យ៉ាំងហ្គោន៖ លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំប្រទេសមីយ៉ាន់ម៉ា បានសម្រេចតែងតាំងអតីតអគ្គលេខា ធិការអង្គការសហប្រជាជាតិលោក កូហ្វី អាណាន់ នៅថ្ងៃពុធ ទី២៤ សីហានេះ ដើម្បីឱ្យលោកដឹកនាំគណៈកម្មាការបញ្ឈប់ការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងរដ្ឋ រ៉ាឃីន ដែលទីនោះមានកើតអំពើហិង្សារវាងពុទ្ធសាសនិក និងពួកមូស្លីមរ៉ូហ៊ីងយ៉ា ហើយលោកស្រីចង់ធ្វើកំណែទម្រង់ប្រជាធិបតេយ្យនៅទីនោះ។
មនុស្សជាង ១០០ នាក់ត្រូវបានគេសម្លាប់នៅក្នុងអំពើហិង្សានៅភាគពាយ័ព្យក្នុងរដ្ឋនេះ កាលពីឆ្នាំ ២០១២ ។ ពួកមូស្លីមរ៉ូហ៊ីងយ៉ាចំនួន ១២៥០០០ នាក់ដែលគ្មានប្រទេសច្បាស់លាស់ បានរត់ទៅជ្រកកោនក្នុងជំរុំ ហើយពួកគេទាំងនោះកន្លងមកត្រូវបានគេដាក់កម្រិតចលនាយ៉ាងខ្លាំង។
មនុស្សរាប់ពាន់នាក់បានរត់ភៀសខ្លួនពីការបៀតបៀន និងភាពក្រីក្រ។ ពួកគេបានភៀសខ្លួនតាមទូកទៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ភាគខាងត្បូង និងទៅប្រទេសជិតខាង។
រដ្ឋាភិបាលភូមាបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យរបស់លោកស្រី ស៊ូជី ថា៖«រដ្ឋាភិបាលមីយ៉ាន់ម៉ាចង់ស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព លើបញ្ហាស្មុគ្រស្មាញនៅក្នុងរដ្ឋរ៉ាឃីន ដែលនេះជាមូលហេតុដែលយើងត្រូវបានបង្កើតគណៈកម្មាការប្រឹក្សាយោបល់នេះឡើង»។
លោកស្រី ស៊ូជី ត្រូវបានរារាំងមិនឱ្យក្លាយជាប្រធានាធិបតីដោយរដ្ឋធម្មនុញ្ញរបស់របបយោធាមាត្រា ៥២តែលោកស្រីបច្ចុប្បន្នបានកាន់តួនាទីជាទីព្រឹក្សារដ្ឋនៃប្រទេសមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីក្រសួងការបរទេស។
លោកស្រី ស៊ូជី បានបន្តក្នុងសេចក្តីថ្លែងការណ៍ថា គណៈកម្មការដោះស្រាយអំពើហិង្សានៅរដ្ឋ រ៉ាឃីន នេះ ត្រូវរួមបញ្ចូលសមាជិកឯករាជ្យចំនួនប្រាំបួននាក់ ក្នុងនោះត្រូវមានពលរដ្ឋមីយ៉ាន់ម៉ា ៦រូប និងជនបរទេសចំនួនបីរូប។
សេចក្តីថ្លែងការណ៍ដដែលនេះក៏បានឱ្យដឹងទៀតថា គណៈកម្មការនេះក៏ត្រូវមានសមាជិកនៃជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា និងសហគមន៍ជនជាតិភាគ តិចរ៉ាឃីនផងដែរ។ ហើយគណកម្មការនេះ នឹងផ្តោតលើការបង្ការជម្លោះ ការគាំទ្រជំនួយមនុស្ស ការផ្សះផ្សាជាតិ សិទ្ធិមនុស្ស និងការអភិវឌ្ឍនៅក្នុងរដ្ឋរ៉ាក់ឃីននេះតែម្តង។
សូមបញ្ជាក់ថា លោក កូហ្វី អាណាន់ ធ្លាប់បានកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ មុនលោក បាន គីមូន គឺចាប់ពីឆ្នាំ ១៩៩៧ ដល់ ២០០៦ ។ លោកបានចែករំលែកបទពិសោធន៍ជាច្រើន ដែលលោកធ្លាប់ទទួលបានរង្វាន់ណូបែលសន្តិភាពពីអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០១ ។
លោក បានគីមូន នឹងធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ានៅចុងខែសីហានេះ។ ហើយលោកស្រី ស៊ូជី ក៏នឹងទៅកាន់សហរដ្ឋអាមេរិកនៅក្នុងខែកញ្ញាខាងមុខនេះដែរ ហើយលោកស្រី ស៊ូជី ត្រូវបានគេរំពឹងថា នឹងថ្លែងសន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ។
លោក ថេនសេន បានលាឈប់ពីតំណែងជាប្រធានគណបក្សសាមគ្គីនិងអភិវឌ្ឍន៍សហភាព (USDP) ខណៈដែលលោកស្រី ស៊ូជី បានក្លាយជាមេដឹកនាំថ្មីនៃប្រទេសមីយ៉ាន់ម៉ា៕ ប្រភព៖CNA