ពីរសប្តាហ៍ក្រោយពីដាក់ញ្ញត្តិទៅកាន់ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីនិងទៅកាន់ព្រះបរមរាជវាំងសមាជិកគ្រួសារនៃមន្ត្រីអាដហុកនិងមន្ត្រី គជប កំពុងរង់ចាំកិច្ចអន្តរាគមនិងព្រះរាជអន្តរាគមពីព្រះមហាក្សត្រ។ ប៉ុន្តែរហូតមកទល់ពេលនេះស្ថាបន័ទាំងពីរមិនទាន់បង្ហាញការឆ្លើយតបបែបណានៅឡើយ។
កញ្ញា ស្រីអូន រាយការណ៍៖
រដ្ឋាភិបាល មិនទាន់បង្ហាញដំណោះស្រាយបែបណានៅឡើយចំពោះសំណើរសុំអន្តរាគមន៍ឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុកបួនរូបនិងអគ្គលេខាធិការរងមួយរូបនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត។ពួកគាត់ទាំងប្រាំរូបដែលកំពុងជាប់ពន្ធនាគារព្រៃសក្រោមការចោទពីបទសូកប៉ាន់ សាក្សី នាងខុមចានតារាទីហៅស្រីមុំ ទាក់ទិន ករណីសង្ស័យពីរឿងរ៉ាវស្នេហារវាងនាងជាមួយ លោកកឹមសុខា។
កាលពីថ្ងៃទី២៤ខែមករា ភរិយានិងកូនរបស់លោក នី សុខា លោក យី សុខសាន្ត លោកណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី អ្នកទាំងបួនជាមន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមន៍អាដហុកនិងលោកនី ចរិយា អគ្គលេខាធិការរងមន្ត្រីគ.ជ.ប ទាំងនេះបានដាក់ញ្ញត្តិថ្វាយព្រះមហាក្សត្រនិងជូនខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីដើម្បីសុំព្រះរាជាអន្តរគមន៍ពីព្រះអង្គនិងសុំអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រីឲ្យដោះលែងសមាជិកគ្រួសាររបស់ពួកគេ។
លោកគង់ ចំរើន សមាជិកក្រុមលេខាសម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថាលោកមិនទាន់បានទទួលញ្ញត្តិនោះទេ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្ដ្រីការគណរដ្ឋមន្ត្រីបញ្ជាក់ថា រហូតមកដល់ពេលនេះគណរដ្ឋមន្ត្រីមិនទាន់បានទទួលលិខិតស្នើសុំអន្តរគមន៍ពីនោះទេ។
លោកគង់ ចំរើន ៖ «យើងមិនដឹងគេដាក់ទៅខាងណាការរិយាល័យវាមានច្រើននៅទីស្តីការគណៈរដ្ឋមន្ត្រី »។
លោកអ៊ុំ ដារ៉ាវុធ ទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រីមិនអាចទាក់ទងបានទេនៅថ្ងៃនេះដោយសារទូរស័ព្ទលោករោទិ៍តែគ្មានអ្នកទទួល។
អ្នកស្រី ធន់ បូនីតា ដែលជាភរិយាលោកយីសុខ សាន្ត អនុប្រធានផ្នែកស៊ើបអង្កេត សមាគម អាដហុក បាន ប្រាប់វិទ្យុស្ត្រីអេហ្វឹម ១០២ ថា រយៈពេលកន្លះខែមកហើយ ក្រោយមកនេះក្រុមអ្នកស្រី មិនទាន់ឃើញមានការឆ្លើយតប ពីដំណោះស្រាយចំពោះការសុំអន្តរាគមន៍នោះទេ។
អ្នកស្រីមានប្រសាសន៍ថា ពេលនេះអ្នកស្រីពិបាកចិត្តដោយសារស្វាមីរបស់អ្នកស្រីមានជំងឺជាប់ខ្លួន។
ធន់ បូនីតា ៖ « ខ្ញុំមើលទៅគាត់រាងស្រងូតស្រងាត់គាត់ដូចចិត្តគាត់ពិបាកចិត្ត គាត់មានជំងឺនៅក្នុងខ្លួនប្រចាំមួយទៀតគឺជំងឺលើសឈាម ពីមុនគាត់មានជំងឺរលាកពោះវៀន។ ខ្ញុំមើលទៅគាត់គា្មនសង្ឃឹម គេយកទៅយើងទៅឃុំចោលតែម្តង»។
លើកទំព័រហ្វេប៊ុក កញ្ញា សាន្ត វឌ្ឍនៈ វត្តី ដែលកូនស្រីពៅរបស់លោក យីសុខ សាន្ត បានស្រង់សំដីរបស់ឱពុករបស់ខ្លួនដែលបង្ហាញពីការឈឺចាប់ និងការរងអំពើអយុត្តិធម៌ ដោយសារការចាប់ខ្លួនរូបលោក ។
ចំណែក អ្នកស្រី យ៉ែម ចន្ថា ភរិយា លោកនី ចរិយា អគ្គលេខាធិការរង គ.ជ.ប លើកឡើងថា អ្នកស្រីនៅតែទន្ទឹងចាំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រនិងពីសម្តេចនាយករដ្ឋមន្ត្រីសំរាប់ស្វាមីរបស់អ្នកស្រី។
អ្នកស្រី យ៉ែម ចន្ថា ៖ «យើងអស់សង្ឃឹមទៅលើតុលាការបានងាកមករកអន្តរាគមន៍ ពីដឹកនាំកំពូល គិតថាគាត់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការដោះស្រាយបាន។ ប៉ុន្តែយើងយកទៅដាក់ស្ងាត់ជ្រាបយើងត្រូវសង្ឃឹមទីណាទៀត»។
លោកមឿង តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធ័ភាពការងារ និងសិទ្ធិមនុស្សមានប្រសាសន៍ថា តាមច្បាប់រាល់តម្រូវការ ឬការស្នើសុំរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការត្រូវពិនិត្យ និងដោះស្រាយយកចិត្តទុកដាក់ ៕