loader

លោក ម៉ៅ មុនីវណ្ណ ចោទ ក្រុមលោកសម រង្ស៊ីថាបំរើយុទ្ធសាស្ត្របក្សកាន់អំណាចតែអ្នកវិភាគមិនយល់ស្របនោះទេ

លោក ម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាក្រុមលោក កឹម សុខា បានចេញមុខវាយបកក្រុមណាដែលចោទថា លោកកឹម សុខា ជាអ្នកនយោបាយយកសុខតែម្នាក់ឯង ហើយថា​ការជាប់គុករបស់លោកកឹម សុខាគឺគ្មានន័យ។  លោកថាក្រុមនេះជាក្រុមរបស់លោកសម រង្ស៊ី ដែលបំរើយុទ្ធសាស្ត្រគណបក្សប្រជាជនកម្ពុជា។ តែអ្នកវិភាគយល់ថា ក្រុមលោកសម រង្ស៊ី និងលោក សម រង្ស៊ីដូចជាពុំមានចេតនាបំរើបក្សកាន់អំណាចនោះទេ ។

នាងខ្ញុំ នឿន ស្រីណុច ជូនសេចក្ដីរាយការណ៍៖

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ៅ ​មុនីវណ្ណ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិនិងជាអ្នកគាំទ្រ លោក កឹម សុខា បានចេញមកប្រតិកម្មទៅកាន់ អ្នកគាំទ្រ លោក សម រង្ស៊ី កំពុងវាយប្រហារលើលោក កឹម សុខាថាជាអ្នកបម្រើ និងអនុវត្តន៍នូវយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា។

យោងតាមហ្វេសប៊ុកផ្លូវការ លោកម៉ៅ មុនីវណ្ណ បានសរសេរដោយវាយប្រហារលើក្រុមលោក សម រង្ស៊ីថានៅពេលលោក កឹម សុខា ជាប់ពន្ធនាគារនៅត្រពាំងផ្លុង ត្រូវបានក្រុមអ្នកគាំទ្រ លោក សម រង្ស៊ី ចោទថាស៊ីឈ្នួលជាប់គុគ ។ ​ពេលមកឃុំក្នុងផ្ទះ ចោទគាត់ថាសម្ងំយកសុខតែឯងហើយ ដល់ពេលចេញដំណើរទៅក្រៅផ្ទះ ត្រូវបានមួលបង្កាច់ថាក្បត់។

លោក ម៉ៅ មុនីវណ្ណ បានលើកឡើថា ការចោទថាពាក្យ «ក្បត់» នេះ គឺធ្លាប់តែប្រើដោយគណបក្សប្រជាជនកម្ពុជា ឥឡូវនេះត្រូវបានក្រុមអ្នកគាំទ្រ លោក សម រង្ស៊ី យកមកប្រើដែរ ជាហេតុនាំឱ្យលោកសន្និដ្ឋានថា ក្រុមអ្នកគាំទ្រ លោក សម រង្ស៊ី អនុវត្តន៍តាមយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា។

លោក ម៉ៅ​ មុនីវណ្ណក៏បានបញ្ជាក់ដូច្នេះទៀតថា «យើងទាំងអស់គ្នាដឹងហើយថា គណបក្សប្រជាជនចោទលោក កឹម សុខាថាក្បត់ជាតិ ចំណែកក្រុម លោកសម រង្ស៊ី ក៏ចោទលោក កឹម សុខា ថាក្បត់។ ដូច្នេះក្រុម លោកសម រង្ស៊ីជាអ្នកបម្រើ និងអនុវត្តន៍យុទ្ធសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា គឺមានន័យថាគណបក្សប្រជាជនកម្ពុជានិងលោក សម រង្ស៊ី គឺតែមួយ»។

លោកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ឯម សុវណ្ណារ៉ា យល់ឃើញថា នេះគ្រាន់តែជាការលើកឡើងមួយជ្រុងរបស់លោក ម៉ៅ មុនីវណ្ណ ប៉ុន្តែធាតុពិតនៅរង់ចាំមើលបន្តទៀត ។ លោកបានបន្តថា ស្លាបលោក កឹម សុខា និងលោក សម រង្ស៊ី ពុំទាន់ឈានទៅកាន់ការបង្កើតបក្សថ្មីៗរៀងៗខ្លួននោះទេ ។

ជាមួយគ្នានេះផងដែរ លោក ឯម សុវណ្ណារ៉ា មិនយល់ស្របនឹងមតិលោក ម៉ៅ មុនីវណ្ណថា លោក សម​ រង្ស៊ី និងក្រុមរបស់លោក​ សម​ រង្ស៊ីបម្រើយុទ្ធសាស្ត្ររបស់គណបក្សប្រជាជននោះទេ ពីព្រោះលោក សម​ រង្ស៊ី នឹងលោកនាយករដ្ឋមន្ត្រីគ្មានចំណុចណាថា អ្នកទាំងពីរធ្វើនយោបាយដើម្បីបោកបញ្ឆោតថ្នាក់ក្រោមទេ គឺគណបក្សប្រជាជន នឹងក្រុមលោក សម​ រង្ស៊ី មិនអាចត្រូវគ្នា ហើយពុំមានអ្នកណាបម្រើឲ្យនយោបាយអ្នកណានោះទេ ។ លោកបន្តទៀតថា បើក្រុមលោក សម រង្ស៊ី បម្រើឲ្យគណបក្សប្រជាជន គឺមិនចាំបាច់ធ្លាក់ក្នុងស្ថានភាពបែបនេះទេ តែលោកថាត្រូវរង់ចាំមើលស្ថានភាពទៅមុខបន្តទៀត ។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បើកលំហរសេរីភាពអនុញ្ញាតឱ្យលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទពីការប្រព្រឹត្តអំពើ «ក្បត់ជាតិ» នោះធ្វើដំណើរទៅកាន់កន្លែងនានាក្នុងប្រទេសកម្ពុជា តែមិនត្រូវធ្វើសកម្មភាពនយោបាយនោះឡើយ។

កាលដែលអនុញ្ញាតឱ្យធ្វើដំណើរពាសពេញផ្ទៃប្រទេសនោះ បាននឹងកំពុងក្លាយទៅជាការជជែក និងជម្លោះពាក្យសម្តីយ៉ាងស្រួចស្រាវរវាងអ្នកគាំទ្រលោក កឹម សុខា និងអ្នកគាំទ្រ លោក សម រង្ស៊ី។

 កាលពីពេលថ្មីៗនេះ លោក កឹមសុខា បានធ្វើដំណើរទៅកាន់ទីកន្លែងនានានៅក្នុងប្រទេសកម្ពុជា ជាពិសេសបានទៅកាន់តំបន់ទេសចរណ៍គោលដៅ ក្នុងខេត្តសៀមរាប ធ្វើឱ្យទម្លុះបេះដូងអ្នកគាំទ្រ លោក សម រង្ស៊ី បានចេញមកបង្ហាញប្រតិកម្ម និងប្រើពាក្យពេចន៍ប្រមាថយ៉ាងចាស់ដៃលើលោក កឹម សុខា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ក្រុមអ្នកគាំទ្រលោក សម រង្ស៉ី ចោទលោក កឹម សុខា ត្រូវដងត្រូវផ្លែ ឬចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីប្តូរយកសេរីភាព ឬសេចក្តីសុខផ្ទាល់ខ្លួន ។ ពេលខ្លះពួកគេប្រើពាក្យធ្ងន់ៗថា លោក កឹម សុខា លក់ឆន្ទៈ លក់ឧត្តមគតិ ឱ្យគណបក្សប្រជាជនកម្ពុជាដើម៕

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ព្រះមហាក្សត្រសាទរប្រធានាធិបតីថ្មី​អាមេរិកខណៈរាជរដ្ឋាភិបាលសង្ឃឹមថាចំណងទាក់ទងទ្វេភាគីនឹងប្រសើរឡើងវិញ

    ព្រះមហាក្សត្រកម្ពុជា ដែលជាព្រះប[...]

អតីតនាយករដ្ឋមន្ត្រីទី១នៃឆ្នាំ១៩៩៣នឹងធ្វើសកម្មភាពនយោបាយឡើងវិញ

តាមច្បាប់បោះឆ្នោត  ប្រទេសកម្ពុជា នឹងបោះឆ្នោត [...]

លោកស្រី មូរ សុខហួរ នៅតែបន្តស្វះស្វែងរកមធ្យោបាយវិលចូលមកកាន់កម្ពុជាវិញដើម្បីមកតតាំងក្ដីនៅតុលាការ

អនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅតែបន្តស្វ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x