loader

រដ្ឋសមាជិកEUទាំងអស់ ឯកភាពឱ្យដកEBA ពីកម្ពុជា ខណៈកន្លងមកមានមតិថាមិនអាចទៅរួច

ភ្នំពេញ៖ ប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបមាន ២៨ ប្រទេស រាប់ទាំងប្រទេសអង់​គ្លេសផងគឺនៅទីបំផុតបានឯកភាពគ្នាទាំងស្រុងលើការសម្រេចលើ វិធានការដកប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជា។ ការសម្រេចរួមនៃសំឡេងរបស់សមាជិកសហភាពអឺរ៉ុបគឺជាអ្វីដែលមន្ត្រីបក្សកាន់អំណាចធ្លាប់អះអាងថា គេមិនអាចរកមតិរួមគ្នាបានឡើយ ។ យ៉ាងណាក្រោយពី សហភាពអឺរ៉ុប ដាក់ចុះឱសានវាទ លើកទីពីរនេះ  ភាគីខាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធបានប្រតិកម្មដោយទស្សនៈចម្រុះ។ យ៉ាងណាសម្ដេចហ៊ុនសែនក៏បាន​បញ្ចេញទស្សនៈដែរ។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖

 

កាលពីយប់ម្សិលមិញ សហភាពអឺរ៉ុប បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីការចាប់ផ្ដើម អនុវត្តដំណើរ​នៃការដកអនុគ្រោះពន្ធEBA ក្នុងដំណាក់កាលទី២ ពីកម្ពុជា ដោយចាប់ចូលជាធរមានចាប់ពីថ្ងៃទី ១២កុម្ភៈនេះទៅ ហើយអាចនាំទៅរកការដកការអនុគ្រោះ​ពន្ធពីកម្ពុជាជាបណ្ដោះអាសន្ន។

សហភាពអឺរ៉ុប ចង់ឃើញស្ថានភាពសិទិ្ធមនុស្ស សិទ្ធិសេរីភាពមូលដ្ឋានរបស់​ពលរ​ដ្ឋកម្ពុជា ត្រូវ​បានអនុវត្តជាក់ស្ដែង ។   

លោកស្រី Federica Mogherini  ប្រមុខការទូត និងជាអនុប្រធានគណៈ​កម្មា​ការ​អឺរ៉ុបបញ្ជាក់ថា សហភាពអឺរ៉ុបធ្វើការកត់សម្គាល់ថា ស្ថានភាពគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាកាន់តែធ្លាក់ដុនដាប ពោលគឺកម្ពុជាមិនអាចមានស្ថានភាពល្អប្រសើរជាងនេះបានទេ ។

ដោយឡែក លោកស្រី Cecilia Malmström  ស្នងការនៃគណៈកម្មការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម បញ្ជាក់ថា ពេលវេលាចេះតែដើរទៅមុខ នៅសល់តែពេលវេលាដែលត្រូវចាត់វិធានការតែប៉ុណ្ណោះ ។ 

យ៉ាងណា លោក ស្រី Federica Mogherini  ប្រមុខការទូត សហគមន៍អឺរ៉ុប  បាននិយាយ​ថា រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបទាំង ២៨ ប្រទេស បានព្រមព្រៀងជាផ្លូវការតាមសំណើរបស់គណៈ​កម្មាការអឺរ៉ុបដែលសុំអោយដាក់ដំណើរការដកការអនុគ្រោះពន្ធEBA កាលពីថ្ងៃទី ២៩​ មករា​ ឆ្នាំ២០១៩ ។

កន្លងមក  គេសង្កេតឃើញមន្ត្រីបក្សកាន់អំណាចនិងអ្នកវិភាគខ្លះ គិតថា ករណីEBAនេះ សហភាពអឺរ៉ុបអាចនឹងមិនរកបានមតិគ្រប់គ្រាន់ ដើម្បី ទម្លាក់ ចុះគោលការណ៍ប្រព័ន្ធអនុ​គ្រោះ​នេះទេ​។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សកាន់អំណាចធ្លាប់ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា សហភាពអឺរ៉ុប មិនអាចរកសម្លេងនៃការឯកភាពគ្នាពីបណ្ដាប្រទេសជាសមាជិកទាំងអស់បានទេ ដើម្បីដកការអនុគ្រោះពន្ធពីកម្ពុជា  ។

លោក ព្រាប កុល ប្រធានអង្គការតម្លាភាពអន្តរជាតិ បញ្ចាក់លើទំព័រហ្វេសបុករបស់ខ្លួនថា សហភាពអឺរ៉ុប បានសម្រេចចាប់ផ្តើមនីតិវិធីជាផ្លូវការ ដែលអាចឈានទៅរកការព្យួរជាបណ្តោះអាសន្តនូវគោលនយោបាយអនុគ្រោះពន្ធ (EBA) ពីកម្ពុជា ។

លោកបន្ថែមថា ដំណើរការលើកនេះ មានការគាំទ្រពេញទំហឹងពីរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប ដែលមានទម្ងន់ និងតម្រូវឱ្យមានការអនុវត្តប្រកបដោយភាពម៉ឺងមាត់ និងហ្មត់ចត់ជាទីបំផុត។

ដោយឡែក លោក យ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចូលទៅបញ្ចេញមតិក្នុងប្រអប់ខុមិន នៅលើបណ្ដាញសង្គម Twitter    របស់លោក ស្រី Cecilia Malmström ជាភាសាអង់គ្លេស ដែលមានន័ថា នេះជាវិធានការល្អមួយ ដើម្បីបន្តកិច្ចសន្ទនា ធ្វើឱ្យមានឡើងនូវដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ។

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ក៏បានសរសេរលើទំព័រហ្វេសបុកខ្លួនដែលថា សហគមន៍អន្តរជាតិ ត្រូវតែរក្សាជំហរម៉ឺងម៉ាត់ ក្នុងការដាក់ទណ្ឌកម្មលើកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន ។

ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជាបានបង្ហាញការគាំទ្រលើចំណាត់ការនៃការដកការអនុគ្រោះពន្ធ EBA  ពីកម្ពុជា ។

ដោយឡែកសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរលើទំព័រហ្វេសបុកនៅថ្ងៃទី ១២ កុម្ភៈនេះក្រោយពេលដែលសហភាពអឺរ៉ុបចេញសេចក្ដីប្រកាសនេះ ។

នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅកម្ពុជាសព្វថ្ងៃ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ ។

សម្ដេច ហ៊ុន សែន រំឮកថា កម្ពុជាធ្លាប់ជាប្រទេសដែលក្រីក្រដល់បាត តែបច្ចុប្បន្នកម្ពុជាផុតពីស្ថានភាពនេះ រហូតដល់ធ្វើឱ្យកំណើនសេដ្ឋកិច្ចរីកចម្រើនរហូតបានក្នុរង្វង់ ៧ % ។

នាយករដ្ឋមន្ត្រីកម្ពុជារូបនេះបង្ហាញការព្យាករណ៍ថា កម្ពុជានៅឆ្នាំ ២០៣០  នឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ នឹងក្លាយជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ ។ ការកើនឡើងនេះ គឺដោយសារតែចំណូលពន្ធកាន់តែខ្ពស់ ។

សម្ដេច សរសេរថា កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួន ទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានា ដែលចង់ឃើញកម្ពុជាកាន់តែរីក​ចម្រើនទៅមុខពិតប្រាកដដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ

លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា លោកស្រី Federica Mogherini និងលោកស្រី Cecilia Malmström ជាជនឆ្វេងនិយមនៃសហភាពអឺរ៉ុប ។ លោកបន្ថែមថា អ្នកទាំងពីរនាក់នេះ កំពុងឃុបឃឹតគ្នា ប្រព្រឹត្តបទល្មើសប្រឆាំងប្រជាជនក្រីក្រនៅកម្ពុជា ។ លោកបានស្នើឱ្យសហភាពអឺរ៉ុបពិចារណាឡើងវិញចំពោះចំណាត់ការបែបនេះ ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី បានបង្ហោះសេចក្ដីថ្លែងការណ៍ចុះកាលពីថ្ងៃទី ១០ តុលា ឆ្នាំ ២០១៨​ ដោយភ្ជាប់ជាមួយឃ្លាថា «យើង នឹង បង្ហាញសមត្ថភាព យើង ជាម្ចាស់ ស្រុក និង ម្ចាស់ជោគវាសនា របស់យើង បន្ទាប់ពីនេះ»

តែនៅថ្ងៃនេះ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍ដោយ​ប្រតិកម្មទៅនឹងសហភាពអឺរ៉ុប។ សេចក្ដីថ្លែងការណ៍ដែលតាងនាមអោយរដ្ឋាភិបាល បាន​សម្ដែងការសោកស្ដាយ ចំពោះវិធានការរបស់សហភាពអឺរ៉ុប មកលើកម្ពុជា ជាថ្មី​ទៀត​នេះ។  ​

គួររំលឹកថា ការដកការអនុគ្រោះពន្ធពីកម្ពុជា ដោយសហភាពអឺរ៉ុប នឹងធ្វើឱ្យកម្ពុជាចំណាយ​លើការនាំចូលទំនិញទៅទីផ្សារនៃប្រទេសដែលជាសមាជិកនៃសហភាពនេះប្រមា​ណជា ៧០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗខណៈទំពាណិជ្ជកម្ម កម្ពុជា នាំទៅ​ទីផ្សារ​អឺរ៉ុប បានកើនឡើងជិត៥ពាន់លានអឺរ៉ូ ៕

អត្តបទដោយ៖ សោម លាភ

 

ព័ត៌មានទាក់ទង

មន្ត្រីចិនម្នាក់ថាកម្ពុជាជាប្រទេសមួយដើរតួនាទីសំខាន់ជួយរក្សាស្ថិរភាពនៅក្នុងតំបន់តែ​អ្នក​វិភាគមិនយល់ស្រប

លោក ឈិន យន់ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន[...]

ធនាគារពិភពលោកព្រមានថាសេដ្ឋកិច្ចកម្ពុជាអាចប្រឈមនឹងហានិភ័យបើសហភាពអឺរ៉ុបព្យួរEBA

ធនាគារពិភពលោក ចេញផ្សាយរបាយការណ៍ថ្មីរបស់ខ្លួនម[...]

សមាជអ្នកប្រជាធិបតេយ្យខ្មែរចង់ឱ្យមានការដោះស្រាយនយោបាយដោយអហឹង្សា

សេចក្ដីសម្រេចរបស់អង្គសមាជអ្នកប្រជាធិបតេយ្យខ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត