ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឱ្យដឹងថាស្ពានជ្រោយចង្វានឹងចាប់ផ្តើមដំណើរការជួសជុលទ្បើងវិញ នៅអំទ្បុងខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ។ ការលើកទ្បើងនេះ ធ្វើទ្បើងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៦ និងទិសដៅការងារឆ្នាំ ២០១៧ ព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៦ នេះ។
ខណៈស្ពានជ្រោយចង្វាដែលមានសភាពកាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃហើយនោះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចជួសជុលនៅក្នុងខែ មករា ខាងមុខនេះ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការជួសជុលស្ពាននេះ នឹងចំណាយរយៈពេល ២២ ខែ ហើយត្រូវផ្អាកឱ្យដំណើរជាបណ្តោះអាសន្នសិន ដោយអ្នកធ្វើដំណើរឆ្លងកាត់ត្រូវជំនួសដោយសាទ្បាងវិញ ដើម្បីបង្ការការកកស្ទះចរាចរណ៍នៅលើស្ពាន។ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ការដាក់សាទ្បាងឱ្យពលរដ្ឋធ្វើដំណើរនេះ គឺមិនត្រូវយកថវិកាពីប្រជាពលរដ្ឋទ្បើយ។
សូមជម្រាបថា ស្ពានជ្រោយចង្វាដែលត្រៀមនឹងជួសជុលនេះ ធ្វើទ្បើងតាំងពីសម័យសង្គមរាស្ត្រនិយម ។ ស្ពានដ៏មានសារសំខាន់នេះ ត្រូវបានដាក់គ្រាប់បែកកំទេចដាច់មួយកំណាត់ ដោយទ័ពព្រៃខ្មែរក្រហម កាលពីសង្គ្រាមស៊ីវិល កាលពីទសវត្សឆ្នា ១៩៧០ ។ ប៉ុន្តែត្រូវបានតភ្ជាប់វិញនៅទសវត្ស ១៩៩០ ដោយម្ចាស់ជំនួយចាស់របស់ស្ពាននេះគឺប្រទេស ជប៉ុន៕