en     km
en     km

លោក រ៉ុង ឈុន ស្នើតុលាការបន្ធូរបន្ថយឱ្យបង់សំណងតាមលទ្ធភាព ក្រោយលោកមិនមានលុយបង់តាមការកំណត់

Share

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ស្នើតុលាការបន្ធូរបន្ថយឱ្យបង់សំណងប្រមាណ ១០ម៉ឺនដុល្លារតាមលទ្ធភាព ក្រោយខ្លួនមិនមានលុយបង់តាមការកំណត់របស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងញុះញង់។ យ៉ាងណាអង្គការសិទ្ធិមនុស្ស ដែលឃ្លាំមើលករណីនេះ ក៏ស្នើឱ្យរដ្ឋាភិបាល និងតុលាការ ពិចារណាបន្ធូរបន្ថយការបង់សំណងនេះ ពីព្រោះការឃុំខ្លួនលោក រ៉ុង ឈុន គ្មានផ្ដល់ផលចំណេញសម្រាប់សង្គមជាតិឡើយ។

លោក រ៉ុង ឈុន ៖ «ទោះបី ៣ម៉ឺនជាង ក៏យើងអត់មានលទ្ធភាពបង់ដែរ ពីព្រោះក្នុងរយៈពេល ១ខែលុយ ៣ម៉ឺនជាងនេះ ក៏ច្រើនដែរសម្រាប់ខ្ញុំ វាច្រើន អ៊‌ីចឹងយើងអត់មានលទ្ធភាពប្រសិនការស្នើសុំបង្ហាញការសហការ ហើយតុលាការនៅតែទាមទារយកគ្រប់ អាហ្នឹងវាអត់មាន ធ្វើបែបហ្នឹងដូចអារកខ្យងយកឈាមហើយ អាហ្នឹងបានន័យថារុញដល់ជញ្ជាំង»។​

នេះជាប្រសាសន៍របស់លោក រ៉ុង ឈុន ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១២ ខែមីនានេះ។ ក្នុងសន្និសីទនេះ ធ្វើឡើងនៅស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដោយមានការឃ្លាំមើលពីអង្គការសិទ្ធិមនុស្សជាតិ និងមានការថតរូបអ្នកចូលរួមពីសំណាក់អាជ្ញាធរខណ្ឌមានជ័យផងដែរ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងមក សាលាដំបូងរាជធានីភ្នំពេញ ​ចេញលិខិតបង្គាប់​ឱ្យ​លោក រ៉ុង ឈុន និងសកម្មជនសង្គមពីរនាក់ទៀត មាន កញ្ញា ស កណិការ និង​លោក តុន និមល រួមគ្នា​សងសំណង​ការ​ខូច​ខាតចំនួន ៤០០លាន​រៀល ឬ​ស្មើ​ប្រមាណ ១០ម៉ឺន​ដុល្លារ ទៅឱ្យ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ក្នុងសំណុំរឿងពីបទ «ញុះញង់»។

ការបង់ប្រាក់សំណងប្រមាណ ១០ម៉ឺនដុល្លារនេះ ពាក់ព័ន្ធនឹងសកម្មភាពលោក រ៉ុង ឈុន កាលពីឆ្នាំ២០២១ ដែលបានចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ដែលពេលនោះលោក ចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជាប្រហែល៥០០ម៉ែត្រ។ ក៏ប៉ុន្តែគណៈកម្មាធិការព្រំដែនកម្ពុជាបានចេញមុខទាត់ចោលការលើកឡើងរបស់លោក រ៉ុង ឈុន នាពេលនោះ។

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មានថា មកដល់ពេលនេះ ទឹកប្រាក់ដែលសប្បុរសជនឧបត្ថម្ភជួយលោក ប្រមូលបាន ២១,០៣៧.៥៤ដុល្លារ និងលុយខ្មែរចំនួន ៧,៧៤៣,៥១០រៀល។ ចំនួ​នទឹកប្រាក់ដែលប្រមូលបាន ថ្វីត្បិតបង់សំណងមិនគ្រប់គ្រាន់ តែលោកចាត់ទុកថា ការឧបត្ថម្ភរបស់សាធារណជន បង្ហាញពីភាពស្អាតស្អំ និងចង់បានយុត្តិធម៌សម្រាប់រូបលោក ទោះបីតុលាការ កាត់ក្ដីមិនយុត្តិធម៌ តែតុលាការជាន់ទាបមួយទៀត ដែលសំដៅលើប្រជាពលរដ្ឋ កំពុងស្វែងរកយុត្តិធម៌ជូនទីប្រឹក្សារូបនេះ។

យ៉ាងណាថវិកាទាំងនោះ លោក និងមេធាវីការពារក្ដី បានស្នើទៅកាន់តុលាការ ដើម្បីសុំបង់ប្រាក់មួយចំនួនសិន តាមលទ្ធភាពដែលមាន។ លោកបានស្នើទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងមក ដោយពេលនេះមិនទាន់មានការឆ្លើយតបយ៉ាងណាចំពោះសំណើនេះពីតុលាការនៅឡើយ។

លោក រ៉ុង ឈុន៖ «អ្នកដឹកនាំរដ្ឋត្រូវគិតមួយណាចំណេញមួយណាខាត បើចាប់រ៉ុង ឈុន ទៅ ធ្វើឱ្យសេដ្ឋកិច្ចមានកំណើន៦,៧,៨, ចាប់ទៅអត់បញ្ហាទេ ប៉ុន្តែប្រសិនជាចាប់ រ៉ុង ឈុន ទៅ ធ្វើឱ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ គួរតែពិនិត្យ ពិចារណាជុំវិញបញ្ហានេះ។ តុលាការក៏ដូចជាគ្នា សុំឱ្យពិនិត្យពិចារណាឡើងវិញធ្វើម៉េច ដើម្បីឱ្យចំណេញដល់ជាតិ ធ្វើម៉េចរក្សាកេរ្តិ៍ឈ្មោះអ្នកដឹកនាំ ព្រោះតុលាការមិនគិត ហើយអនុវត្តធ្វើទុក្ខបុម្នេញមកលើខ្ញុំហួសហេតុ ធ្វើឱ្យប្រជាពលរដ្ឋឈឺចាប់ ហើយវាក៏កំពុងបង្កើននៅទម្ងន់ គីឡូ ឱ្យកាន់តែខ្ពស់ មានន័យថាឱ្យប្រជាប្រិយភាព»។

ប្រសិនជាសំណើនេះ ត្រូវបានតុលាការបដិសេធ ជម្រើសចុងក្រោយមានតែជាប់ឃុំខ្លួនក្នុងពន្ធនាគារ តែលោកគិតថា រដ្ឋាភិបាលមិនជ្រើសយកការឃុំខ្លួនលោកឡើយ ព្រោះមិនផ្ដល់ផលចំណេញ ដូច្នេះច្បាស់ណាស់សំណើនេះ នឹងត្រូវបានតុលាការពិចារណា ហើយសម្រេចឱ្យលោកបង់តាមលទ្ធភាពដែលខ្លួនមាន។

លោក រ៉ុង ឈុន៖ «ខ្ញុំអត់មានសោកស្ដាយអ្វីទេ ខ្ញុំបានត្រៀមលក្ខណៈដូចបងប្អូនជ្រាបហើយ ខ្ញុំបានធ្វើការងារសង្គម មកចូលសកម្មភាពនយោបាយ មានន័យថាខ្ញុំបានសម្រេចហើយៗ សូម្បីតែជីវិតខ្ញុំក៏មិនសោកស្ដាយដែរ ប្រសិនជាបាត់បង់ជីវិតទៅស្រុកទេសវាល្អប្រសើរ ក៏ខ្ញុំហ៊ានពាក់លីជីវិតដែរ ដើម្បីជាតិមួយដែលកំសត់នេះ។ អ៊‌ីចឹងបើរឹបអូសផ្ទះ វាអត់មានអ្វីសោកស្ដាយទេ អាហ្នឹងមានអីតែបោះតង់តាមនៅតាមចិញ្ចើមថ្នល់»។

ចំណែកលោក ជា មុនី ប្រធានគណបក្សកម្លាំងជាតិ បញ្ជាក់ដែរថា ក្នុងនាមជាថ្នាក់ដឹកនាំបក្ស លោកបានស្នើឱ្យសមាជិកក្នុងបក្សជួយបរិច្ចាគថវិកាជួយលោក រ៉ុង ឈុន ទោះជាចំនួនតិចក្ដី ច្រើនក្ដីក៏ដោយ។ លោកចាត់ទុកថវិកាដែលត្រូវបង់សំណងនេះ ជាការដាក់សម្ពាធធ្ងន់ធ្ងរសម្រាប់លោក រ៉ុង ឈុន ព្រោះលោក រ៉ុង ឈុន មិនមានប្រពន្ធ និងកូន ដែលអាចរួមចំណែកជួយសម្រាលបន្ទុកនេះឡើយ។

លោក ជា មុនី៖ «សូម្បីតែឧកញ៉ាមួយចំនួនក៏អត់មានលុយដប់ម៉ឺនអោយដែរក្នុងមួយខែ ពិបាករកលុយដែរ អ៊ីចឹងសម្រាប់គាត់ដែលជាមនុស្សអត់ប្រពន្ធ អត់កូន ហើយប្រសិនណាមានការរឹបអូសរឹបអីទៅ ហើយដីកាតុលាការថាអត់អោយគាត់ចេញទៅក្រៅទេ បើចង់ទៅក្រៅទាល់តែសុំពីតុលាការ បើចង់ផ្លាស់ប្តូរទីលំនៅទាល់តែសុំពីតុលាការ ចុះបើថ្ងៃក្រោយរឹបអូសផ្ទះសម្បែរទៅនៅណាទៀត អ៊ីចឹងមិនផ្ទុយពីនេះហើយ បើអត់ផ្ទះនៅមិនទៅនៅតានេះតានោះ ហើយជូនដំណឹងទៅតុលាការមិនងាប់ហើយ អ៊ីចឹងសុំអោយពិចារណាឡើងវិញ»។

ជុំវិញរឿងនេះ លោក យី សុខសាន្ត មន្ត្រីអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក បានឱ្យដឹងដែរថា ករណីលោក រ៉ុង ឈុន នេះ ជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយអំណាចទាំងស្រុងនៃការសម្រេចលើករណីនេះ គឺតុលាការ។ បើសិនតុលាការអនុញ្ញាតឱ្យលោក រ៉ុង ឈុន បង់សំណងតាមការស្នើសុំ នោះលោកថា លោក រ៉ុង ឈុន អាចរួចខ្លួន តែបើតុលាការមិនព្រមសំណើនេះ លោក រ៉ុង ឈុន ប្រឈមជាប់ពន្ធនាគារ។

លោក យី សុខសាន្ត៖ «ខ្ញុំគិតថាប្រសិនបើរដ្ឋាភិបាលចាត់ទុកថាប្រទេសកម្ពុជាជាប្រទេសដែរប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្សផ្តល់សិទ្ធិអោយពលរដ្ឋបានបញ្ចេញមតិ ហើយបើបញ្ចេញមតិទៅវាប៉ះពាល់ ហើយបើលោកមិនចង់ប៉ះពាល់លោកកុំធ្វើនយោបាយ លោកកុំកាន់ដំណែងទៅ អានេះវាអត់ប៉ះពាល់ទេ ដូចសាមញ្ញដូចអ្នកធម្មតាទៅអត់ប៉ះពាល់ទេ តែបើលោកគ្រប់គ្រងត្រូវតែទទួលការរិះគន់ឬបញ្ចេញមតិពីប្រជាពលរដ្ឋ ។ ហើយអ្វីដែលយើងមើលឃើញមួយទៀត ពាក់ព័ន្ធនឹងលោក រ៉ុង ឈុន នេះដែរ ខ្ញុំគិតថាតុលាការគួរតែអនុគ្រោះឬមួយក៏យល់ព្រមនូវសំណើដែលមេធាវីរបស់គាត់ស្នើសុំនេះជាការល្អ»។

យ៉ាងណា លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា ករណីលោក រ៉ុង ឈុន មិនពាក់ព័ន្ធនឹងរដ្ឋាភិបាលឡើយ តែពាក់ព័ន្ធនឹងការអនុវត្តច្បាប់របស់តុលាការ។ ដូច្នេះរដ្ឋាភិបាល គ្មានភារកិច្ច ឬក៏អំណាចបញ្ជាប្រព័ន្ធតុលាការឱ្យទម្លាក់បទចោទ និងការបង់សំណងខូចខាតទាំងនោះឡើយ។

លោក ប៉ែន បូណា៖ «រឿងនេះមិនមែនរឿងរដ្ឋាភិបាលទេបាទ អ៊‌ីចឹងទាល់តែតុលាការបានជាអ្នកសម្រេច ហើយជាធម្មតាតើយើងប្រព្រឹត្តខុសច្បាប់ យើងត្រូវទទួលរងការផ្តន្ទាទោសតាមច្បាប់ អាហ្នឹងជាទូទៅ ប៉ុន្តែគ្រាន់ថា តើតុលាការគេសម្រេចយ៉ាងណា សូមទៅសួរក្រសួងយុត្តិធម៌ត្រូវជាង។ យើងរដ្ឋាភិបាលមានអីទៅអន្តរាគមន៍អី ព្រោះរឿងរបស់តុលាការ»។

វិទ្យុស្ដ្រីព្យាយាមទាក់ទងលោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ មករសៀលនេះថ្ងៃទី១២ ខែមីនានេះ មិនទាន់មានការឆ្លើយតបពីលោកនៅឡើយ។

ចំណែកលោក សួស វិទ្យារ៉ាន់ឌី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មកដល់ពេលនេះ ក៏មិនទាន់មានការឆ្លើយតបពីលោកដែរ។

លោក រ៉ុង ឈុន ធ្លាប់ជាប់ពន្ធនាគារចំនួន ២លើកមកហើយ គឺលើកទីមួយ ពាក់ព័ន្ធរឿងលោករិះគន់អតីតនាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន សែន ចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា-វៀតណាម កាលពីឆ្នាំ២០០៥។ ចំណែកលើកទី២ កាលពីឆ្នាំ២០២១ លោកជាប់ពន្ធនាគារ ១៥ខែ ពាក់ព័ន្ធនឹងសកម្មភាពរបស់លោកចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង