គិតចាប់តាំងពីលោក សម រង្ស៊ី គេចខ្លួននៅក្រៅប្រទេស គឺតាំងពីដើមខែវិច្ឆិកា ឆ្នាំ២១០៥ មក មេបក្សប្រឆាំងរូបនេះទទួលដីការចាប់ខ្លួន និងកោះហៅឡើង តុលាការមានចំនួន ៤ សំណុំរឿង។ ដីកាចុងក្រោយនេះ គឺជាបណ្ដឹងរបស់រដ្ឋមន្ត្រីម្នាក់ប្ដឹងលោកពីបទបរិហារកេរ្តិ៍សម្ដេច ហ៊ុន សែន ករណីថាសម្ដេចទិញទឹកចិត្តអ្នក Likes លើហ្វេសប៊ុកសម្ដេច ហើយត្រូវហៅចូលខ្លួន នៅថ្ងៃទី២0 មេសា។ តែ លោក សម រង្ស៊ី ថាលោកមិនឈឺក្បាលរឿងនេះទេ។
ថាតើ សំណុំរឿងទាំង ៤ នេះ អាចបិទជីវិតនយោបាយលោក សម រង្ស៊ី មិនឱ្យចូលប្រទេសបានឬទេ ខណៈលោកមានឱកាសចូលប្រទេសវិញបាន ៤ លើកមកហើយ។ អ្នកសង្កេតការណ៍គិតថា អ្វីដែលធ្វើឱ្យលោក សម រង្ស៊ី វិលចូលប្រទេសវិញបាន គឺមានកត្តាច្រើនយ៉ាង គឺមិនសំខាន់ចំនួនសំណុំរឿងកាន់តែច្រើននោះទេ។
លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ ៖
សំណុំរឿងរបស់លោក សម រង្ស៊ី មានការកើនទ្បើង ៤ ករណីហើយនៅក្នុងតុលាការ បើគិតចាប់តាំងពីលោកបាននិរទេសខ្លួនចេញទៅក្រៅប្រទេស។ ពាក់ព័ន្ធបញ្ហានេះអ្នកវិភាគយល់ឃើញថាអ្នកនយោយបាយមិនបានអនុវត្តតាមវប្បធម៌សន្ទនាដូចដែលពួកគេបានបង្កើតនោះទេ។
យោងតាមដីកាកោះចុះថ្ងៃទី១៦ ខែមីនា របស់ព្រះរាជអាជ្ញារងលោក សៀង សុខ បានកោះអញ្ជើញលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ៩ ព្រឹក ដើម្បីសួរអំពីបណ្ដឹងរបស់ឈ្មោះ សោម សឿន ប្តឹងពីការផ្សាយព័ត៌មានលើហ្វេសប៊ុកដែល នេះជាសំណុំព្រហ្មទណ្ឌទី៤ ប្រឆាំងមេបក្សប្រឆាំងរូបនេះ។
អ្នកវិភាគព្រឹត្តិការណ៍សង្គម លោកស្រី ជា វណ្ណាត បានប្រាប់វិទ្យុស្ត្រី FM 102 នៅថ្ងៃនេះថា វាមិនមែនជាលើកទី១ សម្រាប់លោក សម រង្ស៊ី នោះទេ ដែលត្រូវបានអ្នកមានអំណាចដាក់ពាក្យបណ្តឹងទៅលើរូបលោកនោះ។ លោក ស្រី ជា វណ្ណាត បន្តថា បើទោះបីជាលោក សម រង្ស៊ី ជាប់ពាក្យបណ្តឹងក៏ពិតមែន ប៉ុន្តែកន្លងមកលោកតែងតែអាចវិលត្រទ្បប់ចូលស្រុកបានវិញដដែល គឺមុនពេលបោះឆ្នោត។ លោកស្រី យល់ឃើញថា លោក សម រង្ស៊ី អាចនឹងវិលត្រទ្បប់ចូលក្នុងស្រុកវិញតាមរយៈការផ្សាភ្ជាប់នយោបាយ ឬតាមរយៈការគាំទ្រពីសហគមន៍អន្តរជាតិ។
លោកស្រី ជា វណ្ណាត ៖ «នេះមិនមែនជាលើកដំបូងនោះទេដែលឯកឧត្តម សម រង្ស៊ី លោកបានប្រឈមមុខនឹងបញ្ហាជាតុលាការច្បាប់ ជាស្អីអីចឹង ហើយនៅក្រោយបំផុតលោកបានត្រទ្បប់មកប្រទេសកម្ពុជាយើងវិញ ចូលរួមក្នុងការបោះឆ្នោតវិញលើសពីម្តងទៅទៀត បើតាមខ្ញុំចាំ…»។
លោក សម រង្ស៊ី មានទោសធ្ងន់ធ្ងរគឺករណីលោកដកតម្រុញបង្គោលព្រំដែន នៅខេត្តស្វាយរៀង ដែលជាប់ព្រំដែនជាមួយប្រទសវៀតណាម។ កាលណោះលោកមានទោសជិត ២០ ឆ្នាំ។ តែលោកបានវិលចូលកម្ពុជាវិញ មុនបោះឆ្នោត [២៨ កក្កដា ២០១៣] ជាងមួយសប្ដាហ៍ នៅថ្ងៃទី១៩ កក្កដា ឆ្នាំ ២០១៣។
អ្នកស្រាវជ្រាវខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា គិតថា សំណុំរឿងរបស់លោក សម រង្ស៊ី ដែលកើតមានពីមួយទៅមួយទៀតនោះ ពីព្រោះអ្នកនយោបាយមិនបានអនុវត្តទៅតាមវប្បធម៌សន្ទនាដែលខ្លួនបានបង្កើតទ្បើង តែផ្ទុយទៅវិញបែបជាជំរុញឱ្យមានការប្រឈមមុខដាក់គ្នាទៅវិញ។
លោក សុវណ្ណារ៉ា បន្តថា នេះវាមិនមែនជាវប្បធម៌សន្ទនានោះទេ ប៉ុន្តែវាហាក់បីដូចជាបង្កើតវប្បធម៌ “ទឹកទ្បើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” ទៅវិញ។ លោក សុវណ្ណារ៉ា សង្ឃឹមថា លោក សម រង្ស៊ី អាចនឹងវិលត្រទ្បប់ចូលក្នុងប្រទេសវិញនៅក្នុងការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខនេះ តាមរយៈការផ្សះផ្សានយោបាយ ឬតាមរយៈអន្តរាគមន៍របស់សហគមន៍អន្តរជាតិ។
«វាអត់ទៀងនៅស្រុកខ្មែរយើង អ្វីដែលយើងមើលឃើញថាវាមិនទៅរួចវាអាចទៅរួច អ្វីដែលមិនកើតទ្បើងវាអាចកើតទ្បើង ករណីនេះវាមិនមែនសហគមន៍អន្តរជាតិ លូកដៃចូល ឬក៏ធ្វើការគៀបសង្កត់ ឬក៏ដាក់សម្ពាធទៅលើប្រទេសកម្ពុជានោះទេ…»។
កន្លងមក លោក សម រង្ស៊ី ធ្លាប់ត្រូវបានព្រះមហាក្សត្រលើកលែងទោសចំនួន ៤ ដងមកហើយ ហើយចុងក្រោយសំណុំរឿងដកបង្គោលព្រំដែនវៀតណាម ប៉ុន្តែរយៈពេល ៤ ខែចុងក្រោយនេះ លោក សម រង្ស៊ី ត្រូវបានតុលាកោះហៅចូលស្រាយបំភ្លឺចំនួន ៤ ករណី មានដូចជា៖ បណ្ដឹងបរិហារកេរ្តិ៍ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បណ្ដឹងបរិហារកេរ្តិ៍ លោក ហេង សំរិន ប្រធានរដ្ឋសភា បណ្ដឹងពាក់ព័ន្ធនឹងការចូលរួមផ្សព្វផ្សាយផែនទីក្លែងក្លាយជាមួយ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង និងចុងក្រោយ បណ្តឹងរបស់ លោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្ដឹងលោក ពីបទ បរិហារកេរ្តិ៍សម្ដេច ហ៊ុន សែន ករណី ថាសម្ដេចទិញទឹកចិត្តអ្នក Likes លើហ្វេសប៊ុកសម្ដេច ហើយត្រូវហៅចូលខ្លួននៅថ្ងៃទី២០ មេសា។
លោក សម រង្ស៊ី អះអាងថា លោកនឹងវិលចូលកម្ពុជាវិញ នៅពេលណាកាលៈទេសៈមកដល់ គឺដូចឆ្នាំ២០១៣ តែសម្ដេចនាយករដ្ឋមន្ត្រី ប្រឆាំងដាច់ខាតហើយថាមិនធ្វើលិខិតថ្វាយព្រះមហាក្សត្រលើកលែងទោសទៀតឡើយ បើលោកលើកលែងទោស គឺលោកនឹងកាត់ដៃស្ដាំលោកក្រវែងចោល៕