពង្រឹងនីតិរដ្ឋជាតិឱ្យបានល្អប្រសើរ។
តែបែបនេះក្ដី អ្នកវិភាគបញ្ហាសង្គមមើលឃើញថា ការប្រមូលផ្ដុំអំណាចរបស់នាយករដ្ឋមន្ត្រីគឺមានទិដ្ឋភាពពីរខុសគ្នា ។ គាត់ថាជាអំណាចអតា្តធិបតេយ្យ ។

មិនមែនជាកំហុសឆ្គងនោះអ្វីនោះទេ នៅពេលដែលប្រព័ន្ធដឹកនាំរដ្ឋមួយទទួលរងឥទ្ធិពលនៃបក្សកាន់អំណាច ព្រោះថានៅក្នុងប្រទេសប្រកាន់លទ្ធប្រជាធិបតេយ្យបានផ្តល់អំណាចមួយដល់បក្សដែលឈ្នះឆ្នោតគ្រប់គ្រងអំណាចរដ្ឋ។
តែយ៉ាងណាក្តី របៀបចាត់ចែងអំណាចរដ្ឋនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា អំណាចនៃការប្រើប្រាស់របស់រដ្ឋបានស្ថិតនៅក្រោមអំណាចបក្សស្ទើរតែទាំងស្រុង ពោលគឺស្ទើរតែគ្រប់មន្ត្រីនយោបាយទាំងអស់ តែងតែទទួលការតែងតាំង ពីបក្សនយោបាយដើម្បីគ្រប់គ្រងអំណាចរដ្ឋ។ នេះបើតាមលោកបណ្ឌិត ចាន់ វិបុល អ្នកជំនាញអភិបាលកិច្ច និងប្រជាធិប តេយ្យ។
លោកបណ្ឌិត ចាន់ វិបុល បន្ថែមថា មន្ត្រីមុខងារសាធារណដូចជាមន្ត្រីតុលាការ មន្ត្រីយោធា កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីស៊ីវិលជាដើមនោះ មិនត្រូវតែងតែដោយគណបក្សនយោបាយនោះទេ។ តែសម្រាប់ប្រព័ន្ធរដ្ឋបាលបច្ចុប្បន្ននេះ លោក ចាន់ វិបុល សង្កេតឃើញថា មន្ត្រីសាធារណភាគច្រើន ជាពិសេសមន្ត្រីដែលមានមុខងារធំៗ ភាគច្រើនពួកគាត់ជាសមាជិករបស់គណបក្សនយោបាយ។ លោកថា ប្រការនេះនាំឱ្យការបំពេញមុខងាររបស់មន្ត្រីទាំងនោះ ទទួលនូវឥទ្ធិពលរបស់បក្សនយោ បាយ ជាជាងមុខតំណែងដែលផ្តល់ដោយរដ្ឋ។ លោក ចាន់ វិបុល៖«ខ្ញុំមើលឃើញទិដ្ឋភាពបច្ចុប្បន្ននេះ គឺសំដៅរក្សាអំណាចរបស់មេបក្សជាជាងការបំរើទៅលើអធិបតេយ្យភាពសង្គម ទៅលើសុខមាលភាពសង្គម ឬក៏សនិ្តសុខសង្គម។ ហេតុ ផលមួយចំនួនដែលយើងសង្កេតឃើញដោយសារតែ កម្លាំងប្រដាប់អាវុធមួយចំនួនទទួលឥទ្ធិពលអំពីរដ្ឋាភិបាលដែលជាមេបក្សរបស់លោក ហើយគាត់ធ្វើសកម្មភាពមួយចំនួនដែលជាផលប្រយោជន៍របស់បក្សនយោបាយ បើទោះបីអ្នកដឹកនាំរដ្ឋព្យាយាមពន្យល់ថា នេះជាមុខងាររបស់រដ្ឋមិនមែនមុខងាររបស់បក្សនយោបាយ។ តែប្រសិនបើយើងមើលពីហេតុផលនៃទំនាក់ទំនងខ្សែបន្ទាត់នៃអំណាច យើងឃើញថាការប្រើប្រាស់របស់រដ្ឋបច្ចុប្បន្ននេះគឺបំរើដើម្បីផលប្រយោជន៍របស់បក្សច្រើនលើសលប់»។
មិនខុសគ្នាពីលោកបណ្ឌិត ចាន់ វិបុល នោះទេ លោកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ សូ ចន្ថា ក៏លើកឡើងដែរថា ការប្រមូលអំណាចនៅកម្ពុជាបច្ចុប្បន្នមកដាក់ក្នុងដៃនាយករដ្ឋមន្ត្រីបែបនេះ គឺកំពុងតែដើរខុសគន្លងក្របខណ្ឌប្រទេសប្រកាន់ប្រជាធិបតេយ្យនៅលើពិភពលោក ដែលលោកថា កម្ពុជានឹងអាចឈានទៅរករបបអត្តាធិបតេយ្យ ។លោក សូ ចន្ថា បន្ថែមទៀតថា សម្ដេចនាយករដ្ឋមន្ត្រី ហាក់មានឥទ្ធិពលអំណាចមកលើស្ថានប័នធំៗជាច្រើន ដូចជាស្ថាប័ននិតីបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងតុលាការ ព្រោះថាស្ថាប័នទាំងនោះតែងតែដុតដៃដុតជើងក្នុងសកម្មភាពការងារ នៅពេលមានប្រតិកម្មរបស់នាយករដ្ឋមន្ត្រី។ លោក សូ ចន្ថា៖«មើលទៅស្ថាប័នទាំងនេះ ហាក់ដូចជាធ្វើតម្រូវតាមអ្វីដែលជាការលើកឡើងនិងជាការចង់បានរបស់លោកនាយករដ្ឋមន្ត្រីច្រើន ជាងឈរទៅលើឯករាជ្យភាពរបស់ស្ថាប័ននោះ។ ដូច្នេះយើងមើលឃើញថា អំណាចទាំងអស់នោះដែលបែងចែកច្បាស់លាស់ហាក់ដូចជាមានតែក្នុងច្បាប់ទេ តែការអនុវត្តជាក់ស្តែងវាហាក់ដូចមិនសមស្របទៅតាមច្បាប់នោះទេ»។
អ្នកវិភាគបានសម្ដែងការយល់ឃើញដូចនេះ គឺជាការឆ្លើយតបនឹងសំនួរមួយរបស់អ្នកព័ត៌មាន ដែលចោទសួរពួកគាត់ថា តើអ្វីទៅជាអំណាចប្រមូលផ្ដុំ និងអំណាចអត្តាធិបតេយ្យ ខុសគ្នាត្រង់ណានោះ?
ការបកស្រាយរបស់អ្នកវិភាគគឺធ្វើឡើង បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣មិថុនា ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្ដេចហ៊ុន សែន បានប្រតិកម្មចំពោះបុគ្គលមួយចំនួន ដែលបានហៅការដឹកនាំរបស់លោកថា បានប្រមូលផ្តុំអំណាចនៅក្នុងដៃរបស់សម្ដេចតែម្នាក់គត់។
ក្នុងពិធីនេះ សម្តេច ហ៊ុនសែន បានលើកឡើងថា ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្សនយោបាយ ការប្រ មូលអំណាចគឺជារឿងត្រឹមត្រូវ ព្រោះការប្រមូលអំណាចរបស់លោក គឺដើម្បីរក្សាស្ថេរភាពក្នុងសង្គមកុំឱ្យមានភាពអាណាធិបតេយ្យ ពោលគឺដើម្បីពង្រឹងនីតិរដ្ឋក្នុងសង្គម។សម្តេច ហ៊ុនសែន៖«ហើយកន្លងទៅមានអ្នកភ័ន្តច្រលំទៀត ម្នាក់នោះគេថា អំណាចប្រមូលផ្តុំនៅលើមនុស្សម្នាក់។ បើធ្វើប្រធានបក្ស ធ្វើជានាយករដ្ឋមន្ត្រីក្តាប់មិនបាន ចាំបាច់ធ្វើធ្វើអី្វ។ និយាយឱ្យច្បាស់តែម្តង ព្រឹកមិញមានម្នាក់គេថាអំណាចវានៅលើមនុស្សម្នាក់ វានៅលើម្នាក់ហ្នឹងមែន ផ្តាំទៅបើម្នាក់ហ្នឹងត្រួតត្រាកងទ័ពមិនបាន ត្រួតត្រានរគបាលមិនបាន ត្រួតត្រាបក្សមិនបាន អញ្ចឹងបានសេចក្តីថាទុកឱ្យអាណាធិបតេយ្យ»។
តែយ៉ាងណាអ្នកវិភាគខាងលើផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាលត្រូវធានាយ៉ាងណាឱ្យមានតុល្យភាពអំណាចចំពោះមុខងារ សាធារណរបស់រដ្ឋ ដូចជាស្ថាប័នរដ្ឋាភិបាល ស្ថាប័នសភាជាតិ និងស្ថាប័នតុលាការ។
ពួកគាត់ពន្យល់ថាចំណែកមន្ត្រីកំពូលៗនៃកងកម្លាំងប្រដាប់អាវុធ ត្រូវផ្តាច់ខ្លួនចេញពីមន្ត្រីបក្ស ពោលគឺត្រូវឈរជាអព្យាក្រឹត្យ មានឯករាជ្យភាពផ្ទាល់ខ្លួនមិនចំណុះក្រោមឥទ្ធិពលបក្សនយោបាយ។ មួយវិញទៀតពួកគាត់ថា រដ្ឋាភិបាលក៏គួរតែព្យាយាមរកប្រព័ន្ធថ្មីមួយ ដើម្បីផ្តាច់ពីឥទ្ធិពលរបស់បក្ស នៅពេលដែលបក្សមួយកាន់អំណាច មានន័យថាប្រព័ន្ធនោះគឺជាអំណាចរបស់រដ្ឋពិតប្រាកដ។ ចំណុចគួរអនុវត្តមួយទៀតដែរ គឺមន្ត្រីមុខងារសាធារណទាំងអស់ត្រូវផ្តាច់ចំណងទំនាក់ទំនងរវាងភាពជាម្ចាស់នៃបក្សនយោបាយ ទៅជាភាពជាម្ចាស់របស់ប្រជាពលរដ្ឋ៕