សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងតាមដានព្រឹត្តិការណ៍នៃការតាមរកនាវាមុជទឹក និងកំពុងគិតពីអាយុជីវិតមនុស្សនៅក្នុងនាវាដែលបាត់ដានគ្មានទំនាក់ទំនង ខណៈការស្វែងរកនៅតែធ្វើបន្ត។
អ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយថាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កំពុង “តាមមើលព្រឹត្តិការណ៍ស្វែងរកនាវាដែលបានបាត់ដានយ៉ាងដិតដល់បំផុត”។នៅឯសន្និសីទសារព័ត៌មានមួយ លោក Kirby បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ឆ្មាំឆ្នេរសមុទ្រអាមេរិក មន្ត្រីកាណាដា និងទីភ្នាក់ងារផ្សេងទៀតកំពុងស្វែងរកនាវាដែលបាត់ដាន។ លោកបាននិយាយថា កងទ័ពជើងទឹកអាមេរិកក៏កំពុងត្រៀមប្រតិបត្តិការដែរ “ប្រសិនបើពួកគេត្រូវការជំនួយ ពីព្រោះទាហ៊ានជើងទឹកមានសមត្ថភាពរុករកនៅទឹកជ្រៅ ដែលឆ្មាំឆ្នេរសមុទ្រមិនអាចធ្វើបាន” ។
លោក Kirby បានបន្ថែមថា៖យើងទាំងអស់គ្នារួមទាំងលោកប្រធានាធិបតី សូមសម្តែងសមានចិត្តរបស់យើងចំពោះមនុស្សទាំងអស់នៅក្នុងនាវាមុជទឹក ក៏ដូចជាចំពោះក្រុមគ្រួសារពួកគេដែលកំពុងមានការព្រួយបារម្ភ នឹងសង្ឃឹមថាពួកគេអាចឡើងមកឆ្នេរសមុទ្រវិញ។
ងាកមកមើលការវិភាគព្រឹត្តិការបាត់នាវា Titan នេះវិញ។នៅក្នុងសេណារីយ៉ូល្អ គឺនាវាមិនបានធ្លាក់ទៅដល់បាតសមុទ្រ ឬមានការខូចខាតអ្វីទេ គ្រាន់តែបាត់ទំនាក់ទំនង នោះវានឹងងើបឡើងមកលើផ្ទៃសមុទ្រ
វិញ។តែបើតាមសេណារីយ៉ូអាក្រក់ គឺនាវាទីតានត្រូវធ្លុះធ្លាយចូលទឹកសមុទ្រពេញ។ បើយ៉ាងដូច្នោះមែនជីវិតមនុស្សទាំងអស់នៅក្នុងនាវានោះនឹងត្រូវចប់។
កាលពីថ្ងៃអង្គារ ទី២០ មិថុនា ឆ្នាំ២០២៣នេះ កងឆ្មាំសមុទ្រអាមេរិក និងកាណាដាកំពុងបន្តប្រតិបត្តិការស្វែងរកនាវាមុជទឹកទេសចរណ៍ឈ្មោះទីតាន (Titan )ដែលបានដឹកមនុស្សចំនួន៥នាក់។ បេសកកម្មរបស់នាវាមុជទឹកទីតាន គឺនាំមនុស្សទាំងនោះចុះទៅមើលបំណែកបែកបាក់របស់ខ្មោចនាវាទីតានិក ដែលបានលិចកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ នៅក្នុងមហាសមុទ្រអាត្លង់ទិកក្នុងជម្រៅ៤ ០០០ម៉ែត្រ។
ក្រុមហ៊ុន OceanGate Expedition ដែលជាម្ចាស់បាវាមុជទឹកទីតានបានប្រាប់កងឆ្មាំអាមេរិកដំណឹងអំពីការបាត់នាវានៅរសៀលថ្ងៃអាទិត្យទី១៨ មិថុនា។ជាមួយគ្នានេះឧត្តមនាវីទោអាមេរិកJohn Mauger បានផ្ដល់ដំណឹងពីការបាត់នាវាមុជទឹកទីតាននៅក្នុងសន្និសីទកាសែតនាថ្ងៃចន្ទ ទី១៩ មិថុនា ឆ្នាំ២០២៣។
គួរបញ្ជាក់ថាអ្នកដែលចង់ជិះនាវាមុជទឹកទីតានទៅមើលបំណែកខ្មោចនាវាទីតានិកនៅបាតសមុទ្រត្រូវចុះហត្ថលេខាទទួលខុសត្រូវខ្លួនឯង និងត្រូវបង់ប្រាក់ចំនួន២៥ម៉ឺនដុល្លារ។មនុស្សទាំង៥នាក់ដែលជិះក្នុងនាវានោះ មានម្នាក់ជាអ្នកជំនួញអង់គ្លេសវ័យ ៥៨ឆ្នាំដែលចូលចិត្តធ្វើដំណើរផ្សងព្រេងក្នុងសមុទ្រ និងនៅក្នុងទីអវកាស។
នាវាមុជទឹកទីតានមានខ្យល់អុកស៊ីសែនសម្រាប់មនុស្សទាំង៥នាក់តែពី៧០ម៉ោងទៅ៩៦ម៉ោងប៉ុណ្ណោះ។ហើយនាវាមុជទឹកនេះមានរបាំងស្រោបពីខាងក្រៅ មានន័យថាមនុស្សនៅខាងក្នុងមិនមានផ្លូវចេញមកក្រៅឡើយគឺពួកគេត្រូវការអុកស៊ីសែនដើម្បីដកដង្ហើម។បើតាមឆ្មាំឆ្នេរសមុទ្រអាមេរិកបាននិយាយកាលពីពេលមុនថាខ្យល់អុកស៊ីសែននៅក្នុងនាវាTitan នៅសល់តែ៤០ម៉ោង ប៉ុន្តែរហូតមកដល់ពេលនេះខ្យល់សម្រាប់ដកដង្ហើមនៅប្រហែល ៣០ ម៉ោងទៀតប៉ុណ្ណោះ៕
ប្រភព៖ The Guardian ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣