ភ្នំពេញ៖ កាលពីថ្ងៃពុធទី ២៧កក្កដា វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានផ្ញើលិខិតតាមសារអេឡិចត្រូនិច ដោយបានដាក់សំនួរជាច្រើនសួរលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ជុំវិញលិខិតមួយចំនួនរបស់មេដឹកនាំនៃសហជិពកម្ពុជា ដែលទទូចឱ្យសហភាពអឺរ៉ុប កុំបិទទីផ្សារអឺរ៉ុប នាំចូលសម្លៀកបំពាក់និងស្បែកជើងពីកម្ពុជា។
វិទ្យុស្ដ្រីFM102 សូមធ្វើការបកប្រែក្រៅផ្លូវការនូវខ្លឹមសារលិខិតរបស់លោក George Edgar ដែលមានដូចខាងក្រោមនេះ៖
គណៈប្រតិភូសហភាពអឺរ៉ុប បានទទួលលិខិតពីតំណាងសហជីពចំនួនបី ដែលស្នើឲ្យសហភាពអឺរ៉ុបកុំកាត់់បន្ថយការនាំសម្លៀកបំពាក់ និងស្បែកជើងចេញពីកម្ពុជា។
សហភាពអឺរ៉ុបគឺជាដៃគូដ៏សំខាន់ចំពោះប្រទេសកម្ពុជា។ យើងជាទីផ្សារនាំចេញដ៏ធំបំផុតនិងជាអ្នកផ្គត់ផ្គងកិច្ចសហប្រិតិបត្ដិការណ៍ដ៏សំខាន់ ជាមួយកម្ពុជា។
សហភាពអឺរ៉ុបនៅតែរក្សាកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាមួយកម្ពុជាជានិច្ច ហើយជឿជាក់ថា ទីផ្សាររបស់សហភាពអឺរ៉ុបអាចជាចលករ ដ៏មានសារសំខាន់នៃកំណើនសេដ្ឋកិច្ចចំពោះអត្ថប្រយោជន៍នៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះរួមមាន ទាំងជនក្រីក្រផងដែរ។
យើងក៏មានជំនឿចិត្ដយ៉ាងមុតមាំថា ការអភិវឌ្ឍប្រកបដោយសមធម៌ និងចិរភាពគឺជាលទ្ធភាពតែមួយគត់ដែលផ្អែកទៅលើការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។
ក្នុងបរិបទនេះយើងកំពុងតាមដាន និងឃ្លាំមើលអាជ្ញាធរកម្ពុជាដើម្បីធានាឲ្យមានបរិយាកាសមួយ ដែលគណបក្សនយោបាយនិងអង្គការសង្គមស៊ីវិលទាំងអស់ អាចអនុវត្ដន៍បានដោយស្របច្បាប់ សេរី នូវតួនាទីរបស់ពួកគេ ដោយគ្មានការភ័យខ្លាចនៃការយាយី ឬក៏បំភិតបំភ័យអ្វីឡើយ។
យើងសូមលើកទឹកចិត្ដ ឲ្យមានការចរចាឡើងវិញ រវាងរដ្ឋាភិបាលនិងក្រុមប្រឆាំង ដែលការចរចានេះប្រកបដោយ សន្ដិភាពនិងដោយន័យស្ថាបនា។
កំណត់សម្គាលៈ បើតាមរបាយការណ៍មួយដែលស្រង់មកចុះផ្សាយដោយ កាសែត Cambodia Daily កាលពីថ្ងៃទី២៧កក្កដា សហភាពអឺរ៉ុបដែលជាប្រភពអនុគ្រោះពន្ធ សម្រាប់កម្ពុជា មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា នូវទឹកប្រាក់សរុប ៣ពាន់៨៣លានដុល្លារអាមេរិក៕