ភ្នំពេញ៖ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាទុករយៈពេលតែ ៦ខែទៀតប៉ុណ្ណោះ ឱ្យក្រុមហ៊ុនឯកជនទាំងទ្បាយណាដែលមិនទាន់បញ្ចូលជនពិការឱ្យចូលបម្រើការងារនៅក្នុង ស្ថាប័នរបស់ពួកគេ។
ប៉ុន្តែបើនៅតែមិនអនុវត្តតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការទៀតនោះ រាជរដ្ឋាភិបាល និងដៃគូរពាក់ព័ន្ធនឹងចាត់វិធានការតាមផ្លូវច្បាប់។ ការថ្លែងដូចនេះធ្វើទ្បើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ ១០៨ ស្តីពី «ការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ» ព្រឹកថ្ងៃពុធ ទី ១០ ខែសីហា ឆ្នាំ២០១៦នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២។ លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ៖
នៅក្នុងប្រទេសកម្ពុជាមានជនពិការប្រមាណជា ៥០ម៉ឺននាក់ ហើយក្នុងចំណោមជនពិការទាំងនោះដែរ មានជនពិការជាយុវជន ប្រមាណជា ១៧ ភាគរយដែលពួកគេកំពុងស្វែងរកតម្រូវការងារទីផ្សារពីស្ថាប័នរដ្ឋ ក៏ដូចជាវិស័យឯកជន។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទ មករា មានប្រសាសន៍ថារាជរដ្ឋាភិបាលបានបង្កើតឱ្យមានអនុក្រឹត្យលេខ ១០៨ តាំងពីឆ្នាំ២០១០ នៅក្នុងអនុក្រឹត្យនេះតំរូវឱ្យគ្រប់ក្រសួងសា្ថប័នរដ្ឋ និងស្ថាប័នឯកជន មានកតព្វកិច្ចជ្រើសរើសជនពិការឱ្យចូលបម្រើការងារនៅក្នុងស្ថាប័នរបស់ខ្លួន។
លោក ឯម ច័ន្ទមករា បន្តថា ដើម្បីអនុវត្តតាមអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពនោះស្ថាប័នរដ្ឋបានផ្តល់ឱកាសឱ្យជនពិការចូលបម្រើការងារជិតគ្រប់កូតា ដែលបានកំណត់នៅក្នុងអនុក្រឹត្យលេខ ១០៨ រួច ហើយដោយទ្បែកនៅតែស្ថាប័នឯកជនប៉ុណ្ណោះ ដែលមិនទាន់បានអនុវត្តតាមអនុក្រឹត្យនោះ។
លោក ឯម ច័ន្ទមករា សង្កត់ធ្ងន់ថារាជរដ្ឋាភិបាលកម្ពុជា ទុករយៈពេលឱ្យស្ថាប័នឯកជនចំនួន ៦ ខែទៀតត្រូវបញ្ចូលជនពិការ ដែលមានសមត្ថភាពឱ្យចូលបម្រើការងារស្ថាប័នរបស់ខ្លួន បើនៅតែរឹងទទឹងទៀតនោះរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗទៀតនឹងចាត់វិធានការទៅតាមផ្លូវច្បាប់។
លោក ឯម ច័ន្ទមករា៖ «នៅក្នុងវិស័យឯកជននេះគឺថាគ្រប់វិស័យតាំង ពីវិស័យកាត់ដេរ វិស័យសណ្ឋាគារ វិស័យទេសចរណ៍ ។ល។ គឺថាយើងនឹងចាប់ផ្តើមអនុវត្តឱ្យបានស្មើៗគ្នាពីព្រោះថាគាត់មានកតព្វកិច្ច តាមពិតគាត់ត្រូវធ្វើតាំពីឆ្នាំ២០១០មកម្លេះ ក្រោយពេលអនុក្រឹត្យនេះចូលជាធរមានប៉ុន្តែរហូតមកដល់ពេលនេះ ២០១០-២០១៦ ហើយ ៦ឆ្នាំហើយយើងឃើញថានៅមិនទាន់បានអនុវត្តនោះទេ »។
នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា ហៅកាត់ថា CDPO លោក ងិន សៅរ័ត្ន បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា លោក សាទរ ការប្ដេជ្ញារបស់ លោក ឯម ច័ន្ទមករា ដោយលោកអះអាងថា ជនពិការមិនទាន់ទទួលបានឱកាសការងារ គ្រប់គ្រាន់ឆ្លើយតបទៅនឹងអនុក្រឹត្យលេខ ១០៨ នៅទ្បើយនោះទេ។
លោក ងិន សៅរ័តន្ន គូសបញ្ជាក់ដែរថាកត្តាដែលរាំងស្ទះ ឱ្យជនពិការខ្វះការងារធ្វើនោះមានដូចជាទី០១ កត្តាជនពិការខ្លួនឯងផ្ទាល់ខ្វះភាពក្លាហាន។ ទី០២ ការផ្សព្វផ្សាយព័ត៌មានពីឱកាសការងាររបស់រាជរដ្ឋាភិបាលដល់ជនពិការនៅមានកម្រិត និងទី០៣ កម្រិតនៃការអប់រំរបស់ជនពិការក៏នៅមានកម្រិត ជាពិសេសកត្តាគ្រួសារផ្ទាល់មិនសូវបាន ជំរុញឬលើកទឹកចិត្តទៅដល់កូនរបស់ពួកគេឱ្យទៅសិក្សាជាដើម។
នាយកប្រតិបត្តិអង្គការជនពិការកម្ពុជារូបនេះ ស្នើឱ្យស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ត្រូវបើកឱកាសការងារបន្តទៀតទៅដល់ជនពិការ និងត្រូវគោរពទៅតាមអនុក្រឹត្យដែលបានចេញឱ្យលើកកម្ពស់ជនពិការ។
លោក ងិន សៅរ័ត្ន៖ «ច្បាប់គឺជារបស់យើងទាំងអស់គ្នា ដែលយើងទាមទារឱ្យវិស័យឯកជន វិស័យរដ្ឋ រួមគ្នាអនុវត្តដើម្បីឱ្យសិទ្ធិរបស់ជនពិការក្លាយជាការពិត ហើយជនពិការមានឱកាសការងារដូចអ្នកមិនពិការប្រសិនបើរដ្ឋគោរពតែវិស័យឯកជន មិនគោរពតើច្បាប់ហ្នឹងរបស់រដ្ឋតែមួយឬក៏ច្បាប់របស់វិស័យឯកជនដែរ ហើយចំនុចមួយទៀតយើងសូមលើកទឹកចិត្តបងប្អូនយុវជន ជនពិការរបស់យើងផងដែរសូមកុំរង់ចាំការងាររត់រកគាត់ មេត្តារត់រកការងារឱ្យបានច្រើនផងដែរហើយព្យាយាមគិតយ៉ាងម៉េចឱ្យមានជំនាញ មានចំណេះដឹង មានបទពិសោធន៍ដូចគេដូចឯងដែរ»។
ទាក់ទងនឹងបញ្ហានេះដែរ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅថ្ងៃនេះដែរថា សិក្ខាសាលាខាងលើនេះពិតជាមាន សារះសំខាន់ណាស់ក្នុងការផ្តល់ឱកាសឱ្យជនពិការមានការងារធ្វើ។
លោក អាត់ ធន់ មានជំនឿចិត្តថា ប្រសិនបើស្ថាប័នរដ្ឋដាក់ផែនការឱ្យបានច្បាស់លាស់ក្នុងការលើកកម្ពស់ជនពិការនោះ ជនពិការប្រាកដជាមានឱកាសការងារកាន់តែច្រើនថែម ទៀត។ លោក អាត់ ធន់ ក៏សាទរផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលទុករយៈពេល ៦ ខែទៀត ឱ្យស្ថាប័នឯកជនពិចារណាបញ្ចូលជនពិការឱ្យចូលបម្រើ ការងារក្នុងស្ថាប័នរបស់ពួកគេ។
លោក អាត់ ធន់ មានប្រសាសន៍យ៉ាងដូច្នេះថា «ប្រសិនបើជារដ្ឋដាក់ផែនការ ឱ្យច្បាស់ ហើយឱ្យខាងតែបានខ្ញុំគិតថា អាចជួយច្រើនដល់ជនពិការបើគិតមើលជនពិការ នៅជប៉ុនច្រើនណាស់គេធ្វើបាន ចុះនៅកម្ពុជាមិនច្រើនដូចជប៉ុននោះទេ ខ្ញុំគិតថាវាជារឿងមួយល្អព្រោះតាមអនុក្រឹត្យហ្នឹងគឺថាទុករយៈពេល៣ឆ្នាំហើយ ឥលូវបន្ថែម ៦ខែ បន្ថែមទៀតអញ្ចឹងជាពេលវេលាមួយសមរម្យសម្រាប់រៀបចំឱ្យជនពិការហ្នឹង មានឱកាសនៅក្នុងការចូលហើយឱ្យក្រុមហ៊ុនឬវិស័យឯកជនផ្សេងៗមានឱកាសនៅក្នុងការរៀបចំបានល្អ»។
យោងតាមអនុក្រឹត្យលេខ ១០៨ ចុះថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១០ ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ គឺមានគោលបំណងលើកកម្ពស់សិទ្ធិជនពិការតាមរយៈការជំរុញឱកាសការងារ ដែលមានប្រាក់ចំណូលអាចរស់នៅបានដោយឯករាជ្យ លើកទឹកចិត្តដល់ជនពិការចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការសង្គមដើម្បីសេចក្តីថ្លៃថ្នូរ និងសមភាព ក្នុងព្រះរាជាណាចក្រកម្ពុជា។
អនុក្រឹត្យបានកំណត់អត្រាការងាររបស់ជនពិការ ក្នុងក្រសួងស្ថាប័នសាធារណៈដែលមានបុគ្គលឹកចាប់ពី ៥០ នាក់ទ្បើងទៅត្រូវមានជនពិការដែលមានលក្ខណៈសម្បត្តិបម្រើការងារចំនួន ១នាក់។
រីឯវិស័យឯកជន ដែលមាន បុគ្គលឹកចាប់ពី ១០០ នាក់ត្រូវមានជនពិការបម្រើការងារចំនួន ១នាក់។
យោងតាមអនុក្រឹត្យលេខ ១០៨ ដដែល ជំពូកទី០៥ មាត្រា១៥ ចែងថា ប្រធានក្រសួងស្ថាប័ន ស្ថាប័នរដ្ឋ ដែលមិនបានត្រូវបង់វិភាគទានចូលហិបមូលនិធិ ជនពិការជាប្រាក់ស្នើនឹង៥០ ភាគរយ នៃប្រាក់បៀវត្សមូលដ្ឋានប្រចាំខែរបស់មន្ត្រីរាជការ ក្នុងមួយខែតាមប្រភេទក្របខណ្ឌ សម្រាប់មន្ត្រីរាជការជាជនពិការ ១ នាក់ ។
នីតិបុគ្គលដែលមិនបានបំពេញកាតព្វកិច្ចតាម អនុក្រឹត្យនេះទេនោះត្រូវបង់វិភាគទានចូលហិបមូលនិធិជនពិការជាប្រាក់ស្មើនឹង ៤០ ភាគរយនៃប្រាក់បៀវត្សអប្បបរមាប្រចាំខែរបសកម្មករនិយោជិត ក្នុងមួយខែសម្រាប់កម្មករ និយោជិតជាជនពិការ ១នាក់៕