loader

លោក សម រង្ស៊ី៖ អឺរ៉ុបមកកម្ពុជានៅសប្ដាហ៍ក្រោយជជែកពីលក្ខខ័ណ្ឌEBA នឹងធ្វើឱ្យ CNRPរស់ដូចដើមវិញ

ភ្នំពេញ៖ លោក សម រង្ស៊ី បានថ្លែងតាមរយៈវីដេអូដែលលោកផ្សព្វផ្សាយនៅលើទំព័រហ្វេសបុកថា នៅសប្ដាហ៍ក្រោយនេះ សហភាពអឺរ៉ុបនឹងបញ្ជូនគណៈប្រតិភូតំណាងឱ្យសហភាពនេះមកកម្ពុជាពិភាក្សាទៅលើលទ្ធភាពនៃការដក ឬបន្តឱ្យកម្ពុជាទទួលបានការអនុគ្រោះពន្ធEBA វិញ ។ លោក សម រង្ស៊ីថា សហភាពអឺរ៉ុបនឹងជជែកជាមួយកម្ពុជាអំពីការស្នើឱ្យកម្ពុជាត្រូវតែធ្វើឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ​ អាចដំណើរការបានដូចមុន រួមទាំងដោះលែងលោក កឹម​ សុខា ជាដើម ។ តែអ្នកនាំពាក្យបក្សកាន់អំណាច ចំអកឱ្យលោកសមរង្ស៊ីថាសម្ដីអ្នកនយោបាយនេះគ្មានន័យអ្វីទេ។

រាយការណ៍ដោយ លោក សោម លាភ៖

 

 

សហភាពអឺរ៉ុប បាននិងកំពុងដំណើរការនីតិវិធីជាបណ្ដោះអាសន្នទៅលើការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាក្រោមក្របខ័ណ្ឌគ្រប់មុខទំនិញទាំងអស់លើកលែងអាវុធ ។

ថ្មីៗនេះ លោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលនឹងបញ្ចប់បេសកកម្មរបស់ខ្លួននៅកម្ពុជា បានជម្រាបទៅរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្តិថា នៅចុងខែមីនា និងដើមខែមេសានេះ សហភាពអឺរ៉ុបនឹងបញ្ជូនគណៈប្រតិភូរបស់ខ្លួនឱ្យមកជជែកជាមួយភាគីកម្ពុជា អំពីលទ្ធភាពនៃការដក ឬក៏បន្តការអនុគ្រោះពន្ធEBA ពីកម្ពុជា ។

មកដល់ថ្ងៃនេះ គឺថ្ងៃទី ១៥ មីនា លោក សម​ រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បញ្ជាក់តាមរយៈវីដេអូដែលមានរយៈពេលប្រមាណ ៨ នាទីថា សប្ដាហ៍ក្រោយ សហភាពអឺរ៉ុប នឹងបញ្ជូនគណៈប្រតិភូរបស់ខ្លួនឱ្យមកកម្ពុជា ។

លោកថា តំណាងសហភាពអឺរ៉ុប នឹងបញ្ជាក់អំពីលក្ខខ័ណ្ឌរបស់ខ្លួនដើម្បីឱ្យកម្ពុជាអាចបន្តទទួលបាននូវការអនុគ្រោះពន្ធ EBA គឺដោះលែងលោក កឹម សុខា ឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ  និងធ្វើឱ្យមានការបោះឆ្នោតជាថ្មី។

លោកថា រាជរដ្ឋាភិបាលកម្ពុជាត្រូវធ្វើតាមការស្នើរបស់សហភាពអឺរ៉ុបដើម្បីជាប្រយោជន៍កម្ពុជា និងប្រជាជនទាំងអស់ ។

ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ក៏បានបញ្ជាក់ផងដែរថា លោក និងលោក កឹម សុខា នៅតែជាដៃគូនយោបាយជាមួយគ្នា មិនមែនបែកបាក់គ្នានោះទេ ។ លោកនៅតែថ្លែងថា សម រង្ស៊ី និងកឹម សុខាជាមនុស្សតែមួយ ។

លោក សម រង្ស៊ី ប្រាប់ទៅមន្ត្រីរបស់អតីតគណបក្សសង្គ្រោះជាតិដែលនៅសល់ ១១៤ នាក់នោះ មិនត្រូវទៅសុំសិទ្ធិធ្វើនយោបាយហើយបង្កើតគណបក្សថ្មីនោះទេ ព្រោះបើបែបនេះ នាយករដ្ឋមន្ត្រីកម្ពុជានឹងមានលេសប្រាប់ទៅអន្តរជាតិដែលប្រុងនឹងដាក់សម្ពាធមកលើកម្ពុជា ដោយមិនចាំបាច់ធ្វើឱ្យឱ្យគណបក្សនេះរស់ឡើងវិញឡើយ ។

នាយករដ្ឋមន្ត្រីកម្ពុជាថា គ្មានការដោះលែង ឬទម្លាក់ការចោទប្រកាន់លើលោក កឹម​សុខានោះទេ ។ ជាងនេះ ក៏មិនមានការផ្ដល់សិទ្ធិនយោបាយឱ្យបុគ្គលណាដែរ ប្រសិនបើមិនដាក់ពាក្យសុំស្ដារនីតិសម្បទាមករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬនាយករដ្ឋមន្ត្រី ឬព្រះមហាក្សត្រដោយផ្ទាល់ទេនោះ ។

មណ្ឌលព័ត៌មានស្ត្រីកម្ពុជាមិនអាចសុំការសុំការឆ្លើយតបពីអ្នកនាំពាក្យរាជរដ្ឋាភិបាលបាននោះទេ គិតមកដល់រសៀលថ្ងៃទី ១៥ មីនានេះ ដោយសារហៅទូរស័ព្ទមិនចូល ។

តែយ៉ាងណា លោក សុខ ឥសាន្តអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ខ្លីថា លោកមិនឆ្លើយតបជាមួយបុគ្គលរត់ចោលស្រុកនោះទេ ។

កម្ពុជាកំពុងតែប្រឈមនឹងការបាត់បង់ការអនុគ្រោះពន្ធ EBA កាន់តែខ្លាំងខណៈដែលឆ្នាំ ២០១៩ នេះសហភាពអឺរ៉ុបបានដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធនេះជាបណ្ដោះ​អាសន្ន ។

ការដំណើរកានេះ ដោយសារលោកស្រី Cecilia malnstrom និងលោកស្រី federica mogherini ដែលជាមន្ត្រីសហភាពអឺរ៉ុបបានបញ្ជាក់ថា ស្ថានភាពនៃការអនុវត្តនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជាកាន់តែអាក្រក់ ។​

ក្នុងអន្តរកាលនេះ គេសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជាមិនរំពឹងថា កម្ពុជានឹងទទួលបានការបន្តអនុគ្រោះពន្ធ EBA ទៀតនោះទេ ព្រោះរាជរដ្ឋាភិបាលនៃប្រទេសនេះតែងតែអះអាងថា កម្ពុជាមិនប្ដូរអធិបតេយ្យភាពរបស់ខ្លួនទៅនឹងជំនួយណាមួយពីប្រទេសណានោះទេ ។

រាជរដ្ឋាភិបាលកម្ពុជា ចង់ដឹកនាំកម្ពុជាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចដោយឯកឯង និងមិនពឹងជំនួយបរទេស ។

ក្រុមអ្នកជំនួញធំៗនៅកម្ពុជាសរសេរលិខិតទៅសហភាពអឺរ៉ុបអំពីផលវិបាកដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសគឺជីវភាពរបស់កម្មករ និងអ្នកទទួលបានប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលពីកម្មករលើវិស័យវាយនភ័ន្ត ប្រសិនបើមានការដកការអនុគ្រោះពន្ធ EBA ។

កម្ពុជាត្រូវបានមើលឃើញថា កំពុងតែចាប់ផ្ដើមគៀកចិន និងវៀតណាម ដែលជាប្រទេសសង្គមនិយម ឬកុម្មុយនីស្តជាខ្លាំង ខណៈដែលមន្ត្រីជាន់ខ្ពស់កម្ពុជាថា​ ពិបាកក្នុងការធ្វើទំនាក់ទំនងការទូតជាមួយបស្ចឹមប្រទេស។

ថ្លែងនៅក្នុងកម្មបិទសន្និបាត ការងារនៃក្រសួងកសិកម្ម កាលពីថ្ងៃទី១៤មីនា សម្ដេចហ៊ុនសែន បានទទូចថាកម្ពុជា ត្រូវពង្រីកទីផ្សារនៅបណ្ដាប្រទេសអាស៊ី-អឺរ៉ុប និងមជ្ឈឹមបូព៌ា​ដោយមិនត្រូវទុកទីផ្សារកម្ពុជាពឹងពាក់នឹង ទីផ្សារណាមួយផ្ដាច់មុខនោះទេ។ សម្ដេចអះអាងថា បើធ្វើបាន គឺផលិតផលកម្ពុជានឹងមិនអាចជួបហានិភ៏យឡើយ។

យ៉ាងណា ប្រសិនបើកម្ពុជារបូតការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប កម្ពុជានឹងបាត់បង់ចំណូលប្រមាណ ៧០០ លានដុល្លារ អាមេរិកក្នុងមួយឆ្នាំៗ៕

អត្តបទដោយ៖ សោម លាភ

ព័ត៌មានទាក់ទង

លោកសម រង្ស៊ីនិងថ្នាក់ដឹកនាំនៃអតីតCNRPនឹងចូលតំបន់អាស៊ីនៅថ្ងៃទី៥វិច្ឆិកាមុនមកដល់កម្ពុជា ៩វិច្ឆិកា

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រ[...]

បទវិភាគ៖តើមុនថ្ងៃ៩ វិច្ឆិកា មានការចរចានយោបាយ មានបញ្ហាក្នុងជួររដ្ឋាភិបាល ឬយ៉ាងណា?

ភ្នំពេញ៖ លោក សម រង្ស៊ីអះអាងដោយការជឿជាក់ថា រាជ[...]

លោកសមរង្ស៊ីរងប្រតិកម្មធ្ងន់ៗពីក្រសួងព្រះបរមរាជវាំងករណីប្រមាថព្រះមហាក្សត្រ

ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត