loader

វិភាគ៖ តើកឹម សុខា អាចនឹងត្រូវដោះលែងដែរឬទេមុនពេលលោកសមរង្ស៊ីមកដល់?


ភ្នំពេញ៖ លោក កឹម សុខា​មិនទាន់មានសេរីភាពអស់រយៈពេលប្រមាណ២ ឆ្នាំហើយ បើសរុបទាំងលោកនៅក្នុងពន្ធនាគារដោយការឃុំខ្លួនបណ្ដោះអាសន្ន និងដោះលែងលោកឱ្យនៅក្នុងផ្ទះក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងដាក់ព្រំដែនដើរហើរ ។ បើទោះបីជាលោក មិនមានសេរីភាពអស់រយៈពេលជាច្រើនបែបនេះក្ដី ក៏តុលាការនៅមិនទាន់រកឃើញថាលោកមានពិរុទ្ធភាពនៅឡើយនោះទេ ។ អង្គការជាតិអន្តរជាតិ និងមជ្ឈដា្ឋនជាច្រើន ទាមទារឱ្យមានការដោះលែងលោក កឹម សុខា តែទទួលបានការឆ្លើយតបពីមន្ត្រីពាក់ព័ន្ធថា ស្ថិតក្នុងដៃតុលាការ និងបន្តតាមនីតិវិធីច្បាប់ ។
តើលោក គឹម សុខា អាចនឹងត្រូវដោះលែងមុនពេលមានវត្តមានលោក សម រង្ស៊ី ដែរឬទេ ?
សូមស្ដាប់ការអធិប្បាយពីលោក សោម លាភ


អតីតមេដឹកនាំនៃអតីតគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា ពោលគឺលោក សម រង្ស៊ី និងលោក កឹម សុខា ម្នាក់ជាប់ពន្ធនាគារ និងម្នាក់ទៀតនិរទេសខ្លួននៅក្រៅប្រទេស ។
ការណ៍នេះដោយសារតែលោក ទាំងពីជាប់ពីការចោទប្រកាន់ពីបទល្មើសមួយចំនួនពីអំណាចយុត្ថាធិការ ដែលជាស្ថាប័នរកយុត្តិធម៌ជូនប្រជាជន ។ ការចោទប្រកាន់ទាំងនោះភាគច្រើន ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ តែងតែចាត់ទុកថា មិនមែនចោទប្រកាន់តាមផ្លូវច្បាប់នោះទេ ពោលគឺកើតឡើងដោយសាររឿងនយោបាយសុទ្ធសាធ ។
គេក៏សង្កេតមើលឃើញទៀតថា រឿងក្ដីក្ដាំង ដែលបានបញ្ជូនទៅដល់ដៃតុលាការ ដែលជាស្ថាប័នច្បាប់កំពូលនៅកម្ពុជាបញ្ញត្តិថា ជាស្ថាប័នឯករាជ្យ បើរឿងក្ដីនោះមានភាគីមកពីបណ្ដាសមាសភាពនៃអតីតគណបក្សប្រឆាំង មានបញ្ហាជាមួយនឹងសមាសភាពមកពីបក្សកាន់អំណាច នោះសេចក្ដីសម្រេច មិនថាជាសាលក្រម ឬសាលដីកានោះទេ នឹងសម្រេចដាក់ទោសទណ្ឌទៅខាងមន្ត្រីបក្សប្រឆាំង ។ ជាងនេះទៅទៀត មិនមែនតែមន្ត្រីអតីតគណបក្សប្រឆាំងប៉ុណ្ណោះនោះទេ សកម្មជន ឬអ្នកវិភាគជាដើម ក៏មិនងាយនឹងយកឈ្នះតាមរយៈការដោះស្រាយតាមប្រព័ន្ធតុលាការលើមន្ត្រីបក្សកាន់អំណាចនោះទេ ។
ជាក់ស្ដែង លោក សម រង្ស៊ី បច្ចុប្បន្នជាប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ គិតមកទល់ពេលនេះកំពុងជាប់បណ្ដឹងស្កឹះស្កះ ក្នុងនោះក៏មានសេចក្ដីសម្រេចមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យលោកនិរទេសខ្លួនចេញទៅក្រៅប្រទេស ។
ក្នុងនាមជាប្រជាជាតិខ្មែរមួយរូប អ្នកនយោបាយជើងចាស់រូបនេះ បានប្ដេជ្ញាថានឹងវិលចូលប្រទេសកំណើតរបស់ខ្លួនវិញ នៅខួបលើកទី ៦៦ នៃ ដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីប្រទេសបារាំង បើទោះបីជាមានការគម្រាមថា នឹងបង្ក្រាប និងចាប់លោកយកមកអនុវត្តទោសក៏ដោយ ។
ខណៈពេលនេះ លោក សម រង្ស៊ី បាននឹងកំពុងតែធ្វើដំណើរទៅជាច្រើនប្រទេស ដើម្បីគៀងគរ និងបញ្ជាក់ពីការវិលត្រឡប់របស់លោក មកកម្ពុជា ។ យ៉ាងណាមានប្រទេសជាច្រើន និងសមាជិកសភាមួយចំនួនទៀត ដែលលោក សម រង្ស៊ីអះអាងថា គាំទ្រដំណើរមាតុភូមិនិវត្តរបស់លោក និងអមដំណើរមកជាមួយ ។
តាមការអង្កេតជាក់ស្ដែងទៀតសោត រួមទាំងការបញ្ចេញមតិតាមបណ្ដាញសង្គមបង្ហាញថា លោក សម រង្ស៊ី នៅតែមានប្រជាប្រិយភាព និងជាអ្នកនយោបាយដែលមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ។
បើតាមទំព័រហ្វេសបុកមួយដែលមានឈ្មោះថា Assembly ចុះផ្សាយនៅថ្ងៃទី ២៦ ខែសីហានេះ ត្រង់អត្តន័យដើមថា ៖ ពីតែម្នាក់ឯងរហូតដល់ទៅលាននាក់
លោក សម រង្ស៊ី ក្នុងឆាកជីវិតនយោបាយជិត ៣០ ឆ្នាំមកនេះ បានពើបប្រទះនឹងឧបសគ្គធំៗដែលមនុស្សធម្មតាគិតថានឹងបញ្ចប់អាជីពរបស់ខ្លួនទៅហើយ។
ប៉ុន្តែ សម្រាប់លោក សម រង្ស៊ី គឺផ្ទុយស្រឡះ ។ លោកមិនដែលគិតថានឹងបញ្ចប់ ឬចុះចាញ់ដែលលោកគិតថាមិនគួរនឹងឆាប់បញ្ចប់ឡើយ ។
នេះប្រហែលជាលោកយល់ថា បុព្វហេតុរបស់លោកមិនគួរនឹងបញ្ចប់លឿនស្លេវបែបនេះទេ ព្រោះវាទើបតែចាប់ផ្តើម និងមិនទាន់ដូចអ្វីដែលលោកចង់បាន ។
ការត្រូវគេបណ្តេញចេញពីតំណែង ការយាយីដល់អាយុជីវិត ការត្រូវនិរទេស និងការត្រូវប្រឈមនឹងការជាប់ពន្ធនាគារ មិនបានធ្វើឲ្យលោក សម រង្ស៊ី ខ្លាចរអាលែងហ៊ានចង់ប្រឈមជាមួយគេឡើយ ។ ផ្ទុយទៅវិញការដែលបានអានអំពីប្រវត្តិអ្នកនយោបាយរៀមច្បងគឺធ្វើឲ្យលោក សម រង្ស៊ី គិតថា វាគឺជារឿងធម្មតាប៉ុណ្ណោះ សម្រាប់អ្នកប្រកបអាជីពនយោបាយដូចជារូបលោក ។
ការមិនទាន់សម្រេចនូវក្តីបំណងរឹតតែធ្វើឲ្យលោកមិនទាន់ចង់បញ្ចប់ ។
បំណងរបស់លោកទោះជាវាកើតចេញតែពីចិត្តរបស់លោក ក៏វាធ្វើឲ្យមនុស្សជាច្រើនដើរតាមបំណងនោះដែរ, ទោះជាការពិតមនុស្សជាច្រើនក៏មានបំណងដូចលោកដែរ តែមានមនុស្សមិនច្រើនទេដែលហ៊ានចេញដឹកនាំធ្វើសកម្មភាពដូចលោក ។ ការណ៍នោះហើយដែលធ្វើឲ្យមនុស្សជាច្រើននោះសុខចិត្តដើរតាមលោក និងគាំទ្រពីក្រោយ ។ ពីតែម្នាក់ឯងរហូតដល់ទៅរាប់លាននាក់ ទាំងដែលលោក សម រង្ស៊ី មិនដែលធ្លាប់ឲ្យអ្វីដល់ពួកគេសោះ» ។
បើទោះបីជាស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ប្រមុខដឹកនាំកម្ពុជា តែងតែអះអាងថា នឹងប្រឆាំង និងចាប់លោក សម រង្ស៊ី មកអនុវត្តទោស ។
មានការលើកឡើង ពិសេសពីបណ្ដាអ្នកគាំទ្រ និងមន្ត្រីអតីតគណបក្សសង្រ្គោះជាតិថា បន្ទាប់ពីលោក សម រង្ស៊ី កំណត់ថា ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ ២០១៩ ជាថ្ងៃដែលលោក មកដល់កម្ពុជា មន្ត្រី និងថ្នាក់ដឹកនាំកម្ពុជា កំពុងតែរកវិធីបង្កើតព្រឹត្តិការណ៍ដើម្បីលុបបំបាត់លើព្រឹត្តិការណ៍ ។
ជាក់ស្ដែង រឿងកងទ័ពឡាវ អ្នកវិភាគ និងមន្ត្រីអតីតបក្សប្រឆាំងថា កើតឡើងអាចដោយសារតែចង់ធ្វើឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍ ដោយបំភ្លេចរឿងលោក សម រង្ស៊ី ។
សម្ដេច ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី និងដឹកនាំប្រទេសកម្ពុជាអស់ជិត ៤០ ឆ្នាំហើយនោះ ក៏បានតែងចម្រៀងមួយបទ ដែលសម្ដៅថា គុកនៅចាំស្វាគមន៍លោក សម រង្ស៊ី ជានិច្ច ។
នាយករដ្ឋមន្ត្រីកម្ពុជាថែមទាំងភ្នាល់ដោយរៃអង្គាសពីពលរដ្ឋ និងឱ្យប្រាក់ទៅលោក សម រង្ស៊ី មួយលានដុល្លារនៅក្នុងគុក បើលោក សម រង្ស៊ី មកមែននោះ ។
មានការលើកឡើងថា នេះអាចជាសកម្មភាពដើម្បីគម្រាម និងរារាំងលោក សម រង្ស៊ី ។
ពាក់ព័ន្ធទៅនឹងផ្ទៃក្នុងរបស់អតីតគណបក្សសង្គ្រោះជាតិ មកទល់ពេលនេះ ហាក់ដូចជាមានការបែងចែកយ៉ាងសកម្មរវាងក្រុមលោក កឹម សុខា និងក្រុមលោក សម រង្ស៊ី ។
មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ទាំងលោក សម រង្ស៊ី និងមន្ត្រីដែលមកពីនិន្នាការបក្សសិទ្ធិមនុស្ស ឬបក្សសម រង្ស៊ី និងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពិសេសគឺសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក សុទ្ធសឹងតែទទួច និងទាមទារឱ្យអាជ្ញាធរកម្ពុជាដោះលែងលោក កឹម សុខា ដោយទម្លាក់ការចោទប្រកាន់ ។
មេធាវីការពារក្ដីឱ្យលោក កឹម សុខា មួយចំនួន បានទទួលស្គាល់ថា រឿងលោក កឹម សុខាជារឿងនយោបាយ ដែលទាមទារឱ្យអ្នកនយោបាយចូលតុចរចា ដើម្បីបញ្ចប់រឿងនេះ ។
លោកមេធាវី សំ សុគង្ស មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅរសៀលថ្ងៃទី ២៦ សីហានេះថា ក្នុងដំណាក់កាលរបស់លោក កឹម សុខានេះ បើតាមផ្លូវច្បាប់ ចៅក្រមស៊ើបសួរអាចសម្រេចគ្រប់ពេលឱ្យទម្លាក់បទចោទប្រកាន់លោក កឹម​ សុខា ឬបើកសេរីភាពឱ្យលោក កឹម សុខា ដោយមិនឱ្យមានការត្រួតពិនិត្យតាមផ្លូវតុលាការ ។
លោកថា ការអាចនឹងបើកលទ្ធភាពឱ្យលោក កឹម សុខា នៅក្រៅឃុំបណ្ដោះអាសន្នពេញលេញ និងមិនមានការត្រួតពិនិត្យតាមផ្លូវតុលាការនេះ ធ្វើឱ្យជនជាប់ចោទមានសេរីភាពដូចបុគ្គលដទៃ តែមិនអាចធ្វើឡើងក្នុងពេលយូរនោះទេ ពោលគឺត្រូវកំណត់ថ្ងៃជំនុំជម្រះក្ដីឱ្យបានឆាប់ ចៀសវាងខុសទៅនឹងច្បាប់អន្តរជាតិ ។
អ្នកវិភាគនយោបាយឯករាជ្យ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការប្រកាសរបស់លោក សម រង្ស៊ី ជាការធ្វើឱ្យសកម្មភាព និងស្ថានភាពនយោបាយ នៅកម្ពុជាផ្ទុះឡើងវិញ ដែលធ្វើឱ្យបក្សកាន់អំណាចពិចារណារឿងដោះលែងលោក កឹម សុខា ហើយក៏ធ្វើឱ្យលោក សម រង្ស៊ីផ្ទាល់ ទទួលការគាំទ្រពីអ្នកគាំទ្រ និងកិច្ចការការទូត ។

អ្នកវិភាគមួយរូបទៀត គឺលោក បណ្ឌិតមាស នី មានប្រសាសន៍ថា លោក កឹម សុខា អាចនឹងត្រូវបើកសេរីភាពជាងមុន ឬឱ្យនៅក្រៅឃុំពេញលេញ មិនមានការត្រួតពិនិត្យតាមផ្លូវតុលាការ លោកប្រហែលជាមិនអាចបើកឱ្យលោក ធ្វើនយោបាយនោះទេ ។
លោកថា ការដោះលែងនេះ អាចជាយុទ្ធសាស្ត្រកាត់បន្ថយប្រជាប្រិយភាពលោក សម រង្ស៊ី ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រុស្ស៊ីវាយលុកចូលតំបន់អារ៉ាប់ ក្រោយពីអាមេរិកស្ទាក់ស្ទើរមិនហ៊ានធ្វើសង្គ្រាមនឹងអ៊ីរ៉ង់

តាំងពីអាមេរិកបញ្ចូនទ័ពមកដាក់នៅមជ្ឈឹមបូព៌ាមកលទ[...]

តើNATOនឹងចាត់ការយ៉ាងណាចំពោះទង្វើឈ្លានពានស៊ីរីរបស់ទួគីជាសមាជិកខ្លួន?

ក្នុងចំណោមប្រទេសខ្លាំងៗបណ្ដាទ្វីបអឺរ៉ុប និង អ[...]

វិភាគ៖ចិនព្យាយាមធ្វើឱ្យតៃវ៉ាន់ឯកាបំផុត តើទៅរួចឬអត់?

ឯកា មិនមានអ្នករាប់រកគឺស្មើនឹងការមិនទទួលស្គាល់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត