loader

រុស្ស៊ី និង ចិនប្រឈមនឹងការជ្រុះបាត់លុយពាន់លានដុល្លារនៅវេណេហ្សូអេឡា

របបមួយដ៏គ្រោះថ្នាក់បំផុតនៅទ្វីបអាមេរិកខាងត្បូង គឺរបបសង្គមនិយមនៃប្រទេសវេណេហ្សូអេឡា ក្រោមការដឹកនាំរបស់ប្រធានាធិបតី​ នីកូឡាស ម៉ាឌូរ៉ូ។ បុរសខ្លាំងរូបនេះ កំពុងតែធ្លាក់ ក្នុងគ្រោះអាសន្នយ៉ាងធ្ងន់ធ្ងរដោយការគាបសង្កត់បណ្ដេញចេញពីអំណាចពីសំណាក់ប្រជាជនខ្លួនឯង និង សហគមន៍អន្ដរជាតិ។ រ​បបរបស់លោក សឹងតែបាត់បង់ ភាពស្របច្បាប់ ទៅហើយ នៅពេលដែល មេបក្សប្រឆាំងជួនហ្គៃដូត្រូវបានសហគមន៍អន្ដរជាតិដឹកនាំដោយសហរដ្ឋអាមេរិកទទួលស្គាល់ជាប្រធានាធិបតីស្របច្បាប់។ មានការព្រមានថា មិនយូរទេលោកម៉ាឌូរ៉ូនិងរបបរបស់លោកអាចនឹងត្រូវផ្ដួលរលំ។ ប្រទេសធំពីរ គឺ ចិន និង រុស្ស៊ី មិនត្រឹមតែជាខ្នងបង្អែកម៉ាឌូរ៉ូនោះទេ តែប្រទេសពីរនេះគឺជាម្ចាស់បំណុលដ៏ធំនៃរបបម៉ាឌូរ៉ូផងដែរ។ យ៉ាងណា ប្រទេសពីរនេះនឹងជ្រុះបាត់លុយរាប់ពាន់លានដុល្លារបើម៉ាឌូរ៉ូត្រូវបានកម្ចាត់ពីអំណាច។

សូមស្ដាប់ការប្រែសម្រួលដោយ ឆោម ពៅនិកា៖

 

នៅពេលនេះ ជញ្ជីងថ្លឹងអំណាចរវាងលោកនៅកូឡាស់ម៉ាឌូរ៉ូ និង​ជួនហ្គៃដូមិនស្មើគ្នាទេ។​សម្លេងគាំទ្ររបស់លោកជួនហ្គៃដូ មានច្រើនលើសលប់ទៅលើលោកម៉ាឌូរ៉ូ ។លោកជួនហ្គៃដូ មានប្រៀបជាងលោកម៉ាឌូរ៉ូទាំង ការគាំទ្ររបស់ប្រជាជន និង សហគមន៍អន្ដរជាតិ គឺយ៉ាងតិចណាស់ជិត៦៥ប្រទេសសុទ្ធតែប្រទេសប្រកាន់ប្រជាធិបតេយ្យបានប្រកាសថាពួកគេទទួលស្គាល់លោកជួនហ្គៃដូជាមេដឹកនាំប្រជាជនវេណេហ្សូអេឡាដោយស្របច្បាប់។

ប្រទេសប្រជាធិបតេយ្យ​ជឿនលឿន និង មានអំណាចនៅលើឆាកអន្ដរជាតិមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសជប៉ុនបានប្រកាសជាផ្លូវការថាលោកជួនហ្គៃដូមានសិទ្ធិអំណាចចាត់ចែងការងាររដ្ឋនឹងគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេសវេណេហ្សូអេឡាទៀតផង។​ប៉ុន្ដែប្រទេសទាំងអស់នេះ សុទ្ធតែមានផលប្រយោជន៍កន្លងមកជាមួយនឹងរបបលោកម៉ាឌូរ៉ូ គឺមានទំនាក់ទំនង ជំនួញរកស៊ីលើវិស័យប្រេងរបស់ប្រទេសវេណេហ្សូអេឡា។ យ៉ាងណាប្រទេសទាំងអស់នេះ ហាក់ដូចជាពុំជាប់ប្រាក់បំណុលទៅឱ្យវេណេហ្សូអេឡាខ្ចីដូចប្រទេសចិននិង

រុស្ស៊ីនោះទេ។ ​តាមរបាយការណ៍ដែលចុះផ្សាយដោយ បណ្ដាញផ្សាយព័ត៌មាន CNBC ប្រទេស​ចិន និង រុស្ស៊ី ជាម្ចាស់បំណុលមួយរយពាន់លានដុល្លារនៃរបបលោកម៉ាឌូរ៉ូ។

ប្រទេសពីរនេះ ទោះបីជាមិនបង្ហាញថាបំណុលរបស់ខ្លួនស្ថិតក្នុងស្ថានភាពគ្រាមានអាសន្នក៏ដោយតែយ៉ាងហោចណាស់ មុខជំនួញរបស់ពួកគេកំពុងតែធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ហើយ។

រុស្ស៊ីចាប់ផ្ដើមជ្រុះលុយបណ្ដើរៗហើយ

រុស្ស៊ីមានក្រុមហ៊ុនប្រេងធំៗពីរបានដាក់វិនិយោគទុនរាប់ពាន់លានដុល្លារដើម្បីទាញផលិតផលប្រេងពីប្រទេសវេណេហ្សូអេឡា។ ក្រុមហ៊ុនពីរនេះមានឈ្មោះ  Rozneft និង Lukoil ។ក្រុមហ៊ុន Rozneft ដាក់ភាគហ៊ុនក្នុងមុខរបរខួងយកប្រេងជាមួយក្រុមហ៊ុនប្រេងគ្រប់គ្រងដោយនៃប្រទេសវេណេហ្សូអេឡា PDVSA នូវទឹកប្រាក់៩ពាន់លានដុល្លារ។

សារព័ត៌មាន Reuter ចុះផ្សាយថា ក្រុមហ៊ុននេះកំពុងប្រឈមមុខនឹងការជ្រុះបាត់លុយ រាប់ពាន់លានដុល្លារនៅលើឆ្នេរខ្សាច់នៃប្រទេសវេណេហ្សូអេឡា។ តាមប្រភពដដែល រយៈពេល ពីឆ្នាំ២០១៥​ដល់ឆ្នាំ២០១៨ ក្រុមហ៊ុននេះបានជួបហានិភ័យយ៉ាងខ្លាំងគឺបានបាត់បង់ប្រាក់ចំចំណូលរបស់ខ្លួនប្រមាណជាប្រាំពីររយលានដុល្លារដោយសារតែ សង្វាក់ផលិតកម្មប្រេង ជួបឧបសគ្គគឺដោយសារតែ របបម៉ាឌូរ៉ូធ្លាក់ក្នុងវិបត្តិនយោបាយនឹងសេដ្ឋកិច្ច។

​ក្រុមហ៊ុននេះបានជូនដំណឹងទៅរដ្ឋាភិបាលទីក្រុងម៉ូស្គូរបស់ខ្លួន អំពីហានិភ័យដែលប្រឈមមុខនឹងការបាត់បង់ផលប្រយោជន៍ច្រើនថែមទៀតដោយសារការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក។

តាមរបាយការណ៍របស់ក្រុមហ៊ុនប្រេង Rozneft របបលោកម៉ាឌូរ៉ូបានជំពាក់ក្រុមហ៊ុននេះដល់ទៅ២៣០០លានដុល្លារហើយច្រើនរយលានដុល្លារទៀតបានបាត់បង់រួចទៅហើយដោយសារតែក្រុមហ៊ុនប្រេង PDVSA បានមកដកប្រាក់ចំណូលរបស់ខ្លួនគ្មានការផ្ទៀងផ្ទាត់នឹងការសងបំណុល។

ដោយឡែកក្រុមហ៊ុន Lokoil បានសម្រេចផ្អាកការផលិតប្រេងជាមួយនឹង PDVSA ចាប់តាំងពីខែធ្នូឆ្នាំ២០១៨មក។ អ្នកជំនាញសេដ្ឋកិច្ច ដែលស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuter បានចុះផ្សាយថា អណ្ដូងប្រេងជាច្រើនទាំងរបស់វេណេហ្សូអេឡា​ និង របស់ក្រុមហ៊ុន Rozneft បានផ្អាកដំណើរការ ហើយបើការគិតជាភាគរយផលិតផលប្រេងរបស់ក្រុមហ៊ុននេះធ្លាក់ចុះ៣៧ភាគរយ។ ​​

ចិននិងការជួបហានិភ័យ

ដោយឡែកប្រទេសចិនវិញ គែមិនត្រូវបានរាយការណ៍មកថា មានក្រុមហ៊ុនប្រេងកំពុងប្រតិបត្តិការជាមួយក្រុមហ៊ុនប្រេង PDVSA នោះទេ។​ប៉ុន្ដែចិនគឺជាម្ចាស់បំណុលនៃរបបវេណេហ្សូអេឡាដល់ទៅ៧០ពាន់លានដុល្លារ។ បំណុលដ៏ច្រើនសម្បើមនេះ គឺជាការដាក់វិនិយោគទុន ដើម្បីទូទាត់នឹងការទិញប្រេងយកទៅផ្គត់ផ្គង់នៅប្រទេសចិនដែលមួយថ្ងៃប្រទេសធំនេះត្រូវការប្រេងពីវេណេហ្សូអេឡា បីសែន បួនម៉ឺន ធុង។

មកដល់ពេលនេះក្រុមហ៊ុន PDVSA បានផលិតប្រេងឱ្យចិនបានតែពាក់កណ្ដាលប៉ុណ្ណោះ។ កាលពីថ្មីៗនេះ រដ្ឋាភិបាលចិនបានទទូចសុំឱ្យអាមេរិក កុំដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើវេណេហ្សូអេឡាដោយចាត់ទុកថា ការហ៊ុមព័ទ្ធសេដ្ឋកិច្ចលើប្រទេសនេះនាំឱ្យមានហានិភ័យដល់មុខជំនួញសកល។ ប៉ុន្ដែក្រុងប៉េកាំងត្រូវបានរាយការណ៍មកថា បានបញ្ជូនមន្រ្ដីការទូតរបស់ខ្លួនទៅជួបមន្រ្ដីរបស់ក្រុមគណបក្សប្រឆាំងនៃប្រទេសវេណេហ្សូអេឡានៅទីក្រុងវ៉ាស៊ីនតោន ដែលបណ្ដាញផ្សាយព័ត៌មាន Fox Newsចុះផ្សាយថា​ចិន បានចរចាអំពីអនាគតប្រាក់កម្ចីរបស់ខ្លួន។

ក្នុងន័យនេះក្រុងប៉េកាំង មិនបានប្រកាសថា ខ្លួនគាំទ្រជួនហ្គៃដូនោះទេ។ ប៉ុន្ដែព័ត៌មាន Fox News រាយការណ៍ថា ចិនបារម្ភពីការបាត់បង់ប្រាក់បំណុលរបស់ខ្លួនបើរបបម៉ាឌូរ៉ូត្រូវបានផ្ដួលរំលំ។

ប្រទេសមួយទៀតដែលអាចនឹងខាតបង់ក្នុងមុខជំនួញផងដែរ គឺប្រទេសឥណ្ឌា។ ប្រទេសឥណ្ឌាបានទិញប្រេងពីវេណេហ្សូអេឡាក្នុងមួយថ្ងៃ២សែនប្រាំបីម៉ឺនធុង។ រដ្ឋមន្រ្ដីការបរទេសអាមេរិក Mike Pompeo បានប្រាប់សមភាគីរបស់លោកថា នៅពេលដែលអាមេរិកបិទការនាំប្រេងពីវេណេហ្សូអេឡាគឺឥណ្ឌាត្រូវតែឈប់ទិញប្រេងពីប្រទេសនេះ បើពុំនោះទេនឹងប្រឈមមុខនឹងការខាតបង់ប្រាក់រាប់រយលានដុល្លារ។

មកដល់ពេលនេះទីក្រុង ញ៉ូវដេលី មិនទាន់ឆ្លើយតបតាមគំនាបរបស់អាមេរិកអាមេរិកនោះទេ ប៉ុន្ដែសេចក្ដីរាយការណ៍ជាច្រើនចុះផ្សាយថាឥណ្ឌាអាចនឹងផ្អាកការទិញប្រេងពីវេណេហ្សូអេឡា ហើយមកទទួលស្គាល់លោកជួនហ្គៃដូជាមេដឹកនាំថ្មីរបស់វេណេហ្សូអេឡាឡើងវិញ។ 

ជារួមទៅអ្នកសង្កេតការណ៍ព្យាករណ៍ថា ចិននឹងរុស្ស៊ីទំនងនឹងខាតបង់រាប់ពាន់លានដុល្លារបើរបបម៉ាឌូរ៉ូត្រូវបានរំលំដោយហិង្សានយោបាយរបស់ប្រជាជនវេណេហ្សូអេឡាឬ ក៏ការលុកលុយដោយកងទ័ពសហរដ្ឋអាមេរិក។

លោកជួនហ្គៃដូ មេបក្សប្រឆាំងវ័យក្មេង ធ្លាប់បានព្រមានទៅលើក្រុងប៉េកាំង​និង ក្រុងមូស្គូថា បំណុលរបស់ប្រទេសទាំងពីរនេះ នឹងមិនត្រូវទូទាត់សងនោះទេ បើប្រទេសពីរនេះមិនដកខ្លួនចេញពីការគាំទ្ររបបលោកម៉ាឌូរ៉ូ។

មានការព្យាករណ៍ថា ក្រោយសហរដ្ឋអាមេរិកបិទការនាំប្រេងពីវេណេហ្សូអេឡានៅចុងខែមេសាគឺសេដ្ឋកិច្ចប្រទេសនេះដែលធ្លាក់ក្នុងគ្រោះមហន្ដរាយហើយនេះគឺនឹងគ្រោះថ្នាក់ទាំងស្រុងហើយរបបម៉ាឌូរ៉ូអាចនឹងត្រូវរលំរលាយដោយការងើបប្រឆាំង កាន់តែខ្លាំងឡើងពីសំណាក់ប្រជាជន និង កងទ័ពដែលលែងស្មោះត្រង់នឹងមេដឹកនាំសង្គមនិយមរូបនេះ៕

អត្ថបទ ដោយ នួន បូរិន​

ព័ត៌មានទាក់ទង

សាស្រ្ដាចារ្យប្រវត្តិសាស្រ្ដហៅភ្នំព្រះរាជទ្រព្យជាជង្រុកមាសនៃទេសចរណ៍ចាំបាច់ដុសខាត់ឱ្យភ្លឺ

ភ្នំព្រះរាជទ្រព្យស្ថិតនៅខេត្តកណ្ដាល ចម្ងាយជាង[...]

ប្រជាជនអាល់ហ្សេរីជោគជ័យក្នុងការបណ្ដេញប្រធានា​ធិបតីចង់ក្រាញអំណាច​ប្រាំឆ្នាំទៀត

ល្បែងនយោបាយមិនថាឡើយកើតនៅទីណាទេនៃពិភពលោក។ តែសម[...]

វិភាគ៖ឌុយទើតតេនឹងពង្រីកអាណត្តិប្រធានាធិបតីបន្ទាប់ពីដកខ្លួនពីICCតែទំនងមិនអាចជម្នះនឹងព្រហ្មលិខិតឡើយ

កាលពីថ្ងៃអាទិត្យទី១៧ មិនា លោកប្រធានាធិបតី Rod[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត