en     km
en     km

រដ្ឋាភិបាលកម្ពុជាគ្រោងចុះបញ្ជីដីរដ្ឋនៅតំបន់ការពារធម្មជាតិ

Share

លោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថានបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងធ្វើការចុះបញ្ជីដីរដ្ឋនៅដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង និងដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគីរីដែលជាតំបន់ការពាធម្មជាតិ។

ការលើកឡើងរបស់រដ្ឋមន្រ្ដីក្រួងបរិស្ថានដូចនេះ ធ្វើឡើងនៅក្នុងពិធីបើកសិក្ខាស្ដីពីការចាប់ផ្តើមគម្រោង «ការចុះបញ្ជីដីរដ្ឋនៅដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង និងដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគីរី» កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។

នៅក្នុងពិធីនេះ លោក សាយ សំអាល់ បានឱ្យដឹងទៀតថា ក្រសួងបាននិងកំពុងជម្រុញការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រងតំបន់ការពារធម្មជាតិ បោះបង្គោលកំណត់ព្រំប្រទល់តំបន់ការពារធម្មជាតិ រៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ រៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិបន្ថែមទៀត និងជំរុញការអនុវត្តគម្រោងវិនិយោគទេសចរណ៍ធម្មជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ ក៏ដូចជាលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍។

តាមការលើកឡើងរបស់រដ្ឋមន្រ្ដីក្រសួងបរិស្ថាននេះ គឺជាការដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិសម្រាប់ គ្រប់គ្រងតំបន់ការពារធម្មជាតិ ឆ្នាំ២០១៧-២០២៦ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល មានក្រសួង​បរិស្ថានជាសេនាធិការ ។

លោកក៏បានបញ្ជាក់ផងដែរថា ការរួមគ្នាដោះស្រាយបញ្ហាដីធ្លីនេះ គឺដើម្បីឈានទៅសម្រេចបាននូវគោលដៅការពារ និងអភិរក្សធនធានធម្មជាតិដ៏មាន​តម្លៃប្រកបដោយប្រសិទ្ធភាពរបស់ស្ថាប័ន និងអង្គភាពដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមនៅការអនុវត្តគោលនយោបាយដីធ្លីជាមួយរាជរដ្ឋាភិបាល ។

សូមជម្រាបដែរថា នៅក្នុងរឿងនេះក្រសួងបរិស្ថានបានសហការជាមួយធនាគារអភវឌ្ឍន៍អាស៊ី ក្នុងការរៀបចំបង្កើតគម្រោងចុះបញ្ជីដីធ្លីនៅដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង និងដែនជម្រក សត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគីរី ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ២៤៦,២៥០ ហិកតា។នេះ គឺជាគម្រោងសាកល្បងចុះបញ្ជីដីរដ្ឋទី១ ដែលត្រូវអនុវត្ត​ក្នុងរយៈពេល ១ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០១៨ សំដៅធានានូវការកំណត់ព្រំប្រទល់តំបន់ការពារជាតិ ឱ្យបានច្បាស់លាស់៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង