loader

លីកាដូ​សំណូមពរឱ្យចាត់​វិធានការ​ឱ្យបានឆាប់ចំពោះម្ដាយ ​និង​ស្រ្តីមាន​ផ្ទៃពោះ​ជាប់ពន្ធនាគារ

ភ្នំពេញ៖ អង្គការលីកាដូនៅថ្ងៃទី០៨ មេសានេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយគាំទ្រចំពោះប្រសាសន៍ប្រមុខរដ្ឋាភិបាល ដោយសំណូរពរឱ្យក្រសួងពាក់ព័ន្ធចាត់វិធានការជាបន្ទាន់ ដោះស្រាយតម្រូវការរបស់ស្ដ្រីក្នុងពន្ធនាគារ ជាពិសេសស្ថានភាពអ្នកជាប់ឃុំដែលងាយរងគ្រោះដូចជា ម្ដាយមានកូនតូចនៅជាមួយ និងស្រ្តីមានផ្ទៃពោះក្នុងពន្ធនាគារ។ យ៉ាងណាមន្រ្តីក្រសួងយុត្តិធម៌និយាយថា ពួកគេបាន​នឹងកំពុងអនុវត្តតាមគោលការណ៍មនុស្សធម៌ចំពោះស្រ្តីមានកូន និងមានផ្ទៃពោះក្នុងដំណាក់កាលជាប់ឃុំបណ្តោះអាសន្ននេះ និងអនុវត្តសាលក្រមរួច។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

គាំទ្រតាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលកាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៩ អង្គការលីកាដូ(Licadho) នៅថ្ងៃទី០៨ មេសានេះ បានចេញសេចក្តីថ្លែងការណ៍ ដោយជំរុញឱ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ពិនិត្យមើលស្ថានភាពអ្នកជាប់ពន្ធនាគារជាស្រ្តីក្នុងដំណាក់កាលឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ។ សេចក្តីថ្លែងការណ៍នេះ បានអំពាវនាវឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយតម្រូវការរបស់ស្ដ្រីក្នុងពន្ធនាគារ ពិសេសស្ថានភាពអ្នកជាប់ឃុំដែលងាយរងគ្រោះដូចជា ម្ដាយមានកូនតូចនៅជាមួយ និងស្រ្តីមានផ្ទៃពោះ ក្នុងពន្ធនាគារ។

បញ្ហានេះ លីកាដូ ផ្តល់អនុសាសន៍ថា គួរត្រូវបានដោះស្រាយតាមរយៈការប្រើប្រាស់វិធានការផ្លូវច្បាប់ ដែលមានស្រាប់ដូចជា ផ្ដល់អាទិភាពសវនាការចំពោះស្រ្តីក្នុងដំណាក់កាលឃុំខ្លួនបណ្ដោះអាសន្ន និងការពន្លឿនដំណើរការនៃពាក្យបណ្ដឹងសុំនៅក្រៅឃុំ។​

ស្របជាមួយប្រសាសន៍សម្តេច ហ៊ុន សែន អង្គការ លីកាដូ​ ក៏បាន​សរសេរ​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ​ក្រសួងយុត្តិធម៌​ និង​ក្រសួង​កិច្ចការ​នារី ​ដោយ​សំណូមពរ​ឱ្យក្រសួង​ពាក់ព័ន្ធ​ទាំងនេះ​ ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​សម្ដេច។​ វិធានការ​ទាំងនេះ ​ត្រូវបាន​រៀបរាប់​លម្អិត​នៅក្នុង​របាយការណ៍​ដែល​លីកាដូ​បាន​ចេញផ្សាយ​កាលពី​ខែតុលា​ ឆ្នាំ២០១៨​​ ដែលមាន​ចំណងជើងថា​ “ពេលដែល​ត្រូវ​ដោះលែង​ឱ្យនៅ​ក្រៅឃុំ៖​ បញ្ឈប់ការ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​មិនចាំបាច់”។​ របាយការណ៍នេះ ​បង្ហាញ​ពីស្ថានភាព​កុមារ​ ម្ដាយ​របស់​ពួកគេ​ និង​ស្ដ្រីមាន​ផ្ទៃពោះ​ដែល​ត្រូវបាន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​កម្ពុជា។

អង្គការលីកាដូរកឃើញថា កុមារ និងម្ដាយរបស់ពួកគេ ប្រឈមនឹងបញ្ហាជាច្រើនដូចជា ខ្វះខាតរបបអាហារ ទឹកប្រើប្រាស់ និងបរិភោគ សម្លៀកបំពាក់ និងគ្រឿងសម្អាតអនាម័យផ្សេងៗ។ បញ្ហាទាំងនេះគឺមានស្ថានភាពអាក្រក់ខ្លាំង ដោយសារការប្រើប្រាស់នីតិវិធីឃុំខ្លួនបណ្ដោះអាសន្នច្រើនហួសហេតុ និងកង្វះខាតនៃការអនុវត្តនីតិវិធីផ្លូវច្បាប់ដែលមានស្រាប់ដូចជា ពាក្យបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នជាដើម។

                                                                                                              រូបភាពពីលីកាដូ។

 

របាយការណ៍របស់លីកាដូបានលើកឡើងពីអនុសាសន៍មួយចំនួន អាចជួយកាត់បន្ថយបញ្ហា ដែលសម្ដេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍។

ទី១៖ អ្នកជាប់ឃុំ​ទាំងអស់​ដែលមាន​សិទ្ធិ ​គួរត្រូវបាន​សាកសួរ​ថាតើ​ចង់ស្នើសុំ​នៅក្រៅឃុំ​ឬទេ ​​ពិសេស​ករណី​ អ្នកជាប់ឃុំ​ជាស្រ្តីមាន​កូនតូច​នៅជាមួយ​ និង​អនីតិជន​ជាដើម។​ វិធានការ​នេះនឹង​ជួយធានាថា​ ក្មេងមិនចាំបាច់​ត្រូវរស់នៅ​ក្នុងបន្ទប់​ឃុំឃាំង​តូចចង្អៀត​ ដែល​អាច​ប៉ះពាល់​ដល់ការ​លូតលាស់​ផ្នែករាង្គកាយ ​និងស្មារតី​របស់ពួកគេទេ។​

ទី២៖ គួរផ្ដល់​អាទិភាព​ចំពោះ​សវនាការ​សុំនៅ​ក្រៅឃុំ​ករណី​មួយចំនួន​របស់​អ្នកជាប់ឃុំ​ជា​ស្រ្តីមាន​ផ្ទៃពោះ ​និងម្ដាយ​ដែលមាន​កូនតូច​នៅជាមួយ​ ដូចនេះ​ពួកគេ​មិនចាំ​បាច់​ត្រូវ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ ក្នុងរយៈពេល​វែង​ និង​មិនមាន​ពេលវេលា​កំណត់​ជាក់លាក់នោះ។​ ការអនុវត្តវិធានការនេះ ​​​នឹងជួយ​​​កុមារអាយុ​លើសពី​៣ឆ្នាំ ​ដែល​ពួកគេ​មិនចាំបាច់​ត្រូវបាន​បន្ត​រស់នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ​​ ហើយក៏មិនត្រូវ​បាន​បង្ខំ​ឱ្យ​ទៅរស់នៅ​ក្នុង​មណ្ឌល​ថែទាំ​កុមារដែរ។​ ដូចគ្នា​ផងដែរ​ មាន​ឯកសារ​ដែល​បញ្ជាក់ថា​​ ស្រ្តីមាន​ផ្ទៃពោះ​មិន​បានទទួល​ការថែទាំ​ ទាំងមុន​និង​ក្រោយ​ពេល​សម្រាលកូននោះទេ។

ទី៣៖ ធានាថា​ ការឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​​ គួរត្រូវបាន​ប្រើប្រាស់​ដោយ​សមស្រប​ និង​ជាជម្រើស​ចុងក្រោយ​ ដោយ​អនុលោម​តាមគោលការណ៍​សន្មត់​ថា​គ្មានទោស​ដរាប​ណា​ជនសង្ស័យ​មិនទាន់​ត្រូវបាន​កាត់ទោស។​

ទី៤៖ ធានាថា​ មុនពេល​ចេញដីកា​សម្រេច​ឃុំខ្លួន​ គួរមានការ​ពិចារណា​ឱ្យបាន​សមស្រប​ដោយផ្អែក​លើ​កាលៈទេសៈ​ផ្ទាល់ខ្លួន​ នៃ​រាល់បុគ្គល​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ ដោយ​អនុលោម​តាមកិច្ច​ការពារ​ផ្នែកច្បាប់​ ជាពិសេស​ក្នុងករណី​នៃអ្នកជាប់ឃុំ​ជាស្ត្រីមាន​ផ្ទៃពោះ ​និងម្ដាយ​មានកូនតូច​​ ក៏ដូចជា​អនីតិជនជាដើម។​

ទាក់ទងរឿងនេះលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រាប់វិទ្យុស្ត្រីថា ក្រសួងបាន នឹងកំពុងអនុវត្តតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តី ដែលស្ត្រីអាចធានាឱ្យស្ត្រីមានកូនតូច និងមានផ្ទៃពោះបាននៅក្រៅឃុំបណ្តោះអាសន្នក្នុងនីតិវិធីឃុំខ្លួនមិនទាន់មានសវនាការ។ ជាងនេះតុលាការនឹងជំរុញឱ្យមានសាវនាការឱ្យបានលឿន និងផ្តន្ទាទោសតាមគោលការណ៍មនុស្សធម៌ ហើយកាត់ទោសព្យួរ។

លោក ជិន ម៉ាលីន បន្ថែមថា ចំពោះបទល្មើសធ្ងន់ធ្ងរដូចជា ករណីមនុស្សឃាត តុលាការក៏មិនអាចបន្ថូរបន្ថយដល់ស្រ្តីបានដែរ។ លោកបញ្ជាក់ថា ស្ថាប័នពាក់ព័ន្ធបានប្រើប្រាស់គោលការណ៍មនុស្សធម៌យ៉ាងច្រើនសម្រាប់ស្រ្តីមានកូនតូច និងមានផ្ទៃពោះ ដោយស្នើឱ្យលើលែងទោសសម្រាប់ការអនុវត្តសាលក្រមរួចរាល់ហើយនោះ។

លោក ជិន ម៉ាលីន៖«បទល្មើសដែលមានភាពសាហាវធ្ងន់ធ្ងរ ក៏យើងមិនអាចធ្វើបានដែរ ដូចជាករណីមនុស្សឃាតជាដើម។ បើសិនជាប់ពាក់ព័ន្ធគ្រឿងញៀនតិចតួចអី យើងអាចប្រើគោលការណ៍មនុស្សធម៌បាន ប៉ុន្តែបើអ្នកអនុវត្តទោសហើយ អាហ្នឹងចូលទៅក្នុងល័ក្ខខណ្ឌមួយទៀតគឺមានការស្នើឱ្យលើកលែងទោស ឬបន្ថូរបន្ថយទោសសម្រាប់ឳកាសចូលឆ្នាំនេះ។ អីចឹង!អ្វីដែលយើងធ្វើគឺមានដំណាក់កាលនីតិវិធីផ្អែកតាមគោលការណ៍ច្បាប់ត្រឹមត្រូវច្បាស់លាស់ណាស់មិនមែនតាមអ្វីដែលគាត់ស្នើធ្វើម៉េចឱ្យដោះលែងឱ្យអស់នោះទេ មិនអាចធ្វើអីចឹងបានទេ»។

                                                                    លោក ជិន ម៉ាលីន អ្នកនំាពាក្យក្រសួងយុត្តិធម៌។រូបភាព៖ ធូ វិរៈ

 

លីកាដូ​បាន​ចាប់ផ្ដើម​ឃ្លាំមើល​ស្ថានភាព​ពន្ធនាគារ​នៅកម្ពុជា​តាំងពីឆ្នាំ​១៩៩៣​ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ឃ្លាំមើល​ពន្ធនាគារ​ចំនួន១៨​ក្នុង​ចំណោម​ពន្ធនាគារ​សរុប​ចំនួន២៨​ នៅ​កម្ពុជា។​ យោងតាមច្បាប់​នៃព្រះ​រាជាណា​ចក្រ​កម្ពុជា​ កុមារ​អាយុ​ក្រោម៣​ឆ្នាំ ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ស្នាក់នៅ​ជាមួយ​ម្ដាយ​របស់​ពួកគេ​ក្នុងពន្ធនាគារ។​ បច្ចុប្បន្ននេះ ​មានកុមារ​ចំនួន​១១៣នាក់​ និង​ស្ដ្រី​មានផ្ទៃពោះ​ចំនួន៣៨នាក់​ កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ចំនួន១៨​ដែលលីកាដូ​ បាន​ធ្វើការ​ឃ្លាំមើល។​ វិបត្តិនេះ​កំពុង​តែ​ធ្វើឱ្យ​មាន​ស្ថានភាព​កាន់តែ​អាក្រក់ឡើង​ ខណៈ​ចំនួនកុមារ​ដែល​នៅជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ​ បាន​កើន​ឡើង​​​ស្ទើរតែ​ទ្វេដង​​ចាប់តាំង​ពីថ្ងៃទី០១​​ ខែមករា​ ឆ្នាំ២០១៧​មក។៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វត្ថុបុរាណកម្ពុជាចំនួន១៥ គ្រោងតាំងបង្ហាញនៅពិព័រណ៍ក្រុងប៉េកាំង

គេហទំព័រសារព័ត៌មានចិនមានឈ្មោះ ​​china.org.cn [...]

សហភាពសហជីពកម្ពុជាចង់ឃើញមានការលើកលែងទោសលោកសមរង្ស៊ីនិងលោកកឹមសុខាក្នុងឱកាសឆ្នាំថ្មី

លោករ៉ុងឈុន ប្រធានសហភាពសហជីពកម្ពុជា តាងនាមឱ្យស[...]

សង្គមស៊ីវិល ក្រុមហ៊ុន និង ស្ថាប័នរដ្ឋ ធ្វើយុទ្ធនាការអំពីការគោរពច្បាប់ចរាចរណ៍មុនចូលឆ្នាំមកដល់

ពលរដ្ឋថាយុទ្ធនាការសុវត្ថិភាពចរាចរណ៍មុនចូលឆ្នា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត