loader

រថយន្តក្រុង១២០គ្រឿងត្រៀមដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃនាឳកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានសម្រេចបញ្ចេញរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត ក្រុងនានាទាំងទៅទាំងត្រឡប់មកដោយឥតគិតថ្លៃរយៈពេល ៧ថ្ងៃនាឳកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចេញផ្សាយកាលពីថ្ងៃទី០៥ មេសា ឆ្នាំ២០១៩។

បើតាមសាលារាជធានីភ្នំពេញ ការបញ្ចេញរថយន្តក្រុងនេះដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពល រដ្ឋ ដែលមានបំណងធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឳកាសចូលឆ្នាំថ្មីនេះ។

ចំពោះទីតាំងចេញដំណើរទៅតាមបណ្តាលខេត្តរួមមាន៖

ទីតាំងទី១៖ តាមផ្លូវជាតិលេខ១ ពីភ្នំពេញទៅខេត្តកណ្តាល និងស្វាយរៀង មានរថយន្តចំនួន៥គ្រឿង។ គោលដៅចេញដំណើរនៅត្រង់ចំណុចផ្លូវ៦០ម៉ែត ទល់មុខក្រុមហ៊ុន ម៉ែកស៊ឺដែស ធ្វើដំណើរទៅដល់ចំណតទីរួមខេត្តស្វាយរៀង។ និងពីភ្នំពេញទៅ ខេត្តកណ្តាល និងព្រៃវែងមានរថយន្ត៥គ្រឿង គោលដៅត្រង់ចំណុចផ្លូវ៦០ម៉ែត ទល់មុខក្រុមហ៊ុន ម៉ែកស៊ឺដែសដូចគ្នា ធ្វើដំណើរទៅដល់ចំណតរថយន្តទីរួមខេត្តព្រៃវែង។

ទីតាំងទី២៖ តាមផ្លូវជាតិលេខ២ ពីភ្នំពេញទៅខេត្តកណ្តាល និងតាកែវ មានរថយន្ត៥គ្រឿង។ គោលដៅចេញដំណើរនៅត្រង់ចំណុចផ្លូវ៦០ម៉ែត ទល់មុខក្រុមហ៊ុន ម៉ែកស៊ឺដែស ធ្វើដំណើរទៅដល់រង្វង់មូលអូរចំបក។

ទីតាំងទី៣៖ តាមផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកែប មានរថយន្ត៥គ្រឿង។ គោលដៅចេញដំណើរនៅត្រង់ចំណុចផ្សារសិនជូរីផ្លាហ្សា ធ្វើដំណើរទៅដល់សាលាបឋមសិក្សាដំណាក់ចង្អើរ។ និងពីភ្នំពេញទៅកំពត មានរថយន្ត៥គ្រឿងដូចគ្នា ធ្វើដំណើរពីចំណុចផ្សារសិនជូរីផ្លាហ្សាទៅដល់ចំណតរថយន្តទីរួមខេត្តកំពត។

ទីតាំងទី៤៖ តាមផ្លូវជាតិលេខ៤ ពីភ្នំពេញទីកំពង់ស្ពឺមានរថយន្ត៣គ្រឿង។គោលដៅចេញដំណើរនៅត្រង់ចំណុចផ្សារសិនជូរីផ្លាហ្សា ទៅដល់ចំណតរថយន្តផ្សារកំពង់ស្ពឺ។ និងពីភ្នំពេញទៅក្រុងព្រះសីហនុមានរថយន្ត៧គ្រឿង ធ្វើដំណើរពីចំណុចផ្សារសិនជូរីផ្លាហ្សាដូចគ្នាទៅដល់ វិមានឯករាជ្យខេត្តព្រះសីហនុ។

ទីតាំងទី៥៖ តាមផ្លូវជាតិលេខ ៥ ពីភ្នំពេញទៅខេត្តកំពង់ឆ្នាំង មានរថយន្ត៥គ្រឿង ធ្វើដំណើរពីសួនឫស្សីកែវ ទៅដល់ចំណតរថយន្តផ្សារលើ។ និងភ្នំពេញទៅ ខេត្តពោធិ៍សាត់មាន១០គ្រឿង ធ្វើដំណើរពីសួនឫស្សីកែវ ដល់បុរីឧកញ៉ា ភ្វ ប៉ុយ។ និងពីភ្នំពេញទៅបាត់ដំបងមានរថយន្ត១៥គ្រឿង ធ្វើដំណើរពីសួនឫស្សីកែវ ដល់ចំណតផ្សារប៉ុមប៉ុយ។ និងទៅបន្ទាយមានជ័យមានរថយន្ត១៥គ្រឿងធ្វើដំណើរពីសួនឫស្សីកែវដូចគ្នា ទៅដល់ចំណតរថយន្តថ្មីក្រុងសេរីសោភ័ណ្ឌ។

ទីតាំងទី៦៖ ផ្លូវជាតិលេខ៦ ពីភ្នំពេញទៅខេត្តកំពង់ធំ មានរថយន្ត៥គ្រឿង។ គោលដៅចេញដំណើរនៅត្រង់ចំណុចរង្វង់មូលទេពមច្ចាជ្រោយចង្វារ ទៅដល់ភោជនីយដ្ឋានស្ទឹងសែន។ និងពីភ្នំពេញ-សៀមរាបមានរថយន្ត១៥គ្រឿង ដំណើរពីចំណុចរង្វង់មូលទេពមច្ចាជ្រោយចង្វារទៅដល់ផ្លូវ៦០ម៉ែតខេត្តសៀមរាប។

ទីតាំងទី៧៖ ផ្លូវជាតិលេខ៦ និងលេខ ៧ ពីភ្នំពេញទៅកំពង់ចាមមានរថយន្ត០៥គ្រឿង គោលដៅចេញដំណើរនៅត្រង់ចំណុច មុខរាជយស្ម័យយានឬមុខរ៉ា ទៅដល់ចំណតរថយន្តខេត្ត។ និងភ្នំពេញ-ត្បូងឃ្មុំ​មនារថយន្ត០៥ គ្រឿងធ្វើដំណើរពីមុខរ៉ាដូចគ្នាទៅដល់ចំណតផ្សារសួង។

និងចុងក្រោយផ្លូវជាតិលេខ៦ និងលេខ ៨ ធ្វើដំណើរពីភ្នពេញទៅខេត្តក្រចេះមានរថយន្ត ០៥គ្រឿង ធ្វើដំណើរពីមុខរ៉ា ទៅដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត ឬរង្វង់មូលព្រាបស។ និងពីភ្នំពេញទៅស្ទឹងត្រែងមានរថយន្ត ០៥គ្រឿង ធ្វើដំណើរពីមុខរ៉ា ដល់ចំណតរថយ​ន្តខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញវិញ សាលាក្រុងបានប្រើប្រាស់រថយន្តចំនួន១១៥គ្រឿង និងកាណូតដឹកអ្នកដំណើរចំនួន៤គ្រឿង ដើម្បីបម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨មេសាឆ្នាំ២០១៩ដោយឥតគិតថ្លៃដូចគ្នាផងដែរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វត្ថុបុរាណកម្ពុជាចំនួន១៥ គ្រោងតាំងបង្ហាញនៅពិព័រណ៍ក្រុងប៉េកាំង

គេហទំព័រសារព័ត៌មានចិនមានឈ្មោះ ​​china.org.cn [...]

សហភាពសហជីពកម្ពុជាចង់ឃើញមានការលើកលែងទោសលោកសមរង្ស៊ីនិងលោកកឹមសុខាក្នុងឱកាសឆ្នាំថ្មី

លោករ៉ុងឈុន ប្រធានសហភាពសហជីពកម្ពុជា តាងនាមឱ្យស[...]

សង្គមស៊ីវិល ក្រុមហ៊ុន និង ស្ថាប័នរដ្ឋ ធ្វើយុទ្ធនាការអំពីការគោរពច្បាប់ចរាចរណ៍មុនចូលឆ្នាំមកដល់

ពលរដ្ឋថាយុទ្ធនាការសុវត្ថិភាពចរាចរណ៍មុនចូលឆ្នា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត