ភ្នំពេញ៖ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលសម្ងំជ្រកកោននៅក្នុងស្នាក់ការ គណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ បានចេញមុខថ្លែង ជាសាធារណៈថា «គ្មានជនណា ឬក៏ក្រុមណា វាយបំបាក់ឆន្ទៈពលរដ្ឋបានទេ»។
កាលថ្លែងរបស់លោក កឹម សុខា បានធ្វើឡើងនៅចំពោះមុខអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ជាច្រើនរយនាក់ដែលបានចូលរួមអបអរសាទរខួប៤ឆ្នាំ នៃការបង្កើតគណបក្សសង្គ្រោះជាតិ។
នៅក្នុងឱកាសនោះ លោក កឹម សុខា បានថ្លែងថាគេត្រូវគោរពឆន្ទៈរបស់ពលរដ្ឋ គឺមិនត្រូវ ចាត់ទុកខ្លួនឯងធំជាងពលរដ្ឋនោះទេ។ លោកបញ្ជាក់ថា«គ្មានជនណា វាយបំបាក់ឆន្ទៈពលរដ្ឋបានទេ»។
ជាមួយនឹងការថ្លែងបែបនេះ លោក កឹម សុខា ក៏បានសន្យានាំគណបក្សសង្គ្រោះជាតិ ឆ្ពោះ ទៅរកការបោះឆ្នោតខាងមុខ ដែលលោក សង្ឃឹមថាឆន្ទៈពលរដ្ឋ នឹងធ្វើឱ្យមានការ ផ្លាស់ប្ដូរ។
តែបែបនេះក្ដី លោកអះអាងថា គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ខ្ជាប់ គោលការណ៍មិនឈ្លោះ មិនឆ្លើយ មិនឆ្លង ចំពោះអ្វីដែលលោកថានាំឱ្យមានហិង្សា។
ប៉ុន្តែ អ្វីនាំឱ្យមេដឹកនាំបក្សប្រឆាំងនេះលើកឡើង អំពីឆន្ទៈរបស់ពលរដ្ឋគឺលោក បានលើកឡើង អំពីអារម្មណ៍របស់ពលរដ្ឋមានចំពោះ លោកបណ្ដិត កែម ឡី ដែលបានលាចាកលោក ដោយការបាញ់ប្រហារ កណ្ដាលថ្ងៃ កាលពីថ្ងៃទី១០ កក្កដា ថ្មីៗនេះ នៅរាជធានីភ្នំពេញ៕