ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានឱ្យដឹងតាមរយៈគេហទំព័ររបស់ក្រសួងសាធារ ណការ និងដឹកជញ្ជូន ដែលបានចុះផ្សាយកាលពីថ្ងៃទី ៣១ ខែធ្នូ ម្សិលមិញថា សម្រាប់ឆ្នាំ ២០១៧ នេះ លោកប្តេជ្ញាចិត្តក្នុងការបំពេញការងារឲ្យកាន់តែសកម្ម ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីអនាគតប្រទេសជាតិជាទីស្រឡាញ់។
លោក ស៊ុន ចាន់ថុល ឆ្លៀតឱកាស ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការគាំទ្រ លើកទឹកចិត្ត ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកគូសបញ្ជាក់ទៀតថា ការរីកចម្រើននូវហេដ្ឋរចនាសម្ព័ន្ធផ្សេងៗរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ពិតជាមិនអាចសម្រេចបាននូវសមិទ្ធិផលដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេលដ៏ខ្លីដោយគ្មានការយកចិត្តទុកដាក់ពីសំណាក់ប្រជាពលរដ្ឋបានឡើយ។
សូមជម្រាបដែរថា នាពេលថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៦ និងទិសដៅការងារឆ្នាំ ២០១៧ ដោយលោកស៊ុន ចាន់ថុល បានឱ្យស្នើអង្គសន្និបាត ពិសេសតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ អគ្គនាយកដ្ឋាន នាយក ដ្ឋានជំនាញត្រូវចាត់វិធានការចំបាច់ដែលត្រូវកែលម្អ និងអនុវត្តនៅឆ្នាំ ២០១៧ មួយចំនួនដូចជា ការផ្តល់សេវាសាធារណៈប្រកប ដោយប្រសិទ្ធិភាព និងតម្លាភាព លើការងារគ្រប់គ្រង និងត្រួតពិនិត្យយានយន្ត។ បន្តការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ការកែទម្រង់ និងបន្តជំរុញកសាង និងអភិវឌ្ឍបណ្តាញផ្លូវជាតិ និងផ្លូវខេត្តជាដើម។
ជាការកត់សម្គាល់ ចាប់តាំងពីរដ្ឋមន្ត្រីថ្មីលោក ស៊ុន ចាន់ថុល ចូលកាន់តំណែងក្នុងក្រសួងសាធារណការ និងដឹកជញ្ជូនមក គេសង្កេតឃើញថា ផ្លូវមួយចំនួនដែលសង់មិនគោរពតាមបទដ្ឋានបច្ចេកទេស ត្រូវបានលោកបញ្ជាឱ្យរុះរើវាយកម្ទេចចោល ហើយសាងសង់។ មួយទៀតដែរ គឺកាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ បានផ្តល់ម៉ូតូកង់បីចំនួន ៦៥ គ្រឿង និងឧបករណ៍មួយចំនួនដល់មន្ត្រីមន្ទីរសាធារណការ ដើម្បីធ្វើសកម្មភាពជួសជុលផ្លូវគ្រឡុក ឬសំបុកមាន់ កុំរងចាំតែថ្នាក់លើបញ្ជា ឬពលរដ្ឋរិះគន់ ពោលគឺត្រូវត្រួតពិនិត្យជាប្រចាំ៕