ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក សុន ឆ័យ បានលើកទ្បើងថា ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី នឹងត្រូវវិលចូលប្រទេសវិញ នៅពេលសមសមស្រប និងមានសុវត្ថិភាព។ ប៉ុន្តែលោកមិនទាន់អាចកំណត់បានពេលណានោះទេ ដោយសារតែរង់ចាំការពិភាក្សាពីសមាជិកគណបក្សរបស់ខ្លួនជាមុនសិន។ ការថ្លែងបែបនេះ ធ្វើទ្បើងនៅក្នុងសន្និសីទសារព័ត៌មាននាស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៦ នេះ។ អ្នកវិភាគយល់ថា លោក សម រង្ស៊ី ត្រូវមកដោយមានការធានាសុវត្ថិភាព ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេសអស់រយៈពេលជាច្រើនខែមកហើយ។ ការនិរទេសខ្លួនដោយខ្លួនលោកផ្ទាល់បន្ទាប់ពីសាលាឧទ្ធរណ៏ចេញដីការចាប់ខ្លួនលោក តាមបណ្ដឹងរបស់ លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសប្ដឹងពាក់ព័ន្ធនឹងសំណុំរឿងបរិហារកេរ្តិ៍។
ពាក់ព័ន្ធនឹងអវត្តមានរបស់លោកសម រង្ស៊ីនៅក្នុងប្រទេស មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា គណបក្សសង្គ្រោះជាតិ មិនទាន់អាចប្រាប់ពេលវេលាជាក់លាក់ថា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ីនឹងវិលត្រទ្បប់ចូលស្រុកនៅពេលណានៅទ្បើយទេ។
លោក សុន ឆ័យ បានបញ្ជាក់ថា ការវិលត្រទ្បប់របស់លោក សម រង្ស៊ី នៅពេលនេះមិនមែនជាពេលវេលាសមស្របនោះទេ ហើយក៏មិនចំណេញដល់ជាតិ និង ចំណេញដល់គណបក្សសង្គ្រោះជាតិនោះដែរ។ លោកបន្តថា សមាជិកគណបក្សសង្គ្រោះជាតិ នឹងពិភាក្សារកពេលវេលាសមស្របណាមួយ ដើម្បីអាចឱ្យលោក សម រង្ស៊ី វិលត្រទ្បប់ចូលមកក្នុងស្រុកវិញ។
«យើងថានៅពេលសមស្របណាមួយ សូមបញ្ជាក់ផងដែរថាខ្ញុំមិនទាន់សម្រេចយ៉ាងណា យើងមិនទាន់បានជជែកគ្នាដែរចាំមើលយើងជជែកគ្នាមើលថាតើគួរឱ្យគាត់មកមុនបោះឆ្នោតឃុំ-សង្កាត់ឬក៏យ៉ាងម៉េចខ្ញុំនឹងជំរាបជូនជាក្រោយ..»។
លោកសមរង្ស៊ីបាននិរទេសខ្លួនទៅក្រៅប្រទេសជិត ០៥ ខែមកហើយ ។ ក្រៅពីសំនុំរឿងរបស់លោក ហោ ណាំហុង ប្រធានគណបក្សប្រឆាំងធំជាងគេនេះ ក៏ជាប់បណ្ដឹងនៅតុលាការចំនួនបួនទៀត ។
ជុំវិញបញ្ហានេះដែរ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីថាវត្តមានរបស់លោក សម រង្ស៊ី បន្តនៅក្រៅប្រទេសគឺជារឿងល្អប្រសើរ។
លោក សូ ចន្ថា បន្តថា រឿងល្អប្រសើរនោះពីព្រោះថានៅពេលនេះ លោក សម រង្ស៊ី កំពុងប្រឈមមុខនឹងបណ្តឹងជាច្រើនពីរដ្ឋាភិបាល ហើយប្រសិនបើលោកវិលត្រទ្បប់ចូលស្រុកវិញនៅពេលនេះ លោកអាចនឹងប្រឈមមុខជាប់នៅក្នុងពន្ធនាគារជាមិនខាន។
លោកថា យន្តការល្អប្រសើរនោះ លោក សម រង្ស៊ី មានតែបន្តស្នាក់នៅបរទេសមួយរយៈពេលសិនដើម្បីរកយន្តការណាមួយក្នុងការដោះស្រាយរឿងនេះ តាមរយៈការទូតជាមួយដៃគូរអន្តរជាតិ ហើយពេលត្រឡប់មកវិញគឺត្រូវមានសុវត្ថិភាព។
«ខ្ញុំគិតថានៅក្នុងកាលៈទេសៈឯកឧត្តម សម រង្ស៊ី ដែលបន្តនៅក្រៅប្រទេសហាក់ដូចជាមានភាពល្អច្រើនជាងបើយើងធ្វើការសិក្សាពីបញ្ហាប្រឈមទៅ ពីព្រោះថាគណបក្សសង្គ្រោះជាតិរឹងមាំអាស្រ័យដោយថ្នាក់ដឹកនាំពីររូប មានលោក សម រង្ស៊ី និងលោក កឹម សុខា ប្រសិនបើលោកសម រង្ស៊ីនៅក្រៅលោកអាចធ្វើកិច្ចការនៅក្រៅប្រទេស កិច្ចជាមួយនឹងប្រទេសនានា ឬក៏ដែលយើងហៅថាកិច្ចការការទូតហ្នឹង..»។
ចំណែកឯ ប្រធានក្រុមផ្នែកស៊ើបអង្កេតបញ្ហាសិទ្ធិមនុស្សរបស់អង្គការលីកាដូ លោក អំ សំអាត ក៏យល់ឃើញថាកាលៈទេសៈពេលនេះ លោក សម រង្ស៊ី មិនគួរត្រទ្បប់ចូលមកស្រុកវិញនោះទេ ព្រោះលោកអាចប្រឈមនឹងការជាប់ពន្ធនាគារដូចលោក អ៊ុំ សំអាន ជាដើម។
ប៉ុន្តែលោក អំ សំអាត បានបន្តទៀតថា លោក សម រង្ស៊ី មិនត្រូវឈរលើគោលការណ៍មិនច្បាស់លាស់ ថាគាត់វិលត្រទ្បប់នៅពេលណានោះទេ មានន័យថាមិនគួរពន្យាពេលរស់នៅក្រៅប្រទេសយូរពេកទេ ព្រោះថាការពន្យាពេលរស់នៅខាងក្រៅយូរពេកនោះ អាចធ្វើឱ្យអ្នកដែលធ្លាប់គាំទ្រទាំងនោះបាត់បង់ជំនឿចិត្តមួយចំនួនទៅលើរូបគាត់។
«ខ្ញុំគិតថាអានេះ វាជាស្ថានភាពនយោបាយមួយ ដែលតំរូវឱ្យគាត់នៅក្រៅប្រទេស ប៉ុន្តែគ្រាន់ថាបើសិនជាគាត់ចូលមកក្នុងប្រទេស… អាហ្នឹងវាប្រឈមមុខនឹងបញ្ហាច្រើនសម្រាប់គាត់ ។ … គាត់អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ហើយនិងបញ្ហាប្រឈមមុខនឹងបញ្ហាផ្សេងៗទៀត ហើយបើគាត់នៅខាងក្រៅហើយរង់ចាំរយៈពេលសមស្របណាមួយ ចាំចូលអាហ្នឹងវាក៏ម្យ៉ាងដែរដូចមុនការបោះឆ្នោតឆ្នាំ ២០១៣ »។
លោក សុន ឆ័យ បានអះអាងថាគណបក្សសង្គ្រោះជាតិ នៅតែបន្តរក្សាវប្បធម៌សន្ទនាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើយ៉ាងរកដំណោះស្រាយករណីដែលបានកើតទ្បើងនៅក្នុងប្រទេសជាតិ ជាពិសេសបញ្ហាជាតិធំៗ។ លោក សុន ឆ័យ ថា មានតែវប្បធម៌សន្ទនានោះទេ ដែលអាចដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតទ្បើងនៅក្នុងប្រទេសនាពេលកន្លងមក ក៏ដូចជានៅពេលបច្ចុប្បន្ន ហើយគណបក្សសង្គ្រោះជាតិ និងជួបពិភាក្សាជាមួយគណបក្សប្រជាជនកម្ពុជាផងដែរជុំវិញការចាប់ខ្លួនលោក អ៊ុំ សំអាន ៕