loader

វិភាគ៖តើលោកម៉ាឌូរ៉ូអាចជួបជីវិតចុងក្រោយដូចសាដាមហូសេន​ឬហ្គា​ដា​ហ្វី​ឬ​​ក៏មេដឹក​នាំ​ដទៃទៀតឬទេ?

មេដឹកនាំជាច្រើនដែលគេហៅថាបុរសខ្លាំង ឬជនផ្ដាច់ការ ច្រើនតែជួបវាសនាអាក្រក់បើមិន រងការបណ្ដេញចេញពីអំណាច ដោយប្រជាជនខ្លួនឯង គឺយ៉ាងហោចណាស់ដោយសារការ​ធ្វើរដ្ឋប្រហារ  ឬក៏ទំលាក់ពីអំណាចដោយ កម្លាំងទ័ពបរទេស។  មេដឹកនាំទាំងនោះ បើ​មិនឆក់ឱកាសដើម្បីសម្របខ្លួនគឺពួកគេ អាចមានវាសនាអាក្រក់ ។ ក្នុងទសវត្ស​ចុងក្រោយ​នេះមើលទៅមានតែម្នាក់គត់ដែលមិនត្រូវបានប្រជាជនខ្លួន វាយទំលាក់ពីអំណាច គឺអតីត​ឧត្តម​សេនីយ៍ ថ្វាន់ស្វេ នៃប្រទេសភូមាដែលបុរសនេះ យល់ព្រមបង្កើត​រូបមន្តដឹកនាំ​ប្រទេស​ ចម្រុះជាមួយពួកប្រជាធិបតេយ្យ។

តើជីវិតចុងក្រោយរបស់បុរសខ្លាំងនៅវេណេហ្សូអេឡា នីកូឡាស់ម៉ាឌូរ៉ូ អាចជួបវាស​នា​អា​ក្រក់​ដូចសាដាមហូសេន​ឬហ្គា​ដា​ហ្វី​ឬ​​ក៏មេដឹក​នាំដទៃទៀត?

លោកនួន បូរិន ជូនសេចក្ដីប្រែសម្រួល

 

ស្រមោលនៃការតាមផ្ដួលរំលំលោកនីកូឡាស់ម៉ាឌូរ៉ូ កាន់តែខ្លាំងក្លាហើយចាប់តាំងពី មេបក្ស​ប្រឆាំងវ័យក្មេង ជួនហ្គាយដូ ប្រកាសខ្លួនឯងជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាប្រធានរដ្ឋសភា មកពីក្រុមប្រឆាំង។ ឥឡូវនេះ លោកជួនហ្គាយដូ ត្រូវបានប្រជាជន វេណេហ្សូអេឡា គាំទ្រ​លោក​លើសលុប បើធៀបនឹងលោកម៉ាឌូរ៉ូ ហើយសូម្បីកងទ័ពមួយចំនួនក៏ចាប់ផ្ដើមងាក់មក​ខាង​លោក​ដែរ។ បន្ថែមលើនេះទៀត លោកបានដណ្ដើមកាន់កាប់តម្លៃការទូតលើឆាអន្តរជាតិក៏ច្រើនជាង​លោក​ម៉ាឌូរ៉ូដែរ គឺជាង៦០ប្រទេសបានគាំទ្រលោក ។ សហរដ្ឋអាមេរិកសហភាពអឺរ៉ុប ប្រទេស​ជប៉ុន និង​ប្រទេសជិតខាងវេណេហ្សូអេឡាសឹងទាំ​ងអស់បានប្រឆាំងនឹងការ​កាន់​អំណាចរបស់លោកម៉ាឌូរ៉ូ។ ចាប់តាំងពីថ្ងៃទី២៣មករាឆ្នាំ២០១៩មក ពោលគឺបន្ទាប់ពីលោក​ជួនហ្គាយ​ដូប្រកាសខ្លួន​ឯង​​ ជាប្រមុខរដ្ឋស្ដីទីស្របតាមរដ្ឋធម្មនុញ្ញ  គឺគេសង្កេតឃើញជោគ​វាសានា របស់លោកម៉ាឌូរ៉ូកាន់ជួប​រឿង​​អាក្រក់​គឺពីមួយថ្ងៃទៅមួយថ្ងៃ។ រឿងរ៉ាវទាំងនោះ មាន​តែនាំទៅរកក្ដីវិនាស នៃអំណាច​របស់​បុរសខ្លាំងរូបនេះតែប៉ុណ្ណោះ។ ​នៅពេលនេះ សូម្បី​ប្រទេស​ធំៗដូច​ជា​ចិ​ន និងរុស្ស៊ី ដែលជាខ្នង​បង្អែក​របស់លោកម៉ាឌូរ៉ូ ក៏កំពុងរកវិធីដោះដៃផងដែរ គឺគ្រាន់តែយូរឬឆាប់តែប៉ុណ្ណោះ។

កត្តា បួនយ៉ាង ដែលអាចនាំឱ្យលោកម៉ាឌូរ៉ូត្រូវបានផ្ដួលពីអំណាច

ទីមួយ ៖ កត្តាសេដ្ឋកិច្ចនិងប្រជាជនខ្លួនឯង ៖

សេដ្ឋកិច្ចកំពុងតែធ្វើដំណើរទៅរកការក្រឡាប់ហើយ។ ផលិតផលក្នុងស្រុកជាងពាក់កណ្ដាល បានធ្លាក់ចុះ ជាខ្លាំងចាប់តាំងពីខែមករាឆ្នាំ២០១៩ មក។ តាមបណ្ដាញផ្សាយព័ត៌មានBBC ផលិតផល​ប្រេងឆៅដែលផលិតអោយចិន អាមេរិក និងឥណ្ឌា ក្នុងមួយថ្ងៃៗរាប់សែនធុង បានធ្លាក់ការផលិត ជាង៦០ភាគរយ។ ដោយឡែកទំនិញចូលប្រទេសនេះគឺមកពី​ប្រទេស​ជិតខាងសឹងតែគ្មានទេ  ដែលរឿងនេះ​កំពុង​នាំអោយពលរដ្ឋខ្វះស្បៀង ខ្វះថ្នាំពេទ្យ ហើយ​ចំណាក​ស្រុកជាង៣​លាន​នាក់។ ប្រជាជនគាំទ្រក្រុម ប្រឆាំងនិងកងទ័ព ក៏ចាប់ផ្ដើម លែង​អោយតម្លៃ​លើមេដឹក​នាំរូប​នេះ ហើយ​ថ្ងៃណា​មួយ អាចមាន​រដ្ឋប្រហាររបស់​ប្រជាជន​ដែលគាំទ្រដោយកងទ័ព។

ទីពីរ៖ចិនរុស្ស៊ីនិងសម្ព័ន្ធមិត្តអាចទាមទារឱ្យចុះចេញពីតំណែងដើម្បីផលប្រយោជន៍របស់ពួកគេ៖

រុស្ស៊ី ជាខ្នងបង្អែកនៃរបបលោកម៉ាឌូរ៉ូតាំងពីសម័យសង្រ្គាមត្រជាក់ ។ មហាអំណាចនេះជួយ​លោក​ម៉ាឌូរ៉ូទាំងវិស័យសេដ្ឋកិច្ច និងការពារជាតិ។ ប្រទេសវេណេហ្សូអេឡា ប្រើប្រាស់និង​បច្ចេក​ទេសការពារជាតិទិញពីប្រទេសរុស្ស៊ី។ រុស្ស៊ីមានក្រុមហ៊ុនប្រេងធំចំនួន៣ ដាក់ភាគហ៊ុនជាមួយ​ក្រុមហ៊ុន​របស់​វេណេហ្សូអេឡា។​តែក្រុមហ៊ុនមួយបានសម្រេចព្យួរសកម្មភាពរក​ស៊ី​របស់ហើយ ដោយ​សារភ័យ​ខ្លាចបាត់បង់ផលប្រយោជន៍។ ទំនងដោយសារដូចនេះ ក្រុង​ម៉ូស្គូតែងតែប្រឆាំងអាមេរិក កុំ ឱ្យធ្វើអន្តរាគមន៍កងទ័ព ដោយទុកឱកាសអោយ​ខ្លួន​ជួយ​ដោះស្រាយ។ ក្រុងម៉ូស្គូបាន លើកដំណោះស្រាយទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។ តែត្រូវបានអាមេរិក អង់គ្លេស និងបារាំង វេតូ គឺដោយសារ​នៅតែ​បង្ហាញ​ដំណោះស្រាយមិនជាក់លាក់ចំពោះជោគវាសនារបស់លោកម៉ាឌូរ៉ូ។

ដោយឡែក ប្រទេសចិនវិញ ដែលជាម្ចាស់បំណុលដ៏ធំនៃរបបលោកម៉ាឌូរ៉ូ គឺប្រទេសនេះចង់ការពារផល​ប្រយោជន៍របស់ខ្លួន​ដោយបានឱ្យ​មន្ត្រីខ្លួនលួចទៅចរចា​ជាមួយក្រុម​ប្រឆាំង​ដែលនឹងមានវាសនាដឹកនាំប្រទេស។ ចិនពេលខ្លះ រត់តាមរុស្ស៊ី តែពេលខ្លះ ចង់ទៅខាង​អាមេរិក។ មានន័យថា ក្រុងប៉េកាំង ពិតជាភ័យខ្លាំងរឿងបាត់បង់បំណុលរបស់ខ្លួន។ បើចិន និងរុស្ស៊ី  ស្ថិតក្នុងស្ថានភាពលែង​ទុកចិត្តលំហ្នឹងនៃរបបលោកម៉ាឌូរ៉ូ័ហើយនោះ គឺពួកគេ អាចរុញច្រានលោកម៉ា​ឌូរ៉ូឱ្យចាក​ចេញ​ពី​អំណាចគឺដោយសារតែចង់ ការការពារផល​ប្រយោជន៍​​​សេដ្ឋកិច្ចពាណិជ្ជកម្ម​របស់ពួក​គេ។ ចំណែកប្រទេសដទៃទៀត ដូចជាគុយបា បូឡឺវី អេរ៉ង់តួកគី ជាដើម ចាំតែដើរតាមចិន និងរុស្ស៊ីតែប៉ុណ្ណោះ។

ទី៣៖ការទាញទំលាក់លោកម៉ាឌូរ៉ូនៅឯក្រុមប្រឹក្សាសន្តិសុខឬមហាសន្និបាតអង្គការ​សហ​ប្រជាជាតិ៖

គិតមកដល់ពេលនេះ លោកម៉ាឌូរ៉ូកាន់តែធ្លាក់នូវការគាំទ្រនៅលើឆាកអន្តរជាតិខណៈលោកជួនហ្គាយដូ កាន់តែទទួលបានការគាំទ្រ។ មកដល់ពេលនេះ ជាង៦០ប្រទេសបានគាំទ្រលោក ជួនហ្គាយដូជាមេដឹកនាំបណ្ដោះអាសន្ន ជំនួសលោកម៉ាឌ៉ូរូ ហើយលោកម៉ាឌូរ៉ូ មានប្រទេសជិត៥០នៅបន្តគាំទ្រ។ ភាពប្រទាញ ប្រទង់គ្នានេះ គឺជាសញ្ញាអាក្រក់មួយ អាចនាំឱ្យរបបលោកម៉ាឌ៉ូ ត្រូវបានអូសយកទៅធ្វើការជម្រះនៅក្រុមប្រឹក្សាសន្តិសុខឬមហាសន្និបាត​អង្គ​ការ​​​សហ​ប្រជាជាតិ។ បើករណីនេះ កើតមានគឺ លោកម៉ាឌូរ៉ូអាចនឹងត្រូវទាញទំលាក់ដោយដកហូត អាសនៈ នៅអង្គការសហប្រជាជាតិ ឬអាសនៈនៅឯមហាសន្និបាត ។ នេះបើយោងតាមមាត្រា ៥និង៦នៃធម្មនុញ្ញនៃអង្គការពិភពលោកនេះ។ អ្វីដែលនាំអោយ របបលោកម៉ាឌូរ៉ូងាយនឹង ដួលរំលំទៀតនោះ គឺករណី លោកមានឈ្មោះនៅក្នុងបញ្ជីរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ បុរសជនបដិវត្តន៍នេះ ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC កំពុងកសាងសំណុំរឿង​ឧក្រិ​ដ្ឋកម្មប្រឆាំងមនុស្សជាតិ តាមបណ្ដឹងរបស់អង្គការសិទិ្ធមនុស្សអន្តរជាតិ និងប្រទេស​ជាច្រើន ដូចជាបារាំង កាណាដា ប្រេស៊ីល កូឡំប៊ីជាដើម។ នៅក្រោមការដឹកនាំ​របស់​លោក​ពីឆ្នាំ​២០១៣ គឺមនុស្សស្លាប់ជិត១៥០ នាក់ដោយការវាយបង្ក្រាបពីសំណាក់ កងសន្តិសុ​ខ​របស់លោក។ នេះគឺជាកត្តាមួយ ដែលអាចជាធាតិផ្សំការទាញទំលាក់របប​លោកម៉ាឌូរ៉ូពី​អំណាច។

ទី៤ ៖អន្តរាគមន៍កងទ័ពបរទេស គាំទ្រក្រុមប្រឆាំង

គិតមកដល់ពេលនេះ ស្ថានភាពទៅរកការផ្ដួលរំលំលោកម៉ាឌូរ៉ូពីអំណាចដោយ កងទ័ព បរទេស កាន់តែមានរូបភាពកាន់តែច្បាស់ឡើងៗ។ សហរដ្ឋអាមេរិក តាមរយៈ​ទី​ប្រឹក្សា​សន្តិសុខJohn Bolton ​និងរដ្ឋមន្ត្រីការបរទេស Mike Pompeo សុទ្ធតែបានព្រមានថា ជម្រើសទំម្លាក់លោកម៉ាឌូរ៉ូ មានច្រើន យ៉ាងតែ អន្តរាគមន៍ដោយកងទ័ព គឺជាជំរើស​ចុង​ក្រោយ។ពួកគាត់ថា ការទម្លាក់លោកម៉ាឌូរ៉ូគឺជាការស្ដារលទិ្ធប្រជាធិបតេយ្យ និង សន្តិ​សុខ​តំបន់។ ដោយសារស្ថានភាពនេះ អាមេរិកកំពុងត្រៀមបញ្ជូននាវាចម្បាំងទៅឆក​សមុទ្រ​វេណេ​ហ្សូ​អេឡាដែលទីក្រុងវ៉ាស៊ីនតោន អះអាងថាដើម្បីការពារជនស៊ីវិលអាមេរិក និងជំនួយរបស់​ខ្លួន​រាប់តោនទៅអោយពលរដ្ឋវេណេហ្សូ​អេឡាដែលជំនួយទាំងនោះកំពុងកកស្ទះ​នៅតាម​ព្រំដែននៃ​ប្រទេស​កូឡំប៊ីជាប់នឹងព្រំដែនវេណេហ្សូអេឡា។ បន្ថែមលើនេះ អាមេរិកបញ្ចូន​ទ័ពអង្គ​ភាពពិសេស​ជាង​៨ពាន់​នាក់ហើយទៅដាក់ពង្រាយនៅតាមព្រំដែនកូឡំប៊ី។ ជាមួយ​គ្នានេះ កូឡំប៊ី និងប្រេស៊ីល​​បាន​ដាក់​ពង្រាយរូចហើយកងទ័ពរបស់ពួក​គេនៅ​តាមព្រំដែន​ជា​មួយ​វេណេហ្សូ​អេឡា។  នេះ​គឺជាសញ្ញាអាក្រក់ខ្លាំងណាស់​ចំពោះជោគវាសនា​របស់​លោក​ម៉ា​ឌូរ៉ូ។

តើលោកម៉ាឌូរ៉ូអាចជួបជីវិតចុងក្រោយដូចសាដាមហូសេនឬហ្គាដាហ្វី​​ក៏មេដឹកនាំដទៃទៀតឬទេ?

មានមេដឹកនាំផ្ដាច់ការជាច្រើនហើយដែលជួបវាសនាអាក្រកបំផុតនៃការធ្លាក់ពីអំណាច។ អតីតប្រធានាធិបតីអ៊ីរ៉ាក់ Saddam Hussen ត្រូវបានបញ្ចប់ជីវិតដោយការកាត់ទោស គឺការព្យួរករនៅឆ្នាំ២០០៣ បន្ទាប់ពីកងទ័ពអាមេរិកចាប់ខ្លួនបានខណៈលាក់ខ្លួនក្នុងរូងដី។ បុរសនេះ ចាញ់សង្រ្គាមរបស់អាមេរិក។លោកវរៈសេនីយ៍ឯង Muammar Gaddafi, អតីត​មេដឹក​នាំលីប៊ី ត្រូវបានកងទ័ពបារាំង គាំទ្រដោយកងទ័ពណាតូ និងពួកបះបោរ បាញ់សម្លាប់​ខណៈលោកចេញពីរូងដីគឺនៅឆ្នាំ២០១១​។ តែយ៉ាងណាក៏មាន មេដឹកនាំខ្លះ មិនបាន​ជួប​វាសនាអាក្រក់ ដូច បុរសខ្លាំងពីររូបនេះទេគឺពួកគេ ត្រូវបានពលរដ្ឋខ្លួនឯង​ទាញទំលាក់​ពីអំណាច ហើយ​នាំ​ខ្លួនឡើងតុលាការដើម្បីកាត់ទោស ក្នុងនោះមានដូចជា ប្រធានាធិបតី​អេហ្សិប​លោក​ Hosni  Mubarak នៅឆ្នាំ២០១១។ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Suharto​ នៅឆ្នាំ១៩៩៨។ ដោយឡែកលោក Manuel Noriega ​មេដឹក​នាំ​ប្រទេស​ប៉ាណាម៉ា ត្រូវបាន​អាមេរិកនាំទ័ពចូលលុកលុយ ដើម្បីចាប់ខ្លួននៅឆ្នាំ១៩៨៩ ហើយ​នាំខ្លួនមក​កាត់​​ទោស​នៅ​រដ្ឋអាមេរិក ពីបទលាងលុយកង្វក់ រត់ពន្ធគ្រឿងញៀន រត់​ពន្ធអាវុធ ដែល​ប​ង្ក​អសន្តិ​សុខ​មក​លើទឹកដីអាមេរិក។តែបែបនេះក្ដី ទំនងមានតែម្នាក់គត់​នៅ​អាស៊ី​អាគ្នេយ៌​ដែលមាន​វាសនា​ខ្ពស់ណាស់ មិនបានរងកាត់ទោស ឬ ផ្ដួលរំលំដោយហិង្សា គឺ​មេដឹក​នាំភូមា អតីតឧត្តម​សេនីយ៍ថាន់ស្វេ។ អតីតឧត្តមសេនីយ៍រូបនេះ បានសម្រេច កែ​ទម្រង់​ការ​ដឹកនាំដោយអោយ​កងទ័ពទម្លាក់អំណាចហើយបើកផ្លូវអោយមានការបោះឆ្នោតមួយដែលគណ​បក្សប្រឆាំងចូល​រួម​ប្រកួតហើយទីបំផុត បក្សប្រជាធិបតេយ្យបានឈ្នះឆ្នោតលើ​បក្ស​របស់​ពួកយោធា​ដែល​លោកថាន់ស្វេនៅពីក្រោយ។ ពួកយោធាបានយល់ព្រមផ្ទេរអំណាច​ដោយសន្តិវិធី ទៅ​អោយ​បក្សប្រឆាំងក្រោមរូបមន្តមួយមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែល​ពួកយោធា កាន់​ក្រសួង​ការពារ​ជាតិ​និងសន្តិសុខជាតិហើយមានអាសនៈនៅសភា២០ភាគរយ   នៃអាសនៈសរុបចំនួន៦០០។​ អតីតបុរសខ្លាំងថាន់ស្វេ​ទទួល បានសេចក្ដីសុខ មក​ដល់​ពេលនេះ។ ​យ៉ាងណា ចំពោះ​លោក​ម៉ាឌូរ៉ូ មិនអាចគិតថា ជោគវាសនារបស់លោក នឹងដូចមេដឹកនាំណាមួយនោះទេ ។ប៉ុន្តែ បើគិតអំពី អតីតមេដឹកនាំ ប្រទេសប៉ាណា​ម៉ា​វិញទំនង​អាចត្រូវ​ច្រើនជាង​ព្រោះតែភាពខ្លាំង​របស់បុរសនេះ ហាក់​កំពុងរុញ​ឱ្យ​អាមេរិក​មានវិធានការកងទ័ពកាន់តែខ្លាំងឡើងៗ។ តែបើប្រជាជនទម្លាក់ក៏អាចមានវាសនា ដូច​អតីត​ប្រធានាធិបតី​ លោក Suharto ឬមេដឹកនាំ អេហ្សិបដែរ គឺមានទោសអស់មួយជីវិត។លោកម៉ាឌូរ៉ូមិនអាច ដូចលោកថាន់ស្វេទេ ដោយ​សារ​លោកមានសត្រូវផ្ទាល់មុខទៅហើយគឺសហរដ្ឋអាមេរិក៕​

អត្ថបទ ដោយនួនបូរិន

 

ព័ត៌មានទាក់ទង

សាស្រ្ដាចារ្យប្រវត្តិសាស្រ្ដហៅភ្នំព្រះរាជទ្រព្យជាជង្រុកមាសនៃទេសចរណ៍ចាំបាច់ដុសខាត់ឱ្យភ្លឺ

ភ្នំព្រះរាជទ្រព្យស្ថិតនៅខេត្តកណ្ដាល ចម្ងាយជាង[...]

ប្រជាជនអាល់ហ្សេរីជោគជ័យក្នុងការបណ្ដេញប្រធានា​ធិបតីចង់ក្រាញអំណាច​ប្រាំឆ្នាំទៀត

ល្បែងនយោបាយមិនថាឡើយកើតនៅទីណាទេនៃពិភពលោក។ តែសម[...]

វិភាគ៖ឌុយទើតតេនឹងពង្រីកអាណត្តិប្រធានាធិបតីបន្ទាប់ពីដកខ្លួនពីICCតែទំនងមិនអាចជម្នះនឹងព្រហ្មលិខិតឡើយ

កាលពីថ្ងៃអាទិត្យទី១៧ មិនា លោកប្រធានាធិបតី Rod[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត