ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក នេត សាវឿន បញ្ជាក់ជំហររបស់ខ្លួនថា នឹងប្ដេជ្ញាលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅតាមទីតាំងសប្បាយដ្ឋាន និងក្លឹបកម្សាន្ដនានា ឱ្យបានមានប្រសិទ្ធភាពក្នុងឆ្នាំ២០២៥នេះ។ ការប្រកាសជំហរនេះធ្វើឡើងក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
ថ្លែងក្នុងពិធីនេះ លោកណែនាំឱ្យកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងពាក់ព័ន្ធនឹងការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនដោយមិនត្រូវខ្លាចថា ម្ចាស់ទីតាំងមានខ្នងធំនៅពីក្រោយនោះទេ។
ជាមួយគ្នានេះ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានក្រើនរំលឹកទៅដល់គណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល ត្រូវសហការជាប់ជាប្រចាំ ជាមួយរដ្ឋបាលរាជធានី-ខេត្ត ក្នុងការចុះត្រួតពិនិត្យរដ្ឋបាល អប់រំ និងធ្វើកិច្ចសន្យា ជាមួយម្ចាស់អាជីវកម្មទីតាំងនានា ដើម្បីលុបបំបាត់ការជួញដូរប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងរបស់ខ្លួន។
ចំពោះវិធានការអនុវត្តច្បាប់វិញ លោក នេត សាវឿន ណែនាំគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន ត្រូវសហការជាមួយរដ្ឋបាលខេត្តជាប់ព្រំដែន យកចិត្តទុកដាក់ការនាំចូលគ្រឿងញៀនពីក្រៅប្រទេស តាមគោក អាកាស ទឹក និងបញ្ញើតាមប្រៃសណីយ៍។ ជាពិសេសនោះ គឺតាមផ្លូវគោកជាប់ប្រទេសជិតខាង និងត្រូវពង្រឹងកិច្ចសហការជាមួយខេត្តជាប់ព្រំដែន ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន បង្ការ ទប់ស្កាត់ ទាន់ពេល។ ក្រៅពីការអនុវត្តច្បាប់ លោក នេត សាវឿន ក៏ណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ មិនត្រូវភ្លេចវិធានការផ្សព្វផ្សាយអប់រំនៅតាមមូលដ្ឋាន អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនផងដែរ៕