ភ្នំពេញ ៖ កាលពីថ្ងៃម្សិលមិញ(២៨ ខែកុម្ភៈ) ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានចេញបញ្ជាដោយផ្ទាល់មាត់ ថា នឹងបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ឲ្យកម្មករ កម្មការិនី ដែលត្រូវបានថៅកែរោងចក្រ រត់ចោលចំនួន ០៩រោងចក្រ។ តែទន្ទឹមនឹងនេះរដ្ឋាភិបាល បានសម្រេចរឹបអូសទ្រព្យសម្បត្តិ របស់រោងចក្រទាំង ៩នេះ។ សហជីព សាទរចំណាត់ការនេះ នឹងសង្ឃឹមថា បើរដ្ឋាភិបាលប្រើយន្ដការណ៍នេះរហូត នឹងធ្វើឲ្យកម្មករ កម្មការិនី មានភាពកក់ក្ដៅ។
លោក លៀ ស៊ីណា ជូនសេចក្ដីរាយការណ៍លម្អិត ៖
សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ បានបង្ហាញពីចេតនា ថានឹងផ្ដល់ប្រាក់ឈ្នួលសម្រាប់ កម្មករ កម្មការិនី ដែលត្រូវបានថៅកែរត់ចោល។ សម្ដេចបានថ្លែង ដោយផ្ដាំទៅ កម្មករ កម្មការិនី ដែលថៅកែរត់ចោល កុំមានការព្រួយបារម្ភ ពីការខាតបង់ប្រាក់អត្ថប្រយោជន៍របស់ខ្លួន ព្រោះរាជរដ្ឋាភិបាល បានត្រៀមប្រាក់បុរេប្រទាន ប្រមាណ ៤លាន ៦សែនដុល្លារ ដើម្បីបើកឲ្យ កម្មករ កម្មការិនីទាំងនោះអស់ហើយ។
សម្ដេច ហ៊ុន សែន ៖«ផ្ដាំទៅកម្មករ កម្មការិនី ដែលថៅកែរត់ចោលទាំងឡាយ ត្រង់ថា រាជរដ្ឋាភិបាលបានបុរេប្រទានប្រាក់ប្រមាណជា ៤លាន ៦សែនដុល្លារ ដើម្បីយកទៅបើកផ្ដល់ឲ្យកម្មករ កម្មការិនី ដែលថៅកែរត់ចោល»។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមីនា នេះ ឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ប្រាក់បុរេប្រទានចំនួន ៤លានជាង ៥សែន ៧ម៉ឺនដុល្លារ សម្រាប់ទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ជូនកម្មករ និយោជិត ប្រមាណ ៤ពាន់ ១៤៧នាក់ នៅរោងចក្រចំនួន ០៩ ដែលមាននៅរាជាធានីភ្នំពេញចំនួន ៥ ខេត្ដកណ្ដាលចំនួន ០១ និងខេត្ដកំពង់ស្ពឺចំនួន ០៣។
បើតាមសេចក្ដីជូនដំណឹង គឺរោងចក្រទាំង ៩នេះ កំពុងស្ថិតនៅក្នុងវិធានការរបស់សមត្ថកិច្ច ត្រូវរឹបអូសទ្រព្យសម្បត្តិ ដើម្បីលក់ឡៃឡុងយកថវិកាបើកជូនកម្មករ ដែលត្រូវថៅកែបិទទ្វាររត់ចោលពួកគេនោះ។ ក្រៅពីវិធានការលក់ទ្រព្យសម្បត្តិរោងចក្រទាំង ៩នោះ ក្រសួងក៏សុំកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធមានមន្ត្រីនរគបាលយុត្តិធម៌ និងព្រះរាជអាជ្ញា ដើម្បីកោះហៅ ឬឃាត់ខ្លួនម្ចាស់ ឬតំណាងក្រុមហ៊ុនដែលរត់ចោលកម្មករ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល ដែលផ្តល់ការណែនាំបែបទុច្ចរិត ដល់ថៅកែរោងចោលឲ្យប្រើវិធីសាស្ត្របិទទ្វាររត់ចោលកម្មករដូច្នេះ។ ក្រោយពីក្រសួង ទូទាតប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ កម្មការិនិ រួចរាល់ហើយ គឺទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងចុះឈ្មោះរកការងារថ្មី ជូនកម្មករ និយោជិត ដែលបាត់បង់ការងារ។
ទាក់ទិនរឿងនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ យល់ឃើញថា នេះជាទង្វើបង្ហាញពីការយកចិត្ដទុកដាក់ និងគិតគូរ ពីផលលំបាករបស់កម្មករ កម្មការិនី ដែលក្រុមថៅកែរត់ចោល។ កម្មករ រោងចក្រ ដែលមានស្ដ្រីជាង ៩៥ភាគរយ នៅទូទាំងប្រទេស បានជួបបញ្ហាជីវភាពប្រចាំថ្ងៃ នៅពេលដែលថៅកែ រោងក្ររបស់ពួកគេ បាត់រត់ដោយមិនបានបើកប្រាក់ឈ្នួល។ ករណីនេះ លោក ប៉ាវ ស៊ីណា ទទូចថា បើសិនជារដ្ឋបង្កើតយន្ដការណ៍បែបនេះ ទៅមុខគឺជារឿងល្អ ដែលអាចធ្វើឲ្យ កម្មករ កម្មការិនី មានភាពកក់ក្ដៅក្នុងការបំពេញការងារ។
លោក ប៉ាវ ស៊ីណា ៖«ដូច្នេះហើយអ្វីដែលរដ្ឋាភិបាលបានឆ្លើយតបនេះគឺជារឿងមួយដែលល្អ ខ្ញុំគាំទ្រ។ ប៉ុន្ដែបើយើងគិតថា រដ្ឋាភិបាលនឹងបន្ដការផ្ដល់ជាដំណោះស្រាយអញ្ចឹងរហូតសម្រាប់កម្មករ ខ្ញុំគិតថា វាជារឿងមួយកាន់តែល្អប្រសើរ»។
លើសពីនេះលោកយល់ថា រាជរដ្ឋាភិបាលគួរតែបង្កើតយន្ដការថ្មី គឺធ្វើយ៉ាងណាឲ្យក្រុមនិយោជក ដែលមករកស៊ីនៅកម្ពុជា មានកញ្ចប់ថវិកាតម្កល់ជាក់លាក់ ដើម្បីបង្ការបញ្ហាក្រោយពេលដែលថៅ និយោជក បានរត់ចោលកម្មករ កម្មការិនី។
គួរជម្រាបថា រោងចក្រដែលថៅកែ បានរត់ចោល គេសង្កេតឃើញកម្មករ កម្មការិនី តែងតែធ្វើការតវ៉ា ក៏ប៉ុន្ដែពួកគាត់ កម្រនឹងទទួលបានដំណោះស្រាយសមស្របណាស់។ យ៉ាងណាការផ្ដល់ប្រាក់បុរេប្រទានពីរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជានាពេលនេះ ក្រុមកម្មករ និយោជិត បង្ហាញក្ដីរំពឹងថា នឹងអាចជួយដោះស្រាយបញ្ហាជីវភាពរបស់ពួកគេបានខ្លះ ទម្រាំពួកគេអាចរកការងារថ្មីបាន៕