បន្ទាប់ពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា (GMAC) បានចេញលិខិតថ្កោលទោសសកម្មភាពតវ៉ារបស់កម្មករនៅក្រុងបាវិត កាលពីថ្ងៃទី២១ ខែធ្នូ ម្សិលមិញថា ជាសកម្មភាពរបស់កម្មករជ្រុលនិយម ដែលនាំឱ្យមានការបំផ្លាញរោងចក្រ ញុះញង់ និងគំរាមកំហែងផ្នែកសនិ្តសុខរួចមក។ នៅថ្ងៃទី២២ ខែធ្នូនេះ លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជា បានច្រានចោលលិខិតថ្កោលទោសរបស់ GMAC នេះ ដោយលើកឡើងថា លិខិតនោះធ្វើឡើងខ្វះការស៊ើបអង្កេត និងមានចេតនារុញច្រានឱ្យស្ថានការណ៍កាន់តែឡើងកម្ដៅ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានចេញលិខិតថ្កោលទោសចំពោះកម្មករ ដែលបានទាមទារដំឡើងប្រាក់ឈ្នួល រហូតរុញច្រានស្ថានការណ៍ឈានដល់ការប្រើអំពើហិង្សា ការវាយបំផ្លាញរោងចក្រ និងញុះញង់ដល់កម្មករដទៃទៀត ថាជាក្រុមជ្រុលនិយម។
លិខិតថ្កោលទោសរបស់GMAC ដដែល ក៏បានសង្កត់ធ្ងន់ថា សកម្មភាពកូដកម្មរបស់កម្មករបែបនេះ គឺជាការគំរាមកំហែងផ្នែកសន្តិសុខ ដល់កម្មករនិយោជិតប្រមាណជាង ៣ ម៉ឺននាក់ ផ្សេងទៀត ដែលកំពុងបំពេញការងារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងតាយសេង នៅក្រុងបាវិត ខេត្តស្វាយរៀងផងដែរ។
ឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍របស់ GMAC នោះ លោក ប៉ាវ ស៊ីណា បានប្រាប់វិទ្យុស្ត្រី FM 102 នៃ WMC នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នេះថា លិខិតថ្កោលទោសរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលបានចោទប្រកាន់មកលើសកម្មភាពតវ៉ារបស់ក្រុមកម្មករ ថាជាក្រុមជ្រុលនិយមនោះ គឺធ្វើឡើងដោយខ្វះការស៊ើបអង្កេតច្បាស់លាស់ និងបង្ហាញនូវចេតនាមិនចង់ ចូលរួមស្វែងរកប្រភពនៃបញ្ហាដើម្បីឈានទៅបញ្ឈប់ភាពតានតឹង។ លោកថាប៉ាវ ស៊ីណា បន្តថា ការចេញលិខិតថ្កោលទោសរបស់ GMAC នៅពេលនេះ ហាក់រុញច្រានស្ថានភាពឱ្យមានការឡើងកម្ដៅបន្ថែមទៅវិញ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ សកម្មភាពតវ៉ាពីសំណាក់ក្រុមកម្មករបានកក្រើកជាថ្មី។ បើតាមលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានប្រាប់សារព័ត៌សារក្នុងស្រុកមួយឱ្យដឹងថា នៅព្រឹកមិញនេះ ក្រុមកម្មករមួយចំនួនបានគប់រោងចក្រ គប់រថយន្តពន្លត់អគ្គិភ័យ ហើយបានវាយនិងគប់សមត្ថកិច្ច ប៉ុន្តែសមត្ថកិច្ចមិនបានតដៃ ឬចាត់វិធានការនោះទេ ដោយស្នើសុំធ្វើយ៉ាងម៉េចសម្រួលឱ្យមានការស្ងប់ស្ងាត់ និងកុំឱ្យមានគប់រោងចក្រ។
រហូតមកដល់ពេលនេះ លោក កឹង ឃន បញ្ជាក់ថា ស្ថានភាពបានស្ងប់ស្ងាត់ទៅវិញអស់ហើយ ប៉ុន្តែសមត្ថកិច្ចមួយចំនួន ដែលដាក់ការពារនៅតំបន់នោះ បានរងរបួសដោយការគប់ដុំថ្ម៕