loader

លោកអ៊ូ ច័ន្ទរ័ត្នថាការសុំសិទ្ធិធ្វើនយោបាយដើម្បីគណបក្សសង្រ្គោះជាតិ

ភ្នំពេញ៖ លោក អ៊ូ ចាន់រ័ត្ន បានថ្លែងថា លោក និងបក្សពួក៤ រូបទៀត ស្នើសុំសិទ្ធិធ្វើនយោបាយដើម្បីធ្វើសកម្មភាពនយោបាយសម្ដៅពង្រឹង និងប្រមូលផ្ដុំអ្នកដែលគាំទ្រគណបក្សសង្គ្រោះជាតិបន្ត ។ យ៉ាងណា សម្ដេច ហ៊ុន សែន ថា អ្នកដែលសុំសិទ្ធិធ្វើនយោបាយ អាចធ្វើសកម្មភាពនយោបាយបានដោយសេរី តែមិនមែនធ្វើក្នុងអត្តន័យនៃគណបក្សសង្គ្រោះជាតិទេ ។​

រាយការណ៍ដោយ លោក សោម លាភ

 

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ២៥ មីនា ឆ្នាំ ២០១៩ នៅសណ្ឋាគារសាន់វេ លោកអ៊ូ ច័ន្ទរ័ត្នថា ការសុំសិទ្ធិធ្វើសកម្មភាពនយោបាយដើម្បីរកដំណោះស្រាយនយោបាយនៅកម្ពុជា ។

លោកថា សកម្មភាពនយោបាយដែលលោក និងបក្សពួកលោកធ្វើ់គឺដើម្បីដោះស្រាយវិបត្តិនយោបាយនោះ គឺធ្វើដោយសន្តិវិធី និងដោយអហឹង្សា  ពោល គឺចង់ឱ្យមានការផ្សះផ្សារជាតិ ឯកភាពជាតិ តាមរយៈវប្បធម៌សន្ទនា ជាគម្រូល្អដល់កូនចៅជំនាន់ក្រោយ ។

លោកថា ការសុំសិទ្ធិនយោបាយនេះ គឺជាការបន្ទន់ឥរិយាបទ និងជាការបោះដៃដើម្បីឱ្យមានការចរចាគ្នារវាងអ្នកនយោបាយនៅកម្ពុជា ។

កន្លងមក សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់ថ្លែងថា សម្ដេចមិនចរចាជាមួយក្រុមប្រឆាំងនោះទេ ។ យ៉ាងណា លោក សម រង្ស៊ី ក៏ធ្លាប់ថ្លែងដែរថា មិនមែននាយករដ្ឋមន្ត្រីកម្ពុជាចរចាជាមួយគណបក្សសង្គ្រោះជាតិទេ តែត្រូវចរចាជាមួយអន្តរជាតិ ។

យ៉ាងណា លោកអ៊ូ ចាន់រ័ត្នថា ក្រុមលោកទាំង ៥នាក់ គឺសុំសិទ្ធិធ្វើនយោបាយដើម្បីធ្វើនយោបាយបង្រួបបង្រួម និងប្រមូលផ្ដុំអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ។

លោកថា ក្រុមលោក នៅតែប្រកាន់យកគោលការណ៍ និងស្មារតីរបស់គណបក្សសង្គ្រោះជាតិ ពោលគឺ អហិង្សា ខ្មែរតែមួយ មិនយកខ្មែរណាជាសត្រូវ និងជម្រុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន ។

អ្នកនយោបាយរូបនេះបន្ថែមទៀតថា លោកសុំសិទ្ធិធ្វើនយោបាយជាសិទ្ធិរបស់ខ្លួន ហើយមិនមែនជាការលក់ឧត្តមគតិ ដើម្បីលុយ ឬបុណ្យស័ក្តិនោះទេ ។  លោកថា អ្នកដែលថាលោក លក់ឧត្តមគតិ និងក្បត់ជាតិគឺជាការលាបពណ៌យ៉ាងធ្ងន់ធ្ងរ ។

លោកបដិសេធថា លោកមិនក្បត់បក្សនោះទេ ព្រោះលោកបានខិតខំធ្វើនយោបាយ ២០ ទៅ៣០ ឆ្នាំហើយ មិនដែលទទួលបានផលប្រយោជន៍អ្វីទេ ដូចនេះលោកនៅតែមានស្មារតីរួបរួមជាមួយគណបក្សសង្គ្រោះជាតិដដែល ។

នៅក្នុងសេចក្ដីថ្លែងការចុះនៅថ្ងៃទី ២៥ មីនាបញ្ជាក់ថា ក្រុមអ្នកសុំសិទ្ធិធ្វើនយោបាយ មានចំនួន ៦ រូប មានលោកអ៊ូ ចាន់រ័ត្ន លោក ជីវ កត្តា លោក កង គឹម ហាក់ លោកស្រី ទេព សុទ្ធី លោក ស៊ីម សុវណ្ណនី និងលោក ច័ន្ទ សិលា បង្ហាញការស្វាគមន៍ចំពោះអន្តរាគមន៍របស់សហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ។

លោក អ៊ូ ច័ន្ទរ័ត្នបញ្ជាក់តាមរយៈសេចក្ដីថ្លែងការនោះថា ពួកគាត់នៅតែបន្តទាមទារឱ្យមានការដោះលែង និងផ្ដល់នីតិសម្បទាដល់លោក កឹម សុខា ឡើងវិញ ។

យ៉ាងណា ក្រុមនេះ ក៏នឹងទាមទារឱ្យរាជរដ្ឋាភិបាលផ្ដល់តំណែងឱ្យក្រុមប្រឹក្សាឃុំសង្កាត់ឡើងវិញទាំងអស់ដល់អតីតគណបក្សសង្គ្រោះជាតិ  ។

លោកអ៊ូ ច័ន្ទរ័ត្នអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថា ប្រសិនបើក្រុមរបស់លោក ដែលសុំសិទ្ធិធ្វើនយោបាយ ប្រែមកបង្កើតបក្សថ្មី ឬចូលជាមួយគណបក្សណាមួយ នោះគឺជាបរាជ័យដ៏ធំសម្រាប់ពួកគាត់ ។

លោក អ៊ូ ច័ន្ទថា លោក រួមទាំងអ្នកដែលសុំសិទ្ធិធ្វើនយោបាយផ្សេងទៀត សុំសិទ្ធិធ្វើនយោបាយ គឺមិនមានការពិភាក្សាពីលោក កឹម សុខា ឬអ្នកនយោបាយអតីតគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសឡើយ ។

លោកបន្ថែមថា លោក នឹងមិនទាញនរណាឱ្យមកសុំសិទ្ធិធ្វើនយោបាយឡើយ ពោលគឺលោកចង់ឃើញមន្ត្រីអតីតគណបក្សសង្គ្រោះជាតិមានជំហរច្បាស់លាស់ខ្លួនឯង ។

លោកស្រី ទេព សុទ្ធី ថ្លែងថា ការសុំសិទ្ធិធ្វើនយោបាយនេះ ដើម្បីគឺទទួលបានសិទ្ធិនិយាយស្ដី និងធ្វើសកម្មភាពពាក់ព័ន្ធនឹងនយោបាយ ដោយមិនមានការគាបសង្កត់ផ្សេងៗ ។

លោក សម រង្ស៊ី តែងតែថ្លែងទៅមន្ត្រីអតីតគណបក្សសង្គ្រោះជាតិថា មិនត្រូវសុំសិទ្ធិធ្វើនយោបាយនោះទេ ព្រោះសិទ្ធិធ្វើនយោបាយសម្រាប់ប្រជាពលរដ្ឋកម្ពុជាគឺមានគ្រប់ៗគ្នា ដែលផ្ដល់ឱ្យដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិថា បើសុំសិទ្ធិធ្វើនយោបាយ ហាក់ដូចជាទទួលស្គាល់ថា ការរំលាយគណបក្សសង្រ្គោះជាតិ និងការបិទសិទ្ធិធ្វើនយោបាយដល់មន្ត្រីទាំង ១១៨ រូបជារឿងត្រឹមត្រូវ ។

យ៉ាងណាសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅចំពោះមុខនិស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនៅថ្ងៃទី ២៥ មីនានៅវិទ្យាស្ថានជាតិអប់រំថា អ្នកដែលសុំសិទ្ធិធ្វើនយោបាយ អាចធ្វើសកម្មភាពនយោបាយោបានដោយសេរី អាចជួបអ្នកគាំទ្រខ្លួនបាន តែមិនមែនធ្វើក្នុងក្រមខណ្ឌនៃអតីតគណបក្សសង្គ្រោះជាតិនោះទេ ។

នាយករដ្ឋមន្ត្រីកម្ពុជាបន្ថែមទៀតថា ប្រសិនបើអ្នកមិនទាន់បានសុំសិទ្ធិធ្វើនយោបាយនោះទេ ហើយធ្វើសកម្មភាពនយោបាយ នោះសម្ដេចនឹងចាត់វិធានការតាមផ្លូវច្បាប់ ។

ការសុំសិទ្ធិធ្វើនយោបាយពីក្រុមអតីតគណបក្សសង្រ្គោះជាតិ ៥ នាក់ក្រោយនេះ គឺធ្វើឡើងក្រោយពេលដែលសម្ដេច ហ៊ុន សែន ប្រកាសថា ការផ្ដល់សិទ្ធិ ឬការធ្វើសម្បទាសិទ្ធិធ្វើសកម្មភាពនយោបាយ អាចនឹងត្រូវបានបិទវិញនៅមុន ឬក្រោយចូលឆ្នាំខ្មែរ ។ សម្ដេចថា ប្រសិនបើអ្នកដែលជាប់បម្រាមធ្វើសកម្មភាពនយោបាយ នៅតែរឹងរូសចាំឱ្យដោះលែងលោក កឹម សុខាសិន  នោះសម្ដេច នឹងមិនផ្ដល់សិទ្ធិឱ្យឡើយ ។

លោក សម រង្ស៊ី ធ្លាប់ថ្លែងតាមរយៈទំព័រហ្វេសបុកថា  ការទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញពី នាយករដ្ឋមន្ត្រីកម្ពុជា នៅពេលដែលលោក កឹម សុខា មិនទាន់ត្រូវបានដោះលែងនៅឡើយ ហើយគណបក្សសង្គ្រោះជាតិ មិនទាន់បានដំណើរការឡើងវិញ មានន័យថា អ្នកទាំងនោះទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ។

ជាងនេះអ្នកទាំងនោះ គឺគាំទ្រឱ្យបន្តឃុំឃាំងលោក កឹម សុខា ,  មិនឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ, និងគាំទ្រឱ្យបន្តប្រើអំណាចផ្តាច់ការពីមេដឹកនាំកម្ពុជាបច្ចុប្បន្ន ។

ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិតែងតែប្រាប់ទៅមន្ត្រីរបស់ខ្លួនថា ឱ្យចាំបន្តិចទៀតទៅ រាជរដ្ឋាភិបាលនឹងបើកសិទ្ធិនយោបាយឱ្យវិញ បើកឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញតាមរយៈសម្ពាធ និងទណ្ឌកម្មអន្តរជាតិ ។

លោក សម រង្ស៊ី តែងតែបង្ហាញជំហរមិនឱ្យមន្ត្រីអតីតគណបកសង្គ្រោះជាតិស្នើសុំសិទ្ធិធ្វើនយោបាយវិញឡើយ ។

មេធាវីម្នាក់របស់លោក កឹម សុខា គឺលោក ផែង ហេង បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា លោក កឹម សុខា មិនបានហាមឃាត់ ឬព្រមានអ្នកដែលសុំសិទ្ធិ ឬមិនសុំសិទ្ធិធ្វើនយោបាយនោះឡើយ ។

មក​ដល់​ពេល​នេះ ​មាន​អ្នក​នយោបាយ​ចំនួន​៩រូបនៃអតីតគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ  ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ នៅក្នុង​ចំណោម​អ្នក​នយោបាយ​របស់​អតីត​គណបក្សង្រ្គោះ​ជាតិ​ចំនួន​១១៨​រូប ។

អ្នកទាំង ១១៨ រូប ត្រូវបានតុលាការកំពូលសម្រេច​ហាម​ឃាត់សិទ្ធិ​ធ្វើ​សកម្មភាពពាក់ព័ន្ធនឹងនយោបាយ​រយៈពេល ៥ឆ្នាំ ។

យ៉ាងណា ការសើរើធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយត្រូវបានមជ្ឈដ្ឋានសាធារណៈមើលឃើញថា ជាការធ្វើឡើងដើម្បីបំភ័ន្តអន្តរជាតិដែលទាមទារឱ្យកម្ពុជាស្ដារស្ថានភាពនយោបាយតឹងតែងនៅកម្ពុជាតែមួយជ្រុងតូចតែប៉ុណ្ណោះ ។ ជាងនេះអ្នកវិភាគថា វិសោធនកម្មនេះ គឺធ្វើឡើងដោយចរិតនយោបាយបំបែកបំបាក់ផ្ទៃក្នុងរបស់អតីតគណបក្សសង្រ្គោះជាតិថែមទៀតផង ៕

អត្តបទដោយ៖ សោម លាភ

ព័ត៌មានទាក់ទង

ចៅអធិការវត្តបារាយណ៍បន្តដឹកនាំព្រះសង្ឃសាងសង់ផ្លូវលំ

ចៅអធិការវត្តបារាយណ៍បន្តដឹកនាំព្រះសង្ឃសាងសង់ផ្លូវលំ

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩

កំពង់ធំ៖ ព្រះចៅ អធិការវត្តបារាយណ៍កាលពីថ្ងៃទី [...]

មន្រ្តីទេសចរណ៍៖ ក្រុមហ៊ុនទេសចរណ៍រកស៊ីបែបZero Package Tour​ចំនួន៤ធ្លាប់រងការផាកពិន័យ

ភ្នំពេញ៖ យ៉ាងហោចណាស់មានក្រុមហ៊ុនរកស៊ីលក់កញ្ចប[...]

ឧត្តមសេនីយ៍ភូមាច្រើនរូប រងការដាក់ទណ្ឌកម្មពីសំណាក់អាមេរិក ករណីសហគមន៍រ៉ូហ៊ីងយ៉ា

សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី១៦កក្កដា  [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត