ចំនុចដែលគ្រោះថ្នាក់មានដូចជា ការគាបសង្កត់ ទៅលើបក្សប្រឆាំង និងសង្គមស៊ីវិល មានទាំងផ្លូវកាយ និងផ្លូវចិត្ត ពោលគឺ រូបភាពនៃការប្រើប្រាស់អំណាចច្បាប់ តាមប្រព័ន្ធតុលាការ ដែលគេថា ជាឧបករណ៍នយោបាយ និងការប្រើប្រាស់ កងទ័ពជារូបភាពដើម្បីការគំរាមកំហែង ដោយគួបផ្សំ នៃការប្រើពាក្យគំរាមកំហែង និងការបញ្ចេញវោហាសាស្ដ្ររបស់ប្រមុខរដ្ឋាភិបាល។
ដើម្បីធ្វើអោយមានតុល្យភាពនៃអំណាច គណបក្សសង្គ្រោះជាតិ (CNRP) ដឹកនាំដោយអ្នកនយោបាយល្បី២រូប គឺ លោក សម រង្ស៊ី និងលោក កឹម សុខា បានធ្វើពហិការ មិនចូលប្រជុំសភារយៈពេល៣ខែមកហើយ។
ក្នុងរយៈពេល៣ខែនៃការធ្វើពហិការនេះ CNRP បានតស៊ូមតិយ៉ាងខ្លាំងក្លា តាមរូបភាពនៃអហិង្សា ដូចជា ការស្នើសុំព្រះមហាក្សត្រជួយអន្តរាគមន៍ ដើម្បីបន្ថយកម្ដៅនយោបាយ និងការស្វែងរកអន្ដរាគមន៍ ពី សហគមន៍អន្ដរជាតិឱ្យជួយស្ដារលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាឡើងវិញ ដោយ CNRP សរសេរលិខិតទៅកាន់ អគ្គលេខាធិការអង្គការសហប្រជាជាតិ។
បន្ថែមលើនេះ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលត្រូវគេមើលឃើញថា មានឥទ្ធិពលលើស្ថាប័ននានានៅលើ ពិភពលោក ដូចជា អង្គការសហប្រជាជាតិ ប្រទេសទាំងពីរនេះ បានព្រមព្រៀងគ្នា ចេញសេចក្ដីសម្រេច ថ្កោលទោសកម្ពុជា ដោយដាក់ប្រទេសកម្ពុជាជារដ្ឋដើរដល់ចំនុចគ្រោះថ្នាក់នៃការរំលោភសិទ្ធិមនុស្ស និងការបំបិទសម្លេង ក្រុមប្រឆាំង។
សហគមន៍អន្ដរជាតិធំៗទាំងបី គឺ សហភាពអឺរ៉ុប អាមេរិក អង្គការសហប្រជាជាតិ ដោយរួមនិងប្រទេសជប៉ុនផងដែរ សុទ្ធតែបានទាមទារឱ្យកម្ពុជា ត្រឡប់មករកស្ថានភាពប្រក្រតីវិញ តាមរយៈការចរចារ វាងគណបក្សប្រជាជនកម្ពុជា(CPP)កំពុងកាន់អំណាច និងគណបក្សប្រឆាំង។
ក្រៅពីការធ្វើសេចក្ដីថ្លែងការណ៍ សហគមន៍អន្ដរជាតិបីធំៗ ជាពិសេសពីសហភាពអឺរ៉ុប តែងតែនិយាយថា កម្ពុជា គឺជាដៃគូវិនិយោគទុនដ៏ធំ ជាមួយខ្លួន ហើយបើគិតជាទឹកប្រាក់ គឺមានទំហំពាណិជ្ជកម្ម រហូតដល់៨៣ពាន់លានដុល្លារ អាមេរិក ដោយទំនិញពីកម្ពុជាសំខាន់បំផុត គឺ សំលៀកបំពាក់ និងស្បែកជើង។ ចំណែក ឯសហរដ្ឋអាមេរិក ដែលជាកម្លាំងទីផ្សារនាំចូលសំលៀកបំពាក់ដ៏ធំមួយដែរពីកម្ពុជា ក៏តែងតែនិយាយថា អាមេរិកចង់ឃើញ កម្ពុជា គោរពសិទ្ធិមនុស្ស និងបើកផ្លូវអោយមេបក្សប្រឆាំងចូលស្រុកវិញ តាមរយៈការចរចា គឺជាប្រយោជន៍នៃការពង្រឹងសហប្រតិបត្តិការទ្វេភាគី ។
តែអ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលទៀតនោះ គឺ ប្រទេស៣៩នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្មីៗនេះ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដោយថ្កោលទោសជាថ្មីម្ដងទៀត ចំពោះការបំបិទសម្លេងប្រឆាំង នៅកម្ពុជា ហើយជាមួយគ្នានេះ គឺបានដាក់ប្រទេសកម្ពុជា ជារដ្ឋដើរដល់ចំនុចគ្រោះថ្នាក់ នៃការរំលោភសិទ្ធិមនុស្ស។
តើកត្តាទាំងនេះដែលនាំឱ្យសម្ដេចនាយករដ្ឋមន្ត្រី បោះសំឡេងឱ្យ CNRP ចូលសភាបើចង់ចរចាឡើងវិញ?
កាលពីថ្ងៃចន្ទទី១៩ កញ្ញា ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យបញ្ញាជាតិ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងដោយព្រមានបិទផ្លូវចរចា បើបក្សសង្គ្រោះជាតិធ្វើបាតុកម្ម ប្រឆាំង អ្វីមួយដែលខ្លួនមិនពេញចិត្តជាពិសេស សម្ដេចចង់យោងដល់ លោក កឹម សុខា ដែលមានរឿងក្ដីនៅតុលាការ។ ប៉ុន្តែជាការកត់សម្គាល់ គឺសម្ដេចព្រមានផងបែរជា ផ្ដល់អនុសាសន៍ ផង ដោយឱ្យបក្សប្រឆាំង ចូលសភា បើចង់ចរចា ដើម្បីរកដំណោះស្រាយ។
ភ្លាមៗបន្ទាប់ពី បានផ្ដល់ភ្លើងខៀវដូចនេះ បក្សប្រឆាំង CNRP ក៏បានប្រញាប់ ធ្វើសេចក្ដីថ្លែងការណ៍ ឆ្លើយតបវិញ។ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រ CNRP បានប្រាប់អ្នកសារព័ត៌មាន ថា នៅខែក្រោយនេះ សមាជិកសភា CNRP នឹងចូលប្រជុំសភាឡើងវិញ ដែល ការសម្រេចប្រកាន់ជំហរនេះ គឺធ្វើឡើងតាមកាលៈទេសៈ។
តុល្យភាព នៃឥទ្ធិពល CNRP ទៅលើ CPP
អ្នកវិភាគឯករាជ្យ មួយចំនួន តែងតែព្រមានថា បើ CNRP នៅតែបន្តមិនចូលប្រជុំសភា គឺនឹងនាំឱ្យ ភាពស្របច្បាប់ នៃសភាកម្ពុជា កាន់តែ រួមតូច ដែលជាហេតុធ្វើឱ្យសហគមន៍អន្តរជាតិ កាន់តែគាបសង្កត់លើ បក្សកាន់អំណាចកាន់តែខ្លាំង។ នេះជាប្រការមួយ ក្នុង ចំនុច ខ្លាំងជាច្រើនទៀត ដែល CNRP ថាជាក្ដីរំពឹងរបស់ខ្លួន ថា CPP ព្រមវិលរកតុចរចាវិញ។
ក្រៅពីនេះ អ្នកវិភាគថា CNRP នៅមានពលរដ្ឋគាំទ្រកន្លះប្រទេសនៅពីក្រោយ ដែលចាំជួយ បើបក្សប្រឆាំងធំនេះ ធ្លាក់ដល់ចំនុចគ្រោះថ្នាក់។ តែយ៉ាងណាក៏ដោយ អ្នកវិភាគថា អ្វីដែល CNRP មានតុល្យភាពនៃឥទ្ធិពលរបស់ខ្លួន ទៅលើ CPP គឺសម្ពាធពីសហគមន៍អន្តរជាតិកាន់តែខ្លាំងឡើង លើ CPP។
កត្តាផ្សេងទៀតដែលនាំឱ្យ CPP ចង់ឱ្យ CNRP ចូលសភា
CPP ឬគណបក្សប្រជាជនកម្ពុជា មិនចង់ ប្រើវិធានការរបស់កងទ័ព និង ប៉ូលិស បង្ក្រាបទៅលើ អ្នកគាំទ្រ CNRP បើបាតុកម្មផ្ទុះឡើង ព្រោះមិនចង់មានឈ្មោះទៀតថា ជាអ្នកបង្ក្រាប ពលរដ្ឋសាច់ឈាមខ្មែរដូចគ្នា ហើយ ម្យ៉ាងទៀត ចង់បង្ហាញសហគមន៍អន្តរជាតិថា CPP មានគោលនយោបាយ ផ្សះផ្សាជាតិ ដោយគិតថា បើមានការឯកភាពជាតិ គឺ CPP នឹងមានឈ្មោះជាអ្នក កសាងប្រវត្តិសាស្ត្រអហិង្សា សម្រាប់អ្នកបន្តវេន។
CPP ប្រហែលគិតថា បើសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដូចប្រទេសភូមា កាលនៅរបបយោធា គឺ CPP មិនគ្រោះថ្នាក់ទេ តែពលរដ្ឋនិងជាតិ បែកបាក់ ហើយ មានវិបត្តិកាន់តែធ្ងន់ធ្ងន់ដែល ធ្វើឱ្យអ្នកប្រវត្តិសាស្ត្រ ចាប់ផ្ដើមកត់ត្រាថា CPP មានកំហុស ជាប្រវត្តិសាស្ត្រខណៈ CPP ជាអ្នករំដោះប្រទេសពី របបប្រល័យពូជសាសន៍ នៃបនប៉ុលពត។
តែយ៉ាងណា ក៏ដោយ CPP ក៏ចង់សាកល្បងផងដែរ ក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំក្រោយនេះថាតើ ប្រជាប្រិយភាពរបស់ខ្លួនងើបឡើងវិញ កម្រិតណាពីព្រោះ CPP បានធ្វើការកែទម្រង់យ៉ាងខ្លាំង ក្នុងអាណត្តិទី៥ របស់ខ្លួនឋានៈជាអ្នកកាច់ចង្កូតនាវាកម្ពុជា ដែលបានបើកជួបរលកធំៗរបស់ CNRP៕