នៅដើមឆ្នាំ២០១៦ នេះ មន្ត្រីនគរបាលចរាចរណ៍បានចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។ មន្ត្រីជំនាញខាងសុវត្ថិភាពចរាចរណ៍ឱ្យដឹងថា គ្រោះថ្នាក់ភាគច្រើនបំផុតគឺបណ្ដាលមកពីកត្តាមនុស្ស។ បើដូច្នោះមែន តើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងអាចបន្ថយគ្រោះថ្នាក់បានទេ បើមនុស្សមិនព្រមផ្លាស់ប្ដូរឥរិយាបថនោះ?
សូមស្ដាប់បទវិភាគដែលរៀបរៀងដោយលោក ណុល ដារ៉ា ៖
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រូវបានដាក់ចុះអនុវត្ត ចាប់ពីដើមខែមករា ឆ្នាំ២០១៦នេះទៅ ដោយនឹងមានការផាកពិន័យធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តល្មើសទាំងឡាយ។
តាមការជូនដំណឹងរបស់ក្រសួងមហាផ្ទៃនាពេលកន្លងមកឱ្យដឹងថា នគរបាលចរាចរណ៍ផ្លូវគោក នឹងបើកយុទ្ធនាការត្រួតពិនិត្យព្រមៗគ្នា នៅគ្រប់ទីកន្លែងទូទាំងប្រទេស ក្នុងនោះរួមមានគោលដៅដើមទី ចំណតយានយន្ត កំពង់ផែ ផែស្ងួត កំពង់ចម្លង ស្ថានីយជញ្ជីង សាលាបង្រៀនបើកបរ យានដ្ឋានជួសជុលកែច្នៃ និងតាមដងផ្លូវនានា ដោយធ្វើការផាកពិន័យយ៉ាងម៉ឹងម៉ាត់។
ការផាកពិន័យនោះមានដូចជា ការបើកបរដោយគ្មានបណ្ណបើកបរ ការបើកបរលើសល្បឿនកំណត់ ការមិនគោរពផ្លាកសញ្ញាចរាចរណ៍ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ការផ្ទុកទំនិញសំពីងសំពោង និងយានយន្តមិនគ្រប់លក្ខណៈបច្ចេកទេសជាដើម។

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ លោកឧត្តមសេនីយឯក រុន រ័ត្នវាសនា បានមានប្រសាសន៍ថា ការអនុវត្តច្បាប់នេះគឺដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរារចរណ៍។
តើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនឹងអាចបន្ថយគ្រោះថ្នាក់បានទេ?
យោងតាមប្រសាសន៍លោកឧត្តមសេនីយឯក រុន រ័ត្នវាសនា ដែលបានផ្ដល់ការសម្ភាសដល់វិទ្យុស្ត្រី FM 102 នៃ WMC កាលពីចុងខែធ្នូ ឆ្នាំ២០១៥ កន្លងមកថ្មីៗនេះឱ្យដឹងថា ក្នុងឆ្នាំ២០១៥ កន្លងមកនេះ ចំនួនពលរដ្ឋស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានប្រមាណ ៦ នាក់ ក្នុងមួយថ្ងៃ ហើយអ្នករងរបួសទាំងធ្ងន់ ទាំងស្រាល មានជាង ២០ នាក់ក្នុងមួយថ្ងៃ។

លោកឧត្តមសេនីយឯកបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបំផុតគឺជាង ៩០% កើតឡើងដោយសារកត្តាមនុស្ស៖ «បើសិនជាយើងអនុវត្តច្បាប់ចរាចរណ៍នេះ បើមានប្រសិទ្ធភាព ហើយជាពិសេសមានការចូលរួមពីបងប្អូនអ្នកប្រើប្រាស់ផ្លូវថ្នល់ហ្នឹង ប្រហែលជាគ្រោះថ្នាក់ចរាចរណ៍នេះនឹងថយ ឱ្យយើងបានគិតជាមុនថា យើងទៅទីណាក៏ដោយ ឱ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា ហើយជាពិសេសការបើកបរត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក រាល់ថ្ងៃនេះយើងឃើញហើយថា អ្នកបើកបរដោយប្រជែង អ្នកបើកបរដោយមានស្ថានភាពស្រវឹង អ្នកបើកបរខុសផ្លូវ ឬបញ្ច្រាសទិសផ្សេងៗនេះ ក៏ជាបញ្ហាដែលបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ដែរ»។
នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា មានប្រសាសន៍ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ល្អជាងច្បាប់ចាស់ ប៉ុន្តែលោកថា កត្តានេះពុំមានន័យថា វានឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នោះទេ។
លោក អ៊ា ចរិយា កត់សម្គាល់ថា នៅពេលបច្ចុប្បន្ននេះ នៅមានការខ្វះចន្លោះទាំងការអប់រំ ទាំងការឹងបន្តឹងច្បាប់។ លោកថា នៅពេលដែលចាប់ផ្ដើមអនុវត្តច្បាប់ថ្មីនៅដើមឆ្នាំ២០១៦ នេះ ត្រូវតែមានការផ្សព្វផ្សាយអមជាមួយដែរ ដើម្បីឱ្យការអនុវត្តច្បាប់នោះមានប្រសិទ្ធភាព៖ «វាអាស្រ័យទៅនឹងការអនុវត្តនៅដើមឆ្នាំហ្នឹង តទៅហ្នឹងតើវាមានទ្រង់ទ្រាយយ៉ាងម៉េច ។ បើវាមានទ្រង់ទ្រាយធំទូទាំងប្រទេស ហើយការអនុវត្តនោះប្រកបទៅដោយតម្លាភាព ហើយនិងមានភាពយុត្តិធម៌ទៅដល់អ្នកប្រើប្រាស់ផ្លូវ ហើយយើងចូលរួមការអប់រំផ្សព្វផ្សាយឱ្យអ្នកប្រើប្រាស់ផ្លូវហ្នឹងគាត់យល់ អាចទទួលយកបាននូវកំហុសខុសឆ្គងដែលគាត់នេះហ្នឹង គឺគាត់ចូលរួម សហការក្នុងការអនុវត្តច្បាប់ថ្មីនេះ។ អ៊ីចឹងមានន័យថា តទៅហ្នឹង វាអាចនឹងប្រសិទ្ធភាពនៃការអនុវត្តហ្នឹង វាអាស្រ័យទៅហ្នឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ក្នុងការចូលរួមរបស់អ្នកប្រើប្រាស់ផ្លូវថ្នល់»។
លោក អ៊ា ចរិយា បន្ថែមថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទៅបាន វាទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវថ្លល់ត្រូវគោរពច្បាប់។ លោកថា មានវិធានការសំខាន់ ២ ដើម្បីជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់៖ «ទី១ ត្រូវឱ្យមានការអប់រំផ្សព្វផ្សាយបង្កើនចំណេះដឹងរបស់គាត់ឱ្យយល់ពីច្បាប់។ ទី២ ត្រូវតែមានការរឹតបន្តឹងច្បាប់ ផាកពិន័យអ្នកណាដែលប្រឹព្រឹត្តខុសនឹងច្បាប់។ តែបច្ចុប្បន្ននេះយើងឃើញថា ការអប់រំផ្សព្វផ្សាយយើងក៏វានៅខ្សោយ ការរឹតបន្តឹងច្បាប់ក៏នៅខ្សោយ។ អ៊ីចឹងចាប់ពីដើមឆ្នាំ២០១៦ ទៅ ទាល់តែមានការអប់រំទូលាយ ហើយត្រូវធ្វើច្បាប់ឱ្យបានតឹងរ៉ឹង ទើបអាចឈានទៅដល់ការផ្លាស់ប្ដូរឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវថ្នល់ហ្នឹងឱ្យបានប្រព្រឹត្តទៅត្រឹមត្រូវ តាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ»។
ផ្អែកតាមប្រសាសន៍ខាងលើនេះឃើញថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មិនសុទ្ធតែអាចកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍នោះទេ ផ្ទុយទៅវិញ វាត្រូវតែមានការចូលរួមពីអ្នកប្រើប្រាស់ផ្លូវ និងមានការជំរុញប្រកបដោយតម្លាភាព ឱ្យអ្នកទាំងនោះគោរពច្បាប់៕