ភ្នំពេញ៖ ខណៈមានការរិះគន់ខ្លាំងៗពីមេដឹកនាំសហជិពកម្មករ មួយចំនួនក្នុងនោះមានទាំងក្រសួងការងារផងដែរ ដោយសារ លោកថា សហភាពអឺរ៉ុប មានលទ្ធភាពបិទការនាំចូល សម្លៀកបំពាក់ ពីកម្ពុជា ជាថ្មីម្ដងទៀតនេះ លោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំង កំពុងគេចខ្លួន ពីសាលដីការតុលាការ លោកបានបកស្រាយថែមទៀត ទាក់នឹងជំហររបស់លោក។ ប៉ុន្តែក្នុងការបកស្រាយ ចំនុចសំខាន់ៗជាច្រើនមេបក្សប្រឆាំងរូបនេះ បានទទូចឱ្យបក្សកាន់អំណាច កែទំរង់ការដឹកនាំឡើងវិញបើពុំនោះទេសហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច។

លោក សម រង្ស៊ី ប្រធានបក្សសង្រ្គោះជាតិ
តែសម្រាប់អ្នកនាំពាក្យ គណបក្សកាន់អំណាច មានប្រសាសន៍វាយប្រហារមេដឹកនាំបក្សប្រឆាំងនេះថា ដើរឃោសនាបំផ្លាញជាតិទៅវិញ។ លោក លៀ ស៊ីណា មានសេចក្ដីរាយការណ៍បន្ថែម៖
ក្រោយពីមានការថ្កោលទោសពីតំណាងសហជីពមួយចំនួននិងពី ក្រសួងការងារ លោក សម រង្ស៊ី បានបកស្រាយ លើទំព័រហ្វេសប៊ុក របស់លោកជាថ្មីទៀតថា គោលបំណងរបស់លោក គឺមានតែមួយជំរុញឲ្យមេដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ ចេះកែខ្លួន ដើម្បីឲ្យកម្មករមានការងារកាន់តែច្រើន និងបានឡើងប្រាក់ខែកាន់តែប្រសើរ ហើយចំណែកថៅកែរោងចក្រ ត្រូវបញ្ឈប់ការគាបសង្កត់ កម្មករ។
ប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជារូបនេះបានដាក់ចេញអនុសាសន៍ដូចនេះថា៖
ជម្រើសទី១ ៖ មេដឹកនាំប្រទេសសព្វថ្ងៃ ចេះកែខ្លួន គឺឈប់គាបសង្កត់ប្រជាពលរដ្ឋ ឈប់រំលោភសិទ្ធិមនុស្ស ហើយបែរមកគោរព
លទ្ធិប្រជាធិបតេយ្យ គឺមានន័យថា៖
- ប្រជាពលរដ្ឋទទួលបានសេរីភាព ហើយរបបផ្តាច់ការត្រូវបានបញ្ចប់
- ប្រទេសកម្ពុជាទទួលបានជំនួយអន្តរជាតិកាន់តែច្រើន និងទីផ្សារនៅបរទេសកាន់តែធំ
- កិត្តិយសប្រទេសយើង ត្រូវបានស្តារឡើងវិញ ពីព្រោះពេលនោះ យើងនឹងមានមេដឹកនាំថ្លៃថ្នូរជាងពេលនេះ។
ជម្រើសទី២ ៖ មេដឹកនាំប្រទេសសព្វថ្ងៃ មិនព្រមកែខ្លួន គឺនៅតែគាបសង្កត់ប្រជាពលរដ្ឋ នៅតែរំលោភសិទ្ធិមនុស្ស ហើយនៅតែជាន់ឈ្លី
លទ្ធិប្រជាធិបតេយ្យគឺមានន័យថា៖
- ប្រជាពលរដ្ឋនៅតែគ្មានសេរីភាព ហើយរបបផ្តាច់ការនៅតែបន្ត
- ជំនួយអន្តរជាតិអាចត្រូវគេកាត់ផ្តាច់ឬកាត់បន្ថយ ហើយទីផ្សារនៅបរទេសអាចត្រូវគេបិទ
- កិត្តិយសប្រទេសយើង នៅតែអាប់ឱន ដោយសារមេដឹកនាំប្រទេសប្រព្រឹត្តអំពើថោកទាប ដូចសព្វថ្ងៃ។
បើមានការផ្តាច់ឬការកាត់បន្ថយជំនួយអន្តរជាតិ ឬក៏ការបិទទីផ្សារណាមួយនៅបរទេស គឺអ្នកដឹកនាំប្រទេសយើងសព្វថ្ងៃទេ ដែលជាអ្នកទទួលខុសត្រូវ ពីព្រោះពួកគេមិនព្រមកែខ្លួន តាមជម្រើសទី១។
តែបែបនេះក្ដី តំណាងសហជីព និងក្រសួងការងារ បានចេញសេចក្ដីថ្លែងការណ៍ផ្សេងៗគ្នាតែ មានអត្ថន័យប្រហាក់ប្រហែលគ្នាហើយ ក្នុងនោះលោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ហៅកាត់ថា «CCW» ក៏ដូចជាលោក ពុធ សុវណ្ណ ប្រធានសហព័ន្ធសហជីពដើម្បីកម្មករ ហៅកាត់ថា «TUFW» បានបង្ហាញការសោកស្ដាយយ៉ាងខ្លាំងចំពោះលោក សម រង្ស៊ី។ ចំណែកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្តែងនូវការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ លោក សម រង្ស៊ីដែល អំពាវនាវដល់សហគមន៍អឺរ៉ុបឱ្យបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីប្រទេសកម្ពុជា។
បន្ថែមលើនេះទៀត លោក សុខ ឥសាន្ត អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានរិះគន់លោក សម រង្ស៊ី ថា ជាមេដឹកនាំ មិនគិតពីផលប្រយោជន៍ជាតិ ជាធំ គឺធ្វើឡើងដើម្បីបំពេញមហិច្ឆតារបស់ខ្លួន។ លោកបន្ថែមថាអ្វីដែលលោកសុំឱ្យមេដឹកនាំកែខ្លួន ឡើងវិញ គឺមិនអាច
ទៅរួចទេ ព្រោះកម្ពុជាពុំមានចំនុចអាក្រក់ រំលោភសិទ្ធិមនុស្ស ឡើយ។តែបែបនេះក្ដី លោក សុខឥសាន្ត បញ្ជាក់ថា បើមានការបិទការនាំសម្លៀក ពីកម្ពុជា ចូលសហភាពអឺរ៉ុប នោះគឺលោក សម រង្ស៊ី ក៏ចូលរួមចំណែក ទទួលខុសត្រូវនិងរឿងនេះដែរ។ ប៉ុន្តែលោក ហាក់ទទួលស្គាល់ថា បើមានការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប មែននោះ គឺជាផលលំបាកមួយសម្រាប់ប្រជាជនកម្ពុជា។
លោក សុខ ឥសាន្ដ៖«នេះជាចរិកលក្ខណៈដ៏ឃោឃៅព្រៃផ្សៃរបស់មេបក្សប្រឆាំងនៅកម្ពុជានេះ ទោះបីមានការប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់កម្មករនិយោជិតរាបសែនរាប់លាននាក់ក៏ដោយ ក៏គាត់មិនគិតដែរគាត់តែពីមហិចតាតំណែងនាយករដ្ឋមន្ដ្រីហ្នឹងឯង»។
ក្រុមអ្នកវិភាគ ពិនិត្យឃើញថា កម្ពុជា កំពុងដើរលើផ្លូវមួយដែលប្រឈមមុខនឹងហានិភ័យ ព្រោះតែការគោរពសិទ្ធិមនុស្សធ្លាក់ចុះ។ ការធ្លាក់ការគោរពសិទ្ធិមនុស្ស នឹងនាំឱ្យមានការព្រួយបារម្ភពី ការដឹកនាំប្រទេសដែលមិនអនុលោមតាម គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
លោក សូ ចន្ថា សាស្ត្រាចារ្យ វិទ្យាសាស្ត្រនយោបាយ ដែលមើលឃើញពីហានីភ័យ បើសហភាពអឺរ៉ុប មានវិធានការ ដាក់ទណ្ឌកម្ម សេដ្ឋកិច្ចមែននោះ គឺ កម្ពុជា ពិតជាជួបផលលំបាក ហើយប្រជាជននឹងឈឺចាប់។ ករណីនេះ លោក ទទូចឱ្យមេដឹកនាំកម្ពុជា ត្រូវបន្ទន់ជំហរ ជាបន្ទាន់។
លោក សូ ចន្ថា ៖«ខ្ញុំគិតថាលក្ខខណ្ឌរបស់សហភាពអ៊ឺរ៉ុបមិនធ្ងន់ធ្ងរអ្វីទេ តែផ្ទុយទៅវិញលក្ខខណ្ឌនោះបានជួយឲ្យកម្ពុជាដើរលើផ្លូវគន្លងប្រជាធិបតេយ្យ ដូច្នេះខ្ញុំគិតថាកម្ពុជា គួរតែពិចារណា ហើយធ្វើការកែទម្រង់ដើម្បីទទួលបានទីផ្សារនឹងជំនួយផ្សេងៗ»។
សូមជម្រាបថា សហភាពអ៊ឺរ៉ុបបានព្រមានកម្ពុជា ជាច្រើនដងមកហើយដែលតម្រូវឲ្យកម្ពុជាកែទម្រង់ និងបញ្ឈប់ការធ្វើទុកបុកម្នេញលើកម្មជនសិទ្ធិមនុស្ស និងក្រុមរបស់គណបក្សប្រឆាំង។ ការព្រមានរបស់សភាសហភាពអ៊ឺរ៉ុបធ្វើឡើងដោយសេចក្ដីសម្រេចជាជាផ្លូវការ។ ថ្មីៗនេះលោក សម រង្ស៊ី ត្រូវបានសភាអ៊ឺរ៉ុបហៅទៅធ្វើការបំភ្លឺនៅចំពោះមុខសមាជិកសភានូវអ្វីដែលមេបក្សប្រឆាំងរូបនេះ លើកឡើងពីអំណាចប្រមូលផ្ដុំ និងការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា។
បន្ថែមលើនេះគេសង្កេតឃើញ សភាសហភាពអ៊ឺរ៉ុបបានចាត់តាំងគណកម្មាការសិទ្ធិមនុស្សមួយក្រុម មកស្វែងរកការពិតផងដែរពីបញ្ហាកំណត់ត្រាសិទ្ធិមនុស្សនៅកម្ពុជា ហើយនៅពេលត្រឡប់ទៅវិញក្រុមប្រតិភូនេះ បានធ្វើរបាយការណ៍រិះគន់កម្ពុជាធ្ងន់ៗអំពីការ រំលោភបំពានសិទ្ធិសេរីភាពរបស់ពលរដ្ឋនៅកម្ពុជា។
តែយ៉ាងណាក៏ដោយរដ្ឋាភិបាលក៏ដូចជាក្រសួងការបរទេស មិនបានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបជាផ្លូវការឬក៏ទទួលស្គាល់ការរិះគន់របស់សភាសហភាពអ៊ឺរ៉ុបម្ដងណានោះទេ ដោយអះអាងថា កម្ពុជាមិនបានបំពានសិទ្ធិមនុស្សអ្វីឡើយ៕