ភ្នំពេញ ៖ ក្នុងពិធីបូកសរុបសមិទ្ធផលរយៈពេល ១០ឆ្នាំ កាលពីដើមសប្ដាហ៍នេះ នាយកបេឡាជាតិរបបសន្ដិសុខសង្គម មានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានថា ការដាក់ឲ្យមានរបបសោធននិវត្សសម្រាប់កម្មករ កម្មការិនី ចាប់ពីឆ្នាំ២០១៩ គឺក្នុងគោលបំណង ធ្វើយ៉ាងណាកុំឲ្យពួកគេជួបបញ្ហាជីវភាពក្រោយដល់អាយុចូលនិវត្ដ។
លោក លៀ ស៊ីណា រាយការណ៍ ៖
ប្រមុខដឹកនាំរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានប្រកាសថា កម្មករ កម្មការិនី នឹងទទួលបានប្រាក់សោធននិវត្សដូចទៅនឹងមន្ដ្រីរាជការ ក្រោយពីពួកគេដល់អាយុចូលនិវត្ដ។ របបសោធននិវត្ដសម្រាប់កម្មករ កម្មការិនីនេះ នឹងត្រូវចាប់ផ្ដើមអនុវត្ដចាប់ពីឆ្នាំ២០១៩។ កម្មករ កម្មការិនី ដែលអាចទទួលបានអត្ថប្រយោជន៍នេះ លុះត្រាតែរោងចក្រ សហគ្រាស របស់ពួកគេបានទៅចុះបញ្ជីកាស្របច្បាប់នៅបេឡាជាតិរបបសន្ដិសុខសង្គម។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក បេឡាជាតិរបបសន្ដិសុខសង្គម មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា មូលហេតុដែលរាជរដ្ឋាភិបាលរៀបចំឲ្យមានរបបសោធននិវត្ស សម្រាប់កម្មករនេះ គឺក្នុងគោលបំណងផ្ដល់ការគាំពារសង្គមជូនពួកគេ ដែលមានជាអាទិ៍គ្រោះថ្នាក់ការងារខណៈកំពុងបំពេញការងារ និងមួយវិញទៀត បំណងធ្វើឲ្យក្រុមកម្មករ កម្មការិនី រួចផុតពីបញ្ហាជីវភាព ក្រោយពេលពួកគេដល់អាយុចូលនិវត្ស។
នាយក បេឡាជាតិរបបសន្ដិសុខសង្គម បន្ថែមថា ការផ្ដល់ប្រាក់សោធននិវត្សសម្រាប់កម្មករនេះ ក៏អាចជួយដល់ពួកគេ ឲ្យមានលទ្ធភាពជួយខ្លួនឯង បើទោះជាមានកូន ឬគ្មានកូន ដើម្បីជួយចិញ្ចឹមនៅពេលដែលចាស់ជរាក៏ដោយ។
លោក អ៊ុក សមវិទ្យា ៖«កាលណាយើងមានប្រាក់សោធននិវត្សនេះ មិនមែនថា យើងមិនពឹងកូនទេ អាចថា ទោះបីកូនហ្នឹងវាចិញ្ចឹម ឬមិនចិញ្ចឹម គាត់នៅតែមានលទ្ធភាពរស់នៅដោយខ្លួនឯង ដូចជាមន្ដ្រីរាជការយើងបច្ចុប្បន្នអ៊ុំៗគាត់ចូលនិវត្ដគាត់ទទួលបាន»។
លោក អ៊ុក សមវិទ្យា បន្ដទៀតថា បច្ចុប្បន្ននេះ ប.ស.ស បានជូនដំណឹង ក៏ដូចជាក្រើនរំឮកដល់ម្ចាស់ រោងចក្រ សហគ្រាស ឲ្យមកចុះបញ្ជិកានៅ ប.ស.ស ដើម្បីបំពេញកាតព្វកិច្ចសង្គម។ តែយ៉ាងណាលោកក៏បានសង្កត់ធ្ងន់ផងដែរ ចំពោះម្ចាស់រោងចក្រ សហគ្រាស ដែល ប.ស.ស បានជូនដំណឹងក៏ដូចជាក្រើនរំឮករួចហើយ ប៉ុន្ដែនៅតែមិនព្រមមកចុះបញ្ជិកា ដើម្បីបំពេញកាតព្វកិច្ចនេះ ប.ស.ស នឹងចាត់វិធានការទៅតាមផ្លូវច្បាប់។
លោក អ៊ុក សមវិទ្យា៖«អ្វីដែលយើងអនុវត្ដកន្លងទៅយើងចាប់ផ្ដើម អនុវត្ដគោលការណ៍តាមច្បាប់ យ៉ាងណាក៏យើងមិនភ្លេចការអប់រំ ការណែនាំ ផ្សព្វផ្សាយ។ សហគ្រាសណាដែលនៅតែយឺតយ៉ាវក្នុងការមកចុះបញ្ជីគឺយើងតែងតែរំឮកគាត់ ជារឿយៗ ហើយក្នុងករណីដែលគាត់នៅតែមិនមកចុះ យើងនឹងអនុវត្ដច្បាប់ជាបន្ដបន្ទាប់»។
សូមជម្រាបថា រយៈពេលជាង ១០កន្លងមកនេះ មានម្ចាស់រោងចក្រ ប្រមាណជា ១លាន ៤សែននាក់ បានទៅចុះឈ្មោះជាសមាជិកបេឡាជាតិរបបសន្ដិសុខសង្គម និងមានសហគ្រាសជាង ១ម៉ឺនក៏បានចុះបញ្ជីដែរ៕