loader

លោកសម រង្ស៊ី ថាសម្ដេច​ ហ៊ុន សែនមានការព្រួយបារម្ភខ្លាំងចំពោះវត្តមានលោក

ភ្នំពេញ៖ លោក សម រង្ស៊ី បានសរសេរសារមួយតាមរយៈទំព័រហ្វេសបុក ដែលលោកថាសម្រាប់ជូនសម្ដេច ហ៊ុន​ សែន ជុំវិញករណីសម្ដេចនាយករដ្ឋមន្ត្រីត្រៀមកម្លាំងកំចាត់លោកពេលលោកធ្វើមាតុភូមិនិវត្តន៍មកទឹកដីកម្ពុជាវិញ ។ ការណ៍នេះធ្វើឡើងក្រោយពេលដែលសម្ដេចហ៊ុន សែន សរសេរលិខិតមួយច្បាប់ដែលជាការអំពាវនាវទៅដល់មន្ត្រីថ្នាក់ក្រោមអំពីការផ្សព្វផ្សាយ និងអប់រំប្រជាជន ដើម្បីងាយស្រួលគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋានទូទាំងប្រទេសពេលលោកលោក សម រង្ស៊ី វិលចូលកម្ពុជា ។

រាយការណ៍ដោយលោក សោម លាភ

 

លោក សម រង្ស៊ី នៅថ្ងៃទី ១០ ឧសភា បានសរសេរសារមួយប្រាប់ទៅសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលខ្លឹមសារនោះមាន៣ចំណុច ។

ចំណុចទី១ លោកថា ប្រជារាស្ត្រខ្មែរ ត្រូវតែផ្លាស់ប្ដូររបបនៃការដឹកនាំកម្ពុជាសព្វថ្ងៃចេញ ។ លោកថា រាជរដ្ឋាភិបាលកម្ពុជា មិនមែនជារាជរដ្ឋាភិបាលស្របច្បាប់នោះទេ ពោលគឺបានមកពីការបោះឆ្នោតដោយមិនមានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែង ។ ជាងនេះ ការបោះឆ្នោតដោយគ្មានបក្សប្រឆាំងមួយនេះ គឺរំលោភនូវឆន្ទៈប្រជាពលរដ្ឋជាងពាក់កណ្ដាលប្រទេស គាំទ្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ ។

ចំណុចទី២  លោកសរសេរថា ប្រជាជនកម្ពុជា ឃើញច្បាស់ តាមរយៈលិខិតដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន​ សែន ចុះថ្ងៃទី ៧ឧសភា ថារាជរដ្ឋាភិបាលកម្ពុជា ធ្វើអំពើល្អនៅពេលដែលដឹងថា លោក សម រង្ស៊ី ត្រៀមនឹងធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញតែប៉ុណ្ណោះ ។ លោកថា កាលពីមុនមក រាជរដ្ឋាភិបាលកម្ពុជា មិនធ្វើអ្វីដើម្បីជាតិ រួមទាំងមិនគិតពីប្រយោជន៍ប្រជាជនកម្ពុជាឡើយ ។

ចំណុចទី៣ លោក សម រង្ស៊ី បានបង្ហាញនូវដំណោះស្រាយដែលជាការរកច្រកចេញពីវិបត្តិនយោបាយនៅកម្ពុជា ។ ជាក់ស្ដែងលោកថា  បើសម្ដេច ហ៊ុន សែន ចង់កាត់បន្ថយកំហឹងរបស់ប្រជាជនទាំងអស់ទៅលើរបៀបនៃការដឹកនាំសព្វថ្ងៃ  រាជរដ្ឋាភិបាល ត្រូវបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ប្រគល់សងដីធ្លី ផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗទៀតរបស់ប្រជាជនកម្ពុជា រាប់លានគ្រួសារ ដែលលោកថា រាជរដ្ឋាភិបាលកម្ពុជាជាអ្នករំលោភយកពីពួកគាត់ ។ ជាងនេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ​២០១៧ រូបនេះ បា្រប់ទៅនាយករដ្ឋមន្ត្រីកម្ពុជា ឱ្យណែនាំទៅបក្សពួកខ្លួន ដោយបញ្ចប់អំពើពុករលួយ និងការកេងប្រវ័ញ្ចផ្សេងៗ រួមទាំងជួសជុលការខូចខាតសម្រាប់ជាតិមួយនេះកន្លងមក ។

រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្ដេច ហ៊ុន សែន ជាប្រធាន សម្ដេចប្រកាសម្ដងហើយម្ដងទៀតថា សម្ដេច មិនតបតទៅនឹងអ្នកនយោបាយដែលនិរទេសខ្លួនក្រៅប្រទេសនោះទេ ។ ជាងនេះ មន្ត្រីជាន់ខ្ពស់គណបក្សនេះ តែងតែអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនខ្វល់ ឬយកចិត្តទុកដាក់ចំពោះសម្ដី ឬបញ្ហាដែលលើកឡើងដោយលោក សម រង្ស៊ី ដែរ ។

មន្ត្រីគណបក្សប្រជាជនកម្ពុជា និងមន្ត្រីរាជរដ្ឋាភិបាល តែងតែចាត់ទុកថា លោក សម រង្ស៊ី ជាជនក្រៅច្បាប់ មិនធ្វើអ្វីៗដើម្បីជាតិកម្ពុជានោះទេ ។

យ៉ាងណា ថ្នាក់ដឹកនាំកម្ពុជាតែងតែអះអាងថា ចំពោះលោក សម រង្ស៊ី គឺត្រូវតែកំចាត់ បើបុគ្គលនេះវិលត្រឡប់មកកម្ពុជា ។ 

ថ្មីៗនេះ ពោលគឺកាលពីថ្ងៃទី ៧ ឧសភា សម្ដេច ហ៊ុន សែន បានចេញលិខិតមួយច្បាប់ ដែលជាការជម្រាបទៅមន្ត្រីថ្នាក់ក្រោម និងថ្នាក់មូលដ្ឋាន ឱ្យត្រៀមខ្លួនគ្រប់កាលៈទេសៈក្នុងការគ្រប់គ្រងស្ថានការណ៍ ក្នុងគ្រាដែលលោក សម រង្ស៊ី  ​ បានប្រកាសចូលកម្ពុជា ។

លិខិតដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន​ នោះបញ្ជាក់ថា ការប្រកាសធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី គឺក្នុងគោលបំណងដឹកនាំការធ្វើបដិវត្តន៍ពណ៌ជាថ្មី ពោលគឺអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋឱ្យក្រោកឈរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ។

សម្ដេចថា សកម្មភាពនេះជាសកម្មភាពរំលោភលើរដ្ឋធម្មនុញ្ញដែលច្បាប់កំពូលរបស់កម្ពុជា និងច្បាប់ផ្សេងៗទៀត យ៉ាងធ្ងន់ធ្ងរ ដែលអាចនាំឱ្យកម្ពុជាធ្លាក់ក្នុងវិបត្តិ ភាពចលាចល វឹកវរជាដើម ។

សម្ដេច ហ៊ុន សែន ប្រាប់ទៅមន្ត្រីថ្នាក់ក្រោមរួមមានប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន រាជធានី ខេត្ត ត្រូវដឹកនាំ និងណែនាំក្រុមការងារ និងមន្ត្រីអាជ្ញាធរ កងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ សហការណ៍ រៀបចំវេទិការសាធារណៈគ្រប់ភូមិ ឃុំ ណែនាំដល់ប្រជាជនទាំងអស់ អំពីផលវិបាកនៃការផ្ដួលរំលំរាជរដ្ឋាភិបាល រួមទាំងការវិលត្រឡប់ចូលកម្ពុជាវិញ របស់លោក សម រង្សី ដែលនឹងដឹកនាំសកម្មភាពខុសច្បាប់ ។

រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការណ៍ល្អក្នុងការដោះស្រាយបញ្ហាតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា រួមទាំងលើកកម្ពស់ការបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន រួមទាំងណែនាំដល់មន្ត្រីទាំងអស់ធ្វើអំពើល្អជាមួយប្រជាពលរដ្ឋឱ្យបានច្រើន ។

ទោះបីស្ថិតក្នុងស្ថានភាពបែបណាក្ដី ការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី សម្ដេចថាត្រៀមកម្លាំងរួចហើយ ក្នុងការកំចាត់លោក និងបក្សពួកឱ្យខានតែបាន បើទោះបីជាវត្តមានអ្នកណាក៏ដោយ ដែលអមមកជាមួយលោក ។

រូបភាពនៃការប្រឆាំងទប់ស្កាត់លោក សម រង្ស៊ី សម្ដេច ហ៊ុន សែន ធ្លាប់ប្រកាសឱ្យកងកម្លាំងប្រដាប់អាវុធមានសិទ្ធិធ្វើសកម្មភាពបែបណាក៏ដោយ ដោយមិនចាំបាច់បញ្ជា ដើម្បីការពាររាជរដ្ឋាភិបាលកម្ពុជា ទោះបីមានសម្លាប់មនុស្សមួយចំនួនក្ដី ។ សម្ដេចថា សម្ដេចក៏ត្រៀមកាំភ្លើងធំតាមព្រំដែនរួចហើយចំពោះករណីនេះ ។ 

ជាងនេះ ចំពោះពលរដ្ឋណាដែលទៅចូលរួមទទួលលោក សម រង្ស៊ី អាចនឹងត្រូវបានឃាត់ និងឃុំខ្លួនប្រសិនបើការទៅទទួលនោះ បង្ករចលាចល និងធ្វើឡើងក្នុងរូបភាពទៅទទួលលោក សម រង្ស៊ី ក្នុងនាមគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ ។

លោក សម រង្ស៊ី ប្រកាសថា ឆ្នាំ ២០១៩ នេះ លោកនឹងវិលចូលកម្ពុជាឱ្យខានតែបានដើម្បីឱ្យមានការផ្លាស់ប្ដូរការដឹកនាំនៅកម្ពុជា ។

សកម្មជន និងសមាជិកថ្នាក់មូលដ្ឋានរបស់គណបក្សបក្សប្រឆាំងដែលត្រូវបានរំលាយ បានបង្ហាញនូវការស្វាគមន៍ និងរងចាំទទួលចំពោះវត្តមានរបស់លោក សម រង្ស៊ី ។ ករណីនេះ មានសកម្មជន និងសមាជិកមួយចំនួនត្រូវបានចាប់ខ្លួន និងកោះហៅក្រោមហេតុផលថា ពួកគាត់ទាំងនេះមិនគោរពសាលដីការតុលាការ ៕

អត្តបទដោយ៖​ សោម លាភ

ព័ត៌មានទាក់ទង

កម្ពុជាប្រតិកម្មសមាជិកព្រឹទ្ធសភាអាមេរិកដោយអះអាងថាកម្ពុជាជារដ្ឋអធិបតេយ្យ

ឆ្លើយតបនឹងសេចក្តីស្នើច្បាប់មួយ ដែលត្រូវបានផ្ត[...]

អង្គការ ​Save the children ប្រារព្ធខួប ១០០ឆ្នាំក្រោមប្រធានបទ«ក្តីស្រមៃសម្រាប់ថ្ងៃអនាគត»

នៅថ្ងៃទី២៤ ខែឧសភានេះអង្គការ Save the children[...]

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩

កសិករងាកមកដំាផ្សិតចំបើងនៅក្បែរផ្ទះក្រោយទទួលបា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត