ភ្នំពេញ៖ ខណៈដែលអាជ្ញារធរក្រុងភ្នំពេញ ដាក់បារាស់បិទផ្លូវជាច្រើនកំណាត់នៅសង្កាត់ចាក់អង្រែលើ លោកគល់ បញ្ញា បានហៅសកម្មភា ពនោះថា ជាទង្វើដែលបំពានទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការធ្វើដំណើរ។ លោក គល់ បញ្ញា បានអធិប្បាយដូចនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា ខុមហ្វ្រែល បានបង្ហាញការយល់ឃើញនៅលើហ្វេសប៊ុករបស់លោកថា ការដែលសមត្ថកិច្ចដាក់បារាស់បិទផ្លូវជាច្រើនកំណាត់ នៅព្រឹកថ្ងៃទី០៥ កញ្ញានេះ ជាការបំពានលើសិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពនៃការធ្វើដំណើររបស់អ្នកតំណាងរាស្ដ្រ និងការចុះឈ្មោះបោះឆ្នោត។ លោក គល់ បញ្ញា សរសេរថា៖ « ជាការបំពាន មិនត្រឹមលើសេរីភាពបញ្ចេញមតិ តែក៏ ថែមរំលោភ សេរីភាពធ្វើដំណើរ និងផលប៉ះពាល់ ការចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី០៥ ខែកញ្ញានេះ ដែល សមត្ថកិច្ចក្រុង ភ្នំពេញបានដាក់រនាំងបិទផ្លូវជាតិលេខ២ ជាច្រើនកំណាត់។ ក្រុមអ្នកតំណាងរាស្ត្រគ្រោងធ្វើដំណើរ ដាក់ញត្តិនៅស្ថានទូតដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
យ៉ាងណាក៏ដោយ អាជ្ញាធរដែលបានបិទផ្លូវ បានប្រាប់អ្នកសារព័ត៌មានថា ធ្វើឡើងតាមការបញ្ជាពីថ្នាក់លើ។ ប៉ុន្ដែមិនបានអះអាងថា មានមូលហេតុអ្វីនៅពីក្រោយនោះទេ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃច័ន្ទ ទី៥ កញ្ញានេះ អាជ្ញាធរក្រុងភ្នំពេញ បានដាក់បារាស់បិទផ្លូវឆ្លងកាត់ខាងមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ និងកំណាត់ផ្លូវជាច្រើនទៀត ខណៈដែលគណបក្សប្រឆាំងធំនេះ ដាក់ញត្តិទៅកាន់ស្ថានទូតមួយចំនួននៅរាជធានីភ្នំពេញ ដើម្បី សុំឲ្យស្ថានទូតទាំងនោះ អន្តរាគមន៍ ពិនិត្យ មើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីសឡើងវិញ៕