loader

​សម្ដេច​ ហ៊ុន​ សែន​៖​ ពានរង្វាន់​អាស៊ាន​អមតៈ​ជា​របស់​ជាតិ​ទាំងមូល​ តែ​អ្នកវិភាគ​ថា​តម្លៃ​ជាតិ​មិន​ត្រឹមនេះ​ទេ​?

ភ្នំពេញ៖ ​នៅ​ថ្ងៃនេះ​សម្ដេច​ ហ៊ុន​ សែន​ បាន​បង្ហាញ​ពី​មោទនភាព​ដែល​ សម្ដេច​ ទទួល​ពានរង្វាន់​សមិទ្ធិ​ផល​អាស៊ាន​អមតៈ​ដែល​ សម្ដេច​ថា​គឺជា​កិត្តិយស​របស់​ប្រជាជន​ខ្មែរ​។​ តែ​បែប​នេះ​ក្ដី​ អ្នកវិភាគ​ន​យោ​យ​បាយ​ បាន​បង្ហាញ​ទស្សនៈ​សំខាន់ៗ​មួយ​ចំនួន​ ជុំវិញ​ពានរង្វាន់​ដែល​ សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ដែល​ទើបតែ​ទទួល​បាន​ថ្មីៗ​នេះ​។​

សម្តេច ហ៊ុន សែន បានអញ្ជើញទៅទទួលពានរង្វាន់សមិទ្ឋផលអាស៊ានមួយជីវិត ពីវិទ្យាស្ថានយុទ្ឋសាស្រ្ត និងភាពជាអ្នកដឹកនាំអាស៊ាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
សម្តេច ហ៊ុន សែន បានអញ្ជើញទៅទទួលពានរង្វាន់សមិទ្ឋផលអាស៊ានមួយជីវិត ពីវិទ្យាស្ថានយុទ្ឋសាស្រ្ត និងភាពជាអ្នកដឹកនាំអាស៊ាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។រូបភាព៖ Facebook សម្តេច ហ៊ុន សែន

អ្នកវិភាគ​នយោបាយ​ទាំងនោះ​ បាន​ថ្លែង​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ថា​ ពានរង្វាន់​ដែល​សម្ដេច​ ហ៊ុន​ សែន​ ទទួល​បាន​ គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​ គុណសម្បត្តិ​របស់​ប្រទេស​កម្ពុជា​នោះ​ទេ​ ហើយ​ក៏​មិន​សមជា​មួយ​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ​។​ ជ្រាប​ព័ត៌មាន​នេះ​បន្ថែម​ ដោយ​កញ្ញា​ ជុំ​ ជោគ​ជាតា​៖

 

​កាលពី​ថ្ងៃ​ទី​ ៦​សីហា​ ២០១៦​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ បាន​ទទួល​ពានរង្វាន់​មួយ​  ដែល​មានឈ្មោះ​ថា​   ស​មិ​ទ្ឋិ​ផល​អាស៊ាន​មួយ​ជីវិត​ ពី​ វិទ្យាស្ថាន​យុ​ទ្ឋ​សាស្ត្រ​ និង​ភាព​ជា​អ្នកដឹកនាំ​អាស៊ី​ នៅ​ទីក្រុង​ វៀង​ច័ន្ទ​ នៃ​ប្រទេស​ឡាវ​។​

​ជាមួយនឹង​ពានរង្វាន់​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ បាន​លើក​ឡើង​ពី​គុណ​ស​ម្ប​តិ្ត​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក​ជាង​៣០​ឆ្នាំ​ ដែល​ធានា​បាន​នូវ​សុខ​សន្ដិភាព​ កំណើនសេដ្ឋកិច្ច​ និង​កិច្ច​សហប្រតិបត្តិការ​តំបន់​។​

​នៅ​ក្នុង​វេទិកា​ ភាព​ជា​អ្នកដឹកនាំ​អាស៊ាន​លើក​ទី​១៣​ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​វៀង​ច័ន្ទ​ សា​ធា​រណៈ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​បញ្ជាក់​ប្រាប់​វេទិកា​មេដឹកនាំ​អា​ស៊ា​ន​ ថា​ ក្រោម​រដ្ឋបាល​របស់​លោក​ជាង​ ៣០​ឆ្នាំ​ ប្រទេស​កម្ពុជា​ បាន​ផ្លាស់​ប្ដូរ​មុខមាត់​ថ្មី​។​

​ថ្លែង​នៅ​ចំពោះ​មុខ​ ពលរដ្ឋ​ជា​ច្រើន​ពាន់​នាក់​ និង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​  នៅ​ក្នុង​ពិធី​ចាក់​បេតុង​ភ្ជាប់​មុខតំណ​ស្ពាន​កោះធំ​ ក្នុង​ខេត្តកណ្ដាល​ នា​ព្រឹក​ថ្ងៃ​ទី​៨​ ខែសីហា​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ បាន​បញ្ជាក់​ថា​ពានរង្វាន់​នេះ​ មិនមែន​សម្រាប់​រូប​លោក​ទេ​ គឺជា​របស់​ប្រជាជន​កម្ពុជា​ទាំងមូល​។​

​ចាប់អារម្មណ៍​ផ្ទុយ​ពី​អ្វី​ដែល​សម្ដេច​ ហ៊ុន​ សែន​ លើក​ឡើង​ លោក​ សូ​ ច​ន្ថា​ សាស្ដ្រ​ចា​រ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ មើលឃើញ​ថា​ ពានរង្វាន់​ដែល​សម្ដេច​ ហ៊ុន​ សែន​ ទទួល​បាន​ គឺ​ មិន​ឆ្លុះ​បញ្ចាំង​ ពី​ គុណសម្បត្តិ​របស់​ប្រទេស​កម្ពុជា​នោះ​ទេ​ ព្រោះថា​ ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ភាព​ជឿនលឿន​  ជាក់លាក់​ ឬ​ក៏​ពិតប្រាកដ​ដែល​ធ្វើ​អោយ​ពលរដ្ឋ​រស់នៅ​ក្នុង​ស្ថានភាព​មួយ​ប្រសើរ​ និង​ប្រកបដោយ​សេចក្ដី​ថ្លៃថ្នូរ​នោះ​ទេ​ ដូច​ជា​ការ​បាត់បង់​នូវ​តម្លៃ​ នៃ​ភាព​ជា​មនុស្ស​ ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ ជាដើម​។​​

លោក សូ ចន្ថា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ។
លោក សូ ចន្ថា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ។

លោក​ សូរ​ ច​ន្ថា​៖​ «​យើង​ឃើញ​ ក្នុង​គោលដៅ​មួយ​នៃ​ការ​ផ្ដល់​ជូន​នូវ​ ឬ​ក៏​ផ្ដល់​កិត្តិយស​ទៅ​លើ​មេដឹកនាំ​ដែល​កាន់​ អំណាច​ ឬ​ក៏​កសាង​សង្គម​ជាតិ​ដែល​មានការ​រីក​ចម្រើន​ ក៏​ប៉ុន្ដែ​សម្រាប់​កម្ពុជា​យើង​ យើង​ឃើញ​ថា​ កម្ពុជា​ឆ្លងកាត់​របប​សង្គ្រាម​ច្រើន​មែន​ ក៏​ប៉ុន្ដែ​បើ​ធៀប​ទៅ​នឹង​ការ​រីក​ចម្រើន​ យើង​ហាក់ដូចជា​ មិន​ទាន់​មាន​ភាព​ជឿនលឿន​ ជាក់លាក់​ ឬ​ក៏​ពិតប្រាកដ​ដែល​ធ្វើ​អោយ​ពលរដ្ឋ​រស់នៅ​ក្នុង​ស្ថានភាព​មួយ​ប្រសើរ​ ប្រប​កដោយ​សេចក្ដី​ថ្លៃថ្នូរ​នោះ​ទេ​ យើង​ឃើញ​នៅ​តែ​មាន​បញ្ហា​ប្រឈម​ច្រើន​ បញ្ហា​ប្រឈម​ដូច​ជា​ អ​យុ​ត្ថិ​ធម៌​សង្គម​ ដូច​ជា​ ការ​បាត់បង់​នូវ​តម្លៃ​ នៃ​ភាព​ជា​មនុស្ស​ ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​អី​ជាដើម​នោះ​»​។​

​អ្នកវិភាគ​នយោបាយ​រូប​នេះ​មើលឃើញ​ទៀត​ថា​ ពាក់ព័ន្ធ​និង​ពានរង្វាន់​ដែល​វិទ្យាស្ថាន​យុ​ទ្ឋ​សាស្ត្រ​ និង​ភាព​ជា​អ្នកដឹកនាំ​នៅ​ប្រទេស​ឡាវ​ ដែល​បាន​ផ្ដល់​អោយ​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នេះ​ ដោយសារ​តែ​ ចំនុច​ទី​មួយ​ សម្ដេច​ ហ៊ុន​ សែន​ មាន​ភាព​ជា​អ្នកដឹកនាំ​ក្នុង​ការ​គ្រប់គ្រង​ និង​ដឹកនាំ​ប្រទេស​ ដែល​មាន​រយៈពេល​យូរ​។​

​លោក​ សូរ​ ច​ន្ថា​ ៖«​ មាន​ន័យ​ថា​ មេដឹកនាំ​ដែល​មានការ​ដឹកនាំ​មាន​រយៈពេល​យូរ​  ចំនុច​ទី​ពីរ​ អាច​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​សម​ទ្ធិ​ផល​មេដឹកនាំ​នោះ​ ដឹកនាំ​ក្នុង​អាណតិ​របស់​ខ្លួន​ក្នុង​កំឡុង​ពេល​យូរ​នោះ​។​ ចឹ​ង​ខ្ញុំ​គិត​ថា​ ការ​អោយ​តម្លៃ​ទៅ​លើ​តម្លៃ​មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​នេះ​ វា​ហាក់​ឆ្លុះ​បញ្ចាំង​ ផ្ទុយ​ពី​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​ ដែល​តែងតែ​មានការ​ផ្លាស់​ប្ដូរ​ប្រជាធិបតេយ្យ​»​។​

​ទន្ទឹម​គ្នា​នេះ​ដែរ​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​  លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ លើក​ឡើង​ប្រហាក់ប្រហែល​នេះ​ដែរ​ថា​ ការ​ប្រគល់​ពានរង្វាន់​អមតៈ​ទៅ​អោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​សែន​នេះ​ ដោយសារ​តែ​សម្ដេច​ជា​មេដឹកនាំ​កម្ពុជា​ បាន​ចូលរួម​សម្រេច​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​បាន​ច្រើន​ ប៉ុន្ដែ​ពានរង្វាន់​នេះ​ ក៏​វា​មិន​មាន​ឥទ្ធិពល​អ្វី​ ធំធេង​ មក​លើ​ប្រទេស​កម្ពុជា​នោះ​ដែរ​ ។​

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ ៖​ «​កត្តា​ហ្នឹង​ខ្ញុំ​គិត​ថា​ឥទ្ធិពល​នៃ​ពានរង្វាន់​អមតៈ​មេដឹកនាំ​អាស៊ាន​ហ្នឹង​ មិន​មាន​ឥទ្ធិពល​អី​ធំធេង​ មក​នៅ​ក្នុង​ការ​ដឹកនាំ​នៅ​កម្ពុជា​ទេ​ ឥលូវ​បើ​យើង​និយាយ​ពី​ផល​ល្អ​ចុះ​ ផល​ល្អ​ក៏​ពុំ​មាន​លទ្ធភាព​អី​ធ្វើ​អោយ​ល្អ​ដែរ​ យើង​លើក​ចំនុច​មួយ​និយាយ​ពី​សង្គម​ប្រជាធិបតេយ្យ​ ហើយ​ពានរង្វាន់​នេះ​ក៏​មិន​អាច​ជម្រុញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ថ្កើ​ន​ខ្ពស់​ខ្ពង់​បាន​ទេ​ លើកលែងតែ​មានការ​អន្ដរាគមន៍​ពី​អន្ដរជាតិ​។​

​លោក​ ឯម​ សុវណ្ណ​រ៉ា​ បន្ដ​លើ​ចំនុច​ដែរ​ថា​ហេតុ​អ្វី​ បានជា​លោក​លើក​ឡើង​ថា​ ពានរង្វាន់​នេះ​ មិន​មាន​ឥទ្ធិពល​អ្វី​ទាំង​ផល​វិជ្ជមាន​ និង​ផល​អវិជ្ជមាន​មក​លើ​ប្រទេស​កម្ពុជា​ថា​៖​ «​ ហេតុ​អី​ បាន​ខ្ញុំ​លើក​ផល​វិជ្ជមាន​ក៏​ពុំ​មាន​ ផល​អវិជ្ជមាន​ក៏​ពុំ​មាន​ បាន​ន័យ​ថា​ ផល​ល្អ​មិនល្អ​ គឺ​ អាស្រ័យ​នៅ​លើ​កត្តា​មេដឹកនាំ​ខ្លួនឯង​ ពីព្រោះ​នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ វា​អត់​មាន​ឥទ្ធិពល​ក្នុង​ការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​រដ្ឋ​ជា​សមាជិក​ ចំនុច​មួយទៀត​ ពានរង្វាន់​នេះ​គឺ​វា​មិន​មាន​អ្វី​ជា​ដុំ​កំភួន​អោយ​ប្រទេស​កម្ពុជា​រីក​ដុះដាល​ល្អ​ ថ្កុំ​ថ្កើ​ន​លូតលាស់​ខ្លាំងក្លា​នោះ​ទេ​ យើង​មើល​នៅ​ក្នុង​សង្គម​យើង​កើត​មាន​អ​ស្ថិរភាព​ ការ​បាញ់​សម្លាប់​អ្នកវិភាគ​ ក៏​គ្មាន​អាច​អោយ​ពានរង្វាន់​ហ្នឹង​មក​ វា​ជម្រុញ​អោយទៅ​រក​ឃើញ​ ចាប់​ឃាតករ​ ធ្វើ​អោយ​ប្រជាពលរដ្ឋ​ជឿ​ដែរ​…»​។​

​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​២​រូប​នេះ​  មិន​ទទួល​បានការ​យល់​ស្រប​ពី​ មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ​ ។​ ​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ប្រតិកម្ម​ចំពោះ​ការ​លើក​ឡើង​របស់​អ្នកវិភាគ​។​ លោក​ថា​ ការ​លើក​ឡើង​របស់​អ្នកវិភាគ​គ្រាន់តែ​ ជា​ការ​វិភាគ​មួយ​ដែល​មិន​មាន​វិជ្ជាជីវៈ​ច្បាស់លាស់​ ដែល​អត់​តម្លៃ​។​

អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន
អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន

លោក​ ផៃ​ ស៊ី​ផា​ន​ បាន​ពន្យល់​ចំនុច​នេះ​ថា​៖​ «​នៅ​ក្នុង​សាច់​រឿង​ហ្នឹង​ ពីរ​ខុស​គ្នា​ អ្នកវិភាគ​ហ្នឹង​គ្រាន់តែ​ជា​អ្នក​និយាយ​នៅ​ក្នុង​សាលា​នោះ​ទេ​ មិន​ដែល​ធ្វើការ​ស្រាវជ្រាវ​អំពី​បរិបទ​អាស៊ាន​នោះ​ឡើយ​ អាហ្នឹង​ជា​កំហុស​មួយ​ដែល​ខ្ញុំ​មើល​ ហើយ​មាន​តម្លៃ​នៃ​ការ​លើក​ឡើង​ដូច​គ្នា​។​ នៅ​ក្នុង​ការ​វិភាគ​នេះ​ គេ​និយាយ​ថា​ តើ​កម្ពុជា​បាន​រួមចំណែក​អ្វីខ្លះ​នៅ​ក្នុង​អាស៊ាន​ គេ​និយាយ​ច្បាស់​ណាស់​ គឺ​ទី​មួយ​ គឺ​អ្នក​បាន​ស្ថិត​នៅ​ក្នុង​អំណាច​យូរ​ ហើយ​លក្ខខណ្ឌ​អំណាច​ដែល​ស្ថិត​នៅ​ក្នុង​អំណាច​យូរ​ហ្នឹង​ គឺ​ បង្កើត​នូវ​ច​លករ​មួយ​ដែល​គេ​ហៅ​ថា​ អភិវឌ្ឍ​ យ៉ាង​ហោច​ណាស់​គេ​មាន​ទិន្នន័យ​៧.១​ ភាគរយ​នៃ​ផលិតផល​សរុប​ ចំនុច​ទី​ពីរ​ទៀត​ ដែល​គេ​មើលឃើញ​ មាន​សន្តិភាព​នៅ​កម្ពុជា​ ដែល​ជា​ផល​កើត​ចេញ​អំពី​សម្ដេច​អគ្គសេនាបតី​តេ​ជោ​ហ៊ុន​សែន​»​។​

​ពានរង្វាន់​នេះ​ជា​ពានរង្វាន់​ធំ​មួយទៀត​សម្រាប់​សម្ដេច​ ហ៊ុន​ សែន​ ដែល​ពី​មុន​មក​ពានរង្វាន់​នេះ​ដែរ​ក៏​បាន​ប្រគល់​ទៅ​លើ​អតីត​នាយក​រដ្ឋមន្ត្រី​ សឹ​ង្ហ​ បុរី​ លោក​ លី​ ក្វា​ន់​យូ​ សេ្ដ​ច​ ស៊ូ​ល​ តង់​ នៃ​ប្រទេស​ព្រុយ​ណេ​ និង​ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​បណ្ឌិត​មហា​ធៀ​ មហា​មេ​ដ​។​

​ចំពោះ​សម្ដេច​ ហ៊ុន​ សែន​ ដែល​ជា​ឥស្សរជន​ទី​៤​មាន​កិត្តិយស​ក្នុង​ការ​សម្រេច​បាន​ពានរង្វាន់​មួយ​នេះ​។​

​បើ​យោង​តាម​គេហទំព័​រវិ​គី​ភី​ឌា​ នៅ​ឆ្នាំ​១៩៩១​ សម្តេច​បាន​ទទួល​ បរិញ្ញាបត្រ​ផ្នែក​នយោបាយ​ពី​ Cambodian​ Tertiary​ Education​ និង​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​ពី​ National​ Political​ Academy​ នៅ​ទីក្រុង​ហាណូយ​។​ នៅ​ឆ្នាំ​១៩៩៥​ សម្តេច​បាន​ទទួល​បណ្ឌិត​កិត្តិយស​ “​បណ្ឌិត​នយោបាយ​វិជ្ជា​សាស្ត្រ​”​ ពី​សាកលវិទ្យាល័យ​ Southern​ California​ University​ for​ Professional​ Studies,​ USA​ សហរដ្ឋអាមេរិក​។​ នៅ​ឆ្នាំ​១៩៩៦​ សម្តេច​បាន​ទទួល​បណ្ឌិត​ច្បាប់​ពី​មហាវិទ្យាល័យ​ IOWA​ Wesleyan​ College,​ USA​ សហរដ្ឋអាមេរិក​។​ នៅ​ថ្ងៃ​ទី​១០​ខែមេសា​ ឆ្នាំ​២០០១​ នាទី​ក្រុង​សេ​អ៊ូ​ល​ គណៈកម្មាធិការ​ នៃ​សាកល​វិ​ទ្យ​ល័យ​ ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ផ្តល់​បណ្ឌិត​កិត្តិយស​ ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្សះផ្សា​ជាតិ​ ការ​ស្តារ​ឲ្យ​មាន​សន្តិភាព​ និង​ស្ថិរភាព​ឡើង​វិញ​ក្នុង​ប្រទេស​កម្ពុជា​ ការ​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា​ និង​សាធារណរដ្ឋ​កូរ៉េ​ និង​ការ​ខំប្រឹង​ប្រែង​របស់​សម្តេច​ លើ​កិច្ច​សហប្រតិបត្តិការ​ចំពោះ​ប្រទេស​ក្នុង​ អាស៊ាន​សម្រាប់​អ្នក​ ប្រវត្តិសាស្ត្រ​ និង​អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​ មានការ​យល់​ យ៉ាងណា​ដែរ​ ចំពោះ​ភាព​ជា​មេដឹកនាំ​ របស់​សម្ដេច​ ហ៊ុន​ សែន​។​

​សម្ដេច​ ហ៊ុន​ សែន​ ត្រូវ​បាន​តម្លើង​ជា​នាយក​រដ្ឋមន្ត្រី​ដែល​ពេល​នោះ​គេ​ហៅ​ថា​ ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​គឺ​នៅ​ឆ្នា​១៩៨៥​។​ គិត​មក​ដល់​ពេល​នេះ​សម្ដេច​ ហ៊ុន​ សែន​ បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បាន​៣១​ឆ្នាំ​។​ប៉ុន្ដែ​ចាប់តាំងពី​ឆ្នាំ​១៩៩៣​ មក​នៅ​ពេល​កម្ពុជា​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ក៏​សម្ដេច​នាយក​រដ្ឋមន្ត្រី​ នៅ​តែ​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ទៀត​ ទោះបី​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត​នៅ​ឆ្នាំ​១៩៩៣​ក៏​ដោយ​។​

​សម្ដេច​ ជាប់​ឆ្នោត​ជា​ច្រើន​អាណត្តិ​ទៀត​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ដោយ​ការ​បោះ​ឆ្នោត​មិន​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី​និង​ត្រឹមត្រូវ​ឡើយ​។​ យ៉ាងណា​ក៏​ដោយ​សម្ដេច​ ហ៊ុន​ សែន​ តែ​ម្នាក់​មើលទៅ​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទី​៣៦​នៃ​រាជាណាចក្រ​កម្ពុជា​ ដែល​បាន​កាន់​អំណាច​យូរ​ជាងគេ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វិភាគ៖អតីតមេបក្សប្រឆាំងម៉ាឡេស៊ីAnwarIbrahimចូលកាន់តំណែងនាយករដ្ឋមន្រ្ដីក្នុងឆ្នាំ២០២០អាចធ្វើឱ្យប្រជាធិបតេយ្យនៅអាស៊ានកាន់តែរឹងមាំ

តំបន់អាស៊ីអាគ្នេយ៌ គឺជាប្លុកធំមួយ មាន១០ប្រទេស[...]

អាមេរិកសិក្សាម្ដងទៀតអំពីលទ្ធភាពនៃការផ្ទុះសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់បន្ទាប់ពីសម្ព័ន្ធមិត្តរបស់ខ្លួនរងការវាយប្រហារ

កាលពីថ្ងៃអាទិត្យ ទី១៥កញ្ញា រោងចក្រចម្រាញប្រេង[...]

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត