ភ្នំពេញ ៖ លោក កឹម សុខា ប្រធានស្តីទៅគណបក្សសង្គ្រោះជាតិ ដែលទើបត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោស នៅរសៀលថ្ងៃទី ១៣ ធ្នូ នេះ បានដឹកនាំថ្នាក់មន្ត្រីបក្សទៅជួបសួរសុខទុក្ខអគ្គលេខាធិការរងនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក នី ចរិយា នៅពន្ធនាគាររាជធានីភ្នំពេញ(PJ)។
ចំណែកលោក សំ សុគង់ មេធាវីការពារក្តីលោក នី ចរិយា ដែលមានវត្តមានក្នុងជំនួបសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិដែលនោះ បានប្រាប់វិទ្យុស្ត្រីតាមខ្សែទូរស័ព្ទថា ក្នុងជំនួបសួរសុខទុក្ខនោះលោក កឹម សុខា និងលោក នី ចរិយា បានជជែកពិភាក្សាគ្នាពីផ្លូវច្បាប់ទាក់ទងនិងរឿងក្តីរបស់លោក នី ចរិយា ។ លោក សំ សុគង់ បន្តថា លោក កឹម សុខា ក៏បានសួរនាំពីសុខទុក្ខ និងបញ្ហាសុខភាពរបស់លោក នី ចរិយា ផងដែរ។ លោកមេធាវីរូបនេះបន្តថា លោក នី ចរិយា បាននិយាយទៅកាន់លោក កឹម សុខា ថា លោកចង់មានសេរីភាពឆាប់ៗ ព្រោះលោកកំពុងមានបញ្ហាសុខភាព និងនឹកក្រុមគ្រួសារប្រពន្ធកូន ព្រមទាំងការងារជាអគ្គលេខាធិការរង គ.ជ.ប។
សូមស្តាប់ប្រសាសន៍លោក សំ សុគង់
មន្ត្រីនៃសមាគមអាដហុកបួនរូបរួមមាន លោក យី សុខសាន លោក ណៃ វ៉ង់ដា លោក នី សុខា និងអ្នកស្រី លឹម មុន្នី ត្រូវបានតុលាការចោទប្រ កាន់ពីបទសូកប៉ាន់សាក្សី ចំណែកលោក នី ចរិយា មន្ត្រី គ.ជ.ប ត្រូវជាប់ចោទពីបទរួមគំនិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងស្នេហាលួចលាក់ដែលគេសង្ស័យថាជាលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាមួយនារីវ័យម្នាក់ជាជាងកាត់សក់ក្នុងហាងមួយនៅរាជធានីភ្នំពេញ៕