កាលពីសម័យសង្គ្រាមត្រជាក់ ឱ្យតែមេដឹកនាំកំពូលប្រទេសណាមួយ បាត់បង់ជីវិត គឺប្រទេសនោះតែងតែ បែកបាក់ការសាមគ្គីជាតិ ហើយចាប់យកមនោគមន៍វិជ្ជា ពីប្រទេសដែលមានឥទ្ធិពលលើខ្លួន។
មេដឹកនាំខ្លះពេលស្លាប់បាត់បង់ជិវិតបានផ្ដាំផ្ញើ មេដឹកនាំក្រោយត្រូវពង្រីកឱ្យបានទូលំទូលាយឥទ្ធិពលរបស់ខ្លួនចូលប្រទេសជិតខាង ហើយ ឥទ្ធិពលនោះស្ដែងឃើញតាមរយៈមនោគមន៍វិជ្ជា ឬ ការគាបសង្កត់ឈ្លានពានព្រំដែន លើប្រទេសជាប់ខ្លួន។ តែផ្ទុយទៅវិញប្រទេសខ្លះមេដឹកនាំជំនាន់ក្រោយកាន់តែសាមគ្គីគ្នារឹងមាំថែមទៀត ដោយពួកគាត់សន្យាដើរតាមគំរូ ឬបណ្ដាំមេដឹកនាំមុន ឬមេដឹកនាំដែលទទួលមរណភាពទៅនោះ។ ចំណែកប្រទេសខ្លះពេលបាត់មេដឹកនាំជើងចាស់ គឺកាន់តែបែកបាក់គ្នាជ្រៅទៅៗរហូតប្រទេសជិតខាងមើលងាយ ឈ្លានពានទៀតផង។
ជុំវិញ មរណភាពព្រះមហាក្សត្រថៃ ភូមិប៊ុល អាឌុលយ៉ាដេត ដ៏មានឥទ្ធិពល កាលពីថ្ងៃទី១៣តុលា វិទ្យុស្ត្រីបាន សុំការយល់ឃើញ ពីអ្នកវិភាគ និងអ្នកនយោបាយខ្មែរពីគណបក្សធំ២ ដែលពួកគាត់មានទស្សនៈផ្សេងៗគ្នាៗ អំពីអនាគតនយោបាយថៃ និងទំនាក់ទំនងនៅអាស៊ីអាគ្នេយ៌។កញ្ញា ជុំជោគ ជាតា ជូនការវិភាគ ដូចតទៅ៖
ថៃគឺជារាជាណាចក្រមួយនៅអាស៊ីអាគ្នេយ៌។ ប្រទេសជាប់កម្ពុជាមួយនេះ មានស្ដេចសោយរាជ្យ បានយូរជាងគេ គឺព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត។ ព្រះអង្គឡើងគ្រោងរាជ្យរហូតបាន៧០ឆ្នាំ គឺតាំងពីឆ្នាំ ១៩៤៦មកម្លេះ។ តែជាអកុសល ស្ដេចដ៏មានឥទិ្ធពលនេះ បានយាងចូលទិវង្គត កាលពីថ្ងៃទី១៣ តុលា។
រយៈពេល៧០ឆ្នាំ រាជាណាចក្រនេះបានជួបប្រទះ រដ្ឋប្រហារយោធា ១៩លើកមកហើយ។ តែយ៉ាងនេះក្ដី ព្រះមហាក្សត្រអង្គនេះបានគ្រប់គ្រងស្ថានការណ៍ បានយ៉ាងរឹងមាំ គឺមិនឱ្យមានការដោះដូរអំណាច រដ្ឋ ឬរបបនៃការដឹកនាំបានឡើយ។ អស់ពីស្ដេច ដ៏ជាទីគោរពរបស់អ្នកនយោបាយថៃនេះទៅ ថាតើរាជាណាចក្រនេះអាចនឹងមានការប្រែប្រួលការដឹកនាំអ្វី បើរាជទាយាទ ក្រោយគឺព្រះអង្គម្ចាស វិជ្ជរាលុកន មិនសូវ មានអំណាចនិងប្រជាប្រិយភាពពីរាស្ត្រថៃច្រើនឡើយ។
តើការចូលទិវង្គត ស្ដេចថៃ ភូមិបុល អាឌុលយ៉ាដេត អាចធ្វើឱ្យមានការប្រែប្រួលទេ នយោបាយនៃរបបដឹកនាំប្រទេសថៃ ហើយអាចជះឥទ្ធិពល អ្វីដល់ចំណងទាក់ទងជាមួយកម្ពុជា និង ភូមិសាស្ត្រ នយោបាយអាស៊ីអាគ្នេយ៌ ?
អ្នកវិភាគនៅកម្ពុជាម្នាក់គឺ លោក ឡុង គឹមឃន ដែលសិក្សាពីគោលនយោបាយ ការបរទេសបានផ្ដល់ទស្សនៈវិភាគរបស់លោកថា មរណភាពព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ពិតជាធ្វើអោយមានការភ្ញាក់ផ្អើល យ៉ាងពិតប្រាកដចំពោះអ្នកនយោបាយក្នុងតំបន់។ លោកថា ការចាប់អារម្មណ៍មួយដ៏សំខាន់គឺការជ្រើសរើសរាជទាយាទ មកស្នងរាជ្យបន្ត។
លោកបានពន្យល់ដូចនេះថា៖«ក្នុងពេលបច្ចុប្បន្ននេះ ខ្ញុំគិតថា យើងពិបាកនិយាយបន្តិច ពីព្រោះពិធីបុណ្យសពរបស់ស្ដេចថៃ កំពុងចាប់ប្រារព្ធធ្វើ ហើយសួរថា តើប៉ះពាល់ ឬ មិនប៉ះពាល់ តែពិធីស្នងរាជ្យគឺចាប់ផ្ដើម ហើយថា អ្នកណានឹងឡើងកាន់អំណាចជាស្ដេចថៃជំនួស មហាក្សត្រពេលបច្ចុប្បន្នដែលចូលទិវង្គត ពីព្រោះ មានរឿងមួយបើយើងពិនិត្យមើលទៅរដ្ឋធម្មនុញ្ញថៃ កាលពីឆ្នាំ២០០៧ គេបានបញ្ជាក់ច្បាស់ ដែលត្រូវគោរពទៅ តាមរាជវង្សថៃ ដែលធ្វើឡើងនៅឆ្នាំ១៩២៤ ស្ដីពី ការស្នងតំណែង គឺ ហាក់ដូចជា ចង្អុលបង្ហាញច្បាស់ហើយ កាលពី៤០ឆ្នាំមុន គឺ Vajiralongkorn ដែលជាបុត្រារបស់ស្ដេចភូមិបុល នឹងត្រូវឡើងជំនួស ជារាជទាយាទ។ ប៉ុន្ដែបញ្ហានៅត្រង់ថា តើសភាថៃហ្នឹងគាំទ្រទេ ហើយគណៈរដ្ឋមន្ដ្រី របស់រដ្ឋាភិបាលយោធា របស់ប្រាយុទ្ធ ចាន់ អូចា ដែលធ្វើរដ្ឋប្រហាររដ្ឋាភិបាលស្របច្បាប់តើគាត់គាំទ្រ ឬក៏យល់ព្រមក៏អត់ » ។
នៅប្រទេសថៃបច្ចុប្បន្ននេះ មានប៉ូលនយោបាយតែពីរ ប៉ុណ្ណោះ គឺប៉ូលក្រហមគាំទ្រនិយមទៅរកគណបក្ស របស់អតីតនាយករដ្ឋមន្ត្រីយីងឡាក់ និង លោកថាក់ស៊ីន និងក្រុមលឿងជាអ្នក គាំទ្ររាជវង្សឬក្រុមប្រជាធិបតេយ្យ ដែលមានពួកយោធានៅពីក្រោយ។ បើក្រុមពីរ នេះឈ្លោះគ្នាគឺពួកគេតែងតែ រកលេស ប៉ះទង្គិចជាមួយកម្ពុជា។
លោក ឡុង គឹមឃន ពន្យល់ទៀតថា៖« ប្រសិនបើយល់ព្រមហើយ ថាតើ ស្ដេចដែលនឹងអាចឡើងថ្មីនឹងតើគាត់គាំទ្រខាងណា។ ពីព្រោះ នៅក្នុងស្រុកថៃ គេមានក្រុមធំ២ ដែលមានមនោគមវិជ្ជានយោបាយ និងជំនឿផ្សេងគ្នា ដែលយើងចំណាំតែហៅពួកគាត់ថា អាវលឿង ហើយនិងអាវក្រហម។ ចឹងប្រសិនបើស្ដេច នៅបន្ដគាំទ្រក្រុមយោធា ខ្ញុំគិតថា ស្ថានភាពនៅក្នុងស្រុកថៃ គឺ ធម្មតា។ ក៏ប៉ុន្ដែបើស្ដេចឡើងថ្មី គាត់មិនគាំទ្រក្រុមយោធា ដែលកំពុងកាន់អំណាចនៅក្នុងប្រទេសថៃរាល់ថ្ងៃ វាអាចមានភាពច្របូកច្របល់នៅក្នុងនយោបាយជាតិរបស់ប្រទេសថៃ។ ហើយពេលនឹងហើយ ដែលនឹងអាចមានឥទ្ធិពល ហើយជាពិសេសហ្នឹងកម្ពុជា។ ពីព្រោះយើងឃើញថា កាលណាប្រទេសថៃឈ្លោះគ្នា ជម្លោះនៅក្រុងបាងកក គឺ តែងតែរីករាលដាលមកកម្ពុជា ជាពិសេសមកតំបន់ប្រាសាទព្រះវិហារ» ។
តែអ្នកវិភាគជើងចាស់ម្នាក់ទៀត គឺលោកបណ្ឌិត មាស នី យល់ថា ប្រហែលជាមិន ធ្វើឱ្យកម្ពុជាភ័យខ្លាច ដូចមុនទេ ហើយបើមានក៏តិចតូចដែរ។
លោក មាស នី ៖«បាទ៎ ខ្ញុំគិតថា ការចូលសោយទិវង្គតរបស់ស្ដេចថៃនេះ បើមានការផ្លាស់ប្ដូរ ផ្លាស់ប្ដូរផ្ទៃក្នុងនៅក្នុងរបស់ប្រទេសថៃច្រើនជាង។ ប៉ុន្ដែបើសិនជាយើងមានស្អីប៉ះពាល់ដល់ប្រទេសជិតខាង ខ្ញុំមើលទៅដូចជាមិនឃើញមានតម្រុយអីជាការព្រួយបារម្ភទេ ចំពោះប្រទេសជិតខាង»។
ចុះចំណែកអ្នកនយោបាយ វិញ យល់ដូចម្ដេចដែរចំពោះ ការយាងចូលទិវង្គត ស្ដេចថៃភូមិបុលអាឌុលយ៉ាដេត?
អ្នកនយោបាយ និងជាអ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន្ត ថាកម្ពុជា មិនចាំបាច់បារម្ភ រឿងប្រទេសថៃ ព្រោះ ពេលនេះ មិនដូច ក្រោយសម័យអង្គរទេ។ លោកថា កាលពីសម័យនោះ គឺមានរឿងពិតមែន រវាងស្ដេចមួយ មកស្ដេចមួយទៀត។
លោក សុខ ឥសាន្ដ ៖ « យើងកើតជំនាន់ក្រោយនេះ ក៏ឃើញថា ព្រះករុណាថៃ ក៏មិនមានអី ធ្វើឲ្យប៉ះពាល់ដល់យើង ដូចពីជំនាន់ប្រវត្តិសាស្ដ្រ ក្រោយពីសម័យអង្គរមកទៀត។ បាទចឹងយើងមិនមានអ្វីធ្វើជាការថ្នាំងថ្នាក់អីទេ តែមានការសោកស្ដាយចំពោះការបាត់បង់របស់ព្រះអង្គ តែងតែមានព្រះទ័យយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជនថៃ ជិតមួយរយលាននាក់» ។
បើតាមយោបល់ លោក សុខ ឥសាន្ដ នយោបាយរបស់ថៃគឺពឹងផ្អែកទៅលើនាយករដ្ឋមន្ដ្រី ច្រើនជាងព្រះមហាក្សត្រ។
លោក សុខ ឥសាន្ដ ៖«ខ្ញុំយល់ថា នយោបាយរបស់ថៃវាផ្អែកទៅលើនាយករដ្ឋមន្ដ្រីច្រើន នាយករដ្ឋមន្ដ្រីជាអ្នកដឹកនាំកិច្ចការរដ្ឋ ហើយតាមរដ្ឋធម្មនុញ្ញ ទោះបីថា ព្រះរាជាថៃមានឥទ្ធិពល ចំពោះការដឹកនាំគ្រប់គ្រងរបស់រដ្ឋ ក៏ប៉ុន្ដែវាមិនដូចពីជំនាន់សង្គមចាស់ទេ គឺថា លោកត្រូវបានរដ្ឋធម្មនុញ្ញកាត់បន្ថយនូវអំណាចរបស់ព្រះអង្គច្រើនដែរហើយ គ្រាន់ថា ពេលណាប្រទេសមានវិបត្តិ គឺ ព្រះអង្គលូកដៃចូលក្នុងការសម្របសម្រួលរវាងអ្នកនយោបាយ និងអ្នកនយោបាយ ដើម្បីធ្វើម៉េចអោយមានសិ្ថរភាពនយោបាយនៅក្នុងប្រទេស របស់ព្រះអង្គ នេះជាទម្លាប់ដែលស្ដេច ភូមិបុល អាល់ឌុលយ៉ាដេត កន្លងទៅ ក៏ប៉ុន្ដែសម្រាប់រាជទាយាទចុងក្រោយនេះ យើងក៏មិនទាន់ដឹងថា យ៉ាងម៉េចដែរទេ យើងចាំមើលសភាការណ៍ទាំងអស់គ្នា»។
ហាក់យលស្របនឹងប្រសាសន៍របស់ លោក សុខ ឥសាន្ត លោក អេង ឆៃអ៊ាង យល់ឃើញថា ប្រទេសនិមួយៗមានគោលនយោបាយ ការបរទេស របស់គេ ហើយប្រទេសជិតខាងដូចកម្ពុជា ជារដ្ឋអធិបតេយ្យមួយដែរ។ លោកមិនយល់ស្របចំពោះទស្សនៈណាមួយដែល ថាស្ដេចថៃក្រោយនេះ នឹងធ្វើឲ្យប៉ះពាល់ដល់កម្ពុជាទេ។
លោក អេង ឆៃអ៊ាង ៖«ខ្ញុំមើលឃើញថា ដូចជាមិនមានឥទ្ធិពលអីមកដល់ប្រទេសកម្ពុជាទេ ព្រោះធម្មតាប្រទេសជាតិនិមួយៗ គេមានគោលនយោបាយបរទេសរបស់គេ ទោះបីអ្នកណាឡើងដឹកនាំក៏ដោយ ប៉ុន្ដែគោលនយោបាយការបរទេស វានឹងមិនងាយមានការប្រែប្រួលទេ ព្រោះសម័យបច្ចុប្បន្ននេះ គឺ បណ្ដាលប្រទេសនៅលើពិភពលោក ក៏ដូចនៅក្នុងតំបន់ គេផ្ដោតលើបញ្ហាសេដ្ឋកិច្ចជាធំ »។
រាជទាយាទ ត្រូវស្នងតំណែង ពីឪពុកគឺ ព្រះអង្គម្ចាស់ វិជ្ជរាលុងកន ដែលជាបុត្រប្រុសច្បងរបស់ ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ។ រាជទាយាទនេះ បានប្រកាសថានឹងមិនឡើងគ្រោងរាជ្យ ភ្លាមៗទេ គឺរហូតមួយឆ្នាំទៀត។ តែយ៉ាងនេះក្ដី រាជាណាចក្រថៃ បច្ចុប្បន្ន ស្ថិតនៅក្រោមអំណាចពិសេសមួយគឺ ពួកយោធា ដែលឡើងកាន់អំណាច តាមរយៈរដ្ឋប្រហារកាលពីខែឧសភា ឆ្នាំ២០១៤ ដោយទំលាក់គណៈរដ្ឋមន្ត្រីរបស់លោកស្រី យីង ឡាក់ ប្អូនស្រីបង្កើតរបស់មហាសេដ្ឋីថាក់ស៊ីន ដែលជានាយករដ្ឋមន្ត្រី ត្រូវបានផ្ដួលដោយរដ្ឋប្រហារ នៅឆ្នាំ២០០៦។ លោក ថាក់ ស៊ីន ត្រូវបានគេ មើលឃើញថា ជាមិត្តជិតស្និទ្ធនឹង រាជទាយាទ វិជ្ជរាលុងកន៕