ភ្នំពេញ៖ លតឆាស្លឹកឈូក លតឆាអនាម័យ ឬ លតឆាបរិស្ថាន គឺជាឈ្មោះដែលអតិថិជនតែងនិយមហៅផ្សេងៗគ្នាទៅតាមការយល់ឃើញរបស់ខ្លួន ចំពោះលតឆាមួយកន្លែងដែលមានទីតាំងលក់នៅក្នុងផ្សារទួលទំពួង រាជធានីភ្នំពេញ ។
អ្នកស្រី ចាន់ ពៅ អ្នកលក់លតឆាស្លឹកឈូក បាននិយាយថា លតឆារបស់អ្នកស្រីល្បីឈ្មោះ លក់ដាច់រាល់ថ្ងៃ ព្រោះអ្នកស្រីបានជ្រើសរើសស្លឹកឈូកមកវេចខ្ចប់លតឆាលក់ ដែលខុសប្លែកពីអ្នកលក់លត់ឆាដទៃ ។ អ្វីដែលពិសេសជាងនេះទៀតនោះ ទឹកត្រីលតឆារបស់អ្នកស្រី ផ្សំឡើងដោយប្រើទឹកដូងខ្ចីនិងទឹកក្រូចឆ្មារ មិនមានប្រើប៊ីចេង (ម្ស៉ៅស៊ុប) និង ទឹកខ្មេះឡើយ ។
អ្នកលក់លតឆារូបនេះ បានឱ្យដឹងថា មូលហេតុដែលជ្រើសរើសស្លឹកឈូកមកវេចខ្ចប់លតឆា ព្រោះស្លឹកឈូកជាស្លឹករុក្ខជាតិធម្មជាតិ មិនផ្តល់ផលប៉ះពាល់ដល់សុខភាពនិងបរិស្ថាន ។ អ្នកស្រីយល់ថា ស្លឹកឈូកមិនបំភាយជាតិគីមីដូចការវេចខ្ចប់ដោយប្រើប្រអប់ស្នោរ ឬ ថង់ប្លាស្ទិចនោះទេ ។
ទោះការជ្រើសរើសស្លឹកឈូកមកវេចខ្ចប់លតឆាជួយដល់សុខភាពនិងបរិស្ថានក៏ពិតមែន ប៉ុន្តែអ្នកស្រីបានលើកឡើងថា ៖ « ការប្រើប្រាស់ស្លឹកឈូកក្នុងការវេចខ្ចប់នាពេលបច្ចុប្បន្ននៅលើទីផ្សារ ហាក់នៅមានកម្រិតតិចនៅឡើយ ហើយការប្រើប្រាស់ស្លឹកឈូកនេះ នឹងជួយកាត់បន្ថយនៃការប្រើប្រាស់ថង់ប្លាស្ទិចដោយផ្ទាល់ »៕