ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជឿជាក់ថា ៥ឆ្នាំខាងមុខ តាមផ្លូវជាតិទូទាំងប្រទេសកម្ពុជានឹងស្អាតគ្មានសំរាមប្លាស្ទិកតទៅទៀត ក្រោយលោកប្រកាសបើកយុទ្ធនាការសម្អាតផ្លូវជាតិក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ ជំនឿចិត្តរបស់រដ្ឋមន្រ្តីបរិស្ថាននេះ ដោយមើលឃើញមានការចូលរួមយ៉ាងសស្រាក់សស្រាំពីចលនាសម្អាតថង់ប្លាស្ទិកយ៉ាងសកម្មនៅតាមដងផ្លូវរបស់សកម្មជនបរិស្ថាន ព្រះសង្ឃ សិស្សានុសិស្ស អាជ្ញាធរ រោងចក្រសហគ្រាស ក្រុមហ៊ុន និងប្រជាពលរដ្ឋកើនឡើងឥតដាច់។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយកាណ៍
នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានរំពឹងថា ៥ឆ្នាំខាងមុខ កម្ពុជានឹងស្អាតគ្មានសំរាមប្លាស្ទិកទៀតឡើយ។ លោកថា កម្ពុជានឹងទទួលបានជោគជ័យ មានភាពស្អាត ទាំងដែនគោក ដែនទឹក និងដែនអាកាស នៅពេលខាងមុខនេះ តាមរយៈចលនាស្អាត ស្អាតចេញពីបេះដូងខ្មែរ ដោយមិនចាំបាច់ទាល់តែមានការផាកពិន័យលើការចោលសំរាមនោះទេ។
ការបង្ហាញជំហរបែបនេះ ព្រោះលោករដ្ឋមន្រ្តីជឿថា ប្រជាពលរដ្ឋខ្មែរបាននិងកំពុងចេញមករួមគ្នាសម្អាតសំរាមដើម្បីឱ្យកម្ពុជាស្អាតគ្មានសំណល់ប្លាស្ទិក ដោយកត្តាទាំងនេះហើយបានផ្តល់នូវភាពចំណេញដល់សុខភាព ទេសចរណ៍ និងសេដ្ឋកិច្ច លើសពីនេះ គឺកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើសកលលោកតែម្តង។
លោកបណ្ឌិត អ៊ាង សុផល្លែត បានប្រកាសបើកយុទ្ធនាការសម្អាតផ្លូវជាតិក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងគ្មានសំណល់ប្លាស្ទិករាយប៉ាយនៅតាមដងផ្លូវ។ ក្នុងនោះលោករំពឹងថា យុទ្ធនាការនេះនឹងរួមចំណែកលើកកម្ពស់សោភណភាពទីក្រុង និងទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេសឱ្យកាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសបរិសុទ្ធ គ្មានក្លិនមិនល្អពីសំរាម និងសណ្តាប់ធ្នាប់ល្អប្រកបដោយភាពទាក់ទាញ។ រីឯការស់នៅវិញ គឺប្រកបដោយផាសុកភាព ទាក់ទាញអ្នកវិនិយោគ និងអ្នកទេស ចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង។
ការប្រកាសដាក់ចេញនូវយុទ្ធនាការសម្អាតផ្លូវជាតិទូទាំងប្រទេសខាងលើនេះ បន្ទាប់ពីមានការចលនាចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងសកម្មភាពសាកល្បងសំអាតតាមដងផ្លូវនាពេលកន្លងមក ជាពិសេសការសំអាតផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថានបាន ស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀបចំសកម្មភាពចុះសម្អាតផ្លូវជាតិនៅតាមមូលដ្ឋានរៀងៗខ្លួន ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិកឱ្យបានល្អប្រសើរ។
ជាការរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះដែរ ក្រុមហ៊ុនក្រដាសអនាម័យ MG Pacific Company Limited បានកែប្រែខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនមួយឱ្យស្របតាមគោលនយោបាយរបស់ក្រសួងបរិស្ថាន។ ក្រុមហ៊ុនក្រដាសអនាម័យនេះ បានផ្លាស់ប្ដូរការវេចខ្ចប់ប្រភេទក្រដាសកងបន្ទប់ទឹក ដែលមានប្រើប្លាស្ទិករុំព័ទ្ធជុំវិញពីក្រៅ ទៅជាប្រអប់ថ្លាជ័រជំនួសវិញ។ ការណ៍នេះធ្វើឱ្យអតិថិជនប្រើប្រាស់ក្រដាសកងអនាម័យនៅតាមផ្ទះ សាលារៀន រោងចក្រ និងមន្ទីរពេទ្យ ជាដើម បានចូលរួមកាត់បន្ថយការបញ្ចេញប្លាស្ទិកក្នុងបរិស្ថាន ខណៈប្រអប់ដាក់ក្រដាសអនាម័យ ដែលប្រើអស់ក្រុមហ៊ុននឹងប្ដូរជូនអតិថិជនត្រឡប់វិញ។
លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុស្រ្តីថា គម្រោងនេះបង្កើតឡើងមិនត្រឹមតែកែច្នៃការវេចខ្ចប់មួយមុខនោះទេ ប៉ុន្តែខាងក្រុមហ៊ុន MG ក៏ចង់បញ្ជ្រាបការអប់រំ និងការយល់ដឹងបន្ថែមទៅដល់អ្នកប្រើប្រាស់ និងអាជីវករលក់ដូរទាំងឡាយ ឱ្យយល់ដឹងពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកក្នុងការវេចខ្ចប់ទំនិញ។ បន្ថែមពីនេះ លោកថា ការវេចខ្ចប់ជាប្រអប់ជ័រជំនួសឱ្យការរុំថង់ប្លាស្ទិកលើផលិតផលក្រដាសអនាម័យ អាចជួយកាត់បន្ថយការផលិត និងប្រើប្រាស់ថង់ប្លាស្ទិក មួយផ្នែកនៅលើភពផែនដី ពិសេសនៅក្នុងប្រទេសកម្ពុជា ហើយថែមទាំងជំរុញឱ្យអ្នកប្រើប្រាស់មានផ្នត់គំនិតចេះកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផងដែរ។
ក្រសួងបរិស្ថានបានបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយចេះទុកដាក់ និងញែកសំរាមតាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេសជាង ៩,៧លានអង្គ/នាក់ និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមអនុវត្តបាន ៣,៦លាន អង្គនាក់។ នៅក្នុងឆ្នាំ២០២៤ យុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅកម្ពុជា បានកាត់បន្ថយការនាំចូលប្លាស្ទិកបានចំនួនជាង ៨០ភាគរយ និងកាត់បន្ថយសំរាមប្លាស្ទិកដែលរាយប៉ាយតាមដងផ្លូវក្នុងខេត្តចំនួន ១១ បានប្រមាណ ៨០ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។
ជុំវិញរឿងនេះដែរ ក្រុមយុវជនសំរាមយល់ថា មហិច្ឆិតារបស់រដ្ឋមន្រ្តីបរិស្ថានដាក់គោលដៅសម្រេចឱ្យបានផ្លូវជាតិស្អាតទូទាំងប្រទេសនេះ អាចមានលទ្ធភាពខ្ពស់ប្រមាណ៩០ភាគរយ ដែលអាចជោគជ័យ។ ក្រុមយុវជនសំរាមមើលឃើញពីការប្រែប្រួលជាវិជ្ជមាននូវឥរិយាបថរបស់ប្រជាពលរដ្ឋលើការចោល និងទុកដាក់លើបញ្ហាសំរាមនេះហាក់បានប្រសើរជាងមុន។
ប្រសើរជាងមុនព្រោះកន្លងមកនេះ ក្រសួងបរិស្ថានបានប្រឹងប្រែងដោយដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើន ពិសេសការបញ្ជ្រាបសារអប់រំដល់ស្រទាប់កុមារតូចៗតាមសាររៀនទូទាំងប្រទេសឱ្យយល់ដឹងពីការទុកដាក់សំរាម៕
ប្រភពរូប៖ក្រសួងបរិស្ថាន