ភ្នំពេញ៖ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមួយរូបអះអាងថា បានរកឃើញផែនទីបោន២៦ផ្ទាំង នៅបណ្ណាល័យសភាសហរដ្ឋអាមេរិក ក្នុងបន្ទប់ជាន់ក្រោមដី។ ទន្ទឹមគ្នានេះ តំណាងរាស្រ្តរូបនេះ បានចោទប្រកាន់ប្រធានគណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាល ថានិយាយកុហក ពីរឿងទៅរកផែនទីទាំងនោះ។ ទោះយ៉ាងនោះក្តី គណៈកម្មាធិការកិច្ចការព្រំដែនមិនទាន់ធ្វើអត្ថាធិប្បាយ ចំពោះការចោទប្រកាន់របស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិយ៉ាងណាទេ។
តំណាងរាស្រ្តគណបក្សសង្រោះជាតិមួយរូបបានអះអាងថា បានរកឃើញផែនទីបោន២៦ផ្ទាំង ដែលសម្ដេចតាយកទៅសុំឲ្យសហរដ្ឋអាមេរិកទទួលស្គាល់ និងបានចោទប្រកាន់លោកវ៉ា គឹមហុង ថាបានកុហកក្នុងរឿងស្វែងរកផែនទីនោះ។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ម្សិលមិញ ថា លោកបានទៅរកផែនទីនៅបណ្ណាល័យសភា (Library of Congress) សហរដ្ឋអាមេរិកនៅទីក្រុង Washington DC ហើយបានរកឃើញ និងទទួលផែនទីបោនរបស់កម្ពុជាចំនួន២៦ផ្ទាំង ទាំងផែនទី Digital និងផែនទីក្រដាស។
នៅក្នុងហ្វេសប៊ុករបស់លោកបានសរសេរបន្តទៀតថា ផែនទីទាំងនេះសម្តេចតាយកទៅសុំឲ្យសហរដ្ឋអាមេរិកទទូលស្គាល់ខ្សែព្រំដែនម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៦៤ ហើយផែនទីទាំងនោះគ្មានត្រាវៀតណាម និងហត្ថលេខាលោកឌិត មុន្ទី និង លោកលីវ វ៉ាន់ឡឺយ ឆ្នាំ១៩៨៥ ដូចផែនទីរដ្ឋាភិបាលទេ។
ខ្លឹមសារហ្វេសប៊ុកនោះបន្ថែមថា លោក វ៉ា គឹមហុង កុហកថាគាត់ទៅយកផែនទីនៅទីនោះជាន់ទី៥ តែតាមពិតផែនទីនៅជាន់ក្រោមដី មិនមែននៅជាន់ទី៥ដូចលោកវ៉ា គឹមហុង និយាយឡើយ។ លោកអ៊ុំ សំអាន បានធ្វើការសន្និដ្ឋាននៅលើហ្វេសប៊ុកនោះថា ប្រហែលជាលោកវ៉ា គឹមហុង មិនបានទៅរកផែនទីនៅទីនោះទេ ហើយគាត់ប្រើតែផែនទីអមសន្ធិសញាឆ្នាំ១៩៨៥ សម័យយួនគ្រប់គ្រងខ្មែរប៉ុណ្ណោះ។
លោកអ៊ុំ សំអាន ផ្ដល់បទសម្ភាសន៍ខ្លីមួយដល់WMCថា ផែនទីដែលលោកបានរកឃើញនោះមានត្រារបស់កម្ពុជា ហើយជាផែនទីតែមួយច្បាប់គត់ មិនមានការថតចម្លងផ្សេងទៀតទេ។ យ៉ាងណាក៏ដោយ លោកអ៊ុំ សំអាន បន្ថែមថា លោកមិនចោទប្រកាន់ថា ផែនទីដែលរដ្ឋាភិបាលប្រើ ជាផែនទីក្លែងក្លាយនោះទេ ប៉ុន្តែលោកថា ផែនទីនោះមានត្រារបស់វៀតណាម ចំណែកឯផែនទីដែលលោកបានរកឃើញនៅអាមេរិកនោះ មិនមានត្រារបស់វៀតណាមឡើយគឺមានត្រាកម្ពុជា។
លោកមានប្រសាសន៍ផងដែរថា «មិនមែនផែនទីផ្លូវការទេ ព្រោះផែនទីផ្លូវការទាលតែចេញពីបណ្ណាសារ (បណ្ណាសារដ្ឋាន) ដែលរដ្ឋាភិបាលបានស្នើសុំ។ នេះជាផែនទីនៅបណ្ណាល័យ ប៉ុន្តែផែននេះ ដូចទៅនឹងផែនទី ដែលសម្តេចតាយកមកឲ្យសហរដ្ឋអាមេរិចឲ្យទទួលស្គាល់ក្នុងឆ្នាំ១៩៦៤ ហើយផែនទីបោននិង មានចំនួន ២៦ផ្ទាំង មានខ្នាត ១/១០០០០០»។
ជុំវិញការចោទប្រកាន់នេះ លោក វ៉ា គឹម ហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន មានប្រសាសន៍ថា លោកមិនទាន់ធ្វើអត្ថាធិបាយ ឆ្លើយតបទៅនឹងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិយ៉ាងណាទេ ព្រោះលោកមិនទាន់បានឃើញខ្លឹមសារសរសេរលើហ្វេសប៊ុកនោះនៅឡើយ។
លោកមានប្រសាសន៍ថា «ខ្ញុំមិនទាន់ឃើញអត្តបទគាត់ផង(លោក អ៊ុំ សំអាន) ចំាខ្ញុំឃើញ(អត្តបទ)សិន អាចអត្ថាធិបាយថ្មី»។
សូមជម្រាបថា លោកអ៊ុំ សំអាន បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ស្របពេលដែលមានព័ត៌មានថា រដ្ឋាភិបាលចង់ចាប់ខ្លួនលោកពាក់ព័ន្ធនឹងរឿងព្រំដែន។ ប៉ុន្តែលោកអ៊ុំ សំអាន បានបំភ្លឺរឿងនេះថា លោកមិនបានរត់គេចខ្លួនពីការចាប់នោះទេ គឺលោកមានបេសកកម្មផ្ទាល់ខ្លួនទៅជួបគ្រួសារលោកនៅទីនោះផង ជួបពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកផង ហើយក៏ដើម្បីតាមរកផែនទីដែលសម្ដេចតាបានយកទៅតម្កល់នៅអង្គការសហប្រជាជាតិផងដែរ៕