ភ្នំពេញ ៖ ក្រសួងធនធានទឹក ប្រាប់ឲ្យដឹងថា ចាប់ពីថ្ងៃទី០៧ ខែវិច្ឆិកា តទៅ រាជធានី-ខេត្ដមួយចំនួន អាចនឹងមានភ្លៀងធ្លាក់ក្នុងបរិមាណពីមធ្យមទៅបង្គួរ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែវិច្ឆិកា។
ភ្លៀងអាចនឹងធ្លាក់ក្នុងបរិមាណពីតិចទៅធម្យម នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា នៅខេត្តចំនួន ០៥ ដែលស្ថិតនៅជុំវិញបឹងទន្លេសាប។ ខេត្ដទាំងនោះរួមមាន ខេត្ដកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្ដបន្ទាយមានជ័យ។ ដោយឡែក ចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែវិច្ឆិកា រាជធានី-ខេត្ដ ចំនួន ០៧ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។ រាជធានី-ខេត្ដទាំងនោះរួមមាន រាជធានីភ្នំពេញ ខេត្ដព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កណ្ដាល តាកែវ និងខេត្ដកំពត។
ក្រសួងធនធានទឹក បញ្ជាក់ថា មូលហេតុដែលនាំឲ្យកម្ពុជាប្រឈមនឹងស្ថានភាពអាកាសធាតុបែបនេះ គឺដោយសារតែកម្ពុជា កំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាប ដែលគ្របដណ្ដប់លើតំបន់ភាគខាងត្បូង និងតំបន់មាត់សមុទ្រ ខណៈតំបន់ភាគឦសាន និងតំបន់ភាគកណ្ដាលកំពុងគ្របដណ្ដប់ដោយជ្រលងសម្ពាធខ្ពស់៕