loader

លោកកឹមសុខាត្រូវបានផ្ដល់សេរីភាពដំណាក់កាលទី២តែហាមធ្វើសកម្មភាពនយោបាយ

នៅទីបំផុតសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឱ្យលោកកឹមសុខាប្រធានអតីតគណបក្សសង្គ្រោះជាតិឱ្យមានសេរីភាពមួយចំនួនទៀតគឺសេរីភាពនៃការដើរហើរនិងទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ។

បើតាមសេចក្តីប្រកាសព័ត៌មានពិសេសមួយរបស់សាលាដដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០វិច្ឆិកាឆ្នាំ២០១៩ដោយសម្រេចដាក់លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែលោកទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវការ។

តុលាការក្រុងភ្នំពេញ បានសំអាងហេតុថា ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះគឺដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។

ក៏ប៉ុន្ដែចៅក្រមស៊ើបសួរបានចងកាតព្វកិច្ចលោកឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការលើលក្ខខណ្ឌដូចខាងក្រោម៖

ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។

លោកកឹមសុខាគឺជាប្រធានអតីតគណបក្សសង្គ្រោះជាតិដែលមានឈ្មោះលំដាប់ទី១នៃបញ្ជីអ្នកនយោបាយ១១៨រូបដែលហាមធ្វើនយោបាយរយៈពេលប្រាំឆ្នាំ។ក្នុងចំណោមមនុស្ស១១៨រូបនោះមានមនុស្សជាង១០រូបបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ។អ្នកសង្កេតការណ៍កន្លងមកមើលឃើញថាការដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះគឺពួកគាត់ត្រូវមើលឃើញថាហាក់ដូចទទួលយកសាលក្រមរបស់តុលាការដែលរំលាយគណបក្សសង្គ្រោះជាតិ។តែយ៉ាងណាលោកសមរង្ស៊ីប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិតែងតែបានអះអាងថាបើលោកកឹមសុខាទទួលបានសេរីភាពក្នុងការដើរហើរគឺលោកចង់ឃើញលោកកឹមសុខាមកជួបគាត់នៅក្រៅប្រទេស។

គួររំលឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។លោក ត្រូវបានតុលាការបញ្ចូនទៅឃុំខ្លួនភ្លាមៗជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។

ក្រោយពេលឃុំខ្លួនអស់រយៈពេលជាង១ឆ្នាំ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ បានចេញដីកាមួយសម្រេចដោះលែងលោក ឲ្យនៅក្រៅឃុំបណ្តោះអាសន្ននិងស្ថិតក្រោមលក្ខខណ្ឌត្រួតពិនិត្យជាច្រើនពីតុលាការ៕

ដោយ៖ ឆោម ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្ដេចហ៊ុនសែនថាឯណាទៅយុត្តិធម៌សមម្រាប់ប្អូនថ្លៃលោកនិងរូបលោករងការវាយប្រហារឆ្នាំ១៩៩៨

ខណៈមានការរិះគន់ជាខ្លាំងពីសំណាក់ក្រុមប្រឆាំង ច[...]

សម្ដេចហ៊ុនសែនប្រតិកម្មនឹងក្រុមប្រឆាំងថារាជរដ្ឋាភិបាលនឹងរំលំដោយសារកូវីដទើបកាត់ប្រាក់​ខែមន្ត្រីរា​ជការ

សម្ដេចនាយករដ្ឋមន្ត្រី បានបន្តប្រតិកម្មដាក់ក្រ[...]

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដី នៅតំបន់ការពារធម្មជាតិ

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត