loader

លោក សម រង្ស៊ីថាមិនត្រូវការតំណែងនាយករដ្ឋមន្ត្រីទេតែលោកធ្វើនយោបាយដើម្បីបើកឱកាសដល់យុវជន

ភ្នំពេញ៖ លោក សម រង្ស៊ី បានថ្លែងចំពោះមុខមន្ត្រីអតីតគណបក្សសង្គ្រោះជាតិដែលកំពុងធ្វើនយោបាយនៅក្រៅប្រទេសថា លោកមិនត្រូវការតំណែងជានាយករដ្ឋមន្ត្រី ឬដំណែងណាមួយនោះទេ តែលោកខិតខំធ្វើនយោបាយនេះ ដើម្បីបើកផ្លូវជំនះឧបសគ្គដើម្បីឱ្យយុវជនមានឱកាសដឹកនាំប្រទេសតែប៉ុណ្ណោះ ។

រាយការណ៍ដោយលោក សោម លាភ

 

ការថ្លែងបែបនេះរបស់លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ​ ធ្វើឡើង ក្នុងខួបកំណើត ៧០ ឆ្នាំរបស់លោក ដែលលោកស្នើឱ្យអ្នកនយោបាយទាំងអស់ត្រូវចូលនិវត្តន៍នៅអាយុ ៧០ ។

លោកថា ការធ្វើបែបនេះ ដើម្បីផ្តល់ជាឱកាសឲ្យពលរដ្ឋក្មេងជាងខ្លួន មកដឹកនាំប្រទេសម្តង ជំនួសអ្នកដែលមានវ័យច្រើនណាស់ទៅហើយនោះ ។

លោក សម រង្ស៊ី បានបង្ហាញមហច្ឆិតារបស់ខ្លួនថា លោកគឺគ្រាន់តែវាយបំបែកឧបសគ្គដ៏ធំដើម្បីបើកផ្លូវផ្លូវប្រជាធិបតេយ្យ ឲ្យយុវជនកូនខ្មែរជំនាន់ក្រោយ មានឱកាសមកដឹកនាំប្រទេសម្ដងតែប៉ុណ្ណោះ ។

ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិថា ការបើកឱកាសឱ្យយុវជនដឹកនាំប្រទេស គឺទៅតាមសមត្ថភាពរបស់បុគ្គលម្នាក់ៗ ដោយមិនមានការរើសអើងតាមគំនិតបក្ខពួកនិយម គំនិតគ្រួសារនិយម និងអំពើពុករលួយ ។

លោកបន្ថែមថា ត្រូវផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ មកដឹកនាំប្រទេស តាមវេនរបស់ខ្លួន ដើម្បីឲ្យពួកគេអាចបង្ហាញស្នាដៃរបស់ខ្លួន ហើយទទួលបានបទពិសោធន៍ ក្នុងការបំពេញតួនាទីរបស់ខ្លួន ។

ជាងនេះ អ្នកនយោបាយដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសរូបនេះ បង្ហាញពីការសង្កេតឃើញរបស់ខ្លួនមកលើកម្ពុជាថា អ្នកនយោបាយឬមេដឹកនាំខ្លះអាយុ៧០ឬ ៨០ឆ្នាំហើយ នៅតែបន្តធ្វើនយោបាយទៀត ។ លោកថា ការបន្តកាន់ដំណែងខណៈដែលខ្លួនមានវ័យចាស់ពេកដូចនេះ ធ្វើឱ្យខូចប្រយោជន៍ ព្រោះបើមានការដឹកនាំពីយុវជន គឺជាការបញ្ចេញនូវចំណេះដឹងថ្មី ឈាមថ្មី គំនិតថ្មី ជាកត្តាចាំបាច់ ដើម្បីឲ្យមានអភិបាលកិច្ចល្អ ។ ការណ៍នេះ ជាការជម្រុញកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍ពិតប្រាកដ ដែលផ្តល់ផលចំណេញដល់ប្រជារាស្ត្រទូទៅ ។

យ៉ាងណា លោក សម រង្ស៊ីថា លោកមិនត្រូវការដំណែងជានាយករដ្ឋមន្ត្រី ឬដំណែងណាមួយនោះទេ គឺលោកធ្វើតែទីប្រឹក្សា ឬព្រឹទ្ធាចារ្យតែប៉ុណ្ណោះ ។

លោក សម រង្ស៊ីថា​ យុវជនជំនាន់ក្រោយ អ្នកណាធ្វើនយោបាយដឹកនាំប្រទេសក៏ធ្វើទៅឱ្យតែបានការគាំទ្រ ដោយឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតក្នុងការជ្រើសរើសជាតំណាងរបស់ខ្លួន បានពីការបោះឆ្នោតពិតៗមិនមែនបោះឆ្នោតក្លែងក្លាយ ។

យ៉ាងណាក្ដី អ្នកវិភាគនយោបាយវ័យក្មេងកញ្ញា លី ស្រីស្រស់ ធ្លាប់មានប្រសាសន៍ប្រាប់វិទ្យុស្រ្តីថា ការដឹកនាំដោយមិនប្ដូរមន្ត្រីចាស់ចេញនោះទេ គឺនឹងមិនសូវមានប្រសិទ្ធិភាពឡើយ ។

កាលពីថ្មីៗនេះដែរ សម្ដេច ហ៊ុន សែន ក៏ធ្លាប់មានប្រសាសន៍ថា គណបក្សបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជំនះគ្រប់លើកនៃការបោះឆ្នោតនេះ គឺដោយសារគណបក្សនេះ មិនមានការដោះដូរមន្ត្រីចាស់នោះ ព្រោះមន្ត្រីទាំងនោះ ជាអ្នកមានសមត្តភាពគ្រប់គ្រាន់ ។ ដូច្នេះ សម្ដេចមិនដូរមនុស្សនោះទេ សម្ដេចថាមានបញ្ជូលកម្លាំងថ្មីថែមទៀត។

នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានប្រកាសថា សម្ដេចនឹងបន្តដឹកនាំកម្ពុជាមិនតិចជាង២ អាណត្តិនោះទេ ដែលការណ៍នេះ គឺលុះត្រាតែសម្ដេចមានអាយុជិត ៨០ ឆ្នាំទើបសម្ដេចផ្ដល់ឱ្យអ្នកដទៃកាន់អំណាចវិញម្ដង។

រដ្ឋធម្មនុញ្ញកម្ពុជា ពុំមានចែងពីអាណត្តិនាយករដ្ឋមន្ត្រី ឬ មេដឹកនាំកំពូលនៃសា្ថប័​នីតិបញ្ញត្តិ​នោះ​ទេ។ តែនាយករដ្ឋមន្ត្រីត្រូវជ្រើសចេញពីប​ក្សនយោបាយមួយដែល​បានឈ្នះនៅ​ក្នុង​ការបោះ​​ឆ្នោតនៃសមាជិករដ្ឋសភាប្រាំឆ្នាំម្ដង៕

អត្តបទដោយ៖ សោម លាភ

 

ព័ត៌មានទាក់ទង

សហភាពអឺរ៉ុបប្រារព្ធទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា

ថ្ងៃនេះគឺជាទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស[...]

ក្រុមយុវជនអេកូយុវទូតគ្រោងរៀបចំកម្មវិធី«ដំណើរផ្សងព្រេងរបស់មេគង្គយុវទូត»

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅថ្ងៃទី[...]

មន្ត្រីពាណិជ្ជកម្មចុះរុះរើស្លាកយីហោហាងចិនប្រើប្រាស់អក្ខរាវិរុទ្ធខ្មែរមិនត្រឹមត្រូវ

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត