ភ្នំពេញ៖ អ្នកវិភាគសុទ្ធតែបង្ហាញទស្សនដូចគ្នាថា ប្រទេសកម្ពុជានឹងនៅសល់តែឈ្មោះប៉ុណ្ណោះ បើរដ្ឋាភិបាលបណ្ដោយឲ្យជនអន្ដោប្រវេសន៍ហូរចូលមក ដោយគ្មានយន្ដការច្បាស់លាស់ដើម្បីគ្រប់គ្រង។
អ្នកវិភាគយល់ថា ទោះបីជាមានច្បាប់សញ្ជាតិនិងច្បាប់អន្តោប្រវេសន៍ដើម្បីគ្រប់គ្រងជនបរទេ សក៏ដោយ បើរដ្ឋាភិបាលគ្មានឆន្ទៈដើម្បីពង្រឹងច្បាប់ទេ នោះគឺកម្ពុជានឹងបាត់ភាពជាម្ចាស់ប្រទេសនៅសម័យណាមួយជាក់ជាពុំខាន។
ប៉ុន្ដែមន្ដ្រីបក្សកាន់អំណាចច្រានចោលការយល់ឃើញរបស់អ្នកវិភាគ ដោយបញ្ជាក់ថា ការយល់ឃើញរបស់អ្នកវិភាគគឺមិនត្រឹមត្រូវឡើយ។
តើអ្នកវិភាគមានហេតុផលនិងការសំអាងអ្វីខ្លះបាន ហ៊ានព្យាករណ៍ដូចនេះ?
ជនបរទេស មករស់នៅប្រទេសកម្ពុជា មានច្រើនជាតិសាសន៍ តែអ្វីដែលធ្វើឱ្យមានជម្លោះប្រវត្តិសាស្ត្រ ច្រំដែលៗ គឺជាតិសាសន៍នៃប្រទេស មានភូមិផងរបងព្រំដែនជាប់គ្នា ពោលគឺវៀតណាម ថៃ និងប្រទេសឡាវ។
តាមកំណត់ត្រាប្រវត្តិសាស្ត្រពីអតីតកាល ជនជាតិ ជិតខាងកម្ពុជា ទាំងបីប្រទេសនេះ មានហិច្ឆិតា ចង់ចូលមករស់នៅលើទឹកដីប្រទេសកម្ពុជា បើទោះជាគេបានរំលោភបំពាន ទឹកដីព្រំដែនបានខ្លះៗក៏ដោយ។ លំហូរនៃជនបរទេស ចូលកម្ពុជាមានច្រើនរូបភាព នឹងមានស្ទើរគ្រប់សម័យកាល ប៉ុន្តែមានតិច ឬមានច្រើនអាស្រ័យទៅលើ ការគ្រប់គ្រងប្រទេសនៃសម័យកាល នីមួយៗ ។
នៅសម័យសង្គមរាស្ត្រនិយម ក៏មានជនជាតិប្រទេសជិតខាងចូលមករស់នៅកម្ពុជាដែរ ជាពិសេស ពលរដ្ឋ វៀតណាម។ ក្នុងរបបសាធារណរដ្ឋលន់នល់ និង របបកម្ពុជា ប្រជាធិបតេយ្យ ជនជាតិមួយនេះ នៅតិចតួចបំផុត សឹងតែរកមិនឃើញផង។
តែមកដល់ សម័យកងទ័ពវៀតណាម ជួយកម្ពុជា ផ្ដួលរំលំរបប ប៉ុលពត គេឃើញ ពលរដ្ឋប្រទេសនេះ មានច្រើនឡើងវិញមករស់នៅប្រទេសកម្ពុជា។ លោក ប៉ែន សុវណ្ណ អតីតប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលវៀតណាមចាប់ដាក់គុកនៅហាណូយ នៅឆ្នាំ១៩៨១ បានអះអាងថា លោកត្រូវបាន វៀតណាមទម្លាក់ពីអំណាចដោយសារលោកប្រឆាំង គោលនយោបាយរបស់ទីក្រុងហាណូយ ដោយតម្រូវឲ្យលោកទទួលយកពលរដ្ឋវៀតណាមមករស់នៅប្រទេសកម្ពុជា។
តែបែបនេះក្ដី ប្រមុខរដ្ឋាភិបាល សព្វថៃ្ងអះអាងថា ពលរដ្ឋវៀតណាម មករស់នៅប្រទេសកម្ពុជា បានគឺ ដោយពួកគេមកតាមរយៈអាណានិគមបារាំង។ ប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល បានធ្វើឱ្យមានការបញ្ចេញមតិជាច្រើន រិះគន់ ការដឹកនាំ ដោយអ្នកទាំងនោះ ចាត់ទុកថា ជាការមិនទទួលខុសត្រូវរឿងជាតិ។
យល់ស្របនឹងការបញ្ចេញមតិរបស់ អ្នកលេងបណ្ដាញសង្គម អ្នកវិភាគ ដែលវិទ្យុស្ដ្រីបាន សុំការយល់ឃើញ ពួកគាត់ មានទស្សនប្រហាក់ប្រហែលគ្នាថា គេមិនត្រូវ កត់ត្រាប្រវត្តិសាស្ត្រ ពីរឿងច្រំដែលនោះទេ។ ពួកគាត់ថា ប្រទេសមានច្បាប់មានទម្លាប់ ដើម្បីគ្រប់គ្រងជនអន្តោប្រវេសន៍ ដោយមិនត្រូវ ធ្វេសប្រហែសឡើយ ។
សាស្ត្រាចារ្យវិទ្យាសាស្ដ្រនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ជនអន្ដោប្រវេសន៍ដែលមករស់នៅកម្ពុជាកាន់តែច្រើនឡើងៗ គឺជារឿងដែលគួរឲ្យព្រួយបារម្ភហើយ មិនអាចមើលរំលងបានឡើយ។ លោកពន្យល់ថា កាលណាជាតិសាសន៍ដទៃចូលមករស់នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន ហើយបានទទួលសិទ្ធិដូចពលរដ្ឋខ្មែរដែរនោះ យូទៅនឹងធ្វើឲ្យខ្មែរដែលជាម្ចាស់ស្រុកនឹងត្រូវបាតបង់អត្ដសញ្ញាណរបស់ខ្លួន ព្រោះចំនួនជនអន្ដោប្រវេសន៍បរទេសដែលគិតពីជនជាតិវៀតណាមនេះ មានច្រើនលើសលប់មកលើចំនួនពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេស។
លោក ឯម សុវណ្ណារ៉ា៖«នៅសម័យសង្គមរាស្ដ្រនិយមយើងមិនដឹងថា គ្រប់គ្រង (ជនអន្ដោប្រវេសន៍) បានល្អប៉ុណ្ណាទេ ប៉ុន្ដែតួលេខនៅសម័យកាលនោះគេអាចគ្រប់គ្រងបានដឹងថា អ្នកណាជាជនអន្ដោ ប្រវេសន៍ ហើយគេមានកាន់ប័ណ្ណសំគាល់ត្រឹមត្រូវ។ ប៉ុន្ដែសម័យនេះជនអន្ដោប្រវេសន៍បែរជាមានអត្ដសញ្ញាណប័ណ្ណជាតិសាសន៍ខ្មែរ ហើយខ្មែរខ្លួនឯងអ្នកខ្លះអត់មានអត្ដសញ្ញាណប័ណ្ណផង ត្រង់ហ្នឹងហើយដែលជាការបារម្ភថាខ្មែរម្ចាស់ស្រុកអាចនឹងបាត់បង់សិទ្ធិរបស់ខ្លួន»។
សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយរូបនេះ មានប្រសាសន៍ថា បញ្ហាជនអន្ដោប្រវេសន៍កាន់តែកើន ទៅក្នុងប្រទេសមួយគឺជាបញ្ហាគ្រោះថា្នក់ធ្ងន់ធ្ងរណាស់ ជាក់ស្ដែងដូចទឹកដី តំបន់គ្រីមៀរ នៃប្រទេស អ៊ុយក្រែន ដែលត្រូវបានប្រទេសរុស្សីលេបត្របាក់យកបាត់។
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ គាំទ្រការយល់ឃើញរបស់សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយដែលលើកឡើង ដោយលោកបញ្ជាក់ថា បើរដ្ឋាភិបាលបណ្ដោយឲ្យមានជន អន្ដោប្រវេសន៍ មកឈរជើងដោយសេរីនៅកម្ពុជា បន្ដទៀតនោះ កម្ពុជានឹងដូចអ្វីដែលអ្នកវិភាគនៅបច្ចិមប្រទេសនិយាយថា កម្ពុជានឹងមានតែឈ្មោះប៉ុណ្ណោះទៅថ្ងៃអនាគត។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមបន្ដថា ជនអន្ដោប្រវេសន៍វៀតណាមដែលហូរចូលមកកម្ពុជាគឺតាមរយៈថ្ងៃ ៧ មករា ដែលច្រើនលើសលប់ជាងពេលណាណាទាំងអស់។
លោក គឹម សុខ៖«បើយើងគ្មានរដ្ឋាភិបាលមួយដែលមានឆន្ទៈបំរើប្រយោជន៍ប្រជារាស្ដ្រ ប្រយោជន៍ប្រទេសជាតិពិតប្រាកដ គឺកម្ពុជានឹងដូចអ្នកស្រាវជ្រាវបច្ចិមប្រទេសគេថា កម្ពុជានឹងនៅតែឈ្មោះថាកម្ពុជាប៉ុណ្ណោះ ប៉ុន្ដែខ្លឹមសារការគ្រប់គ្រងគឺមិនមែនខ្មែរជាអ្នកដឹកនាំ»។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមយល់ស្របចំពោះការលើកឡើងរបស់អ្នកវិភាគទាំងពីររូបខាងលើ។
លោកមានប្រសាសន៍ថា ការគ្រប់គ្រងជនអន្ដោប្រវេសន៍របស់រដ្ឋាភិបាលកម្ពុជាស្ថិតក្នុងកម្រិតមួយដែលគួរឲ្យព្រួយបារម្ភជាខ្លាំងនាពេលបច្ចុប្បន្ន។ លោកថា កន្លងមកក្រសួងមហាផ្ទៃអះអាងថារកឃើញជនជាតិវៀតណាមមកនៅកម្ពុជាខុសច្បាប់ជាង ១៦ម៉ឺននាក់ ប៉ុន្ដែការបញ្ជូនទៅវិញបានតែ ប៉ុន្មានពាន់នាក់ប៉ុណ្ណោះ។ លោកថា បើរដ្ឋាភិបាលមិនអាចរកជនអន្ដោប្រវេសន៍ឃើញគឺបានន័យថា រដ្ឋាភិបាលគឺអសមត្ថភាព។
លោក មាស នី៖«សម្រាប់តួលេខជាផ្លូវការដែលយើងរកឃើញជនជាតិវៀតណាមនៅកម្ពុជាថាមាន ១៦ម៉ឺននាក់ ប៉ុន្ដែការចាប់បញ្ជូនទៅវិញគឺមានតែប៉ុន្មាន ពាន់នាក់ ប៉ុណ្ណោះ ហើយយើងមិនដឹងថា រដ្ឋាភិ បាលរកមិនទាន់ឃើញឬយ៉ាងណា ប៉ុន្ដែបើរដ្ឋាភិបាលរកមិនឃើញគឺជារឿងដែលរដ្ឋាភិបាលអស មត្ថភាព ប៉ុន្ដែបើរដ្ឋាភិបាលរកឃើញហើយមិនបញ្ជូនទៅវិញ ហ្នឹងជាឆន្ទៈ ប្រហែលដោយសារធ្លាប់ជំពាក់គុណពីមុនក៏មិនដឹង បានមិនបញ្ជូនទៅវិញហ្នឹងយើងមិនហ៊ានចោទទេ គ្រាន់តែជាការប៉ាន់ប្រមាណរបស់យើង»។
តែយ៉ាងណាក៏ដោយ បក្សកាន់អំណាច មិនបានមើលឃើញពី៏ភាពគ្រោះថ្នាក់ ដូចអ្នកវិភាគ ព្រមាននោះទេ ព្រោះថា រដ្ឋាភិបាល បានគ្រប់គ្រងជនបរទេសបាន ត្រឹមត្រូវ ដែរ។
អ្នកនាំពាក្យបក្សកាន់អំណាចលោក សុខ ឥសាន្ដ មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងតែព្យាយាមធ្វើការ រាល់ថ្ងៃជុំវិញជនអន្ដោប្រវេសន៍នេះ។ លោកបន្ដថា មិនអាចយកគំនិតអ្នកវិភាគមកនិយាយបានទេ ព្រោះអ្នកវិភាគមាននិន្នាការនយោបាយប្រឆាំង ហើយការវិភាគគឺតាមតែគំនិតរបស់ពួកគេ ដែលមិនអាចយកជាការបានឡើយ។
លោក សុខ ឥសាន្ដ៖«ប្រសិនបើជនបរទេសណាមកគឺត្រូវមានបណ្ណការងារ បានមានច្បាប់ អាចធ្វើការងារស្របច្បាប់បានប្អូនសួរក្រសួងការងារ ក្រសួងការបរទេស គឺដឹងហើយ មិនអាចយកគំនិតរបស់អ្នកវិភាគឯករាជ្យ មិនឯករាជ្យមក និយាយបានទេ ព្រោះគាត់វិភាគតាមនិន្នាការនយោបាយ ជាគំនិតឯកជនយកជាបានការមិនបានទេ»។
អ្នកនាំពាក្យបក្សកាន់អំណាច អះអាងទៀតថា សម័យណាក៏មានពលរដ្ឋ វៀតណាម មករស់នៅ កម្ពុជាដែរ ដែលលោកថា មិនមែនមានសម័យនេះទេ។
តាមច្បាប់ស្ដីពីសញ្ជាតិនៃប្រទេសកម្ពុជា ជំពូកទី០៦ មាត្រា១៩ ចែងថាមានតែប្រជាពលរដ្ឋខ្មែរទេ ទើបមានសិទ្ធិទទួលនិងកាន់កាប់អត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា២០ ៖ ជនបរទេសណាដែលកាន់កាប់និងប្រើប្រាស់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លង ដែននៃព្រះរាជាណាចក្រកម្ពុជាមិនស្របច្បាប់នឹង ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់១០ឆ្នាំ។
មាត្រា២១ ៖ ជនណាដែលក្លែងធ្វើការកោសលុប សរសេរត្រួត ឬឱ្យគេសរសេរឈ្មោះក្លែងក្លាយ នៅក្នុងអត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ឬមួយប្រើប្រាស់ឯកសារទាំងនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់១០ឆ្នាំ។
មាត្រា២២ ៖ មន្ដ្រីភ្នាក់ងាររាជការ ឬជនណាដែលសមគំនិត ជួយលាក់បាំង ឬផ្ដល់អត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនឱ្យជនណាម្នាក់ដែលគ្មានសញ្ជាតិខ្មែរ ត្រូវផ្ដន្ទាទោសដូចគ្នានឹងជនដែលកាន់កាប់អត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដោយខុសច្បាប់ ដូចមានចែងក្នុងមាត្រា២០ និងមាត្រា២១ នៃច្បាប់នេះ។
ប៉ុន្តែបើយោងតាមជំពូកទី០៤ ស្ដីពីសញ្ជាតូបនីយកម្ម មាត្រា ១៦ ចែងថា សញ្ជាតូបនីយកម្មដែលផ្ដល់ចំពោះជនបរទេសណាម្នាក់ត្រូវសម្រេចដោយព្រះរាជក្រឹត្យ ។
អ្នកវិភាគយល់ថា កម្ពុជាត្រូវតែពង្រឹងច្បាប់សញ្ជាតិនិងច្បាប់អន្តោប្រវេសន៍របស់ខ្លួនឲ្យមានប្រសិទ្ធភាពបើមិនដូច្នេះទេ នឹងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រថា បានដឹងនាំប្រទេស មិនខ្វល់ពីរឿងជាតិ៕