លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញឿន មានប្រសាសន៍ថា កត្តា ដែលនាំឲ្យមានករណីជួញដូរគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាចេះតែមានការកើនឡើង ព្រោះតែកម្ពុជានៅខ្វះចន្លោះប្រហោង ជាពិសេសមិនបានចែងពីទោសប្រហារជីវិតចំពោះអ្នកផលិត និងចែកចាយគ្រឿងញៀន។ ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ នៅក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី០១ខែកុម្ភៈនេះ ។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បន្តថា មូលហេតុចំបងៗដែលនាំឲ្យមានបទល្មើសជួញដូរគ្រឿងញៀនចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះតែច្បាប់ក្នុងប្រទេសកម្ពុជា មិនបានចែងពីទោសប្រហារជីវិតដល់អ្នកផលិត អ្នកចែកចាយ និងអ្នករកស៊ីគ្រឿងញៀន។ លោកថា ភាពខ្វះចន្លោះនៃការរឹតបន្តឹងច្បាប់បែបនេះ នាំឲ្យអ្នករកស៊ីជួញដូរគ្រឿងញៀនមិនខ្លាចរអែង ស្របពេលដែលប្រទេសមួយចំនួនបានអនុវត្តទោសប្រហារជីវិត ចំពោះអ្នកជួញដូរគ្រឿងញៀនជាយូរណាស់មកហើយ។
ចំណែកឯកត្តាហូរចូលនៃចរាចរគ្រឿងញៀន ពីតំបន់ត្រីកោណមាសជាប់ព្រំប្រទល់ប្រទេសឡាវ ថៃ ភូមា ក៏ជាកត្តានាំឲ្យមានកំណើនបទល្មើសគ្រឿងញៀនផងដែរ។ នេះបើតាលោក កែ គឹមយ៉ាន ។ លើសពីនេះទៀតលោកថា កម្សោយនៃការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនពីសំណាក់អាជ្ញាធរមូលដ្ឋាន និងការផ្សព្វ ផ្សាយពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន ក៏មិនទាន់មានប្រសិទ្ធភាពនៅឡើយ។
សូមបញ្ជាក់ថា នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានបង្ហាញរបាយការណ៍ ការបង្ក្រាបបទល្មើសនៅនៅក្នុងឆ្នាំ ២០១៥ផងដែរ។ ក្នុងរបាយការណ៍នេះ បានបង្ហាញថា សមត្ថកិច្ចបង្ក្រាបការជួញដូរគ្រឿងញៀនបានជាង២ពាន់ករណីនៅក្នុងឆ្នាំ២០១៥ ដែលចំនួននេះ មានការកើនឡើងប្រមាណជាង១៣៦ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៤ ដែលសមត្ថកិច្ចបង្ក្រាបបានចំនួន៩៩៦ករណី។
បើតាមរបាយការណ៍ដដែល ក្នុងចំណោមការបង្ក្រាបជាង២ពាន់ករណីនេះ សមត្ថកិច្ចចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើសជួញដូរបានចំនួន៥ពាន់នាក់ ក្នុងនោះមានជនបរទេស១០០នាក់ រួមមាន១០សញ្ជាតិផ្សេងគ្នា ដែលករណីនេះ មានការកើនឡើងចំនួន១២៥ភាគរយ បើធៀបនឹងឆ្នាំ២០១៤ ដែលចាប់អ្នកជួញដូរបានជាង២ពាន់នាក់៕