ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០១៦ នេះ រដ្ឋាភិបាលកម្ពុជាបានចំណាយលុយជាង ៦លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់មន្ត្រីរាជការស៊ីវិល ទាហាន កងកម្លាំងប្រដាប់អាវុធ នគរបាល ជនពិការ យុទ្ធជនចូលនិវត្តន៍ និងអាជ្ញាធរភូមិឃុំ ដោយក្នុងមួយម្នាក់ៗទទួលបាន ៥ ម៉ឺនរៀល។
ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធមហាកុដិ «តេជោរ៉ានីរតនៈ» វត្តប្រជុំនទី ហៅវត្តក្រពើហា នៅក្រុងតាខ្មៅ នាព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៦ នេះ។
ប្រមុខរដ្ឋាភិបាលរូបនេះបន្តថា «ឡើងប្រាក់ខែហើយ បើកបានប៊ូតទៀត (Boot) ប៊ូតជាមួយ ប្រាំម៉ឺនក្នុងចូលឆ្នាំ។ ប្រាំម៉ឺនតិចណាស់សម្រាប់ម្នាក់ៗនោះ ប៉ុន្តែរដ្ឋាភិបាលមិនមែនផ្គត់ផ្គង់សម្រាប់តែមនុស្សម្នាក់ទេ»។
ថ្លែងនាឱកាសនោះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានចំអកដល់គណបក្សប្រឆាំង ដែលកន្លងមកធ្លាប់បានសន្យាជាមួយប្រជាពលរដ្ឋថា «បើឈ្នះឆ្នោតនឹងផ្តល់ឱ្យចាស់ៗ ៤ម៉ឺនរៀលក្នុងមួយខែ អញ្ចឹងគ្រាន់តែប៉ុណ្ណឹង គេអាចគិតឃើញហើយ ទម្រាំអ្នកសន្យាថា បើសិនគេឈ្នះគេបើកឱ្យម៉ាប្រទេសចប់ប៉ាដោយ…»៕