(ភ្នំពេញ)៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមកពីគណបក្សប្រជាជនកម្ពុជា បានផ្ញើសារជូន ប្រជាជនកម្ពុជា ក្នុងឱកាសដែលអង្គការយូណេស្កូសម្រេចដាក់បញ្ចូល ល្ខោនខោល របស់កម្ពុជា ក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ ដែលបានមកពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។ នេះបើតាមសារលិខិតរបស់សម្ដេច ហ៊ុន សែន ចុះថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨។
តាមសារលិខិតនេះបង្ហាញថា ដើម្បីអបអរសាទរដល់ការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិនេះ សម្ដេច ហ៊ុន សែន អំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ ចូលរួមអបអរសាទរដោយវាយគង ទូងស្គរ ទះប៉ោត គោះត្រដោក និងមធ្យោបាយផ្សេងទៀត នៅរាត្រីថ្ងៃទី ៣០ខែវិច្ឆិកា វេលាម៉ោង ១០ និង០០នាទី នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមទាំងទីវត្តអារាមផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ក្នុងលិខិតនេះទៀតថា សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ជាងនេះ គឺមានកត្តានៃការគាំទ្រពីសិល្បៈករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល។
សម្ដេច ហ៊ុន សែន អំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ ឱ្យចូលរួមជួយលើកតម្កើងតម្លៃបេតិកភ័ណ្ឌវប្បធម៌ និងថែរក្សាការពារបេតិកភ័ណ្ឌជាតិកម្ពុជាឱ្យបានគ្រប់ៗគ្នា។
កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោកដូចជា អង្គវត្ត របាំព្រះរាជទ្រព្យ ល្ខោនស្រម៉ោលស្បែក ឬល្ខោនស្បែកធំ ប្រាសាទព្រះវិហារ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ប្រាសាទសំបូរព្រៃគុក និងល្ខោនខោល៕
អត្ថបទ៖លោក សោម លាភ