ភ្នំពេញ៖ «ធនធានមនុស្សក្នុងប្រទេសកម្ពុជា មិនទាន់ឆ្លើយតបទៅនឹងតម្រូវការការងារនៅឡើយទេក្នុងពេលបច្ចុប្បន្ន ដោយសារតែសិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរាប់ម៉ឺននាក់ ពុំសូវមានសមត្ថភាព និង គុណភាព។ ម៉្យាងវិញទៀត នៅតាមបណ្តាអង្គភាព ឬស្ថាប័ននានានៅខ្វះបុគ្គលិកធ្វើការនៅឡើយ»។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា កាលពីសៀលថ្ងៃទី ២០ ខែកក្កដា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC) ក្នុងកម្មវិធីសម្ភោធ «សមាគមធនធានមនុស្សកម្ពុជា»។
ដើម្បីឆ្លើយតបតាមតម្រូវការការងារនាពេលបច្ចុប្បន្ននិងដើរឲ្យទាន់សមាហរណកម្មសេដ្ឋកិច្ចអាស៊ានក្នុងពេលដ៏ខ្លីខាងមុខ ក្រសួងអប់រំកំពុងតែពង្រឹងវិស័យអប់រំ និងលើកទឹកចិត្តឲ្យសិស្សានុសិស្ស និស្សិតសិក្សាមុខជំនាញដែលខ្លួនពេញចិត្ត ជាពិសេសចេះសម្របខ្លួនតាមបរិយាកាសការងារ។ ទាក់ទិននឹងបញ្ហានេះដែរ លោកបណ្ឌិតហង្ស ជូនណារ៉ុន បានបញ្ជាក់ប្រាប់ផងដែរថា សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សា មិនមែនសុទ្ធតែទទួលបានការងារធ្វើនោះទេ ព្រោះពួកគេទាំងនោះមិនបានពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញខ្លួនឯងក្នុងពេលកំពុងសិក្សា។ មួយវិញទៀត គុណភាពនៃការអប់រំក៏នៅមានកម្រិត។
រដ្ឋមន្ត្រីក្រសួងអប់រំរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា « រៀនយ៉ាងតិច បានសញ្ញាប័ត្រជាន់ខ្ពស់ ហើយត្រូវរៀន ឲ្យបានបីទៅប្រាំឆ្នាំទៀត ដើម្បីអាចយល់ពីការងារ ហើយឆ្លើយតបនឹងតម្រូវការនៃការងារ។ មានសញ្ញាប័ត្រហើយ មិនប្រាកដថា មានការងារទេ ព្រោះទាមទារឲ្យមានការប្តេជ្ញាចិត្ត។ ប្រសិនបើអ្នកហ្នឹង ខំប្រឹង ធ្វើការ រៀនសូត្រ ដោយពុំចាំបាច់មានសញ្ញាប័ត្រពីក្រៅប្រទេស គេក៏អាចធ្វើបានដែរ ប៉ុន្តែ គាត់ត្រូវតែរៀនរហូត រៀនពីការងារ»។

កញ្ញា សយ ឆេងហួង ជានិសិ្សតដែលកំពុងសិក្សាថ្នាក់បរិញាបត្រផ្នែកសេដ្ឋកិច្ចឆ្នាំទី ២ នៃសាកលវិទ្យាល័យ បញ្ញាសាស្រ្ត បានបា្រប់មណ្ឌលព័ត៌ស្រ្តីកម្ពុជាថា បច្ចុប្បន្ននិស្សិតមួយចំនួនបានបញ្ចប់ការសិក្សាដោយជោគជ័យ ប៉ុន្តែនិស្សិតមួយចំនួននៅតែពុំអាចស្វែងរកការងារធ្វើបាន ព្រោះពួកគេពុំមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញការងារឡើយ។
បច្ចុប្បន្ននេះកញ្ញា ឆេងហួង កំពុងតែពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈ ការរៀនភាសាបរទេសនិងវគ្គសិក្សាជំនាញខ្លីៗ បន្ថែមដើម្បីងាយស្រួលរកការងារធ្វើនៅថ្ងៃអនាគត។
ដូចគ្នានេះដែរ លោក ឆាន សំណាង ជានិសិ្សតទើបបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងនៃសាកលវិទ្យាល័យមេគង្គកម្ពុជាបានលើកឡើងថា សមត្ថភាព ជារឿងសំខាន់ណាស់សម្រាប់និស្សិតគ្រប់រូប។ ជាក់ស្តែង បន្ទាប់ពីលោកបញ្ចប់ការសិក្សាភ្លាម លោកក៏ទទួលបានការងារធ្វើភ្លាម ប៉ុន្តែដោយសមត្ថភាពនៅមានកម្រិត លោកពិបាកនឹងធ្វើការទាំងនោះយ៉ាងខ្លាំង។ ដូច្នេះ លោកបានជំរុញនិងលើកទឹកចិត្តដល់សិស្ស និស្សិត ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យ ឱ្យខិតខំព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួនកាន់តែប្រសើរបន្ថែមទៀត ដើម្បីសមស្របតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននេះ៕