ភ្នំពេញ៖ របាយការណ៍ស្រាវជ្រាវចុងក្រោយរបស់អង្គការសមាគមធាងត្នោតស្តីអំពី ការគ្រប់គ្រងកាកសំណល់ ឆ្នាំ២០១៩ បង្ហាញ ថា សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ នៅតែមិនទាន់បានទទួលការគ្រប់គ្រងកាកសំណល់បានល្អប្រសើរនៅឡើយ។របាយការណ៍ដដែលរកឃើញថា សហគមន៍ដែលមានលំនៅឋានប្រណិតៗហាក់បានទទួលការគ្រប់គ្រងកាកសំណល់បានល្អជាងសហគមន៍ក្រីក្រ។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
សមាគមន៍ធាងត្នោតរកឃើញទៀតថា ក្នុងចំណោមសហគមន៍៩៩ស្មើប្រមាណ ៣៥.៧% នៃសហគមន៍សរុប ២៧៧ក្នុងរាជធានីភ្នំពេញ នៅតែជួបបញ្ហាសំរាមនេះ ហើយពលរដ្ឋសហគមន៍ក្រីក្រទាំងនោះ បន្តរស់នៅក្នុងកន្លែងដែលមានសំរាមច្រើន ឬរងផលប៉ះពាល់ដោយសារសំរាមនៅជុំវិញសហគមន៍របស់ពួកគេ។ ជាងនេះសហគមន៍ក្រីក្រក៏តែងប្រឈមហានិភ័យដោយសារអគ្គីភ័យ និងជំងឺដែលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃផងដែរ។
សម្តីរបស់ពលរដ្ឋក្នុងសហគមន៍ក្រីក្រដែលសមាគមធាងត្នោតស្រង់មកបញ្ជាក់ថា អាជ្ញាធរមិនបានយកចិត្តដាក់បញ្ហាដែលកើតមានឡើងក្នុងសហគមន៍ឡើយ។ បញ្ហាផ្លូវតូចចង្អៀតគឺជាមូលហេតុដែលសហគមន៍មិនបានទទួលការគ្រប់គ្រងកាកសំណល់បានល្អ។ ពួកគេលើកឡើងថា សហគមន៍ក្រីក្រពុំបានទទួលសេវាប្រមូលសំរាមបានល្អនោះទេ ពីព្រោះរថយន្តដឹកសំរាមធំមិនអាចចូលទៅបាន ហើយការបែងចែករទេះដាក់សំរាមមិនស្មើភាពគ្នានៅទូទាំងទីក្រុង។
ពួកគេឱ្យដឹងទៀតថា ជារឿយៗ មន្រ្តីសង្កាត់ពុំបានដឹងអំពីកង្វះខាតសេវាគ្រប់គ្រងកាកសំណល់នៅក្នុងសង្កាត់របស់ពួកគេ ដែលជាការខ្វះចន្លោះរវាងអាជ្ញាធរនិងសាធារណជនចំពោះបញ្ហានេះ។
លោក Isaac Daniels ទីប្រឹក្សាកម្មវិធីរបស់សមាគមធាងត្នោត បានថ្លែងថា ការសិក្សាស្រាវជ្រាវនេះត្រូវបានធ្វើឡើងដើម្បីរកឲ្យឃើញអំពីមូលហេតុ ដែលនាំឱ្យការគ្រប់គ្រងកាកសំណល់ មិនមានប្រសិទ្ធភាពនៅក្នុងសហគមន៍ក្រីក្រជិត ១០០ សហគមន៍ក្នុងរាជធានីភ្នំពេញ។
ការសិក្សាស្រាវជ្រាវរបស់សមាគមន៍ធាងត្នោតបង្ហាញថា បញ្ហាជាច្រើនទាក់ទងការគ្រប់គ្រងកាកសំណល់ គឺពាក់ព័ន្ធនឹងអភិបាលកិច្ច។
ការសិក្សារកឃើញទៀតថា បញ្ហាតម្លាភាពកំពុងខ្វះខាតយ៉ាងខ្លាំងក្នុងដំណើរការគ្រប់គ្រងកាកសំណល់ ព្រោះកិច្ចសន្យាមិនអាចស្វែងរកបានជាសាធារណៈ និងមិនមានការប្រកួតប្រជែងជាមួយក្រុមហ៊ុនស៊ីនទ្រី នៅក្នុងការចុះកិច្ចសន្យាគ្រប់គ្រងកាកសំណល់នៅទីក្រុង។
ក្រៅពីរបាយការណ៍ស្រាវជ្រាវស្តីពីអភិបាលកិច្ចទាក់ទងនឹងសំរាមក្នុងសហគមន៍ក្រីក្រនេះ សមាគមធាងត្នោតក៏បានបង្ហាញនូវរឿងរសើបមួយចំនួនពាក់ព័ន្ធនឹងការស្លាប់បុគ្គលិកប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី ផងដែរ។ របាយការណ៍បង្ហាញថា ការស្លាប់របស់កម្មករស៊ីនទ្រីក្នុងកំឡុងពេលធ្វើការចំនួន ១៤ នាក់នារយៈពេល ៤ ឆ្នាំចុងក្រោយនេះ គឺជាចំណុចខ្មៅដ៏រសើបមួយចំពោះសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការរក្សាសុវត្ថិភាពដល់កម្មកររបស់ខ្លួនក្រោមច្បាប់ការងារកម្ពុជា១៩៩៧។
របាយការណ៍រកឃើញថា ការស្លាប់របស់កម្មករក្រុមហ៊ុនប្រមូលសំរាម ស៊ីន ទ្រី ដោយសារតែកម្មករមិនមានសម្លៀកបំពាក់ការពារ ឬការកំណត់សុវត្ថិភាពផ្តល់ជូនកម្មករចំពោះបញ្ហាស្លាប់។ របាយការណ៍នេះបានរកឃើញទៀតថា ក្រុមហ៊ុន ស៊ីនទ្រី មិនបានបំពេញកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន ដើម្បីធានាសុវត្ថិភាពដល់កម្មកររបស់ខ្លួនដោយសារមិនផ្តល់សុវត្ថិភាពសមា្ភរៈ ដូចជាសម្លៀកបំពាក់ការងារការពារ ឬកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ។
ពាក់ព័ន្ធបញ្ហាការគ្រប់គ្រងសំរាមក្នុងសហគមន៍ក្រីក្រតំណាងក្រុមហ៊ុន ស៊ីនទ្រី ប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមហ៊ុនមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការប្រមូលសំរាម។ ករណីក្នុងសហគមន៍ក្រីក្រដែលរថយន្តចូលទៅយកមិនដល់ រថយន្តតែងស៊ីផ្លេដាស់តឿជាសញ្ញាប្រាប់ឱ្យពលរដ្ឋយកសំរាមមកក្រៅដាក់ក្នុងរថយន្ត។ ចំណែកករណីស្លាប់កម្មករក្រុមហ៊ុនពិតជាទទួលស្គាល់ ដោយថា ការស្លាប់នេះគឺបណ្តាលមកពីកម្មករមួយចំនួនមិនបានយកចិត្តទុកដាក់ពាក់អាវសុវត្ថិភាពពេលធ្វើការ បើទោះបីជាក្រុមហ៊ុនបានផ្តល់ជូនក៏ដោយ។ លោកបន្តថា ករណីស្លាប់កម្មករប្រមូលសំរាមភាគច្រើនគឺបណ្តាលពីគ្រោះថ្នាក់ចរា ចរណ៍ពេលទាបភ្លឺ ដែលអ្នកបើកបរស្រវឹងបើកបុកអ្នកបោសសំរាម។
របាយការណ៍របស់សមាគមធាងត្នោតនេះ បានលើកឡើងជានូវអនុសាសន៍មួយចំនួន សម្រាប់សាលាក្រុងដូចជា ការចេញរបាយការណ៍វឌ្ឍនភាព ការវាយតម្លៃ ព័ត៌មានថវិកា និងកិច្ចសន្យាជាមួយក្រុមហ៊ុនស៊ីនទ្រី ការអប់រំសាធារណជនអំពីរបៀបរៀបចំកាកសំណល់ សម្រាប់ការប្រមូល ក្នុងចំណោមចំណុចដទៃៗទៀត។ របាយការណ៍នេះបានផ្តល់អនុសាសន៍ឲ្យក្រុមហ៊ុនស៊ីនទ្រី មានលក្ខណៈឆ្លើយតបជាងមុន នៅក្នុងសហគមន៍ក្រីក្រក្នុងទីក្រុង ប្រើប្រាស់រទេះសំរាម នៅក្នុងសហគមន៍ណា ដែលរថយន្តមិនអាចចូលបាន ធានាឲ្យមានការប្រើប្រាស់សម្លៀកបំពាក់ការពារសម្រាប់កម្មករ៕